loader

អ្នកវិភាគថា ប្រសាសន៍សម្ដេច ហ៊ុនសែន ជាសញ្ញាណល្អសម្រាប់លោក កឹម សុខា តែអាចហួសពេលសម្រាប់EBA

ភ្នំពេញ៖ អ្នកវិភាគនយោបាយមានប្រសាសន៍ថា ស្ថានភាពនៃរឿងក្ដីលោក កឹម សុខា ចាប់ផ្ដើមមានសញ្ញាណល្អ តែកម្ពុជានៅមិនទាន់មានសញ្ញាណវិជ្ជមានណាមួយសម្រាប់ដោះស្រាយទប់ស្កាត់នឹងសម្ពាធអន្តរជាតិនោះទេ ។ ការបញ្ជាក់បែបនេះ ក្រោយពេលដែលនាយករដ្ឋមន្ត្រីតបសារជាវិជ្ជមានមួយទៅនឹងលោក កឹម សុខា ។

រាយការណ៍ដោយលោក សោម លាភ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់ការរុករកជួយសង្គ្រោះរកអ្នករងគ្រោះនៅក្នុងហេតុការណ៍នៃការបាក់រលំអាគារនៅខេត្តកែប សម្ដេច ហ៊ុន សែន អះអាងថា សាររបស់លោក កឹម សុខា បញ្ជាក់ថា លោក កឹម សុខា គ្រាន់បើជាងមន្ត្រីក្រោ​មឱវាទរបស់សម្ដេច ។

លោក កឹម​សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ៤ ខែមករា បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនក្នុងន័យដើមថា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះនិងក្រុមគ្រួសារដែលបានបាត់បង់ជីវិតនិងរងរបួស យ៉ាងអណោចអធម ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប នារសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២០

លោកកឹម សុខា ក៏បានចូលរួមលុយផ្ទាល់ខ្លួនចំនួន ២០០០ ដុល្លារ ដើម្បីចូលរួមដល់ជនរងគ្រោះក្នុងហេតុការណ៍នេះផងដែរ ។

ខណៈពេលដែលសាររបស់លោក កឹម សុខា មិនមានបង្ហាញពីការទទួលខុសត្រូវ ឬដាក់បន្ទុកទៅដល់មន្ត្រីថ្នាក់ណាមួយជាអ្នកទទួលខុសត្រូវនោះ សម្ដេច ហ៊ុហន សែន បានកោតសរសើរលោក កឹម សុខា ជុំវិញករណីនេះ ខណៈសម្ដេចថា មន្ត្រីរបស់សម្ដេច បញ្ចេញមតិផ្ទុយពីលោក កឹម សុខា ។

សម្ដេចថាដំណាក់កាលនេះ អ្នកនយោបាយគ្រប់និន្នាការ ត្រូវតែរួមគ្នាដើម្បីប្រយោជន៍រួម ។

អ្នកវិភាគនយោបាយ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា អះអាងថា ប្រសាសន៍សម្ដេច ហ៊ុន​សែន ជាការបង្ហាញថា ស្ថានភាពនៃរឿងក្ដីលោក កឹម សុខា ចាប់ផ្ដើមមានសញ្ញាណល្អ តែកម្ពុជានៅមិនទាន់មានសញ្ញាណវិជ្ជមានណាមួយសម្រាប់ដោះស្រាយទប់ស្កាត់នឹងសម្ពាធអន្តរជាតិនោះទេ ។

លោក ឡុង រិទ្ធិវង្ស អ្នកវិភាគនៃអតីតគណបក្សសង្គ្រោះជាតិ មានប្រសាសន៍តាមរយៈវីដេអូផ្សាយផ្ទាល់នៅថ្ងៃទី ៦ មករាថា រឿងលោក កឹម សុខា ផ្ញើសារ និងចូលរួមជាលុយដល់ជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអាគារនេះ ជារឿងធម្មតាទេ ។ លោកបន្ថែមថា ប្រសិនបើលោក កឹម សុខា បោះបង់ចោលគណបក្សសង្គ្រោះជាតិ មានន័យថាលោក កឹម សុខា ជាអ្នកចូលរួមរំលាយគណបក្សសង្គ្រោះជាតិ ។

នាយករដ្ឋមន្ត្រីកម្ពុជា អះអាងថា គ្មានមន្ត្រីណាមួយនឹងត្រូវដកចេញពីដំណែង ជុំវិញហេតុការណ៍នៃការបាក់អាគារនេះទេ ។

ដោយឡែក ចំពោះលោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិវិញ បានសរសេរថា នាយករដ្ឋមន្ត្រីកម្ពុជា​ គឺជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មផ្ទួនៗគ្នាថ្មីៗនេះ ។

លោក ក៏បានសរសេរជាការចូលរួមមរណទុកជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងវិនាសកម្មបាក់រលំសំណង់ចុងក្រោយនេះក្នុងខេត្តកែប ។ 

លោកថាថ្នាក់ដឹកនាំពុករលួយ និងអសមត្ថភាពនៅកម្ពុជា មិនដែលទទួលខុសត្រូវចំពោះការធ្វេសប្រហែសដែលលោកថាហៅថាទាំងនោះជាឧក្រិដ្ឋកម្មនោះទេ ។

ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ថាអ្នកដែលទទួលខុសត្រូវមានដូចជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពាក់ព័ន្ធ អភិបាល និងអភិបាលរងខេត្ត ក្រុងនោះ តាមរយៈការបញ្ឈប់ពីការងារ ឬលាលែងពីដំណែងដោយខ្លួនឯង ។

លោក ឯម សុវណ្ណារ៉ាថា សភានៅប្រទេសផ្សេងក្រៅពីកម្ពុជា នឹងបើកកិច្ចប្រជុំ ដើម្បីឱ្យអ្នកគ្រប់គ្រងពាក់ព័ន្ធទទួលខុសត្រូវចំណោះកំហុសក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ជាងនេះលោកថា​ មន្ត្រីទទួលបន្ទុករបស់ខ្លួននោះ ក្រៅពីមន្ត្រីកម្ពុជា ក៏មានទំនួលខុសត្រូវក្រោមដែនសមត្ថកិច្ចរបស់ខ្លួនដែរ បើមានហេតុការណ៍ដូចនេះ គេនឹងចុះចេញពីដំណែងជាដើម ។

គួររំលឹកថា ពាក់ព័ន្ធទៅនឹងអ្វីដែលលោក ឯម សុវណ្ណារ៉ា លើកឡើងចំពោះការដែលយឺតពេលសម្រាប់កម្ពុជាធ្វើយ៉ាងណា ឱ្យអឺរ៉ុបបន្តឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុបនោះ គឺសភាពអឺរ៉ុប នឹងសម្រេចថានឹងដក ឬមិនដក EBA ពីកម្ពុជា នៅក្នុងអំឡុងខែ កុម្ភៈ ឆ្នាំ ២០២០ ។ យ៉ាងណាខណៈពេលនេះ សហភាពអឺរ៉ុប កំពុងដំណើរការនៃនីតិវិធីលើកិច្ចការណ៍នេះ ខណៈទទួលបាននូវការវាយតម្លៃ និងការឆ្លើយតបពីកម្ពុជាជុំវិញករណីអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋពីកម្ពុជាកាលពីចុងឆ្នាំ ២០១៩ កន្លងទៅ ។  

អ្វីដែលអន្តរជាតិទាមទារឱ្យកម្ពុជាធ្វើដើម្បីបញ្ចៀសនូវទណ្ឌកម្មនោះ គឺការដោះលែងលោក កឹម សុខា មន្ត្រី និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ធ្វើឱ្យគណបក្សនេះនេះរស់ឡើងវិញ និងអ្នកសារព័ត៌មានឯករាជជាដើម ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ីថាការបើកឱ្យ Westerdamចូលជាភាពទាល់ច្រករបស់នាយករដ្ឋមន្ត្រី

​ ភ្នំពេញ៖ លោក សម រង្ស៊ី បញ្ជាក់ថាការបើកឱ្យនា[...]

ថៃពិនិត្យសុខភាពទេសចរចុះពីនាវាWesterdamម្ដងទៀតខណៈឆ្លងព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលថៃបានចេញបញ្ជាភ្លាមៗឱ្យភ្នាក់ងារសុខភ[...]

នាយករដ្ឋមន្ត្រីថាទោះគ្រោះថ្នាក់ដល់ខ្លួនក៏អស់ចិត្ត ដើម្បីទៅទទួលមនុស្សក្នុងនាវា Westerdam

ភ្នំពេញ៖ សម្ដេចហ៊ុន សែន ថ្លែងថា បើពេលដែលសម្ដេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត