loader

អ្នកវិភាគ៖កម្ពុជាពិបាកលាក់មុខនៅពេល មានវត្តមាននៅឯមហាសន្និបាត UN ករណីរំលោភសិទ្ធិមនុស្ស

ភ្នំពេញ៖ រៀង​រាល់​មួយ​ឆ្នាំ​ម្ដង​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ តែងតែ​បញ្ជូន​តំណាង​របស់​ខ្លួន​ទៅ​ចូលរួម​ មហាសន្និបាត​ អង្គការសហប្រជាជាតិ​ ដើម្បី​ថ្លែង​ពី​សមិទ្ធិ​ផល​រយៈពេល​មួយ​ឆ្នាំ​ដែល​ខ្លួន​បាន​កសាង​ថា​ តើ​អនុ​ឡោម​ទៅ​តាម​កតិកាសញ្ញា​ដែល​មាន​ចែង​ក្នុង​អង្គការសហប្រជាជាតិ​ឬ​យ៉ាងណា​។​

un
ជុំវិញ​រឿង​នេះ​ អ្នកវិភាគ​បាន​បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា​ កម្ពុជា​អាច​ប្រឈម​នឹង​ការ​ចោទសួរ​ខ្លាំងៗ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ជុំវិញ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​គេ​ថា​បាន​ដើរ​ថយក្រោយ​ទៅ​រក​ ចំនុច​គ្រោះថ្នាក់​។​ អ្នកវិភាគ​ថា​ វត្តមាន​កម្ពុជា​ នៅ​ឯ​មហាសន្និបាត​ UN​ គឺជា​ចំនុចរសើប​ ដែល​មិន​អាច​គេចវេះ​បាន​ឡើយ​ ចំពោះ​ការ​ចោទសួរ​ករណី​រំលោភ​សិ​ទិ្ធ​មនុស្ស​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​លម្អិត​ ៖

 

​កាលពី​ថ្ងៃ​ទី​ ១៥​ ខែ​ កញ្ញា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ​ជុំវិញ​ការ​ទៅ​ចូលរួម​មហាសន្និបាត​ អង្គការសហប្រជាជាតិ​លើក​ទី​ ៧១​ របស់​កម្ពុជា​ដែល​មាន​លោក​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ដ្រី​ការ​បរទេស​ ជា​អ្នកដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​មហាសន្និបាត​លើក​នេះ​ នៅ​ ក្រុង​ញ៉ូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​។​

​ក្នុង​សេចក្ដី​ជូន​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ លោក​ ប្រាក់​ សុ​ខុន​ នឹង​ឡើង​ថ្លែង​សុន្ទរកថា​ក្រោម​ប្រធានបទ​ «​គោលដៅ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ ការ​រ​ជំរុញ​ជាស​កល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ពិភពលោក​»​។​ ក៏​ប៉ុន្ដែ​សេចក្ដី​ជូន​ព័ត៌មាន​នេះ​មិន​បាន​បញ្ជាក់​ថា​ នឹង​លើកយក​បញ្ហា​គោរព​សិទ្ធ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ ទៅ​ថ្លែង​ក្នុង​មហាស្និបាត​អង្គការសហប្រជាជាតិ​នេះ​ទេ​។​

​ជុំវិញ​ការ​ត្រៀម​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​ ៧១​ របស់​កម្ពុជា​នេះ​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​លោក​ សូ​ ច​ន្ថា​ បាន​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​ នេះ​ដោយ​ បង្ហាញ​ការ​យល់​ឃើញ​ថា​ កម្ពុជា​ដាច់ខាត​គេច​មិន​ផុត​ពី​ការ​ចោទសួរ​បញ្ហា​ពាក់ព័ន្ធ​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​ផ្ដល់​សិទ្ធិ​សេរីភាព​ទៅ​អ្នកនយោបាយ​ និង​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ​។​

​លោក​ មើលឃើញ​ថា​ប្រទេស​៣៦​ បាន​លើកយក​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ មក​ដាក់​ចេញ​សេចក្តី​ប្រកាស​រួម​ទៅ​កាន់​ ក្រុមប្រឹក្សា​ សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ គឺជា​សញ្ញាណ​រឹង​មាំ​មួយ​ថា​សហគមន៍​អន្តរជាតិ​ មិន​រា​ថយ​ចំពោះ​ ការ​ចាប់អារម្មណ៍​ប្រទេស​រំលោភសិទ្ធិ​មនុស្ស​នោះ​ទេ​។​

​សាស្ដ្រាចារ្យ​សិក្សា​ពី​នយោបាយ​បន្ដ​ទៀត​ថា​ កម្ពុជា​ប្រាកដ​ ជា​អាប់ឱន​កិត្តិយស​ ក្នុង​មហា​ស​ន្និ​បាទ​នេះ​ ជាក់​ពុំខាន​ប្រ​សិន​ កម្ពុជា​មិន​ព្យាយាម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ដោយ​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ពេញលេញ​ និង​ បញ្ឈប់​ការ​គាបសង្កត់​លើ​សិទ្ធិ​សម្ដែង​មតិ​ផ្សេងៗ​ទេ​នោះ​។​ ​

លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។
លោក សូ ចន្ថា សាស្រ្ដចារ្យវិទ្យាសាស្រ្ដនយោបាយ។

លោក​បញ្ជាក់​ថា​ ប្រសិនជា​កម្ពុជា​មិន​ព្រម​ទទួលយក​ការ​រិះគន់​ មក​ធ្វើការ​សិក្សា​ដើម្បី​កែប្រែ​ទេ​ ហើយ​ សកម្មភាព​បំ​បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​បន្ដ​កើត​មាន​ និង​ ព្យាយាម​ទៅ​ការពារ​កំហុស​ខ្លួន​ ដែល​អង្គការសហប្រជាជាតិ​ មើលឃើញ​នៅ​ចំពោះ​មុខ​សមាជិក​ទាំងអស់​ នោះ​កម្ពុជា​នឹង​កាន់តែ​បាត់បង់​តម្លៃ​លើ​ឆាក​អន្ដរជាតិ​កាន់តែ​ខ្លាំង​ពុំខាន​។​

​លោក​ សូ​ ច​ន្ថា​៖«​ត្រង់​ចំណុច​នេះ​បើសិនជា​កម្ពុជា​យើង​មិន​បាន​កែប្រែ​ សកម្មភាព​ ឬ​ក៏​នៅ​តែ​មានការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​តែ​មានការ​បិត​សិទ្ធ​សេរីភាព​ពលរដ្ឋ​ ហើយ​យើង​ព្យាយាម​ទៅ​ការពារ​ នៅ​អ្វី​ដែល​ជា​សកម្មភាព​ នៅ​ចំពោះ​មុខ​អង្គការសហប្រជាជាតិ​ ខ្ញុំ​គិត​ថា​នេះ​គឺ​មិន​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ​ ក៏​ប៉ុន្ដែ​ធ្វើ​ឲ្យ​កម្ពុជា​កាន់តែ​ត្រូវ​បាន​ប្រទេស​ដែល​ជា​សមាជិក​អង្គការសហប្រជាជាតិ​ នឹង​មិន​ផ្ដល់​តម្លៃ​ និង​ផ្ដល់​កិត្ដិយស​ ឲ្យ​នោះ​ទេ​»​។​

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ថា​ ការ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​នេះ​ លោក​យល់​ថា​ កម្ពុជា​នឹង​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​ចោទសួរ​ បី​ចំណុច​សំខាន់ៗ​មាន​ដូច​ជា​ បញ្ហា​រំលោភ​ដីធ្លី​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​យុ​ត្ដិ​ធ​ម៍​នៅ​កម្ពុជា​ ជាក់​ពុំខាន​។​ ជាង​នេះ​លោក​បន្ថែម​ថា​ ក្នុង​ប្រទេស​កម្ពុជា​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ បាន​ក្លាយជា​តួឯក​ ហើយ​ជាទី​ចាប់អារម្មណ៍​ពី​ប្រទេស​មួយ​ចំន​នួន​ធំ​ទៅ​ហើយ​ ។​ លោក​បន្ដ​ថា​ មុន​ពេល​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ សម្រេច​ដាក់​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​ គឺ​អ្នក​ទាំងនោះ​គេ​បាន​សិក្សា​ពី​ស្ថានភាព​ច្បាស់លាស់​រួច​ហើយ​។​

​លោក​ មាស​ នី​៖«​ការ​រំលោភសិទ្ធិ​មនុស្ស​នេះ​មុន​នឹង​ក្លាយជា​តួឯក​ល្បី​ គឺ​គេ​បាន​តាមដាន​ហ្នឹង​ច្រើន​ហើយ​ មុន​នឹង​គេ​លើក​ឡើង​ ដូច​ជា​ប្រទេស​ទាំង​៣៦​ដែល​គេ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ ទាំងអស់​ហ្នឹង​គឺ​គេ​បាន​ពិនិត្យ​សព្វគ្រប់​ហើយ​ ស្ថានទូត​គេ​ទាំង​អស់គេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ជា​ភ្នែក​ច្រមុះ​របស់​គេ​ គេ​មិន​ចេះ​តែ​ថា​ តាមតែ​នឹកឃើញ​ទេ​ ហើយ​រឿង​បដិសេធ​របស់​រដ្ឋាភិបាល​ គឺជា​សិទ្ធិ​របស់​ពួក​គាត់​ ប៉ុន្ដែ​ពេល​ខ្លះ​ការ​បដិសេធ​របស់​យើង​ មិន​ខុស​ពី​ការ​ព្យាយាម​យក​ចង្អេរ​ទៅ​បាំង​ដំរី​មួយ​ដែល​ងាប់​»​។​

​កាលពី​ម្សិលមិញ​បើ​យោង​តាម​ការ​ចេញផ្សាយ​ព័ត៌មាន​ របស់​វិទ្យុ​អន្ដរជាតិ​ជា​ភាសារ​ខ្មែរ​មួយ​ បាន​ឲ្យ​ដឹង​ថា​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ បាន​ គី​មូ​ន​ (Ban​ Ki-Moon)​ បាន​អំពាវនាវ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ស្រប​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​តានតឹង​ខ្លាំង​ ហើយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​មានការ​រិ​ត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​ព្រួយបារម្ភ​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​ជាង​នេះ​មុន​ពេល​ដែល​លោក​ បាន​ គី​មូ​ន​ បង្ហាញ​ក្ដី​ព្រួយបារម្ភ​ដូច្នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ សហប្រជាជាតិ​ លើក​ទី​៣៣​ នៅ​ទីក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វី​ស​ ដែល​មាន​ប្រទេស​ចំនួន​៣៦​ និង​សមាជិក​សហភាព​អឺរ៉ុប​ ទាំងអស់​ ក៏​ដូច​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​រួម​មាន​ អា​មេ​រិ​ក​ កា​ណា​ដា​ ជប៉ុន​ និង​អូស្ត្រាលី​ បាន​លើកយក​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដាក់​ជា​រួម​ចេញ​សេចក្តី​ប្រកាស​រួម​ ឲ្យ​ទៅ​អគ្គលេខាធិការ​ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ សហប្រជាជាតិ​ពិនិត្យ​ផង​ដែរ​។​

​លោក​ ចាន់​ វិបុល​ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ ទទួលស្គាល់​ថា​ ការ​ថ្លែង​របស់​លោក​ បាន​ គី​មូ​ន​ ពិតជា​ធ្វើ​ឱ្យ​កម្ពុជា​ បាក់មុខ​មាត់​លើ​ ឆាក​អន្តរជាតិ​។​ លោក​បញ្ជាក់​ថា​ អង្គការសហប្រជាជាតិ​ពិតជា​មាន​ឥទ្ធិពល​ លើ​ ប្រទេស​ជា​សមាជិក​របស់​ខ្លួន​។​

លោក​ ចាន់​ វិបុល​«​យើង​មើល​អំពី​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ អគ្គ​លេខា​អង្គការសហប្រជាជាតិ​ជា​តួអង្គ​សំខាន់​ក្នុង​ការ​ធានា​ ឲ្យ​ប្រាកដ​ថា​សេចក្ដីថ្លែងការណ៍​ ជា​រួម​ស្ដី​ពី​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គោរព​ហើយ​កម្ពុជា​ ជា​សមាជិក​មួយ​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​ចុះ​សច្ចាប័ន​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ជាស​កល​ស្ដី​ពី​សិទ្ធិ​មនុស្ស​និង​ កតិកាសញ្ញា​ផ្សេងៗ​ដូច្នេះ​បាន​ន័យ​ថា​ការ​ប្រកាស​របស់​លោក​ បាន​ គី​មូ​ន​ គឺជា​តំណាង​ស្របច្បាប់​របស់​ប្រជាជាតិ​នៅ​ក្នុង​សកលលោក​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​សច្ចា​ប័​ទាំងនោះ​ត្រូវ​បាន​គោរព​»​។​

​សហរដ្ឋអាមេរិក​ដែល​នាំមុខ​គេ​ គាបសង្កត់​កម្ពុជា​ ឱ្យ​គោរព​សិទ្ធិ​មនុស្ស​ កាលពី​ថ្ងៃ​ទី​១៣​កញ្ញា​ សភា​ប្រទេស​មហាអំណាច​នេះ​ បាន​ អនុម័ត​សេចក្ដីសម្រេច​ លេខ​ ៧២៨​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ជា​រដ្ឋ​គ្រោះថ្នាក់​ផ្នែក​សេរីភាព​ និង​ សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ដែល​ ករណី​នេះ​ អ្នកវិភាគ​ គិត​ថា​ អា​មេ​រិ​ក​ នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ តាម​រយៈ​ អង្គការ​សហ​ប្រជា​តិ​ គាបសង្កត់​កម្ពុជា​ ឱ្យ​ដើរ​ត្រឡប់​ថយក្រោយ​វិញ​ និង​ឱ្យទាន់​ពេលវេលា​ មុន​ការ​បោះ​ឆ្នោត​ ខាង​មុខ​នេះ​៕​ ​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត