loader

អាណាព្យាបាល​សិស្ស​ស្រី​និទ្ទេស​ “A”​ ៖​ ការ​លើក​ទឹក​គឺជា​កត្ដា​ចម្បង​ជំរុញ​កូនស្រី​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​

​ភ្នំពេញ​ ៖​ អាណាព្យាបាល​ សិស្ស​ស្រី​ និទ្ទេស​ “A”​ បាន​លើក​ឡើង​ដូចៗ​គ្នា​ថា​ ការ​លើក​កម្លាំងចិត្ដ​ និង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូនស្រី​ គឺជា​ច​លករ​មួយ​ ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូនស្រី​ពួក​គាត់​ ខិតខំ​សិក្សា​រហូត​ទទួល​បាន​និទ្ទេស​ “A”​ ហើយ​ផ្ដើម​ទៅ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​។​ អាណាព្យាបាល​សិស្ស​ស្រី​ ជ័យ​លា​ភី​កម្រិត​ខ្ពស់​ទាំងនេះ​ ចង់​ឲ្យ​ ឪពុក​ ម្ដាយ​ គ្រប់​រូប​បើ​ទោះជា​រវល់​ការងារ​យ៉ាងណា​ ក៏​ត្រូវ​ចំណាយពេល​ខ្លះ​ ជាមួយ​កូនៗ​ប្រចាំ​ថ្ងៃ​ ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ពួក​គេ​។​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​បាន​ជួប​អាណាព្យាបាល​និង​សិស្ស​ស្រី​ទាំងនោះ​នៅ​ក្នុង​កម្មវិធី​សំណេះសំណាល់​មួយ​រដ្ឋមន្ដ្រី​ក្រសួងបរិស្ថាន​ រៀបចំ​ឡើង​នៅ​ក្រសួងបរិស្ថាន​កាលពី​ទី​៤​ ខែតុលា​ រាជធានី​ភ្នំពេញ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

កញ្ញា វណ្ណ ស្រីពិន សិស្សនិទ្ទេស “A” មកពីខត្តកណ្ដាល


​យោង​តាម​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ ឆ្នាំ​សិក្សា​ ២០១៦​ -​ ២០១៧​ បាន​បង្ហាញ​ថា​ សិស្ស​ស្រី​ដែល​ប្រឡង​ជាប់​មាន​ចំនួន​ ៥១,២​ភាគរយ​ បើ​ធៀប​នឹង​សិស្ស​ប្រុស​មាន​ ៤៨,៨​ ភាគរយ​។​ ក្នុង​កម្រិត​នេះ​ សិស្ស​ស្រី​ ដែល​ប្រឡង​បាន​និ​ន្ទេ​ស​ “A”​ មាន​រហូត​ទៅ​ដល់​ ២១១​ ក្នុង​ចំណោម​ ៤២៤​នាក់​។​

​អាណាព្យាបាល​សិ​ក្ស​ស្រី​ដែល​ប្រឡង​ជាប់​បាន​និទ្ទេស​ “A”​ បាន​លើក​ឡើង​ថា​ ការ​ចំណាយពេល​ជាមួយ​កូនស្រី​ គឺជា​កត្ដា​ចម្បង​ដែ​លើកទឹកចិត្ដ​ដល់​កូន​ឲ្យ​ប្រឹងប្រែង​រៀនសូត្រ​។​

​អ្នកស្រី​ អ៊ុ​ង​ ស៊ី​ណាត​ អាយុ​ ៤១​ឆ្នាំ​ រស់នៅ​សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មានកូន​ស្រី​វ័យ​ ១៨​ឆ្នាំ​ ប្រឡង​ជាប់​និទ្ទេស​ “A”​ ក្នុង​ឆ្នាំ​២០១៧​ នេះ​។​ អ្នកស្រី​បាន​បង្ហាញ​ក្ដី​រីក​ជា​ខ្លាំង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូនស្រី​ខ្លួន​។​ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​ បើ​ទោះជា​អ្នកស្រី​ធ្វើ​ការងារ​ហត់នឿយ​យ៉ាងណា​ក៏​អ្នកស្រី​មិន​ដែល​ភ្លេច​ជួប​កូនៗ​ ពិសេស​កូនស្រី​ ដើម្បី​សួរនាំ​ និង​លើកទឹកចិត្ដ​ ឲ្យ​កូន​ប្រឹងប្រែង​សិក្សា​នោះ​ទេ​។​ ក្រៅ​តែ​ពី​ការ​លើកទឹកចិត្ដ​ដល់​កូន​ហើយ​ អ្នកស្រី​ក៏​តែងតែ​ឈ្លៀតពេល​ជា​ប្រចាំ​ដើម្បី​មើលសៀវភៅ​តាមដាន​ការ​សិក្សា​របស់​កូនស្រី​អ្នកស្រី​។​ តាម​អ្នកស្រី​ ស៊ី​ណាត​ ៖«​បើ​និយាយ​ទៅ​បង​ទៅ​រកស៊ី​ កូន​ទៅ​រៀន​ អ​ញ្ចឹ​ង​ទៅ​បង​មក​អ​ញ្ចឹ​ង​បង​សួរ​ម៉េច​ហើយ​មក​ពី​រៀន​ម៉េច​ដែរ​កូន​ អ​ញ្ចឹ​ងៗ​ទៅ​ កូន​ថា​ អត់​អី​ទេ​ម៉ាក់​ខ្ញុំ​ប្រឹងរៀន​ រៀន​គួរ​រៀន​អី​អ​ញ្ចឹ​ង​ទៅ​មក​វិញ​ យើង​តាម​មើល​កូន​ដែរ​ តើ​កូន​រៀន​ឬ​មិន​រៀន​តែ​កូន​ខ្ញុំ​វា​រៀន​តាម​វា​ប្រាប់​ខ្ញុំ​មែន​»​។​

​ទន្ទឹម​នឹង​នេះ​អ្នកស្រី​ចង់​ឲ្យ​ ឪពុក​ ម្ដាយ​ គ្រប់​រូប​ចាប់អារម្មណ៍​ដល់​កូនៗ​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ ព្រោះ​វា​ជា​ការ​លើក​កម្លាំងចិត្ដ​ដល់​ការ​សិក្សា​របស់​កូន​យ៉ាង​សំខាន់​។​

​ត្រង់​ចំណុច​នេះ​ស្ដ្រី​វ័យ​ ៥៣​ឆ្នាំ​មួយ​រូប​រស់នៅ​រាជធានី​ភ្នំពេញ​ មានមុខរ​បរជា​អ្នកលក់​គុយទាវ​ គឺ​អ្នកស្រី​ អាន​ យ៉េន​ មានកូន​ស្រី​ប្រឡង​ជាប់​និទ្ទេស​ទទួលស្គាល់​ថា​ ការ​ជំរុញ​ និង​លើកទឹកចិត្ដ​ពី​ឪពុក​ ម្ដាយ​ ជា​ប្រការ​សំខាន់​ដល់​ការ​សិក្សា​របស់​កូន​ ក៏​ប៉ុន្ដែ​អ្នកស្រី​គិត​ថា​ ក្រៅ​តែ​ពី​មានការ​ជំរុញ​ និង​លើកទឹកចិត្ដ​ពី​ឪពុក​ ម្ដាយ​ ហើយ​ ក៏​ផ្អែក​ទៅ​លើ​ទឹកចិត្ដ​សិស្ស​ស្រី​ខ្លួនឯង​ផ្ទាល់​ផង​ដែរ​។​ អ្នកស្រី​ អាន​ យ៉េន​ ៖«​គាត់​ខំរៀន​ យើង​ជំរុញ​ឲ្យ​គាត់​រៀន​ និស្ស័យ​គាត់​ ចំណូល​ខ្លួន​គាត់​ផង​ បាន​យើង​បាន​ជោគជ័យ​ បើ​យើង​ជំរុញ​ កូន​អត់​ខំរៀន​ធ្វើ​ម្ដេច​ទើបបាន​សំរេច​ ទាល់តែ​យើង​ផ្សំគ្នា​អ​ញ្ចឹ​ង​ទៅ​ កូន​ក៏​ខំ​ យើង​ក៏​ណែនាំ​អ​ញ្ចឹ​ង​ទៅ​បាន​ជោគជ័យ​ទាំងអស់​»​។​

​អ្នកស្រី​ អាន​ យ៉េន​ ចង់​ឲ្យ​សិស្ស​ទាំងអស់​ គឺ​មិន​ថា​សិស្ស​ប្រុស​ ឬ​សិស្ស​ស្រី​នោះ​ទេ​ ត្រូវ​តែ​ប្រឹង​សិក្សា​ដើម្បី​តបស្នង​ទៅ​កាន់​ឪពុក​ ម្ដាយ​ ដែល​ធ្វើការ​ហត់នឿយ​ ហូរ​ ញើស​រាល់ថ្ងៃ​ដើម្បី​កូន​។​

​ងាក​មក​លោក​ អ៊ុ​ក​ សុ​ផា​ វ័យ​ ៥២​ឆ្នាំ​ រស់នៅ​ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ យល់​ស្រប​ថា​ ការ​លើកទឹកចិត្ដ​ ការ​ផ្ដល់​
​កម្លាំងចិត្ដ​ដល់​កូន​ គឺជា​រឿង​សំខាន់​នឹង​ចាំបាច់​។​ លោក​ អ៊ុ​ក​ សុ​ផា​ ក៏​តែងតែ​ប្រាប់​កូនស្រី​របស់​លោក​ ឲ្យ​ប្រឹង​សិក្សា​ដើម្បី​អនាគត​ទៅ​ថ្ងៃ​មុខ​ ព្រោះ​ឪពុក​ គ្មាន​អ្វី​ឲ្យ​កូន​ទេ​ គឺ​មាន​តែ​ប្រឹងរក​លុយ​ឲ្យ​កូន​រៀន​ប៉ុណ្ណោះ​។​ លោក​ អ៊ុ​ក​ សុ​ផា​៖«​គ្រាន់តែ​ប្រាប់​ថា​ ឲ្យ​ខំប្រឹង​ប្រែង​ មាន​អនាគត​របស់​កូន​ មិនមែន​ជា​អនាគត​របស់​ ឪ​ ទេ​ ជា​អនាគត​របស់​កូន​ ឪ​ហួសហើយ​ ឪ​ មាន​តែ​រក​លុយ​ឲ្យ​កូន​រៀន​តែ​ប៉ុណ្ណឹង​»​។​

​ការ​លើកទឹកចិត្ដ​ជា​ការ​សំខាន់​សម្រាប់​កញ្ញា​ សុវណ្ណ​ ស្រី​ពិន​ ដែល​មានស្រុក​កំណើត​នៅ​ខេត្ដកណ្ដាល​ ជា​ម្ចាស់​ជ័យ​លា​ភី​និទ្ទេស​ “A”​ ក្នុង​ចំណោម​សិស្ស​ទាំង​ ៤២៤​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​ ស្រី​ពិន​ អាយុ​ ១៨​ ជា​សិស្ស​នៅ​វិទ្យាល័យ​សម្ដេច​ ហ៊ុន​ សែន​ ព្រែក​កំ​ពិស​ ខេត្ដកណ្ដាល​។​

​នាង​បាន​ប្រឹងប្រែង​សិក្សា​ជា​ខ្លាំង​មុន​ឈាន​ដល់​ការ​ប្រឡង​ជាប់​និទ្ទេស​លំដាប់​កំពូល​មួយ​នេះ​ គឺ​ដោយសារ​ការ​លើកទឹកចិត្ដ​ពី​ឪពុក​ ម្ដាយ​ និង​បងៗ​ រួម​ផ្សំ​នឹង​ការ​តាំងចិត្ដ​ចង់​ជួយ​ឪពុក​ ម្ដាយ​ វ័យ​ចំណាស់​របស់​ខ្លួន​ឲ្យ​បាន​ស្រាកស្រាន្ដ​ពី​ភាព​ហត់នឿយ​រាល់ថ្ងៃ​។​ កញ្ញា​ វណ្ណ​ ស្រី​ពិន​ ៖«​គាត់​ធ្វើស្រែ​គឺ​ពិបាក​តែ​ម្ដង​ មិនមែន​ហត់​ទេ​គឺ​ពិបាក​តែ​ម្ដង​ ខ្ញុំ​គិត​ថា​ ខំប្រឹង​ប្រែង​រៀនសូត្រ​ធ្វើ​ការងារ​ឲ្យ​បាន​ប្រាក់​ច្រើន​ដើម្បី​មក​ចិញ្ចឹម​គាត់​វិញ​ ហើយ​ឈប់​ឲ្យ​គាត់​ធ្វើស្រែ​ ហើយ​ស្រែ​ហ្នឹង​ខ្ញុំ​នឹង​ប្រវាស់​ឲ្យ​គេ​វិញ​ដើម្បី​ឲ្យ​ពួក​គាត់​ធូរស្រាល​ពី​ការងារ​ធ្វើស្រែ​ហ្នឹង​»​។​

​ជាមួយ​គ្នា​នេះ​កញ្ញា​ ស្រី​ពិន​ ចង់​ឲ្យ​កូនស្រី​ទាំងអស់​ផ្ដោតអារម្មណ៍​ទៅ​លើ​ការ​សិក្សា​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ការ​តបគុណ​ដល់​ ឪពុក​ ម្ដាយ​ ដែល​ខំ​ធ្វើស្រែ​ ធ្វើការ​ យ៉ាង​លំបាក​ដើម្បី​បាន​ប្រាក់​ឲ្យ​កូនៗ​បាន​រៀនសូត្រ​។​

​គួរ​ឲ្យ​កត់​សម្គាល់ថា​ ចំនួន​ស្ត្រី​កម្ពុជា​ ដែល​ទទួល​បាន​ទទួល​ការ​អប់រំ​មាន​កំណើន​ជា​លំដាប់​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ដែល​កាលពី​ឆ្នាំ​២០០០​ មាន​ស្ត្រី​ត្រឹមតែ​ ២.៤​ភាគរយ​ប៉ុណ្ណោះ​ ដែល​បាន​បន្ត​ការ​សិក្សា​ ដល់​ថ្នាក់​វិទ្យាល័យ​ ខណៈ​ឆ្នាំ​២០១៧​នេះ​ កើន​ដល់​ ៣៧​ភាគរយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

សម្ដេច​ ហ៊ុន​ សែន​ ប្រាប់​កម្មករ​ថា​ អន្តរជាតិ​មិន​ងាយ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទេ​ តែបើ​គេ​ធ្វើ​ គឺជា​កំហុស​បក្ស​ប្រឆាំង​

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែ[...]

សម្តេច ហ៊ុនសែន៖ ស្រ្តីជាផ្នែកមួយដ៏ធំក្នុងវិស័យសេដ្ឋកិច្ចជាតិនិងគ្រួសារដែលមិនអាចខ្វះបាន

ក្រុងភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែ​ វិច្ឆិកា ឆ[...]

ក្រសួងបរិស្ថានគ្រោងបង្កើតក្រុមស៊ើបអង្កេតដីធ្លីចុះទៅខេត្តព្រះវិហារ

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ​ សំអាល់ គ្រោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត