en     km
en     km

អ្នកការទូតអាមេរិកថាកម្ពុជាប្រមាថអាមេរិកធ្ងន់ធ្ងរតែមន្ត្រីកម្ពុជាថាអាមេរិកយល់ខុស

Share

ក្រុងភ្នំពេញ៖ កាលពីម្សិលមិញនេះ(ទី១២កញ្ញា) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា បានប្រមាថដល់សហរដ្ឋអាមេរិក នឹង ប្រជាពលរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរក្រោមការចោទប្រកាន់របស់នាយករដ្ឋមន្រ្តីហ៊ុន សែន ថា អាមេរិកគឺជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ថាចង់បង្កើតបដិវត្តន៍ពណ៌។

អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ប្រតិកម្មរបស់មន្ត្រីទូតអាមេរិកមិនស្របនឹងស្ថានភាពនយោបាយរបស់កម្ពុជា​ទាល់តែសោះ។

លោក សេរី វឌ្ឍនៈរាយការណ៍៖

នៅក្នុងវេទិកាសារព័ត៌មាននៅឯស្ថានទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី ១២ ខែកញ្ញា នេះ លោកឯកអគ្គរដ្ឋទូត William Heidtបានលើកឡើងពីចំណងការទូតរវាងសហរដ្ឋអាមេរិកនឹងកម្ពុជា។ ក្នុងវេទិកានេះ លោកក៏ប្រតិកម្មជុំវិញនឹងករណីរបស់លោក កឹម សុខា ផងដែរ។ ប៉ុន្តែ ក្នុងវេទិកានោះ លោកឯកអគ្គរដ្ឋទូតបានឆ្លើយតបនឹងការចោទប្រកាន់របស់សម្តេចហ៊ុន សែន ដែល ថា អាមេរិក នៅពីក្រោយ លោកកឹមសុខាក្នុងប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌។

ត្រង់នេះហើយមើលទៅដែលលោកឯកអគ្គរដ្ឋទូតលើកឡើងថា ប្រជាពលរដ្ឋអាមេរិក​នឹងរដ្ឋាភិបាលអាមេរិកបានទទួលការប្រមាថយ៉ាងធ្ងន់ដែរ ហើយថា សហរដ្ឋអាមេរិកក៏មិនដឹងទៅថ្ងៃអនាគតនឹងមានចំណងទាក់ទងជាមួយកម្ពុជាបានកម្រិតណាទេ។

លោក William Heidt៖ «បើអញ្ជឹងខ្ញុំនិយាយឲ្យត្រង់ ទាំងរដ្ឋាភិបាលអាមេរិកក្តី ប្រជាពលរដ្ឋអាមេរិកក្តីទទួលនូវការប្រមាថយ៉ាធ្ងន់ធ្ងរនៅលើរឿងនេះ ព្រោះថាប្រជាពលរដ្ឋនៅទីនោះមានអារម្មណ៍ថាអាមេរិកគឺជាដៃគូរយ៉ាងជិតស្និតជាមួយកម្ពុជា តែយើងមិនដឹងពីចំណាត់ការយ៉ាងណានោះទេទៅថ្ងៃមុខ »។

ដោយឡែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលមានអធិបតេយ្យផ្ទាល់ខ្លួនដោយមិនគោរព មិនរៀនសូត្រពីប្រទេសណាទេ។

លោកថ្លែងថា សហរដ្ឋអាមេរិកហាក់ដូចជាធ្វើពុតចង់បានចំណាប់អារម្មណ៍ពីសហគមន៍អ៊ឺរ៉ុប ហើយធ្វើពុតខ្លួនដូចជាជនរងគ្រោះ តែតាមពិតទៅកម្ពុជាទៅវិញទេដែលជាជនរងគ្រោះ។

លោក ផៃ ស៊ីផាន៖ «កាយវិការរបស់សហរដ្ឋអាមេរិកនិងគឺធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ឯកឧត្តមអគ្គរដ្ឋទូតនឹងធ្វើខ្លួនដូចជាខ្លួនឯងជាជនរងគ្រោះ តែកម្ពុជាទៅវិញទេដែលជនរងគ្រោះ ដោយទោសនយោបាយ ដោយក្រុមបក្សពួកអាមេរិកនឹងមកធ្វើបាបកម្ពុជា កម្ពុជាជាអ្នករងគ្រោះ ប្រជាពលរដ្ឋកម្ពុជាជាអ្នករងគ្រោះ​ដោយសារតែការលូកលាន់នេះឯង »។

មុនប៉ុន្មានថ្ងៃ ដែលសម្ដេចធ្វើដំណើរទៅជួបមេដឹកនាំចិន សម្ដេចបានវាយប្រហារលើប្រទេសមួយធ្ងន់ៗដែលទំនងទៅលើ សហរដ្ឋអាមេរិកថា មានស្ថានទូតខ្លះកំពុងតាំងខ្លួនធ្វើជាឪជាម៉ែរបស់កម្ពុជា និងចោទស្ថានទូតនោះថា ជាក្រុមបំផ្លាញ និងជាមេខ្លោងរបស់ក្រុមប្រឆាំងនៅកម្ពុជា ។

លោកបន្ថែមថា៖ «ស្ថានទូតខ្លះ កំពុង(ធ្វើ) ជាឪ ជាម៉ែ របស់ប្រទេសកម្ពុជា គេមិនមែនតំណាងឲ្យរដ្ឋមួយទេ ពិតមែនជាស្ថានទូត ប៉ុន្តែជាសម្តីរបស់អគ្គរដ្ឋទូត រឿងអីហ្វេសប៊ុកបង្ហោះត្រីមួយ រួចហើយទៅអីណាផ្សេង បកស្រាយទៅណាផ្សេង។ តើគេមកកម្ពុជា គេធ្វើម៉ែឪកម្ពុជា ឬយ៉ាងម៉េច? គ្រាប់បែកជាងពីរលានតោណ មិនទាន់បានដោះស្រាយចប់ទេ ហើយវាយឯង ហើយទារលុយឯងទៀត វាឆ្ងាញ់អារឿងហ្នឹង ហើយក្រុម ហ្នឹងហើយជាក្រុមបំផ្លាញ ហើយជាមេខ្លោង ហើយកូនជឹងរបស់គេ គឺនៅនឹងកម្ពុជា»។

ប្រតិកម្មរបស់អគ្គរដ្ឋទូតអាមេរិក​William Heidt ទំនង មិន ធ្វើឱ្យ ស្ងប់ សង្រ្គាមពាក្យ សំដីនោះទេ ខណៈ សម្ដេចហ៊ុន សែនដែលទើបបានត្រឡប់មកពីប្រទេសចិនវិញ កាលពីព្រឹកថ្ងៃ ពុធទី១៣ កញ្ញានេះ បានអះអាងថា ​ចិនគឺជាបង្អែកដ៏រឹងមាំ​ជួយកម្ពុជា ហើយគ្មានបរទេសណាមកបំបែកបំបាក់បានឡើយ​៕

 

Share

Image
Image
Image