loader

អត្រា​លទ្ធភាព​មានកូន​ថយ​ចុះ​តែ​អត្រា​មិន​ទទួល​បាន​សេវា​ពន្យារកំណើត​មាន​កម្រិត​ខ្ពស់​

ភ្នំពេញ​៖​ យោង​តាម​របាយការណ៍​របស់​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA)បង្ហាញ​ថា​ អត្រា​មិន​ទទួល​បាន​មធ្យោបាយ​ពន្យារកំណើត​របស់​ស្ត្រី​វ័យក្មេង​នៅ​ទី​ជនបទ​មាន​កំណើន​ខ្ពស់​ តែ​អត្រា​លទ្ធភាព​មានកូន​មានការ​ថយ​ចុះ​។​ មន្ត្រី​រដ្ឋាភិបាល​ទទួលស្គាល់​ថា​ ស្ត្រី​វ័យក្មេង​នៅ​ជនបទ​ប្រឈម​នឹង​បញ្ហា​សុខភាព​បន្ត​ជូ​ព​ក្រោយ​មាន​ផ្ទៃពោះ​ ព្រោះ​ពួក​គាត់​មានចំណេះ​ដឹង​នៅ​មាន​កម្រិត​។​ 

ស្រ្តីកណ្តាលម្នាក់មានកូនក្នុងបន្ទុក៦នាក់ រស់នៅភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប ខេត្តក្រចេះ។ រូបភាព៖ ធូ វិរៈ

​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​របស់​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​(UNFPA)​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ ខែ​ តុលា​នេះ​ បង្ហាញ​ថា​ ស្ត្រី​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ចាប់ផ្តើម​មាន​ទំនោរ​យក​កូន​តិច​ ប៉ុន្តែ​ស្ត្រី​វ័យក្មេង​រស់​ទី​ជនបទ​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​បន្ត​ពូជ​ដោយសារ​ ពួក​គាត់​មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង​។​ ស្ត្រី​វ័យក្មេង​យ៉ាងតិច​ម្នាក់​ក្នុង​ចំណោម​ ៨​នាក់​បាន​ក្លាយជា​ម្តាយ​ទាំង​វ័យក្មេង​។​

​របាយការណ៍​(UNFPA)​ក្រោម​ចំណងជើង​ថា​«​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ​ និង​បម្រែបម្រួល​ប្រជាសាស្ត្រ​»​ ពន្យល់​ថា​ នៅ​ពេល​ស្រី្ត​មាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ឯករាជ្យ​ ដើម្បី​ពន្យារពេល​មានកូន​ មាន​ន័យ​ថា​ ពួក​គាត់​អាច​ថែទាំ​សុខភាព​គាត់​បាន​ល្អ​ ហើយ​ការ​រៀបចំ​ផែនការ​ការងារ​ជា​មុន​បាន​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ ផ្ទុយ​មក​វិញ​ប្រសិនបើ​សិទ្ធិ​ស្ត្រី​ត្រូវ​បាន​រឹត​ត្បឹ​ត​ក្នុង​ការ​សម្រេចចិត្ត​មានកូន​ ពួក​គាត់​អាច​នឹង​ប៉ះពាល​ដល់​សុខភាព​បន្ត​ពូជ​ សេដ្ឋកិច្ច​គ្រួសារ​និង​សង្គម​។​

​លោកស្រី​ រី​ហ្ស​វី​ណា​ ឌឺ​អាល់​វី​ល​ (Rizvina​ De​ Alwis)​ តំណាង​របស់​(UNFPA)​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​ ស្រប​ពេល​អត្រា​លទ្ធភាព​មានកូន​នៅ​កម្ពុជា​ធ្លាក់​ចុះ​ តែ​អត្រា​ពុំ​ទទួល​បាន​សេវា​ពន្យារកំណើត​កើនឡើង​ខ្ពស់​ប្រមាណ​ ១២​ ,​ ៥​ ភាគរយ​។​ លោកស្រី​ថ្លែង​បន្ត​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​កាត់​បន្ថយ​អត្រា​មិន​ទទួល​បាន​មធ្យោបាយ​ពន្យារកំណើត​ នៅ​ពេល​នោះ​ បញ្ហា​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​នឹង​ត្រូវ​បាន​កាត់​បន្ថយ​។​

​លោកស្រី​ រី​ហ្ស​វី​ណា​ បន្ថែម​ថា​ ស្ត្រី​វ័យក្មេង​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​បន្ត​ពូជ​ ព្រោះ​យ៉ាងតិច​ស្ត្រី​វ័យក្មេង​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ ៨​ នាក់​ បាន​ក្លាយជា​ម្តាយ​ទាំង​វ័យក្មេង​ ឬ​ពួក​គាត់​កំពុង​ពពោះ​ ជា​ពិសេស​ស្ត្រី​រស់នៅ​តាម​ទី​ជនបទ​។​

​លោកស្រី​ ពន្យល់​ថា​ កាលណា​ស្ត្រី​ពុំ​ទទួល​បាន​មធ្យោបាយ​ពន្យារកំណើត​ស្ត្រី​វ័យក្មេង​ទាំងនោះ​នឹង​អាច​ មានកូន​មិន​តាម​បំណងប្រាថ្នា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​។​ ម្យ៉ាងទៀត​ស្ត្រី​វ័យក្មេង​ទាំងនោះ​អាច​នឹង​ប្រឈម​មុខ​នឹង​បោះបង់​ការ​សិក្សា​។​ ជា​ពិសេស​ស្ត្រី​ទាំង​នោះ​នឹង​បាត់បង​អំណាច​ក្នុង​ការ​សម្រេចចិត្ត​ ដើម្បី​កំណត់​ចំនួន​កូន​ និង​កា​រៀង​ប​ចំ​ផែនការ​គ្រួសារ​។​

​លោកស្រី​ រី​ហ្ស​វី​ណា​ ឌឺ​អាល់​វី​ល​៖​ «​ចាស​ ប្រទេស​កម្ពុជា​យើង​មាន​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ការ​មាន​ផ្ទៃពោះ​នៅ​វ័យក្មេង​ ឬ​ក៏​ស្ត្រី​វ័យក្មេង​មានកូន​ជា​លើក​ដំបូង​រួច​ទៅ​ហើយ​ ពីព្រោះ​ពួក​គាត់​ ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​អំពី​បញ្ហា​សុខភាព​បន្ត​ពូជ​ ឬ​ពុំ​ទាន់​ទទួល​បាន​មធ្យោបាយ​ពន្យារកំណើត​»​។​

​របាយការណ៍​របស់​(UNFPA)​បញ្ជាក់​ថា​ ស្ត្រី​កម្ពុជា​កាន់​ច្រើន​ឡើង​មាន​ទំនោរ​យ​កូន​តិច​។​ មន្ត្រី​រដ្ឋាភិបាល​យល់​ថា​ ស្ត្រី​មានកូន​តិច​ជា​ការ​ល្អ​ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​ និង​សេដ្ឋកិច្ចជាតិ​។​

​លោក​ ប៉ូច​ ប៊ុ​ន​ណា​ក់​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងផែនការ​ថ្លែង​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ថា​ លោក​ទទួលស្គាល់​ស្ត្រី​រស់នៅ​ទី​ជនបទ​ភាគច្រើន​បាន​រៀប​ការ​ទាំង​នៅ​វ័យក្មេង​ដោយសារ​ចំណេះដឹង​របស់​ពួក​គាត់​នៅ​មាន​កំរិត​។​ ទោះបី​យ៉ាងណា​ លោក​ ប៉ូច​ ប៊ុ​ន​ណា​ក់​ ពន្យល់​ថា​ តាម​តូ​រ​លេខ​របស់​ក្រ​សួ​ផែនការ​រក​ឃើញ​ថា​ ស្ត្រី​ជា​មធ្យម​មានកូន​យ៉ាងតិច​បី​នាក់​។​

​លោក​ ប៉ូច​ ប៊ុ​ន​ណា​ក់​៖«​និន្នាការ​របស់​យើង​ជា​ពិសេស​ស្ត្រី​ដែល​នៅ​វ័យក្មេង​នៅ​ជនបទ​ បន្ទាប់​ពី​រៀប​ការ​ហើយ​ ភាគច្រើន​គាត់​មានកូន​ភ្លាម​តែ​ម្តង់​ កន្លែង​នេះ​ជា​កន្លែង​ដែល​យើង​គួរ​ពិនិត្យ​មើល​ដែរ​ធ្វើ​យ៉ាងណា​បន្ទាប់​ពី​អាពាហ៍ពិពាហ៍​ហើយក​ក្នុង​ចំណោម​គ្រួសារ​ទើប​រៀប​ការ​ហើយ​ វ័យក្មេង​ថា​តើ​គួរតែ​ផ្តល់​ជម្រើស​សម្រាប់​ពួក​គាត់​ជ្រើសរើស​ក្នុង​ការ​ពន្យា​មានកូន​បន្តិច​សិន​ឬ​យ៉ាង​ម្ត៉េ​ច​ នោះ​ជា​ជម្រើស​របស់​គាត់​តែ​យើង​គ្រាន់តែ​ពិនិត្យ​មើល​លទ្ធភាព​ផ្តល់​ជូន​ធ្វើ​សេចក្តីសម្រេច​»​។​

​លោក​ ប៉ូច​ ប៊ុ​ន​ណា​ក់​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងផែនការ​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​គ្រប់គ្រាន់​ដល់​គូ​ស្វាមីភរិយា​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​យក​កូន​តាម​ការ​ចង់បាន​របស់​ពួក​គេ​ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ធានា​ថា​ លទ្ធភាព​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​បាន​ល្អ​ និង​សមរម្យ​។​លោក​ប៉ុនណា​ក់​ បន្ត​ថា​ ចំពោះ​ច្បាប់​កម្ពុជា​ពុំ​អនុញ្ញាត​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​នៅ​អាយុ​ក្រោម​ ១៨​ ឆ្នាំ​ទេ​។​

​បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ឆមាស​ទី​១​ ដើមឆ្នាំ​ ២០១៨​ បង្ហាញ​ថា​ អត្រា​ពន្យា​កំណើត​របស់​ស្ត្រី​មាន​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​។​ ក្នុង​របាយការណ៍​នេះ​ បញ្ជាក់​ថា​ ស្ត្រី​សម្រាលកូន​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​ មានការ​ថយ​ចុះ​ជាង​ ២​ម៉ឺន​នាក់​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​ ស្ត្រី​សម្រាលកូន​មាន​ចំនួន​ជាង​ ១៣​ ម៉ឺន​នាក់​ ខណៈ​ដែល​ស្ត្រី​សម្រាលកូន​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៧​ មាន​ចំនួន​ ១៥​ ម៉ឺន​នាក់​៕

ព័ត៌មានទាក់ទង

របាយការណ៍​ AfterAccess​ ៖​ ស្ដ្រី​ជាង​ ២៩​ភាគរយ​ ត្រូវ​បាន​បំពាន​តាម​អន​ឡាញ​

របាយការណ៍​របស់​ AfterAccess​ ដែល​ផ្សព្វផ្សាយ​[...]

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត