en     km
en     km

ពលការិនីខ្មែរធ្វើការនៅថៃប្រឈមមុខខ្ពស់នឹងការរើសអើង

Share

ក្រុងភ្នំពេញ៖ ពលការិនីដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស នៅតែមានការរើសអើងពីសង្គមប្រទេសជិតខាង។ អ្នកជំនាញការងារកម្មករបានឱ្យដឹងថា ពលការិនីដែលចំណាកស្រុកទៅប្រទេសថៃមានចំនួនច្រើនជាងបុរស ហើយប្រឈមមុខខ្ពស់ទាំងការបំពារបំពានផ្លូវភេទនិងការរើសអើងផ្សេងៗ។

លោក សេរី វឌ្ឍនៈ រាយការណ៍ ៖

 

លោក ឌី ថេហូយ៉ា មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស​ (CENTRAL) បានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តីថា ពលការិនីខ្មែរដែលធ្វើការប្រទេសថៃមានចំនួនច្រើនជាងបុរស បើគិតជាភាគរយអាចដល់ ៦០ភាគរយ។

លោកបានបន្តថា ភាគច្រើនពលការិនីមានការរើសអើងពីសង្គមរបស់ប្រទេសថៃ ឬគេមិនឲ្យតម្លៃលើពលការនីខ្មែរ ដូចជា ការមិនព្យាបាលជំងឺជូនពលការិនីខ្មែរ ឬកិច្ចការរដ្ឋបាលដោយគេពុំធ្វើលិខិតស្នាមផ្សេងៗជូនពួកគាត់ ក្នុងនោះភាគច្រើនពលការិនីខ្មែរប្រឈមមុខនឹងការរំលោភសេពសន្ធវៈ។

ពលរដ្ឋខ្មែរភាគច្រើនមានអាយុ ២០ឆ្នាំទៅ ៣០ឆ្នាំទាំងស្រីទាំងប្រុស បានសម្រុកធ្វើការនៅប្រទេសថៃ តាមរបាយការណ៍របស់ក្រសួងការងារនៃប្រទេសថៃ មានជាងមួយលាននាក់។

ពលការិនីធ្វើការដូចបុរសដែរ ដូចជា ការងារសំណង់ រោងចក្រកាត់ដេរ ធ្វើចម្ការ និងរោងចក្រស្បៀងអាហារសមុទ្រជាដើ់ម។ ស្រ្តីខ្មែរទាំងនោះ ភាគច្រើនមកពីខេត្តជាប់ព្រំដែនថៃ និងខេត្តភាគខាងកើតប្រទេស។

ឆ្លើយតបនឹងបញ្ហានេះ លោកស្រី ធីតា ឃឹះ នាយិកានៃអង្គការសីលកា បានបង្ហាញពីដំណោះស្រាយថា រដ្ឋាភិបាលកម្ពុជាគួរតែធ្វើការសិក្សា គ្រប់គ្រងពលករ ពលការិនីដែលទៅធ្វើការនៅប្រទេសថៃ ដោយបង្កើតច្បាប់ណាមួយ ដូចជាអនុសារណៈយោគយល់ដល់ពលករខ្មែរទៅរស់នៅប្រទេសណាមួយដែលពួកគេកំពុងរស់នៅ។

លោកស្រីបានលើកជាឧទាហរណ៍ថា ពលករម៉ាឡេស៊ីភាគច្រើនទៅធ្វើការនៅទីក្រុងហុងកុង ហើយម៉ាឡេស៊ីបានបង្កើតច្បាប់អនុសារណៈយោគយល់ ដែលលោកស្រីថា ច្បាប់នេះគឺជាឧបករណ៍មួយជួយការពារពលការិនីខ្មែរបានខ្លះដែរ។

សូមរំលឹកថា កាលពីឆ្នាំពី២០១៤ រដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរដែលគ្មានច្បាប់ទម្លាប់មកកម្ពុជាវិញ ដោយមានចំនួន ២៥ម៉ឺននាក់ ក្នុងនោះភាគច្រើនជាពលការិនី៕

 

Share

Image
Image
Image