loader

អតីតមេបក្សសង្រ្គោះជាតិរិះគន់ភាពយឹត​យ៉ាង​របស់រដ្ឋាភិបាលករណីជួយពលរដ្ឋនិងវិស័យ​ឯកជន​ខណៈ​រដ្ឋាភិបាល​អន្តរាគមន៍ជាថ្មីទៀត

(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញនូវសេចក្តីថ្លែងការណ៍កម្រាស់២ទំព័ររបស់លោក សម រង្សី ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ អំពីវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារតែការរីករាលដាលនៃជម្ងឺកូវីត១៩កាលពីថ្ងៃទី២៥ ខែឧសភាគឺ រំលងបាន១ថ្ងៃគឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានមួយស្តីពីវិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិតដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីត១៩ និងវិធានការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺកូវីត១៩។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្ដីរាយការណ៍៖

វិបត្តិកូវីត១៩ គឺជាកត្តាមួយដែលនាំឲ្យសេដ្ឋកិច្ចក្នុងប្រទេសជួបនូវបញ្ហា។ កាលពីថ្ងៃទី២៥ឧសភា លោកសម រង្សីប្រធានស្ដីទីនៃគណបក្សសង្រ្គោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយការរីករាលដាលនៃជំងឺកូវីត១៩ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ ជួបនូវទុក្ខលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ ដោយសារការបាត់បង់ការងារ និងបាត់បង់ប្រាក់ចំណូលជាពិសេសប្រជាពលរដ្ឋខ្មែរដែលជាប់បំណុលធនាគារ ឬគ្រឹះស្ថានមីក្រហិរញ្ញវត្ថុ។

បច្ចុប្បន្នបញ្ហាប្រឈមធំបំផុតរបស់ប្រជាពលរដ្ឋខ្មែរ គឺវិបត្តិជំពាក់បំណុល ដែលកើតចេញពីកម្ចីឥណទានរបស់គ្រឹះស្ថានមីក្រហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍របស់អង្គការសង្គមស៊ីវិលនានា បានឲ្យដឹង​ថា ប្រជាពលរដ្ឋខ្មែរច្រើនជាង២លាន៥សែននាក់ មានជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យមដែលច្រើនជាងគេនៅលើពិភពលោក។

បញ្ហាទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងនោះប្រឈមនឹងហានិភ័យចំពោះជីវភាពរស់នៅ និងសុខភាព ជាពិសេសប្រឈមនឹងការបាត់បង់កម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនដែលត្រូវបានដាក់ជាទ្រព្យ​ធានាប្រសិនជាអាជ្ងាធរមិនមានវិធានការសមស្របដើម្បីជួយដោះស្រាយចំពោះវិបត្តិបំណុលទាំង​នេះ។

វិទ្យុស្ត្រី មិនអាចសុំការឆ្លើយតប ពីលោកផៃស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលបានទេ ចំពោះ សេចក្ដីថ្លែងការណ៍ របស់ លោកសមរង្ស៊ី ដូចនេះ។

តែបែបនេះក្ដី រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយកម្រាស់៥ទំព័រ ពណ៌​នាអំពីវិធានការ និងយន្តការដោះស្រាយបញ្ហាផ្សេងដែលកើតឡើងដោយសារតែវិបត្តិកូវីត១៩នេះ ហើយនេះក៏ជាវិធានជុំទី៤ផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាចេញនៅថ្ងៃនេះបានបើកបង្ហាញថា កម្ពុជាគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ បានយ៉ាងល្អប្រសើរ ខណៈដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីត ១៩ ក្នុងកម្រិតតំបន់ និងសកលលោក ក៏ហាក់ដូចជាមានភាពធូរស្បើយជាងមុន។ ទោះជាយ៉ាងណាក្តី ផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ច និងសង្គមពីការរាតត្បាតនៃជំងឺកូវីតនេះ លើគ្រប់ប្រទេសទាំងអស់ក្នុងសកលលោករួមទាំងកម្ពុជាផងនោះ នៅកំពុងតែមានការបន្តអូសបន្លាយនៅឡើយ។

ក្នុងគោលដៅធានាលំនឹងសេដ្ឋកិច្ច និងសង្គមពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យអាចបន្តអាជីវកម្ម ឆ្លងផុតពីវិបត្តិកូវីត១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការជុំទី៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបប្រឈម។ កញ្ចប់នៃវិធានការនេះ រួមបញ្ចូលនូវសមាសភាគធំៗ២ គឺ ទី១ បន្តសុពលភាពនៃវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក និងទី២ ការដាក់ចេញនូវវិធានការថ្មីបន្ថែមទៀត។

ស្របពេលជាមួយគ្នានេះ​វិធានការជុំទី៤នេះ ក៏បានគិតគូរដល់ការបង្កើននូវការចូលរួមចំណែកបន្ធូរបន្ទុកនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីជំនួយសង្គមផងដែរ។ ជាងនេះទៅទៀត ដោយសារតែមានវិបត្តិនៃជំងឺកូវីត១៩ អាចនឹងវិវត្តទៅដល់ដំណាក់កាលមួយដែលកាន់តែធូរស្បើយ ហើយសេដ្ឋកិច្ចអាចដំណើរការបានប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខនេះ វិធានការជុំទី៤ ក៏បានផ្តោតទៅលើការស្តារ និងជំរុញលទ្ធភាពអាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺ។

សូមជម្រាបថាចំពោះវិធានការជុំទី៤នេះ គឺត្រូវបានរៀបឡើងនៅក្នុងស្មារតីបុរេសកម្ម និងដោយមានការពិគ្រោះយោបល់ទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដែលត្រូវបានគូសបញ្ជាក់ជា៥វិធានការដូចជា៖

១.  វិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ និយោជត, រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានការបន្តចំពោះការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល២ខែបន្ថែមទៀត គឺគិតចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។

២.  វិធានការផ្តល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម នៅក្នុងនោះគឺមានការកែសម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទាន។ បូករួមជាមួយនឹងវិធានការកែសម្រួលកម្មវិធីសហហិរញ្ញប្បទានពិសេស ១០០លានដុល្លារអាមេរិករវាងធានាគារសហគ្រាសធុនតូច និងមធ្យម ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុដោយពង្រីកវិសាលភាពគ្របដណ្តប់ និងកែសម្រួលលក្ខខណ្ឌឥណទាន។

៣.     ការបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្តារ និងជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីត១៩ ដែលនៅក្នុងនោះរាប់បញ្ចូលទាំងវិធានការបង្កើន និងសម្រួលលំហូរសាច់ប្រាក់  ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និងក្រៅស្រុក ប្រភពទុនហិរញ្ញប្បទានសម្រាប់បង្វិល និងការត្រៀមផ្តល់ឧបករណ៍ផ្តល់ហិរញ្ញប្បទាន។

៤.       វិធានការជំនួយសង្គម នៅក្នុងចំណុចនេះរាជរដ្ឋាភិបាលបានសម្រេចពង្រីកវិសាលភាពគ្របដណ្តប់ និងទំហំថវិកាសម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម នៅក្នុងឆ្នាំ២០២០ ឲ្យឡើងដល់១០០លានដុល្លារអាមេរិកដើម្បីស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារពីរោងចក្រ សហគ្រាស។

ក្រៅពីនេះ រាជរដ្ឋាភិបាលបានបង្កើតនូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រជាពលរដ្ឋខ្មែរ តាមរយៈបណ្ណសមធម៌ទូទាំងប្រទេសដោយមានការយកចិត្តទុកដាកើបន្ថែមចំពោះក្មេងអាយុក្រោម៥ឆ្នាំ  ជនពិការ មនុស្សចាស់ជរា  និងអ្នកផ្ទុកមេរោគអេសដ៍។ និងវិធានការចុងក្រោយគឺ ការដាក់ឲ្យមានការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកនៅដើមខែមិថុនានេះដើម្បីសម្រួលដល់ការចុះបញ្ជីក្រុមហ៊ុនជាទូទៅ និងជាពិសេសដើម្បីជួយសម្រួលដល់ក្រុមហ៊ុនណាដែលមានបំណងចង់ចុះបញ្ជីដើម្បីទទួលបានកម្ចីពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

ពិនិត្យ និងកែសម្រួលដោយ នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាអភិបាលរាជធានី-ខេត្ត ឲ្យទប់ស្កាត់ការកាប់ទន្ទ្រានយកដី នៅតំបន់ការពារធម្មជាតិ

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បា[...]

ក្រសួងអប់រំចេញសេចក្ដីសម្រេ​ចឲ្យគ្រឹះស្ថានឯកជនរៀបចំការប្រឡងថ្នាក់ទី៩ ទី១២​និងប្រឡង​បញ្ចប់​ឆ្នាំ​នៃថ្នាក់ឧត្ដមសិក្សា

(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី [...]

អង្គការ​សិទ្ធិមនុស្ស​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​រក​សកម្មជន​អាវ​ក្រហម​ថៃ

(ភ្នំពេញ)៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Hum[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត