loader

អ្នកជំនាញអចលនទ្រព្យផ្តល់ដំបូន្មានឱ្យទិញដីទុកនៅមុនការបោះឆ្នោតបន្តិច

ភ្នំពេញ៖ អ្នកជំនាញវិស័យអចលនទ្រព្យព្យាករណ៍ថា តម្លៃអចលនទ្រព្យ និងដីធ្លីក្នុងប្រទេសកម្ពុជានឹងធ្លាក់ត្រឡប់មករកតម្លៃដើមវិញនៅមុនការបោះឆ្នោតជាតិបន្តិច ព្រោះអ្នកមានដីលក់នឹងអាចលក់បញ្ចេញដីខ្លះក្នុងតម្លៃដើម ដើម្បីរក្សាប្រាក់ខ្លាចគ្រែងមានវិបត្តិនយោបាយ និងសេដ្ឋកិច្ចក្រោយការបោះឆ្នោត។

អ្នកជំនាញអចលនទ្រព្យផ្តល់ដំបូន្មានចំពោះអ្នកចង់ទិញផ្ទះឬដីធ្លី គួរទិញនៅមុនការបោះឆ្នោតព្រោះតម្លៃអាចចុះបន្តិច ដោយអ្នកជំនាញពន្យល់ថា ស្ថានភាពនយោបាយកម្ពុជានឹងមិនប្រែប្រួលខ្លាំងទេ ហើយតម្លៃអចលនទ្រព្យនឹងវិលទៅរកស្ថានភាពដើមវិញក្រោយការបោះឆ្នោត។ 

                                                                                  ​ដីលក់មួយកន្លែងនៅជាយរាជធានីភ្នំពេញ។

នៅរយៈពេល ១០ ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យ ដីធ្លី និងផ្ទះសម្បែងក្នុងប្រទេសកម្ពុជាបានរីកចំរើនជាលំដាប់ ស្របពេលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញ និងតំបន់ជាយរាជធានីនៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់។

ប៉ុន្តែនៅរៀងរាល់ការបោះឆ្នោតម្តងៗក៏ដូចជាការបោះឆ្នោតខាងមុខនេះពលរដ្ឋកម្ពុជា ពិសេសម្ចាស់ផ្ទះឬដីធ្លីតែងបញ្ចេញលក់ខ្លះ ដើម្បីបានប្រាក់ទុកបម្រុងក្នុងគ្រួសារ។ រីឯអ្នកបម្រុងទិញដី ឬផ្ទះវិញក៏ហាក់រារែកចិត្តលែងចង់ទិញវិញ ព្រោះខ្លាចហានិភ័យនៃវិបត្តិនយោបាយ និងសេដ្ឋកិច្ចក្រោយការបោះឆ្នោតអាចធ្វើឱ្យអចលនទ្រព្យធ្លាក់ថ្លៃ។ នេះបើតាមក្រុមប្រជាពលរដ្ឋដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍។

តែយ៉ាងណាមិញលោក​ គីម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​ខ្មែរ​រៀល​អ៊ីស្ទែតជាក្រុមហ៊ុនអចលនទ្រព្យ ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អលចនវត្ថុ និងជា​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា​​និយាយថា ការបោះឆ្នោតនាពេលខាងមុខនេះ​នឹងជះឥទ្ធិពលដល់តម្លៃអចលនវត្ថុខ្លះដែលអាចធ្វើឱ្យតម្លៃដីធ្លី និងផ្ទះធ្លាក់ចុះមករកតម្លៃដើមពិតនៃអចលនទ្រព្យនោះវិញ។

អ្នកជំនាញក្នុងវិស័យអចលនវត្ថុរូបនេះផ្តល់អនុសាសន៍ចំពោះអ្នកមានបំណងចង់ទិញដីឬផ្ទះថា គួរឆក់ឪកាសនៅមុនការបោះឆ្នោតនេះ ទិញឱ្យបានច្រើនតាមលទ្ធភាព ព្រោះតម្លៃអចលនទ្រព្យនឹងធ្លាក់ចុះបន្តិច ហើយបញ្ហានយោបាយនឹងមិនមានគួរឱ្យព្រួយបារម្ភធំដុំនោះទេក្រោយការបោះឆ្នោតជាតិនោះ។

លោក គីម ហ៊ាង៖«បច្ចុប្បន្នតម្លៃដែលអ្នកលក់ដាក់ចេញមក​ គឺលើសអ្វីដែលអ្នកទិញចង់បាន។ឧទារណ៍ផ្ទះហ្នឹងតែ ២០ម៉ឺនដុល្លារ តែអ្នកលក់ទារ ៣០ម៉ឺន ។ អ្នកទិញគិតថា១៨ម៉ឺន ខ្ញុំជាក្រុមហ៊ុនវាយតម្លៃខ្ញុំយល់ឃើញថា ២០ម៉ឺនដុល្លារ ដល់ពេលជិតបោះឆ្នោតអ៊ីចឹង គាត់ទារ៣០ម៉ឺនគេមិនទិញទេ។ បីខែក្រោយគាត់ចុះមក២៥ម៉ឺន ចុងក្រោយគាត់ចុះមក២០ ឬ១៩ម៉ឺនគាត់លក់បាន។ ដូច្នេះជិតបោះឆ្នោតវាមិនធ្វើឱ្យដីធ្លីឡើងថ្លៃនោះទេ តែវាក៏មិនចុះដែល តែវាគ្រាន់តែធ្វើឱ្យត្រឡប់មកតម្លៃពិត តម្លៃពិតគឺតំលៃដែលអ្នកលក់ចង់លក់អ្នកទិញចង់ទិញ អាហ្នឹងខ្ញុំគិតថាវាជារឿងល្អ»។

                                     ​​          លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែតជាក្រុមហ៊ុនអចលនទ្រព្យ ។

ឈ្មួញកណ្ដាល ឬអ្នកគួកជេអចលនទ្រព្យក្នុងក្រុមហ៊ុនឯកជនពិភពសុខសាន្ត លោក មុន្នី មានប្រសាសន៍ថា បច្ចុប្បន្នសកម្ម ភាពក្នុងការទិញលក់អចលនវត្ថុក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនៅមានភាពសកម្មនៅឡើយទេ។ ប៉ុន្តែលោកថា មានអតិថជនខ្លះហាក់រារែកចិត្តលែងចង់ទិញដីធ្លីខ្លះដែរ ព្រោះខ្លាចមានបញ្ហានយោបាយកើតឡើងក្រោយបោះឆ្នោត។ យ៉ាងលោក មុន្នី មានសុទិដិ្ឋនិយមថា តម្លៃដីធ្លីនិងផ្ទះសម្បែងនឹងមិនមានបញ្ហាចោទជាដុំកំភូននោះទេ នៅមុននិងក្រោយការបោះឆ្នោតនោះ។

លោក មុន្នី ៖«បើនិយាយឱ្យចំទៅ គេនិយាយថាមុនបោះឆ្នោតដីគឺមានការថយចុះតម្លៃ ដោយសារតែមានប៉ះពាល់កម្មវិធីបោះ ឆ្នោតហ្នឹង។ អ៊ីចឹងគេទុកលុយត្រៀមសម្រាប់លក្ខណរបស់គេជារឿងរបស់គេ តែយើងមានដំណោះស្រាយឱ្យគាត់ ហើយយើងនិយាយហេតុហ្នឹងផលពន្យល់ដល់គាត់ អ៊ីចឹងដល់គាត់ចាប់អារម្មណ៍គាត់ក៏ទិញដែរ»។

ប៉ុន្តែសម្រាប់អ្នកស្រី សុផាត បុគ្គលិកបំរើការងារក្នុងអង្គការនៅភ្នំពេញលើកឡើងថា អ្នកស្រីនិងស្វាមីបានសម្រេចចិត្តមិន ទិញដីមួយកន្លែងវិញ​ ព្រោះចង់រក្សាទុកប្រាក់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារពេលមានវិបត្តិណាមួយកើតឡើងក្រោយការបោះឆ្នោត។

សម្រាប់អ្នកស្រី សុផាត ការទិញអចលនទ្រព្យនៅក្នុងកំឡុងការបោះឆ្នោតគឺប្រឈមនឹងការបាត់បង់ និងធ្លាក់ថ្លៃ។

អ្នកស្រី សុផាត៖«យើងទិញមិនប្លង់ទុន ចំណែកម្ចាស់ដីមានប្លង់រឹង ប្រសិនដល់ពេលយើងទិញមក ហើយធម្មតាបោះឆ្នោតហើយវារញ៉េរញ៉ៃទៅ អាចម្ចាស់ដីថារបស់គេ យើងទៅប្តឹងពីណា?»។

                                                                                ​ផ្លាកលក់ដីមួយកន្លែងនៅទំនប់កប់ស្រូវ។

ជុំវិញរឿងនេះសាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចលោកបណ្ឌិត តេង​ ដឺលុច យល់ថា ការវិនិយោគឬទិញអចលនវត្ថុនៅមុនការបោះឆ្នោតអាចធ្វើទៅបាន ប្រសិនបើអ្នកចង់ទិញមានប្រាក់ផ្ទាល់ខ្លួនច្រើន។

លោក តេង ដឺលុច ដាស់តឿនចំពោះក្រុមមនុស្សដែលតែងខ្ចីប្រាក់ធនាគារដើម្បីទិញដីឬផ្ទះថា គួរបញ្ឈប់ទង្វើនេះ ព្រោះប្រសិនមានវិបត្តិសេដ្ឋកិច្ចក្រោយការបោះឆ្នោតកើតមាន ពួកគេនឹងរងគ្រោះក្នុងការវិនិយោគដីធ្លីនេះ។

 លោកបណ្ឌិត តេង ដឺលុច៖«ប្រសិនបើគាត់ជាអ្នកមាន គាត់មានលុយចាយមិនអស់ មានលុយក្នុងកុងធនាគារគាត់អាចទិញបាន តែបើគាត់ទៅខ្ចីលុយគេទិញ បានន័យថា គាត់នឹងត្រៀមខ្លួនក្លាយជាអ្នកក្រ។

មានន័យថា បើអ្នកខ្ចីលុយគេទិញអចលនទ្រព្យរយៈពេលវែង ហើយប្រសិនសេដ្ឋកិច្ចគាំងចរន្តលុយអត់មាន ហើយយើងត្រូវបង់ថ្លៃធនាគារ បង់ថ្លៃការប្រាក់ទៀត ពេលខ្លះមុខរបរដែលយើងរកស៊ីចំណេញហើយនោះ បើគាំងសេដ្ឋកិច្ចទៅរកមិនបាន ខ្លួនឯងក៏ធ្លាក់ខ្លួនក្រ បំណុលក៏កើនឡើង អចលនទ្រព្យក៏លក់មិនចេញ។ ដូច្នេះក្នុងស្ថានភាពប្រទេសមួយដែលមិនស្ថិតថេរ មិនច្បាស់លាស់គេមិនវិនិយោគទេ»។     

បើតាម​ទិន្នន័យ​នៃ​ការ​សិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​បង្ហាញ​ថា ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​ខាង​មុខ​គិត​ចាប់ពី​ឆ្នាំ​ ២០១៥ ​ដល់​ ២០៣០ តម្រូវការ​លំនៅ​ឋាន​សម្រាប់​រាជធានី ក្រុង និង​ទីប្រជុំជន​នានា​មាន​ប្រមាណ​ ៨០ ​ម៉ឺន​លំនៅឋាន​ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​ ៥ ​ម៉ឺន​លំនៅឋាន​ក្នុង​មួយ​ឆ្នាំ។

ក្នុងនោះ​ចំនួន​ប្រជាជន​រស់នៅ​រាជធានី ក្រុង និង​ទីប្រជុំជន​កាលពី​ឆ្នាំ​ ២០១៤ មាន​ចំនួន​ ៤,៥ ​លាន​នាក់​ស្មើ​នឹង​ ២៧,១ ​ភាគ រយ និង​បន្ត​កើនឡើង​ដល់​ ៧,៩២ ​លាន​នាក់​នៅ​ឆ្នាំ​ ២០៣០ ​ស្មើ​នឹង​ ៤៤ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។ បើតាមទិន្ន ន័យនេះ ប្រសិនកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%នាថ្ងៃអនាគត នោះតម្លៃអចលនវត្ថុក៏នឹងនៅរក្សាបានតម្លៃកើនឡើងជានិច្ច៕

ព័ត៌មានទាក់ទង

នៅឆ្នាំក្រោយកម្ពុជាប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើននាំចេញសម្លៀកបំពាក់

ក្រុងភ្នំពេញ៖  ក្រុមម្ចាស់សហគ្រាសបានដាក់ការព្[...]

កម្ពុជាប្រមូលផលជ័រកៅស៊ូបានជិត ១៦ម៉ឺនតោនកើនឡើងជាងឆ្នាំមុន ៣៦%

ភ្នំពេញ៖ ផលិតផលជ័រកៅស៊ូកម្ពុជារយៈពេល​ ១១ខែក្ន[...]

​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​កើនឡើង​ជាង​១៧​ភាគរយ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧

ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​ជិត​៦០​ម៉ឺន​តោន​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត