loader

អង្គការ​ WCS​ រក​ឃើញ​ប្រភេទ​រុក្ខជាតិ​កម្រ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​

​ភ្នំពេញ​ ៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ នេះ​ បាន​រក​ឃើញ​ប្រភេទ​រុក្ខជាតិ​កម្រ​ជាង​ ៦០​ប្រភេទ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ស្ថិត​ក្នុង​ខេត្ដមណ្ឌលគិរី​ ដែល​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ទៅ​ដល់​តំបន់​នេះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

តំបន់​អភិរក្ស​សត្វ​ព្រៃ​ កែវ​សីមា​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​​។ រូបថត Edward Pollard-WCS ប្រភពរូបភាពី កាសែតភ្នំពេញប៉ុស្ដិ៍

 

​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ស្ថិត​នៅ​ខេត្ដមណ្ឌលគិរី​ បាន​ផ្ដល់​ជាទី​ជម្រក​ធម្មជាតិ​ដល់​សត្វព្រៃ​ និង​រុក្ខជាតិ​ជាង​ ៦០​ ប្រភេទ​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ជា​ប្រភេទ​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុត​ពូជ​។​ ដែនជម្រកសត្វព្រៃ​នេះ​ ក៏​មាន​សារៈសំខាន់​ជា​សាកល​ក្នុង​ការ​ភិ​រក្ស​ប្រភេទ​សត្វ​ពានរ​ ដែល​មាន​ដូច​ជា​សត្វ​ស្វា​កន្ទុយ​ស​ និង​ទោច​ថ្ពាល់​លឿង​។​ លើស​ពី​នេះ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ក៏​មាន​ពពួក​ខ្លា​ព្រៃ​ ដំរី​អាស៊ី​ ក្រុម​គោ​សាទិស​ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។​

ផ្ដាព្រៃនៅតំបន់​អភិរក្ស​សត្វ​ព្រៃ​ កែវ​សីមា​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​​ ប្រភពរូបភាពពី WCS

លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ នៃ​អង្គការ​ WCS​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃនេះ​ថា​ ការ​រក​ឃើញ​រុក្ខជាតិ​ដែល​កម្រ​នេះ​ គឺជា​រុក្ខជាតិ​ដែល​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ផ្ដល់​ផលប្រយោជន៍​ដល់​ជីវៈចម្រុះ​ផ្សេងៗ​ ដែល​មាន​ដូច​ជា​ផ្ដល់​ជាទី​ជម្រក​សត្វព្រៃ​ និង​សម្រាប់​ជា​អេកូ​ទេសចរណ៍​ ដល់​តំបន់​នេះ​។​ លោក​សំណូមពរ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ និង​ប្រជាពលរដ្ឋ​ គ្រប់​រូប​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​រក្សា​ ព្រៃឈើ​ដ៏​កម្រ​ និង​សត្វព្រៃ​ដែល​មាននៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​ ក៏​ដូច​ជា​តំបន់​ផ្សេងៗ​ផង​ដែរ​។​

​លោក​ សូត្រ​ វ៉ា​ន់​ឌឿ​ន​ ៖«​សុំ​ឲ្យ​មានការ​ចូលរួម​គ្រប់​ស្ថាប័ន​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ ក្នុង​ការ​ការពារ​បរិស្ថាន​ មាន​សត្វព្រៃ​ ព្រៃឈើ​ទាំងអស់​ហ្នឹង​ ដែល​ជា​ប្រភេទ​កម្រៗ​ ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ជា​ពិសេស​នៅ​ក្នុង​តំបន់​កែវ​សីមា​ហ្នឹង​តែ​ម្ដង​ ហើយ​ក៏​ជា​តំបន់​ដែល​មាន​សក្ក​ដា​នុ​ពល​។​ និយាយ​ទៅ​គឺ​ត្រូវ​មានការ​ចូលរួម​ទាំងអស់​គ្នា​ ហើយ​សុំ​ឲ្យ​មានការ​ចូលរួម​ពី​យុវជន​ សិ​ស្សា​ នុ​សិស្ស​ ឲ្យ​មានការ​ស្វែង​យល់​ យល់​ដឹង​ រួមចំណែក​ទាំងអស់​គ្នា​»​។​

ទឹកជ្រោះនៅតំបន់​អភិរក្ស​សត្វ​ព្រៃ​ កែវ​សីមា​ នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​​​ ប្រភពរូបភាពពី WCS

លើស​ពី​នេះ​លោក​បន្ដ​ថា​ តាម​រយៈ​បទ​ពិសោធន៍​ដែល​លោក​បាន​ដើរ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ រយៈពេល​ជាង​ ១០​ឆ្នាំ​កន្លង​មកនេះ​ លោក​បាន​មើលឃើញ​ថា​ ដែនជម្រកសត្វព្រៃ​កែវ​សីមា​ គឺជា​ដែនជម្រកសត្វព្រៃ​ដ៏​អស្ចារ្យ​មួយ​ និង​ពិតជា​ស្រស់​ស្អាត​ខ្លាំង​ ដែល​ក្រៅពី​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​សំខាន់ៗ​ ហើយ​ តំបន់​នេះ​មាន​ប្រភេទ​រុក្ខជាតិ​កម្រ​ និង​ផ្កា​ចម្រុះ​ពណ៌​ជា​ច្រើន​ប្រភេទ​ ហើយ​ជា​ពិសេស​ គឺ​មាន​ទឹកធ្លាក់​ធម្មជាតិ​ជាង​ ១០​កន្លែង​ ដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្ដរជាតិ​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​។​

​គួរ​ជម្រាប​ថា​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ និង​ប្រជាជន​សហគមន៍​ បាន​និង​កំពុងធ្វើការ​រួម​គ្នា​ដើម្បី​ថែរក្សា​ និង​ការពារ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​ អស់​រយៈពេល​ជាង​ ២០​ឆ្នាំ​កន្លង​មក​ហើយ​។​ សកម្មភាព​អភិរក្ស​សំខាន់ៗ​ រួម​មាន​ការងារ​អនុវត្ដ​ច្បាប់​ សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជា​សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​ ការ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វ​ និង​រុក្ខជាតិ​ ការ​ចុះបញ្ជី​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ គម្រោង​ចិញ្ចឹមជីវិត​ប្រជា​សហគមន៍​ និង​គម្រោង​ទេសចរណ៍ធម្មជាតិ​ជាដើម​៕

ព័ត៌មានទាក់ទង

សមាគមកម្ពុជាការពារអ្នកកាសែត៖ សេរីភាពសារព័ត៌មានកម្ពុជាមានភាពល្អប្រសើរ

សមាគមកម្ពុជាការពារអ្នកកាសែត អះអាងថា សេរីភាពសា[...]

លោក ជា សុផារ៉ា ប្តេជ្ញាចិត្តដោះស្រាយវិវាទដីធ្លីលើដំណាំអំពៅឱ្យបានចប់ជាស្ថាពរ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង[...]

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត