loader

អ្នកវិភាគ៖ ការផ្ដល់នីតិសម្បទាដល់អ្នកនយោបាយបក្សប្រឆាំងគឺដើម្បីគេចពីទណ្ឌកម្មអន្តរជាតិ

ភ្នំពេញ៖ អ្នកវិភាគនៅក្នុងប្រទេស និងក្រៅប្រទេសថា រដ្ឋសភាជាតិនៃកម្ពុជាដែលកំពុងពិនិត្យឡើងវិញលើការធ្វើវិសោធនកម្មមាត្រា ៤៥ថ្មីស្ទួន នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអនុញ្ញាតឱ្យអ្នកនយោបាយអាចធ្វើនយោបាយឡើងវិញ គឺដោយសារតែចង់គេចពីទណ្ឌកម្មអន្តរជាតិ។ ការធ្វើបែបនេះ ជាឱកាសសម្រាប់ឱ្យមន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយអាចរស់នៅក្នុងជីវិតនយោបាយវិញ។ អ្នកវិភាគសា្វគមន៍ចំពោះដំណោះស្រាយមួយថ្មីនេះ។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

បើ​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិកម្ពុជា កាលពីថ្ងៃទី ៣ ធ្នូម្សិលមិញថា រដ្ឋសភាបាននិងកំពុង​ពិនិត្យ​ឡើង​វិញ​នូវ​បទ​ប្បញ្ញត្តិ​ច្បាប់ ដែលឈានទៅដល់ការធ្វើវិសោធនកម្មនូវមាត្រាមួយចំនួន ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​នយោបាយ ​ អាចធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួនឡើង​វិញ។

ការធ្វើបែបនេះរបស់រដ្ឋសភាហាក់ដូចជា សំដៅដល់ការបើកចំហនយោបាយដល់មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ១១៨នាក់ ដែលជាប់បំរាមរបស់តុលាការ។

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃទី ៣ ធ្នូថា អ្នកដែលត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយ អាចធ្វើនយោបាយឡើងវិញបន្ទាប់ផុតរយៈពេលនៃការកំណត់ក្នុងសេចក្ដីសម្រេចរបស់តុលាការ ឬករណីពិសេសពីនេះ។

លោក ឡេង ប៉េងឡុង៖ «បុគ្គលដែលបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញ ដោយពេញច្បាប់បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការតុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះត្រូវបានផ្ដល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រតាមសំណើររបស់នាយករដ្ឋមន្ត្រី តាមសេចក្ដីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នេះជាសេចក្ដីដែលបន្ថែមទៅលើមាត្រា ៤៥ថ្មីស្ទួន »។    

មន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១៨ រូប ត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ បន្ទាប់ពីតុលាការកំពូលកម្ពុជា បានរំលាយគណបក្សនេះដោយសារ ប្រធានគណបក្សនេះជាប់ចោទករណីក្បត់ជាតិ។

ការបង្ហាញនូវជំហរបើកសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាពរបស់មន្ត្រីគណបក្សប្រឆាំងនេះធ្វើឡើងក្រោយពេលដែល លោក សម រង្ស៊ី ត្រូវបានស្នើឱ្យជ្រើសតាំងធ្វើជាប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ។

ព្រះអង្គប៊ុត ប៊ុនទិញ ស្ថាបនិក​ និង​ជា​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម បានបកស្រាយតាមយៈវីដេអូមួយដែលមានរយៈពេល ជិត៣០ នាទីថា ការធ្វើបែបនេះរបស់សភាកម្ពុជាហាក់ដើរតាមជំហ៊ានរបស់លោកសមរង្ស៊ី ដែលត្រូវបានសនិ្នសីទរបស់បក្សសង្រ្គោះជាតិនៅក្រៅប្រទេសបានស្នើតែងតាំងលោកជាប្រធានស្ដីទីរបស់បក្សជំនួសលោកកឹមសុខាដែលកំពុងជាប់ខ្លួន។តែព្រះអង្គមានដីកាថា អាចមកពីបក្សកាន់អំណាចចង់គេចកុំឱ្យមានការដាក់ទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ។

ព្រះអង្គ ប៊ុត ប៊ុនទិញ៖ «សហគមន៍អឺរ៉ុបគេចាប់ផ្ដើមដំណើរការ អំពីការដាក់ទណ្ឌកម្មអង្ករមុនគេ ក្រោយពីអង្ករគេនឹងចេញទៅជាស្កសរ ក្រោយស្កសរគេនឹងចេញទៅវាយនភ័ន្តទាំងស្រុង ដូច្នេះជនផ្ដាច់ការ មើលឃើញព្រឹត្តិការណ៍នេះច្បាស់ »។

ព្រះតេជគុណក៏មានសង្ឃដីការអំពីទណ្ឌកម្មដែលដាក់ដល់មន្ត្រីរដ្ឋាភិបាល ដូចជា​ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឱ្យចូលទឹកដីអាមេរិកជាដើម។ ពោលគឺមន្ត្រីរបស់បក្សកាន់អំណាចនៅកម្ពុជា ខ្លាចទណ្ឌកម្មនេះណាស់។  

ថ្មីៗនេះ លោក កែវ រេមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានត្អូញត្អែរថាពិបាកសុំទិដ្ឋាការ (Visa) ទៅលេងកូននៅសហរដ្ឋអាមេរិក ហើយមិនដឹងថាការគោរពសិទ្ធិមនុស្សមាននៅកន្លែងណានោះទេចំពោះករណីនេះ។

លោក បណ្ឌិត មាស នី អ្នកវិភាកឯករាជ្យ លើបញ្ហាសង្គម និងនយោបាយកម្ពុជា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នៅថ្ងៃទី ៤ ខែ ធ្នូនេះថា លោក ស្វាគមន៍ចំពោះការសើរើវិសោធនកម្មច្បាប់នេះឡើងវិញ។

តែលោកថា ការធ្វើវិសោធនកម្មនេះ អាចគ្រាន់តែជាការបន្ធូរស្ថានភាពបន្តិចបន្តួចតែប៉ុណ្ណោះ ហើយរាជរដ្ឋាភិបាលកម្ពុជាអាចនឹងធ្វើឱ្យសា្ថនការណ៍តឹងតែងវិញគ្រប់ពេល។

អ្នកវិភាគរូបនេះថា ការធ្វើបែបនេះរបស់រដ្ឋសភាជាតិកម្ពុជា អាចដោយសារតែតម្រូវការពីអន្តរជាតិ។

លោក បណ្ឌិត មាស នី៖ «តាមដែលយើងដឹងក្រៅពីរឿងការព្រមានជាច្រើនលើកច្រើនសារពីសហគមន៍អន្តរជាតិ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ យើងឃើញមានការបញ្ជូនគណៈប្រតិភូកម្ពុជានឹងទៅជួបជាមួយនឹងសហគមន៍អឺរ៉ុប អ៊ីចឹងខ្ញុំគិតថាសេចក្ដីប្រកាសដែលចេញពីម្សិលមិញថ្មីៗនេះ​ វាអាចជាលទ្ធផលមួយដែលចេញពីការចរចាគ្នារវាងរដ្ឋាភិបាលកម្ពុជាហើយខាងសហគមន៍អឺរ៉ុប»។

អ្នកវិភាគរូបនេះបន្ថែមថា​ កម្ពុជា ប្រៀបដូចជាទូកមួយដែលរសាត់អណ្ដែតគ្មានកោះត្រើយ ប្រសិនបើអ្នកនយោបាយនៅតែលេងល្បែងនយោបាយបែបនេះ ពោលគឺបន្ធូរបន្ថយ រួចបន្តឹងស្ថានភាពនយោបាយដើម្បីជាប្រយោជន៍របស់បក្សខ្លួនគឺមិនល្ហមើលទេ។ 

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ បានចេញសេចក្ដីថ្លែងការកម្រាស ៣ទំព័រ បញ្ជាក់ថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងលំហនយោបាយកម្ពុជា ជាគោលបំណងអភិវឌ្ឍប្រកបដោយសន្តិភាព និងការផ្សះផ្សារជាតិ។

ក្រៅពីបើកលំហនយោបាយនេះ រាជរដ្ឋាភិបាក៏បន្ធូរបន្ថយលើសេរីភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ សម្លេងសង្គមស៊ីវិល និងសន្យាថា បន្ថែមការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ រួមទាំងដីសម្បទានផងដែរ។

លោក បណ្ឌិត មាស នី ថា ការចេញសេចក្ដីថ្លែងការណ៍នេះ ហាក់ដូចជាបង្ហាញថា កម្ពុជាបានអនុវត្តន៍ខុសពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងរួចហើយ។

លោក បណ្ឌិត មាស នី៖ «គឺយើងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញសព្វគ្រប់អស់ហើយ សំខាន់ត្រង់ថានៅក្នុងពេលដែលយើងមានវិបត្តិនយោបាយប៉ុន្មាន ១ឆ្នាំចុងក្រោយ មួយឆ្នាំកន្លះនឹងវាធ្វើឱ្យការអនុវត្តជាក់ស្ដែងនឹងវាផ្ទុយទៅនឹងស្អីដែលចែងក្នុងរដ្ឋធម្មនុញនឹងណា »។  

គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលតែងតែទទួលបានជ័យជំនះច្រើនជាងគេលើការបោះឆ្នោត មិនថាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឬការបោះឆ្នោតជាតិ។

តែយ៉ាងណា បន្ទាប់ពីគណបក្សសង្រោះជាតិកើតឡើង ដែលជាគណបក្សថ្មីមួយ មានការបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានធ្វើឱ្យមានការផ្លាស់ប្ដូរនូវប្រវត្តិសាស្ត្រនៃលទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា​ ពោលគឺមានប្រជាជនជាច្រើនដែលគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងផុសផុល ធ្វើឱ្យគណបក្សនេះទទួលបានអាសន្នៈចំនួន ៥៥ នៅក្នុងរដ្ឋសភានៅអាណត្តិទី៥។

ចំណែកឯការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ ២០១៧ គឺមានប្រជាពលរដ្ឋជាង៣លាននាក់ បានបោះឆ្នោតគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។

មុនពេលដែលការបោះឆ្នោតសភានីតិកាលទី ៦ ចូលមកដល់ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ។ តាមរយៈការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាដោយតុលាការកំពូលនេះ គឺក្រោមបទចោទថាប្រធានគណបក្សសង្គ្រោះជាតិថាក្បត់ជាតិ ហើយចាប់លោក កឹម សុខា ដោយផ្អែកលើវីដេអូមួយ ដែលលោកបានថ្លែងនៅបរទេសកាលពីឆ្នាំ ២០១៣ ថាជាបទល្មើសជាក់ស្ដែង។

ក្រៅពីគណបក្សសង្រោះជាតិត្រូវបានរំលាយ មន្ត្រីរបស់បក្សនេះចំនួន ១១៨រូប ក៏តុលាការកំពូលហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ថែមទៀតផង។

សមាជិករបស់រដ្ឋសភាអាណត្តិទី ៦នេះ គឺជាសមាជិកមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ។ មានន័យថា គណបក្សប្រជាជនកម្ពុជាប្រមូលយកអាសន្នៈទាំង ១២៥ លើ ១២៥។អ្នកនាំពាក្យបក្សកាន់អំណាច ជាពិសេសសម្ដេចនាយករដ្ឋមន្ត្រី តែងតែថ្លែងបញ្ជាក់ពីគោលនយោបាយឈ្នះៗ គឺដើម្បីជាតិខ្មែរ។

កាលពីថ្ងៃទី២ធ្នូ សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ចេញសារជាថ្មីទៀត ដោយរំលឹកថាសម័យកាលរបស់សម្ដេចតែមួយគត់ ដែលជាអន្តរកាលនៃអត់ឱនខាងនយោបាយច្រើនជាងគេ។

​សម្ដេច ហ៊ុន សែន បាន​ពន្យល់​នូវ​អ្វី​ដែល​ហៅ​ថា សាមគ្គីភាព ហើយ​ថា បក្ស​កាន់​អំណាច​របស់​សម្ដេច​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ជាតិ គឺចាប់​តាំង​ពី​គណបក្ស​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ជិត ៧០​ឆ្នាំ​មុន​មក​ម៉្លេះ។

  ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន រៀបរាប់ដូចនេះ​ថា​៖ «នៅ​ក្នុង​ចំណោម​អ្នក​ដឹកនាំ​កម្ពុជា​តាំង​ពី​សម័យ​បុរាណ​មក ខ្ញុំ​ប្រហែល​ជា​អ្នក​ដឹកនាំ​តែ​មួយ​គត់​ដែល​មាន​ការ​អត់​ឱន​ឲ្យ​ច្រើន​ជាង​គេ។ អ្នក​ក្បត់​ជាតិ​ក្នុង​សម័យ​មុន មាន​តែ​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ ប៉ុន្តែ ខ្ញុំ​វិញ មាន​តែ​លើក​លែង​ទោស​ដល់​អ្នក​ដែល​ដឹង​កំហុស។ ខ្លះ​ម្ដង ខ្លះ​រហូត​ដល់​ទៅ​ពីរ​ដង។ ប៉ុន្តែ មិន​អាច​មាន​លើក​ទី​៣​ឡើយ »

កម្ពុជា ធ្លាប់មានការបែកបាក់ជាតិធ្ងន់ធ្ងរ រហូតមានការផ្ទុះអាវុធនៅកណ្ដាលរាជធានីនៅឆ្នាំ១៩៩៧ ទំលាក់សហនាយករដ្ឋមន្រ្តីសម្ដេចក្រុមព្រះ។តែកម្ពុជាក៏ធ្លាប់មានការផ្សះផ្សាជាតិឡើងវិញក្រោមការសម្របសម្រួលរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុ ដូចជា ករណីលោក សម រង្ស៊ី ត្រូវបានលើកលែងទោសបួនលើកមកហើយ៕

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ្រូបង្រៀន ២រូបជំទាស់នឹងការសម្រេចរបស់មន្ទីរអប់រំខេត្តកំពង់ធំប្តូរការងារពួកគាត់ថាជារឿងនយោបាយ

ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់នៅខេត្តកំពង់ធំ ដែលជ[...]

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត