loader

អ្នកនាំពាក្យកងទ័ពទទួលស្គាល់ថាបានអប់រំទ័ពពីកលល្បិចទូតបរទេសដែលរុញឱ្យមាន«បដិវត្តន៍ពណ៌»

ភ្នំពេញ៖ អ្នកនាំពាក្យកងទ័ពកម្ពុជាទទួលស្គាល់ថា ថ្នាក់ដឹកនាំកងទ័ពពិតជាបានណែនាំដល់ថ្នាក់ក្រោមរបស់ខ្លួនមែន ឱ្យយល់ពីបំណងរបស់ប្រទេសមហាអំណាចមួយចំនួន ដែលជំរុញឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា ធ្វើឡើងតាមរយៈការឧបត្ថម្ភធនធានថវិកាលើសកម្មភាពរបស់អង្គការជាតិ និងអន្តរជាតិ គណបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន។ ការទទួលស្គាល់នេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយទទួលបានឯកសារបែកធ្លាយពីរឿងរ៉ាវនេះ។

 

                                                                                       កងរាជអាវុធហត្ថកម្ពុជា។

តាមរយៈការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះក្រោមចំណងជើងថា«នាយករដ្ឋមន្ត្រីគំរាមឲ្យរៀបចំក្ដារមឈូសចំពោះការប៉ុនប៉ងផ្ដួលរំលំលោក» កាសែតនេះបានបញ្ជាក់ថា ស្ថាប័នខ្លួនបានទទួលឯកសារបែកធ្លាយមួយ ដែលថា កងទ័ពនិងនរគបាលជាតិត្រូវបានទទួលការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ ឱ្យដឹងថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងដឹកនាំរុញឱ្យមានបដិវត្តន៍ពណ៌ តាមរយៈការជួលអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុក គណបក្សសង្គ្រោះជាតិ និងអង្គការប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើការងារនេះ។

កងទ័ពនិងនគរបាលជាតិត្រូវបានបង្ហាញ​ពី​រចនាសម្ព័ន្ធ​​អនុវត្ត​យុទ្ធសាស្ត្រ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ដែលមានស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបជាទីបញ្ជាការ។ រីឯនៅផ្នែកប្រភពហិរញ្ញវត្ថុវិញគឺមានអង្គការ USAID អង្គការ DCA/CA និងក្រុមហ៊ុនពាណិជ្ជកម្មធំៗចំនួន ៤  ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣ ព្រមទាំងអង្គការបរទេសមួយចំនួនរួមមាន IRI, NDI, Peace Corps, ACILS, CANVAS និង អង្គការក្រៅរដ្ឋាភិបាលសរុប ៤៩។​

ចំណែកអង្គការក្នុងស្រុករួមមាន អង្គការសមធម៌កម្ពុជា សហគមន៍ធាងត្នោត ក្រុមការងារពិសេសសិទ្ធិលំនៅឋាន រួមទាំងសហគមន៍ដីធ្លី លំនៅឋាន ព្រៃឈើ នេសាទនិងសហគមន៍ផ្សេងៗទៀតសរុប ២៥០ រួមទាំងសហព័ន្ធសហជីពប្រឆាំងចំនួន ១១ ដែលធ្វើការឲ្យអាមេរិកនិងសហភាពអឺរ៉ុប។

រីឯប្រព័ន្ធផ្សព្វផ្សាយវិញរួមមាន ស្ថាប័ន VOD, VOA , RFA, វិទ្យុសារិកា វិទ្យុសំបុកឃ្មុំ ប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិក បណ្តាញទំនាក់ទំនងសង្គម ចំណែកយុទ្ធសាស្រ្តអនុវត្តបណ្តាញចាត់តាំងគឺមានគណបក្ស CNRP ។

ឯកសារបែកធ្លាយជុំវិញការណែនាំដល់កងទ័ពនេះ ត្រូវបានលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា ថ្នាក់ដឹកនាំកងទ័ពពិតជាបានអនុវត្តមែន។ លោក ឈុំ សុជាតិ បន្តថាការណែនាំដូចនេះ គឺបំណងដើម្បីការពារស្ថិរភាពនយោបាយ​ ការពាររដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខានចំពោះបរទេសណាដែលមានគំនិតផ្តួលរំលំរដ្ឋាភិបាលទោះតាមរយៈរូបភាពណាមួយនោះ។

យ៉ាងណាលោក ឈុំ សុជាតិ មិនបានបញ្ជាក់ច្បាស់ពីវិធានការណ៍ជាក់ស្តែងលើសកម្មភាពការងាររបស់ស្ថាប័នមុខសញ្ញា ដែលជាដៃជើងនៃរចនាសម្ព័ន្ធយុទ្ធសាស្ត្របដិវត្តន៍ពណ៌របស់បរទេសនៅឡើយនោះទេ។

លោក ឈុំ សុជាតិ៖«និយាយរួមកងទ័ពយោធិពលខេមរភូមិន្ទ គឺថាត្រៀមជានិច្ចហើយ មានការអប់រំជាប្រចាំហើយ ក្នុងនាមជាកងទ័ពយើងត្រូវតែមានតួនាទីដាច់ខាតក្នុងការការពាររដ្ឋាភិបាលស្របច្បាប់។    អញ្ចឹងខ្ញុំមិនរវល់ពីណានោះទេ ឱ្យតែមានគំនិតផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ធ្វើឱ្យបាត់សន្តិសុខក្នុងសង្គម  បំផ្លាញសន្តិភាពគឺកងទ័ព និងកម្លាំប្រដាប់អាវុធត្រូវតែការពារដាច់ខាតហើយ ព្រោះអានេះជាបមណងប្រាថ្នារ​បស់ពលរដ្ឋចង់បានសន្តិភាព»

ជុំវិញបញ្ហានេះវិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីមន្រ្តីស្ថានទូតអាមេរិកប្រចាំកម្ពុជាបានទេនៅថ្ងៃនេះ។

ជាការកត់សម្គាល់ នៅមុនការណែនាំដល់កងទ័ពដោយដៅមុខសញ្ញាលើអង្គការជាតិ និងអន្តរជាតិមួយចំនួននេះ រដ្ឋាភិបាលបានបណ្តេញអង្គការ NDI ចេញពីកម្ពុជា ក្រោមហេតុផលថា មិនបានចុះបញ្ជីផ្លូវការនៅក្រសួងការបរទេស។ អង្គការ NDI នេះបានធ្វើសកម្មភាពការងារចាប់តាំងពីឆ្នាំ១៩៩៣ ដោយពង្រឹងលទ្ធប្រជាធិបតេយ្យនៅកម្ពុជា។ តែជារឿយៗមន្រ្តីរដ្ឋាភិបាលប្រតិកម្មថា អង្គការមួយនេះ ធ្វើសកម្មភាពការងារដោយលំអៀង និងបានផ្តល់យុទ្ធសាស្រ្តដល់គណបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាល។

ចំណែកស្ថាប័នព័ត៌មានមួយចំនួន ដូចជាកាសែត ខេមបូឌេដេលី វិទ្យុអាស៊ីសេរី VOA VODដែលមាននិន្នាការរិះគន់ភាពអវិជ្ជារបស់រដ្ឋាភិបាល ត្រូវបានបិទ និងខ្លះទៀតត្រូវបានហាមមិនឱ្យផ្សាយលើរលកធាតុអាកាសវិទ្យុក្នុងស្រុកទៀតឡើយ។

នៅស្របពេលការទទួលស្គាល់របស់លោក ឈុំ សុជាតិ នេះ នៅឯប្រទេសហ្វីលីពីន នាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៤ ( 4th ADMM-Plus )​ដែលមានការចូលរួមពី រដ្ឋមន្ត្រីការពារជាតិអាស៊ានចំនួន ១០ប្រទេស​ លោក ទៀ បាញ់ រដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងថា៖«កម្ពុជាបន្តការពារសន្តិភាព និងការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ហើយប្រឆាំងដាច់ខាតចំពោះបដិវត្តពណ៌ និងមិនត្រូវអនុញ្ញាតឱ្យវាកើតឡើងជាដាច់ខាតក្នុងទឹកដីកម្ពុជា»៕

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ក្រសួងសេដ្ឋកិច្ចរៀបចំគោលនយោបាយបន្ថយកម្ចីបរទេសកាត់បន្ថយហានិភ័យ

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ[...]

អង្គការ​ WCS​ ៖​ គិត​ត្រឹម​ឆ្នាំ​២០១៧​ ចំនួន​សត្វ​ស្លាប​កម្ពុជា​មានការ​កើនឡើង​ ប៉ុន្ដែ​ចំនួន​ថនិកសត្វ​បាន​ថយ​ចុះ​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ឲ្យ​ដឹង​ថ[...]

​ក្រសួង​ការងារ​គ្រោង​បង្កើត​កម្មសិក្សា​ផ្នែក​ធនធានមនុស្ស​តាម​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណែ​ត​

លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ បញ្ជាក់​ថា​កម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត