loader

អាមេរិកគ្រោងកាត់ជំនួយជាង៧០%ពីកម្ពុជានៅដើមឆ្នំា២០១៨

ភ្នំពេញ៖ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អ៊ុច បូររិទ្ធ ថ្លែងថាអាមេរិកមានគម្រោងកាត់ផ្តាច់ជំនួយអភិវឌ្ឍដល់ប្រទេសកម្ពុជាជាង៧០%ចេញពីកម្ពុជានៅដើមឆ្នំា២០១៨ខាងមុខនេះ។ តែលោកថាមិនធ្វើឱ្យប៉ះពាល់ដល់កម្ពុជានោះទេ។​ការថ្លែងនេះធ្វើទ្បើងក្នុងសន្និសីទ ស្តីពី «សមិទ្ធផល២៤ឆ្នំានៃការអនុវត្តរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា»។

ខណៈភាពតានតឹងរយៈពេលចុងក្រោយរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែកើនទ្បើងនោះ គេសង្កេតឃើញ ភាគីទាំងពីរ មិនសូវមានភាពល្អប្រសើរនឹងគ្នានោះទេ។

ថ្លែងក្នុងសន្និសីទ ស្តីពី «សមិទ្ធផល២៤ឆ្នំានៃការអនុវត្តរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា» លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លើកទ្បើងថានៅដើមឆ្នំា២០១៨ខាងមុខនេះសហរដ្ឋអាមេរិកមានគម្រោងកាត់ជំនួយអភិវឌ្ឍដល់ប្រទេសចំនួនប្រមាណ៧៧ប្រទេសនៅលើសកលលោកក្នុងនោះក៏មានកម្ពុជាផងដែរ។

គម្រោងផ្តាច់ជំនួយនេះបន្ទាប់ពីមន្រ្តីអាមេរិកបានជួបក្រសួងការបរទេសប្រាប់ពីគម្រោងផ្តាច់ជំនួយមកកម្ពុជាតាមរយៈរដ្ឋការលោក ដូណាល់ ត្រំា។ លោក អ៊ុច បូររិទ្ធ បន្តថាគម្រោង ផ្តាច់ជំនួយនេះអាចមានចំនួនប្រមាណជាង៧០%។តែលោកថាមិនប៉ះពាល់ដល់កម្ពុជានោះទេ។ «រដ្ឋការរបស់លោកត្រំាមានគម្រោងនឹងកាត់ផ្តាច់ជំនួយកម្ពុជារហូតជាង៧០%ការសម្រេចកាត់នេះជាសិទ្ធិប្រធានាធិបតីអាមេរិកបញ្ហាផ្ទៃក្នុងរបស់អាមេរិកកាត់៧០% ឬ១០០% គឺខ្ញុំយល់ថាមិនប៉ះពាល់ដល់កម្ពុជានោះទេព្រោះថាសំខាន់បំផុតកម្ពុជាឈរខ្លួនឯងកន្លងមកយើងធ្លាប់ហែលឆ្លងហើយក្នុងឆ្នំា ៧៩-១៩៩១ គឺយើងរស់ អញ្ចឹងបើអាមេរិកកាត់អញ្ចឹងទៀតខ្ញុំគិតថាបើមិនប៉ះពាល់អីទេម្យ៉ាងទៀតគឺយើងខ្ញុំក៏មានប្រទេសផ្សេងទៀតដែលជាមិត្តដែលកំពុងតែជួយយើងខ្ញុំផងដែរ»។

ប្រភពរូប៖ Google

យ៉ាងណាក៏ដោយ ស្ថានទូតអាមេរិក មិនទាន់ឃើញឆ្លើយតបនឹងការសុំសាកសួរពីវិទ្យុស្ត្រីនោះទេ ដើម្បីបំភ្លឺជុំវិញការលើកឡើងរបស់ មន្ត្រីកម្ពុជា។

តែសម្រាប់ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ប្រសិនបើអាមេរិកពិតជាមានគម្រោង ផ្តាច់ជំនួយមកដល់កម្ពុជាមែននោះប្រាកដណាស់កម្ពុជាក៏រងផលប៉ះពាល់ផងដែរ។

លោក សន ជ័យ ៖«ទោះបីជាទឹកប្រាក់អាមេរិកជួយមកដល់កម្ពុជាមិនមែនជាប្រភេទទឹកប្រាក់ច្រើនមែនប៉ុន្តែជំនួយអាមេរិកជាប្រភពទាក់ទាញម្ចាស់ជំនួយផ្សេងទៀតដើម្បីមកបំពេញបន្ថែមទៅវិញទៅមកការអភិវឌ្ឍនៅកម្ពុជាដែរ។ ខ្ញុំយល់ថាការរក្សាទទួលបានជំនួយពីអាមេរិកគឺជាមធ្យោបាយមួយសម្រាប់ការរក្សានូវជំនួយពីប្រភពផ្សេងៗទៀត»។

បើតាមលោក លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា-សហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១១ កក្កដា ឆ្នំា១៩៥០។ ចំណងទាក់ទងការទូតនេះត្រូវបានកាត់ផ្តាច់នៅឆ្នំា១៩៦៥ម្ដង។ តែនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នំា ១៩៩១ ចំណងទាក់ទងការទូតរវាងកម្ពុជា និងអាមេរិកបានត្រូវផ្សារភ្ជាប់ទ្បើងវិញ។ ចាប់តំាងពីឆ្នំា១៩៩២-២០១៥ សហរដ្ឋអាមេរិកបានផ្តល់ជំនួយសំរាប់អភិវឌ្ឍន៍កម្ពុជានិងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដែលមានទឹកប្រាក់សរុបជាង១ពាន់លានដុល្លារ។

លោកបញ្ជាក់ដែរថា ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក មានភាពតានតឹងនៅពេលថ្មីៗនេះ បន្ទាប់ពីកម្ពុជាបណ្តេញអង្គការ NDI របស់អាមេរិក ការបិទការសែត The Cambodia daily និងបញ្ហាពាក់ព័ន្ធនឹងការបញ្ជូនអ្នកជាប់ទោសដែលជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកកមកកម្ពុជាវិញជាដើម ដែលនាំឱ្យអាមេរិកបិទទិដ្ឋាការមន្ត្រីជាន់ខ្ពស់កម្ពុជាចូលអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ព័ត៌មានសម្ងាត់ជាចំណុចស្មុគស្មាញក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន

ភ្នំពេញ៖ ស្របពេលដែលក្រសួងព័ត៌មាន គ្រោងបញ្ចប់ក[...]

ប្រមុខរដ្ឋរដ្ឋាភិបាលបន្ថែមប្រាក់ឧបត្ថម្ភមួយផ្នែកទៀតដល់កីឡាការិនីនៅពេលសម្រាលកូន

ក្រៅពីកម្មការិនីរោងចក្រ ​​ស្រ្តីដែលបម្រើការងា[...]

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ W[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត