en     km
en     km

អណ្ដើក​ហ្លួង​ចំនួន​ ២៥​ក្បាល​ ត្រូវ​បាន​ព្រ​លែង​ ឲ្យ​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ខេត្ដកោះកុង​

Share

​ភ្នំពេញ​ ៖​ សត្វ​អណ្ដើក​ហ្លូ​ង​ចំនួន​ ២៥​ក្បាល​ ត្រូវ​បាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ សម្ព័ន្ធ​ដើម្បី​ការ​រស់រាន​សត្វ​អណ្ដើក​ ហៅ​កាត់​ថា​ TSA​ មជ្ឈមណ្ឌល​ថែរក្សា​សត្វព្រៃ​របស់​ប្រទេស​សិង្ហ​បុរី​ និង​ក្រុម​អ្នកជំនាញ​សត្វ​អណ្ដើក​អន្ដរជាតិ​ បាន​ព្រ​លែង​ឲ្យ​ទៅ​រស់នៅ​ព្រៃ​ធម្មជាតិ​ ស្រុកស្រែ​អំបិល​ ខេត្ដកោះកុង​ នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​។​ លោក​ ធូ វីរៈ​ រាយការណ៍​ ៖​

 

សត្វអណ្ដើកហ្លួង ប្រភពរូបពី អង្គការ WCS

 

​សត្វ​អណ្ដើក​ហ្លួង​ គឺជា​ប្រភេទ​សត្វ​ល្មួ​ន​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ នៅ​លើ​សាកលលោក​ និង​ជា​សត្វ​អណ្ដើក​មួយ​ប្រភេទ​ក្នុង​ចំណោម​អណ្ដើក​ទាំង​ ២៥​ប្រភេទ​ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាងគេ​បំផុត​លើ​សាកលលោក​។​ ពពួកសត្វ​អណ្ដើក​ហ្លួង​ មាន​វត្ដមាន​ រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ថៃ​ តែ​ប៉ុណ្ណោះ​ ហើយ​ចំនួន​របស់​ពួក​វា​ នៅ​លើ​សាកលលោក​មាន​មិន​ដល់​ ៥០០​ក្បាល​នោះ​ទេ​។​

​សត្វ​អណ្ដើក​ហ្លួង​ត្រូវ​បាត់​កំណត់​ ជា​ប្រភេទ​សត្វ​ល្មួ​ន​ដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​ និង​ត្រូវ​បាន​ដាក់​ជា​ប្រភេទ​សត្វ​ល្មួ​ន​ តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ យោង​ទៅ​តាម​អនុក្រឹត្យ​ ដែល​ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០០៥​។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមាគម​អភិរក្ស​សត្វព្រៃ​ សត្វ​អណ្ដើក​ហ្លូ​ង​ទាំង​ ២៥​ ក្បាល​នេះ​ មុន​ពេល​ត្រូវ​បាន​ព្រ​លែង​ឲ្យ​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ ក្រុម​គ្រូពេទ្យ​សត្វ​ មក​ពី​សួនសត្វ​ប្រ​ន់​ នៃ​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​តាមដាន​សុខភាព​របស់​ពួក​វា​ និង​បាន​ដាក់​ឧបករណ៍​តាមដាន​ ដើម្បី​ដឹង​ពី​ការ​រស់រាន​ និង​ប​ម្លា​ស់​ទី​របស់​ពួក​វា​ ក្នុង​ព្រៃ​ធម្មជាតិ​នេះ​។​

​តាម​លោក​ សោម​ ស៊ី​ថា​ ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្ដកោះកុង​ របស់​អង្គការ​ WCS​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ពេល​ថ្មីៗ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ហាមឃាត់​សកម្មភាព​បូម​ខ្សាច់​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ ដែល​ជា​ដំណឹង​ដ៏​ល្អ​បំផុត​មួយ​ សម្រាប់​ការងារ​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​ ពីព្រោះ​វា​បាន​ជួយ​ការពារ​ និង​ ថែរក្សា​ប្រព័ន្ធ​ព្រែក​ស្រែក​អំបិល​ ដែល​ជាទី​ជម្រក​ធម្មជាតិ​ និង​ ជា​កន្លែង​ពង​កូន​តែ​មួយ​គត់​របស់​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​។​ ជាង​នេះ​លោក​ សោម​ ស៊ី​ថា​ មាន​សុទិដ្ឋិនិយម​ថា​ ការ​លែង​អណ្ដើក​ហ្លូ​ង​លើក​នេះ​ នឹង​ទទួល​បាន​ជោគជ័យ​ដូច​កាលពី​ឆ្នាំ​២០១៥​ ដែល​បាន​ព្រ​លែង​ចំនួន​ ២១​ក្បាល​ចូល​ព្រៃ​ធម្មជាតិ​ ហើយ​ជា​លទ្ធផល​រយៈពេល​ ២​ឆ្នាំ​ឃើញ​ថា​ ជាង​ ៨៥​ភាគរយ​ នៃ​សត្វ​អណ្ដើក​ហ្លួង​បាន​បន្ដ​រស់រាន​មានជីវិត​។​

​តាម​ឯកសារ​ការ​ដាក់​ឈ្មោះ​អណ្ដើក​ហ្លូ​ង​ យ៉ាង​ដូច្នេះ​ពីព្រោះ​តែ​កាលពីមុន​មក​ គឺ​មាន​តែ​ក្រុម​គ្រួសារ​រាជ្យ​វង្ស​ប៉ុណ្ណោះ​ ដែល​អាច​សោយ​ពង​របស់​វា​បាន​។​

​សត្វ​អណ្ដើក​ហ្លូ​ង​ ត្រូវ​បាន​គេ​គិត​ថា​ វា​បាន​ផុត​ពូជ​ពី​កម្ពុជា​ ទៅ​ហើយ​ ក៏​ប៉ុន្ដែ​នៅ​ឆ្នាំ​២០០០​ វត្ដមាន​របស់​អណ្ដើក​ហ្លូ​ង​ត្រូវ​បាន​រដ្ឋបាល​ជលផល​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ធ្វើការ​សិក្សា​ស្រាវជ្រាវ​ និង​ រក​ឃើញ​ចំនួន​សេសសល់​តិច​តូច​ របស់​វា​កំពុង​រស់នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រុកស្រែ​អំបិល​ខេត្ដកោះកុង​។​ ទើប​ដល់​ឆ្នាំ​២០០១​ រដ្ឋបាល​ជលផល​ និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​រៀបចំ​កម្មវិធី​ការពារ​សំបុក​ ដោយ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​ នៅ​ក្នុងស្រុក​ស្រែក​អំបិល​ ដោយ​បាន​ជ្រើសរើស​យក​ អតីត​អ្នក​ប្រមូល​ពង​ និង​ កូន​ សត្វ​អណ្ដើក​ហ្លូ​ង​ ឲ្យ​ធ្វើការ​ជា​បុគ្គលិក​គម្រោង​ ដើម្បី​ស្វែងរក​ និង​ការពារ​សំបុក​សត្វ​អណ្ដើក​ហ្លូ​ង​ ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​ទៅ​លក់​។​

​ទន្ទឹម​នឹង​ការ​ព្រ​លែង​សត្វ​អណ្ដើក​ហ្លួង​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ ស្រុកស្រែ​អំបិល​ នៃ​ខេត្ដកោះកុង​នេះ​ លោក​ អ៊ុ​ក​ វិបុល​ ប្រ​ធា​នាយកដ្ឋាន​អភិរក្ស​ជលផល​ នៃ​រដ្ឋបាល​ជលផល​ មាន​ប្រសាសន៍​ថា​ ការ​ប្រមូល​យក​ពង​កូន​ ឬ​ចាប់​យក​មេ​ពូជ​អណ្ដើក​ហ្លួង​មក​លក់​ ឬ​ធ្វើ​ជា​ម្ហូប​ គឺជា​អំពើ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជ​។​ លើស​ពី​នេះ​លោក​ក៏​បាន​សំណូមពរ​ដល់​សាធារណជន​ ឲ្យ​ចូលរួម​អភិរក្ស​សត្វ​អណ្ដើក​ហ្លូ​ង​ ដោយ​កុំ​ទិញ​ និង​បរិភោគ​សាច់​ ឬ​ពង​សត្វ​អណ្ដើក​ហ្លូ​ង​បន្ដ​ទៀត​៕

Share

Image
Image
Image