loader

អ្នកជំនាញ​៖​ តម្លៃ​ម្រេច​ដាំ​ក្បាល​ចុះ​ដោយសារ​បរិមាណ​ម្រេច​លើស​តម្រូវការ​(មានសំឡេង)

ភ្នំពេញ៖ ស្របពេលដែលផលិតផលម្រេចកម្ពុជាបានកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ នៅឆ្នាំ២០១៧នេះ តម្លៃម្រេចបានធ្លាក់ដាំក្បាលចុះគួរឲ្យព្រួយបារម្ភ។អ្នកជំនាញផ្នែកកសិកម្ម ថា មូលហេតុដែលតម្លៃម្រេចនៅកម្ពុជា ដាំក្បាលចុះ ដោយសារ ការផ្គត់ផ្គត់ច្រើនហួសតម្រូវការ និងការរឹតបន្តឹងគុណភាព។ ជូនព័ត៌មាននេះដោយកញ្ញា ជុំ ជោគជាតា

ផលិតផលម្រេចរបស់ប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ របាយការណ៍ចុងក្រោយរបស់ក្រសួងកសិកម្មបានបង្ហាញថា ការផលិតម្រេចក្នុងឆ្នាំ ២០១៦ បានកើនឡើង ដល់ ២០០៥៤ តោន ខ្ពស់ជាង ៨ ដង បើធៀបនឹងឆ្នាំ ២០១៣។ ប៉ុន្ដែ ទោះជាយ៉ាងណា បើតាមរបាយការណ៍របស់ក្រសួងកសិកម្មផលិតផលម្រេចកម្ពុជា បានធ្លាក់ថ្លៃពី ១០ដុល្លារ ៥កាក់ ក្នុងមួយគីឡូក្រាម នៅឆ្នាំ ២០១៤ មកត្រឹម ៣ដុល្លារ ៤កាក់ ក្នុងមួយគីឡូក្រាម នៅឆ្នាំ ២០១៧។

លោក ភីញ ចិន្តា អ្នកដាំម្រេចម្នាក់នៅស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថាតម្លៃម្រេចធ្លាក់ថ្លៃខ្លាំងនៅឆ្នាំនេះ។ លោក ភីង ចិន្តា ៖ «ម្រេចខ្ញុំឆ្នាំទៅអត់ទាន់បានផលល្អទេ ទើបតែបានឆ្នាំហ្នឹង ហើយឆ្នាំនេះបានផលហើយ តែតម្លៃវាធ្លាក់ថ្លៃពេក ធ្លាក់ថ្លៃខុសពីឆ្នាំទៅជាងពាក់កណ្ដាល ឆ្នាំទៅបានពី៣ម៉ឺន ៥ពាន់ ទៅ៤ម៉ឺន តែឆ្នាំនេះបានមួយគីឡូមួយម៉ឺនបួន ឬក៏មួយម៉ឺនប្រាំទេ»។

ម្ចាស់កសិដ្ឋានទំហំជាងមួយហិកតារូបនេះបានហាក់ដូចជាខ្វល់ពីការខាតបង់ក្នុងការវិនិយោគលើដំណាំកសិកម្មមួយនេះ។

លោក ភីញ ចិន្តា ៖ «បើសិនជាអ្នកដាក់ផ្សេងៗ បានទិន្នផលខ្ពស់ ឬក៏អី វាអត់សំខាន់ទេ សំខាន់តម្លៃទូទៅដែលខ្ញុំបានដឹងពីប្រភេទម្រេចនៅខេត្តជំនាលខាងកំពង់ចាម ក្រចេះ ឬខាងត្បូងឃ្មុំ វាតម្លៃប្រហាក់ប្រហែលគ្នាទាំងអស់។ លើកលែងតែម្រេចនៅខាងមេមុតទេ ដែលនៅមានតម្លៃល្អ ១គីឡូ ១៥ដុល្លារ»

លោក ភិញ ចិន្តា ចង់ឃើញរដ្ឋាភិបាលធានាដល់ទីផ្សារម្រេចរបស់ប្រជាកសិករដោយមិនចាំបាច់ពឹងផ្អែកលើដង្ហើមឈ្មួញមកពីប្រទេសជិតខាងដូចជាឈ្មួញមកពីប្រទេសវៀតណាមជាដើម។

កាលពីថ្ងៃអាទិត្យ លោក យង់ សាំងកុមារ ទីប្រឹក្សាអង្គការសេដាក ដែលជាអង្គការជំរុញកិច្ចអភិវឌ្ឍន៍កសិកម្មល្បីឈ្មោះមួយនៅកម្ពុជា បានលើកឡើងតាមបណ្តាញសង្គមថាការធ្លាក់តម្លៃម្រេចនៅកម្ពុជាដោយសារការផ្គត់ផ្គត់ផលិតផលម្រេចច្រើនហួសលើសតម្រូវការនិងការរឹតបន្តឹងផ្នែកគុណភាពពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម។

សហភាពអឺរ៉ុបនិងអាមេរិកដែលជាទីផ្សារសំខាន់មួយសម្រាប់ផលិតផលមាសខ្មៅកម្ពុជានេះ។

លោក យង់ សាំងកុមារ ៖ «អ្វីដែលជាមូលហេតុសំខាន់នៃការធ្លាក់ចុះនៃតម្លៃម្រេច គឺ ទីមួយ.ការកើនឡើងនៃការផ្គត់ផ្គត់ និងការផលិតម្រេច ជាពិសេសនៅប្រទេសវៀតណាមកើនឡើងដល់ប្រមាណ ២សែនតោន។ ដោយឡែកម្ពុជាយើង ការផលិតម្រេច ក៏ការកើនឡើងដែរ រហូតដល់ប្រហែលជា ២ម៉ឺនតោនហើយ បើតាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម។ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺ ទីផ្សារ ជាពិសេសអ្នកទិញម្រេច សហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក គេចាប់ផ្ដើមរឹតបន្ថឹងនូវបញ្ហាគុណភាព»។

តាមលោក យង់ សាំងកុមារ ដើម្បីឆ្លើយតបនូវបញ្ហាគុណភាពផលិតផលម្រេច ប្រទេសមួយចំនួន ជាពិសេសប្រទេសវៀតណាម បានកែលម្អនូវគុណភាពរបស់ម្រេច ក៏ដូចជាបានត្រៀមខ្លួន ដើម្បីចូលទីផ្សាររបស់អឺរ៉ុប ។ ហើយប្រទេសកម្ពុជាគួរកុំរំពឹងលើឈ្មួញមកពីប្រទេសវៀតណាម។

លោក យង់ សាំងកុមារ ៖ «ដោយឡែកនៅកម្ពុជាយើងហាក់មានការឆ្លើយតបយឺតយ៉ាវ ហើយណាមួយទីផ្សារយើងមានការពឹងពាក់ខ្លាំងតាមរយៈប្រទេសវៀតណាម។ហើយខ្ញុំយល់ឃើញថា យើងមិនគួរទុកឱ្យស្ថានភាពនេះបន្ដទៀតទេ ជាពិសេសរដ្ឋាភិបាលគួរតែឡូកដៃដើម្បីជួយអន្ដរាគមន៍ក្នុងវិស័យនេះ»។

ក្នុងនោះអ្នកជំនាញផ្នែកកសិកម្មដដែលបានបង្ហាញថា ភាគីពាក់ព័ន្ធត្រូវជួយដល់អ្នកដាំម្រេចពីរបៀបរៀបចំម្រេចអោយក្លាយទៅជាម្រេចស្អាត និងម្រេចល្អ ទៅតាមទីផ្សារដែលចង់បាន។

បន្ថែមពីនេះគួរត្រូវរៀបចំអោយមានកន្លែងកែច្នៃម្រេចដោយខ្លួនឯងនៅក្នុងប្រទេសដើម្បីឱ្យបានម្រេចដែលមានគុណភាពល្អសម្រាប់នាំចេញ ។ ជាមួយគ្នាក៏ត្រូវធ្វើការគាំទ្រអោយមានក្រុមហ៊ុនដែលធ្វើការទៅលើទីផ្សារម្រេចផ្ទាល់ទៅទីផ្សារពិភពលោក ជាពិសេសទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក។

ជាងនេះទៅទៀតគួរមានការគាំទ្រផ្នែកមូលធន ដើម្បីបង្កើនទុនជាប្រាក់កម្ចីដែលមានការប្រាក់ទាប ហើយមានរយៈពេលវែងជូនទៅដល់អ្នកដាំម្រេច ក៏ដូចជាក្រុមហ៊ុន ដើម្បីពង្រីកការវិនិយោគរបស់ពួកគេ។

លោក ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មទទួលស្គាល់ថាទិន្នផលម្រេចរបស់ប្រទេសកម្ពុជាបានកើនខ្ពស់ក្នុងរយៈពេលបួនឆ្នាំ ចុងក្រោយនេះ។មន្ត្រីរដ្ឋាភិបាលដដែលគូសបញ្ជាក់ថាតម្លៃម្រេចបានធ្លាក់ចុះប៉ុន្តែទំនងជាមិនបណ្តាលមកពីគុណភាពម្រេចនោះទេ។

លោក ហ៊ាន វណ្ណហន ៖ «ចឹងគឺយើងមើលការជម្រុញផលិតកម្មម្រេច គឺ វាហាក់ដូចជាវាលោតខ្លាំងពេក ហើយយើងត្រូវពិចារ​ណា​ថា​ ពាក់ព័ន្ធនិងគុណភាពនោះ ដូចជាមិនទាន់អោយមានឧបសគ្គអីធំដុំនៅឡើយទេចំពោះម្រេចដែលវាខុសពីអង្គរ»។

លោក ហ៊ាន វណ្ណហន ឲ្យដឹងបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងស្តង់ដារគុណភាព នៅព្រឹកថ្ងៃអង្គារនេះ ក្រសួងកសិកម្មបានបើកវគ្គបណ្តុះបណ្តាលមួយទាក់ទងនឹងការវេចខ្ចប់ ដែលមានការចូលរួមពីតំណាងមកពីមន្ទីរកសិកម្មនៃបណ្តាខេត្តរាជធានី និងមានការចូលរួមពីសំណាក់ក្រុមពាណិជ្ជករផងដែរ។

ប្រទេសកម្ពុជាមានតំបន់ដាំម្រេចល្បីល្បាញក្នុងខេត្តកំពត ក្រៅពីនោះ មានការដាំដុះម្រេចនៅខេត្ដត្បូងឃ្មុំ ខេត្ដរតនគិរី និងខេត្ដក្រចេះ ផងដែរ។ ទីផ្សារម្រេចរបស់កម្ពុជាពឹងផ្អែកភាគច្រើនលើឈ្មួញមកពីប្រទេសវៀតណាម និងប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

​សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្ដកំណើនខ្ពស់ និងមធ្យមក្នុងរយៈពេលខ្លី

តាមរបាយការណ៍សង្ខេបរបស់សូចនាករម៉ាក្រូសេដ្ឋកិច្[...]

អង្ករ​កម្ពុជា​មិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៃ​គុណភាព​ល្អ​បំផុត​របស់​ពិ​ព​ភ​លោក​

អង្ករ​កម្ពុជា​ខកខាន​ទទួល​បាន​ពានរង្វាន់​នៃ​ចំ[...]

បទវិភាគ៖ តើប្រាក់យ័នចិននៅកម្ពុជាអាច​ប្រជែងនឹងដុល្លារអាមេរិកបានទេ?

កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មន្រ្តីផ្នែកធន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត