loader

អ្នកវិភាគរិះគន់ការយកដីបឹងតាមោក២០ហិកតាធ្វើជាផ្សារចែកចាយបន្លែ និងចំណតរថយន្តក្រុង​

ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលសម្រេចយកផ្ទៃដីបឹងតាមោកចំនួន ២០ ហិកតាធ្វើជាផ្សារចែកចាយបន្លែ និងធ្វើជាចំណតរថយន្ត មក ក្រុមអ្នកវិភាគបានរិះគន់ថា ការផ្តល់ដីវិនិយោគលើបឹងធម្មជាតិបែបនេះ នឹងបង្កឱ្យបាត់បង់តុល្យភាពរវាងការអភិវឌ្ឍទីក្រុង និងការអភិរក្សបរិស្ថាន ហើយអាចឈានទៅបាត់បង់បឹងធម្មជាតិដែលជាអាងស្តុកទឹក និងរំដោះជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាន)

 

ក្រុមអ្នកវិភាគនយោបាយ  និងការអភិវឌ្ឍន៍សង្គមបានរិះគន់ស្រដៀងគ្នាថា ការយកផ្ទៃដីបឹងតាមោកមកធ្វើជាផ្សារចែក ចាយបន្លែ និងចំណតរថយន្តបែបនេះ មិនមែនជាយុទ្ធសាស្រ្តអភិវឌ្ឍន៍ល្អនោះទេ ហើយការវិនិយោគលើបឹងធម្មជាតិ នឹងធ្វើឱ្យបាត់បង់តុល្យភាពរវាងការអភិវឌ្ឍន៍ទីក្រុង និងការអភិរក្សបរិស្ថាន ដែលអាចធ្វើឱ្យបឹងតាមោកជាអាងស្តុកទឹក និងរំដោះជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញមួយនេះកាន់តែរួចតូចទៅៗ។

មតិរិះគន់នេះបានកើតឡើង បន្ទាប់លិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីបានបែកធ្លាយ ដោយកម្មវត្ថុក្នុងលិខិតនោះ គឺរដ្ឋាភិបាលបានសម្រេចយកផ្ទៃដីបឹងតាមោកចំនួន ២០ ហិចតា ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ និងជាចំណតរថយន្តនៅរាជធានីភ្នំពេញ។

ក្នុងលិខិតបែកធ្លាយដែលចុះហត្ថលេខារបស់លោក ប៊ុន​ អ៊ុយ ជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានពន្យល់ថា ការយកផ្ទៃដីបឹងតាមោង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ធ្វើជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្តនេះ គឺដើម្បីរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីបឹងតាមោកវិញ។

យ៉ាងណាជុំវិញដំណឹងយកដីបឹងតាមោក ២០ ហិចតាធ្វើជាផ្សារ និងចំណាតរថយន្តនេះ សាលារាជធានីភ្នំពេញនៅព្រឹកទី០៤ មករានេះ បានចេញមុខធ្វើសន្និសទីកាសែតដោយអះអាងថា គ្មានឡើយគម្រោងរុះរើផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក មកផ្សារបឹងតាមោកវិញ។ ហើយក៏គ្មានដែលការយកទីតាំងផ្សារដើមគរទៅវិនិយោគឱ្យវិស័យឯកជន។

សាលាក្រុងភ្នំពេញពន្យល់បន្ថែមថា ការបង្កើតផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្តនៅបឹងតាមោកនេះ គឺជាការបន្ថែមទីតាំងផ្សារបោះដុំមួយកន្លែងផ្សេងទៀត ដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម ក៏ដូចជាកាត់បន្ថយ និងឈានដល់ការលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ។ មួយវិញទៀតក៏ដើម្បីបង្ការការកកស្ទះចរាចរណ៍ ប៉ះពាល់ដល់បរិស្ថាន សណ្តាប់ ធ្នាប់ និងអនាម័យតាមដងផ្លូវផងដែរ។

អ្នកវិភាគពីការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត​ មាស នី យល់ឃើញថា ការយកផ្ទៃបឹងធម្មជាតិធ្វើជាដើមទុនដើម្បីអភិវឌ្ឍន៍ប្រទេសបែបនេះ មិនមែនជាយុទ្ធសាស្រ្តល្អប្រសើរនោះទេ ព្រោះអាចធ្វើឱ្យសម្បត្តិធម្មជាតិរបស់រដ្ឋកាន់តែហិនហោចទៅៗ។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលគប្បីវិនិយោគបឹងតាមោកនេះ ជាកន្លែងកំសាន្តវិញ ព្រោះអាចរក្សាបានបឹងធម្មជាតិទុក ហើយ បឹងតាមោកក៏ជាអាងស្តុងទឹក និងជាអាងរំដោះជំនន់ទឹកភ្លៀងពីរាជធានីភ្នំពេញផងដែរ។

លោកបណ្ឌិត មាស នី ផ្តល់ជាអនុសាសន៍ថា រដ្ឋាភិបាលគួរសំឡឹងមើល និងចាប់យកភូមិសាស្រ្តតំបន់ខាងត្បូងក្រុងភ្នំពេញ ឬតាមបណ្តោយផ្លូវជាតិលេខ ផ្លូវឆ្ពោះទៅស្រុកកៀនស្វាយជាដើម​ ព្រោះទីតាំងនោះមានសក្តានុពលល្អ ជាកន្លែងមានទីប្រសព្វនៃផ្លូវគមនាគមន៍ជាច្រើន។

លោកបណ្ឌិត មាស៖«ការដែលយកសម្បត្តិរដ្ឋធ្វើជាទុនធ្វើជាទុនសម្រាប់ការធ្វើអភិវឌ្ឍន៍ វាមិនមែនជាល្អនោះទេ ព្រោះប្រទេនិមួយគេជៀសវាងណាស់រឿងអស់ហ្នឹង ប៉ុន្តែនៅស្រុកយើង ចេះតែនាំគ្នាសំឡឹងឃើញសម្បត្តិរដ្ឋ សម្បត្តិដូចជាការដោះដូរនុវក្រសួងមន្ទីរអីផ្សេងៗ អាហ្នឹងសុទ្ធតែសម្បត្តិរដ្ឋហ្នឹង ហើយអានេះរដ្ឋាភិបាលគួរតែគិតមើលឱ្យស៊ីជម្រៅ និងគួរតែអាណិតសម្បត្តិរដ្ឋហ្នឹងផង កុំចេះតែនាំគ្នាធ្វើអីតាមតែនឹកឃើញ ។ ទីចុងបំផុតកូនខ្មែរជំនាន់ក្រោយៗជាអ្នករងគ្រោះ ទីចុងបំផុតសម្បត្តិរដ្ឋកាន់តែតិចទៅៗ រដ្ឋកាន់តែក្រទៅៗ ហើយវាមានតែបុគ្គលមួយចំនួន »។

                                                               លោកបណ្ឌិត មាស នី អ្នកវិភាគពីការអភិវឌ្ឍន៍សង្គម។

 

ចំណែកសាស្រ្តាចារ្យទស្សនៈវិជ្ជាលោក​ ប៉ា ចាន់រឿន បានលើកជាមតិលើទំព័រហ្វេសប៊ុករបស់លោក ដោយអបជាមួយលិខិតបែកធ្លាយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនោះថា ៖«មេដឹកនាំគួរតែភ្ញាក់ខ្លួន ចំពោះបញ្ហាជាច្រើនដែលបណ្តាលមកពីអតុល្យភាពនៃការអភិវឌ្ឍទីក្រុង និងការអភិរក្សបរិស្ថាន ជាពិសេសការលប់បឹងជាច្រើន ដែលជាអាងស្តុកទឹកនិងប្រព័ន្ធរក្សាតុល្យភាពធម្មជាតិនៅភ្នំពេញ។ លោកសរសេរបន្តថា នៅស្រុកយួន និងសៀម គេមានតែជីកបឹងថែមដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ចុះហេតុអ្វីក៏អ្នកដឹកនាំខ្មែរ គ្រោងនឹងលុបបឹងតាមោកដែលជាបឹងធំជាងគេចុងក្រោយទៀត? តើការអភិវឌ្ឍនេះដើម្បីនរណាឱ្យប្រាកដ?»។

បឹងតាមោងជាបឹងធម្មជាតិធំជាងគេចុងក្រោយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិជាច្រើនក្នុងទីក្រុងភ្នំពេញត្រូវបានលុបស្ទើរគ្មានសល់។ បឹងតាមោកមានសមត្ថភាពស្តុកទឹកបានយ៉ាងច្រើនមហាសាល ហើយបឹងនេះ ក៏ជាអាងមួយដ៏ល្អប្រសើរក្នុងការរំដោះទឹកភ្លៀងដែលតែងតែជន់លិចផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញ។ ផ្លូវជាច្រើនក្នុងរាជធានីភ្នំពេញតែងតែជន់លិចដោយទឹកភ្លៀង នៅពេលមានភ្លៀងធំធ្លាក់ម្តងៗ។ បឹងធម្មជាតិជាច្រើនក្នុងរាជធានីភ្នំពេញត្រូវបានចាក់លុបក្រោមលេសថា ធ្វើការអភិវឌ្ឍន៍ក្រុង នេះជាបច្ច័យមួយធ្វើឱ្យភូមិសាស្រ្តក្នុងក្រុងជារឿយៗរងនូវជំនន់ទឹកភ្លៀងជន់លិចផ្លូវ និងលិចចូលក្នុងគេហដ្ឋានរបស់ប្រជាពលរដ្ឋ។

ជារឿយៗក្រុមអង្គការសង្គមស៊ីតែងធ្វើយុទ្ធនាការមិនឱ្យមានការយកបឹងធម្មជាតិក្នុងរាជធានីភ្នំពេញ ដើម្បីអភិវឌ្ឍន៍។ ពួកគេថា ការអភិវឌ្ឍន៍ដោយខ្វះការទទួលខុសត្រូវ និងគិតតែងពីផលប្រយោជន៍បក្សពួកឬក្រុមមួយក្តាបតូច នឹងបង្កផលប៉ះពាល់ដល់ប្រយោជន៍រួម។

អ្នកវិភាគនិយាយថា នៅពេលបឹងធម្មជាតិត្រូវបានលុប ការគ្រប់គ្រងបញ្ហាទឹកជំនន់នឹងជួបផលវិបាក។ ចំណែកផលចំណេញពីការវិនិយោគដោយលុបបឹងធម្មជាតិដូច្នេះ នឹងមិនគ្រប់គ្រាន់នោះទេ សម្រាប់ទូទាត់លើការចំណាយ លើការជួសជុលផ្លូវខូចក្នុងទីក្រុង។

លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករដ៏ល្បីរបស់កម្ពុជា ធ្លាប់បានបង្ហាញទស្សនៈថា ការអភិវឌ្ឍន៍ចង់បានតែអគារខ្ពស់ៗ និងទំនើបៗ ដោយខ្វះវិចារណញ្ញាណ និងទស្សនវិស័យវែងឆ្ងាយ នឹងបង្កជាភាពស្មុកស្មាញចំពោះថ្នាក់ដឹកនាំ និងអ្នកទទួលខុសត្រូវក្នុងរាជធានីទៅវិញនោះទេ នាពេលអនាគត។ លោកលើកឡើងថា ការលុបបឹងធម្មជាតិដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុង  ពុំមែនជាយុទ្ធវិធីល្អប្រសើរនោះទេ ហើយប្រការនេះនឹងជៈឥទ្ធិពលអវិជ្ជមានដល់អ្នកជំនាន់ក្រោយ។ បណ្តាំពីកំពូលស្ថាបត្យករខ្មែររូបនេះ កើតឡើងនៅពេលដែលបឹងធម្មជាតិក្នុងរាជធានីភ្នំពេញត្រូវបានចាកលុបជាបន្តបន្ទាប់ និងនៅមុនពេលលោកលាចាកលោកនេះ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា [...]

លោក សម រង្ស៊ី ថារឿងលោក កឹម សុខា គឺជាបញ្ហាសម្ដេច ហ៊ុន សែន ពិបាកដោះស្រាយ

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជ[...]

តំណក់ប្រេងកាតប្លុកAកម្ពុជានឹងចាប់ផ្ដើមទាញមកចម្រាញ់នៅខែតុលាឆ្នាំ២០១៩

កម្ពុជានឹងចាប់ផ្ដើមទាញយក តំណក់ប្រេងលើកដំបូងបង[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត