loader

អនុប្រធានអតីតCNRP៖អ្នកអមដំណើរលោកសមរង្ស៊ីមកកម្ពុជា មានតែកាបូបមួយនិងទឹកមួយដបគឺអ​ហឹង្សា

ភ្នំពេញ៖ អនុប្រធាននៃអតីតគណបក្សប្រឆាំង ថ្លែងថាអ្នកចូលរួមអមដំណើរមាតុភូមិនិវត្តន៍ម្នាក់ៗមានតែកាបូបស្ពាយពីក្រោយមួយតែប៉ុណ្ណោះ ដែលមិនមែនជាការធ្វើឱ្យចលាចលនោះទេ ដែលលោកស្រីសម្ដៅថាជាការធ្វើឡើងដោយអហឹង្សាយ៉ាងពិតប្រាកដ ។ ដោយឡែក អនុប្រធានគណបក្សកាន់អំណាចថា វិធានការច្បាប់ណាក៏ដោយចំពោះសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល គឺជា សកម្មភាពខុសច្បាប់ ។

អ្នកច្បាប់ថា ច្បាប់មិនបានចែងថា ការវិលចូលកម្ពុជាដោយលោក សម រង្ស៊ី ខុសច្បាប់ឡើយ ។

រាយការណ៍ដោយលោក សោម លាភ

អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ២៧ តុលា ថ្លែងនៅសហរដ្ឋអាមេរិក ក្នុងវិដេអូរផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រថា ដំណើរមាតុភូមិនិវត្តន៍មកកម្ពុជាដឹកនាំដោយលោក សម រង្ស៊ី នៅតែដដែល មិនផ្លាស់ប្ដូរឡើយ ។

លោកស្រីថា ទាំងអ្នកចូលរួមអមដំណើរមាតុភូមិនិវត្តន៍ម្នាក់មានតែកាបូបស្ពាយពីក្រោយមួយតែប៉ុណ្ណោះ ដែលមិនមែនជាការធ្វើឱ្យចលាចលនោះទេ ដែលលោកស្រីសម្ដៅថាជាការធ្វើឡើងដោយអហឹង្សាយ៉ាងពិតប្រាកដ ។

លោកស្រីថាអាជ្ញាធរកម្ពុជាទៅវិញទេ ដែលមានការបញ្ជាឱ្យប្រើប្រាស់កម្លាំងប្រដាប់អាវុធ ទើបជាកាធ្វើឱ្យមានចលាចលកើតឡើង ខណៈលោកស្រីថា បើមានការប្រើកម្លាំងបង្រ្កាបមែន រាជរដ្ឋាភិបាលកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ ។

លោកស្រីបញ្ជាក់ជំហរជាថ្មីម្ដងទៀតថា ការវិលចូលកម្ពុជាគឺដើម្បីធ្វើឱ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា ដើម្បីរក្សាប្រយោជន៍ជូនជាតិ និងប្រជាជន ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះថា ការវិលចូលកម្ពុជានៅថ្ងៃទី ៩ ខែវិច្ឆិកា ដើម្បីឱ្យមានការដោះលែងលោក កឹម សុខា ដែលលោកស្រីថ្លែងជាការចំអកទៅក្រុមគាំទ្រលោក កឹម សុខា ហើយលោកស្រីហៅថាជាក្រុមអាត្រឹមត្រូវ ពោលគឺលោកស្រីថា បើធ្វើដូចក្រុមនេះ ដែលទទួចឱ្យដោះលែង ហើយចាំសម្ពាធអន្តរជាតិនោះ គឺលោក កឹម សុខា គ្មានថ្ងៃមានសេរីភាពឡើយ ។

ទាំងលោកស្រី និងអ្នកគាំទ្រ រួមទាំងអ្នកមានតួនាទី ក្នុងជួរអតីតគណបក្សសង្គ្រោះជាតិ នឹងបញ្ជូនលិខិតទៅសភាអាមេរិក ដើម្បីរដ្ឋាភិបាល ឬសភាអាមេរិក រំដោះក្រុមមាតុភូមិនិវត្តន៍បើសិនជាមានការបង្ក្រាប ។

លោកស្រីមូ សុខហួរថា មាតុភូមិនិវត្តន៍របស់អ្នកគាំទ្រ និងអ្នករួមដំណើរ មិនមែនមកបំផ្លាញសន្តិសុខ និងបង្ករចលាចលដល់ប្រទេសថៃ ឬកម្ពុជាឡើយ ។

បើតាមមន្ត្រីពាក់ព័ន្ធកម្ពុជា គឺមិនមែនក្រុមលោក​ សម រង្ស៊ីតែប៉ុណ្ណោះនោះទេដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពោលគឺអ្នកគាំទ្រ ក៏ជាអ្នកប្រព្រឹត្តបទល្មើសដែលត្រូវតែទទួលខុសត្រូវដែរ ។  

ជុំវិញករណីអះអាងធ្វើមាតុភូមិនិវត្តរបស់ក្រុមលោក សម រង្ស៊ី មានពលរដ្ឋជាច្រើនទាំងក្នុងនឹងក្រៅប្រទេស បានបង្ហាញជំហរគាំទ្រនូវគម្រោងបេសកកម្មនេះ ។  ជាទូទៅពួកគេបានបង្ហាញនូវការគាំទ្រតាមរយៈការប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក ដូចជាបង្ហោះគាំទ្រយុទ្ធនាការម្រាមដៃ ៩ ជាដើម ។

យ៉ាងណាសម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់ប្រកាសអះអាងថា អ្នកដែលបង្ហោះហ្វេសបុកចូលក្នុងយុទ្ធនាការម្រាមដៃ ៩ នឹងគឺជាការខុសច្បាប់ ដែលត្រូវតែបង្រ្កាប ។

សម្ដេចហ៊ុន សែន បង្ហាញជំហរជារឿយៗថា ការកម្ចាត់ក្រុមលោក សម រង្ស៊ី តាមគ្រប់រូបភាពនឹងកើតមានឡើងនៅពេលមានវត្តមានរបស់ក្រុមនេះ ។

នៅតាមបណ្ដាព្រំដែនថៃ និងកម្ពុជា កំពុងចល័តកងកម្លាំងយាមកាមយ៉ាងតឹងតែង ខណៈកាលបរិច្ឆេទនៃការកំណត់វិលចូលកម្ពុជារបស់ក្រុមលោក សម រង្ស៊ី ជិតមកដល់ ហើយស្របពេលដែលមានការអះអាងថានឹងចូលតាមទឹកដីថៃ ។

យ៉ាងណា គិតមកដល់ពេលនេះ មានសកម្មជន និងអ្នកគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ក្រុមលោក សម រង្ស៊ី មិនតិចជាង ៥៥ នាក់ឡើយដែលត្រូវបានអាជ្ញាធរឃុំខ្លួន ។ ការចោទប្រកាន់នេះគឺក្រោមបទចោទថាជាការរួមគំនិតក្បត់ ដែលជាបទឧក្រិដ្ឋ ។

អ្នកវិភាគថា ការចាប់សកម្មជនទាំងនេះ ជាការបង្ហាញថា ជាកម្សោយនៃការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ។

ដោយឡែកសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២៦ តុលាថា វិធានការរបស់អាជ្ញាធរកម្ពុជាទៅលើពលរដ្ឋដែលប្រកាសគាំទ្រដំណើរមាតុភូមិនិវត្តន៍ និងប្រកាសអមដំណើរលោក សម រង្ស៊ី ថាជាការស្របច្បាប់ ។

លោកសរសេរក្នុងន័យដើមថា «ថ្មីៗនេះមានការរិះគន់ពីមជ្ឈដ្ឋានខ្លះចំពោះការចាត់វិធានការច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការចាប់ខ្លួនជនសង្ស័យដែលបានចូលរួមក្នុងសកម្មភាពនៃការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដោយជ្រកក្រោមគម្រោងផែនការ នៃការវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ របស់អតីតថ្នាក់ដឹកនាំមួយចំនួននៃអតីតគណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះថាជាទង្វើរំលោភសិទ្ធិមនុស្ស»

សម្ដេច ស ខេង ថា ការចាត់វិធានការច្បាប់ចំពោះសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញ សុខសន្តិភាព ស្ថេរភាព នយោបាយ ការញុះញង់ឲ្យមានអំពើហិង្សា ចលនាបំបែកបំបាក់ផ្ទៃក្នុងជាតិ ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល គឺពុំមែនជាសកម្មភាពរំលោភសិទ្ធិមនុស្សក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ថាលោក សម រង្ស៊ី មិនត្រឹមតែប្រកាសវិលចូលកម្ពុជា ​នៅថ្ងៃ៩វិច្ឆិកាឆ្នាំ២០១៩ប៉ុណ្ណោះនោះទេ គឺថែមទាំងអំពាវនាវឲ្យកងទព័ជាតិផ្ដាច់ខ្លួនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាល បង្កើតមូលនិធិសំរាប់ទ្រទ្រង់កងទ័ពខុសច្បាប់របស់ខ្លួន ការញុះញង់ប្រជាពលរដ្ឋឲ្យបះបោរផ្តួលរំលំរាជរដ្ឋាភិបាល ការថ្លែងជាសាធារណៈប្រមាថមាក់ងាយ ព្រះមហាក្សត្រ និងទាមទារឲ្យព្រះអង្គដាក់រាជ្យ គឺពិតជាពុំមែនជាសកម្មភាពដែលត្រូវប្រត្តិបត្តិជាធម្មតាក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ ។

សម្ដេចបញ្ជាក់ដោយ សន្និដ្ឋានជាថ្មីម្ដងទៀតថា គំរោងផែនការវិលចូលកម្ពុជាវិញបស់ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ រួមទាំងបក្សពួកគឺជាគំរោងនៃចលនាឧទ្ទាមសុទ្ធសាធ ហើយដែលនឹងនាំទៅដល់ការបំផ្លាញសុខសន្តិភាព និងការបំបែកបំបាក់ជាតិដែលអាចបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរមិនអាចប៉ាន់ស្មានបានចំពោះជាតិនិងប្រជាជនកម្ពុជាឡើយ ។

ជាងនេះទៅទៀតសម្ដេច ស ខេងថា សកម្មភាពនៃការវិលត្រឡប់របស់លោក សម រង្ស៊ី នាពេលនេះ គឺខុសស្រឡះពីសកម្មភាពនៃការវិលត្រឡប់មកកម្ពុជាវិញ កាលពីឆ្នាំ២០១៣ ។ ព្រោះសម្ដេចថា កាលពីលើកមុន លោកសម រង្ស៊ី ជាប្រធានគណបក្សនយោបាយស្របច្បាប់ និង ទទួលបានការប្រោសព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ មកដើម្បីចូលរួមប្រកួតប្រជែងនយោបាយ​របៀបប្រជាធិបតេយ្យ ។ ដោយឡែកចំពោះលើកនេះវិញ សម្ដេច ស ខេង ថាលោកសម រង្ស៊ី ត្រូវបានតុលាការសម្រេចសេចក្ដីថាមានទោស ហើយជាអ្នកដឹកនាំគំរោងចលនាឧទ្ទាមក្រៅច្បាប់ថែមទៀតផង ។

ចំពោះការកំណត់ថ្ងៃទី ៩ វិច្ឆិកា ដែលជាថ្ងៃឯករាជ្យជាតិ សម្ដេច ស ខេងថា នេះជាគំរោងនៃការប៉ុនប៉ងបង្កការអុកឡករំខានដល់ការរៀបចំពីបុណ្យឯករាជ្យជាតិ  ក៏ដូចបំផ្លាញការចូលរួមសប្បាយរីករាយរបស់ប្រជាជនកម្ពុជា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលព្រះមហាក្សត្រ តែងតែយាងជាព្រះរាជាធិបតីភាពក្នុងពិធីបុណ្យទាំងនេះជារៀងរាល់ឆ្នាំ ។

គួររំលឹកថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ ៩ រូប ដែលកំពុងតស៊ូធ្វើនយោបាយនៅក្រៅប្រទេស ត្រូវបានតុលាការកម្ពុជាសម្រេចចោទប្រកាន់ពីបទឧបឃាត ឬការប៉ុនប៉ងធ្វើរដ្ឋប្រហារ ។

ដោយឡែកចំពោះអ្នកគាំទ្រមួយចំនួនវិញ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ។  

យ៉ាងណាលោក សម រង្ស៊ី តែងតែអះអាងថា ការធ្វើមាតុភូមិនិវត្តន៍របស់លោក និងបក្សពួកគឺដើម្បីចាប់សម្ដេច ហ៊ុន សែន តែមិនមែនជាការធ្វើរដ្ឋប្រហារទេ គឺជាការប្រើប្រាស់កម្លាំងប្រជាពលរដ្ឋដែលច្បាប់អនុញ្ញាត ។

លោកជូង ជូងី មេធាវីដែលតែងតែការពារក្ដីឱ្យមន្ត្រីអតីតគបក្សប្រឆាំង បានបញ្ជាក់ថា ដំណើរលោក សម រង្ស៊ី មិនមែនជាការខុសច្បាប់ឡើយ បើទោះបីជាលោក សម រង្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសក៏ដោយ ។ លោកបន្ថែមថា មិនមានច្បាប់ណាចែងថា ជនជាតិខ្មែរដែលមានពិរុទ្ធរស់នៅបរទេស ហើយវិលចូលកម្ពុជាវិញជាការខុសច្បាប់នោះទេ ។

លោកបញ្ជាក់បែបនេះនៅក្នុងពាក្យសុំដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំ និងសុំដាក់ជនត្រូវចោទក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ជនត្រូវចោទនោះ គឺឈ្មោះថា ធឹង សំបាន ដែលត្រូវបានតុលាការខេត្តឧត្តរមានជ័យសម្រេចចោទប្រកាន់ ហើយចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោកបណ្ដោះអាសន្ន ពីបទរួមគំនិតក្បត់ ។

ដូចគ្នានេះដែរ លោក មេធាវី ជូង ជូងី បន្ថែមក្នុងពាក្យសុំនោះថា សកម្មភាពលោក ធឹង សំបាន មានផែនការទៅទទួលលោក សម រង្ស៊ី ដោយលោកថា គ្មានច្បាប់ណាចែងថា អ្នកគាំទ្រជនមានពិរុទ្ធគឺខុសច្បាប់នោះទេ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ីថា ប្រជាធិបតេយ្យអាណត្តិនេះស្ទើដល់កម្រិតសូន្យ តែសម្ដេច ហ៊ុន សែនថាអនុវត្តន៍យ៉ាងល្អ

ភ្នំពេញ៖ លោក សម រង្ស៊ី អះអាងថា ប្រជាធិបតេយ្យន[...]

គ.ជ.អ.ប បើកកិច្ចប្រជុំពិនិត្យស្ថានភាពកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ

ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតា[...]

កម្ពុជា ឡាវ ថៃ វៀតណាម នឹងប្រឈមគ្រោះរាំងស្ងួតអូសបន្លាយខ្លាំងដល់ដើមឆ្នាំ២០២០

ភាពធ្ងន់ធ្ងរជាខ្លាំងនៃគ្រោះរាំងស្ងួតត្រូវបានគ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត