loader

អង្គការ​ស្ត្រី​មួយ​មើលឃើញ​ថា​ មេឃុំ​ស្ដ្រី​ដែល​ទើប​ជាប់​ឆ្នោត​នៅ​តែ​ទទួល​ការ​រើសអើង​​

ភ្នំពេញ​៖​ ជិត​ ២​ខែ​ ហើយ​ដែល​មេឃុំ​ទទួល​ជ័យជម្នះ​ចាប់ផ្ដើម​ចូល​កាន់​តំណែង​របស់​ខ្លួន​។​ គិត​មក​ដល់​ខែសីហា​ នេះ​ សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​ រក​ឃើញ​ថា​ ថ្វី​ត្បិត​តែ​មានការ​ប្រកាស​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​មានការ​លើកកម្ពស់​សិទ្ធិ​ស្ដ្រី​យ៉ាងណា​ក្ដី​ ក៏​ប៉ុន្ដែ​មេឃុំ​ស្ដ្រី​មួយ​ចំនួន​ធំ​នៅ​តែ​ទទួល​រង​ការ​រើសអើង​ពី​ក្រុមប្រឹក្សា​ជា​បុរស​។​

​កញ្ញា​ សេង​ រាសី​ ជំនួយការ​នាយិការ​ប្រតិបត្តិ​អង្គការ​ Silaka​ និង​ជា​អ្នកសម្របសម្រួល​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ តាម​ការ​ចុះ​មូលដ្ឋាន​ដោយ​ផ្ទាល់​របស់​ក្រុមការងារ​កញ្ញា​ បាន​រក​ឃើញ​ថា​ មេឃុំ​ស្ដ្រី​នៅ​តែ​ទទួល​រង​ការ​រើសអើង​ពី​បុរស​ ជា​ពិសេស​គឺ​មេឃុំ​ស្ដ្រី​ដែល​ទើប​ចូល​កាន់​តំណែង​ថ្មីថ្មោង​ដោយ​មិន​ថា​ មក​ពី​គណបក្សប្រឆាំង​ ឬ​ក៏​មក​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ​។​

​លើស​ពី​នេះ​កញ្ញា​ រាសី​ បន្ដ​ទៀត​ថា​ ក្រុមប្រឹក្សា​បុរស​គួរ​គិត​ជា​ថ្មី​ពី​មូលហេតុ​ដែល​ខ្លួន​បាត់បង់​ការ​គា​ទ្រ​ ហើយ​គួរតែ​បញ្ឈប់​ការ​រើសអើង​លើ​ស្ដ្រី​ដោយ​ងាក​មក​ចាប់ដៃ​គ្នា​ដើម្បី​កសាង​ភូមិ​ឃុំ​ បម្រើ​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ទើប​ជា​ការ​ប្រសើរ​។​ កញ្ញា​ សេង​ រាសី​៖«​ខ្ញុំ​គិត​ថាបើ​គាត់​តម្កល់​កិច្ច​ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ហ្នឹង​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​រួម​នឹង​កាត់​បន្ថយ​ការ​រើសអើង​ ជំ​ឈាន​ទី​១​ យើង​និយាយ​ពី​កិច្ច​ការងារ​ គឺ​យើង​មិន​និយាយ​ពី​រឿង​ស្ដ្រី​នឹង​បុរស​ទេ​»​។​

​យ៉ាងណា​អ្នកសម្របសម្រួល​គម្រោង​នៃ​គណៈ​ក​ម្មា​ការ​លើក​ស្ទួយ​ស្ដ្រី​រូប​នេះ​ យល់​ថា​ បុរស​គួរតែ​រីករាយ​ខណៈ​មាន​ស្ដ្រី​ជួយ​ការងារ​ច្រើន​ក្នុង​ឃុំ​សង្កាត់​ ព្រោះ​ស្ដ្រី​ជាស​ភាវៈ​ងាយ​យល់​ និង​ងាយ​ចុះសម្រុង​ជាមួយ​មនុស្ស​គ្រប់​វ័យ​។​

​ចំណែក​ចៅសង្កាត់​ អូរ​ចា​ នៅ​ខេត្ដបាត់ដំបង​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ឡើង​កាន់​តំណែង​នាង​បាន​ធ្វើ​ការងារ​ជា​ច្រើន​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ពិសេស​គឺ​ស្ដ្រី​ និង​កុមារ​ ដែល​ជា​យូរ​មក​ហើយ​មិន​ត្រូវ​បាន​យកចិត្ដ​ទុក​ពី​អាជ្ញាធរ​គ្រប់គ្រាន់​។​ ក៏​ប៉ុន្ដែ​ចៅសង្កាត់​វ័យក្មេង​រូប​នេះ​ហាក់​មានការ​អាក់អន់ចិត្ដ​ខ្លះ​ដែរ​ ការ​ដែល​មានការ​ចោទប្រកាន់​នាង​ថា​ ធ្វើ​ការងារ​ដោយ​ប្រកាន់​បក្សពួក​ និង​មិន​ព្រម​ធ្វើការ​ជាមួយ​មន្ដ្រី​ចាស់​ ដែល​ធ្លាប់​កាន់ការ​កាលពី​អាណត្ដិ​មុនៗ​។​

​កញ្ញា​ ស៊ិ​ន​ ចាន់​ពៅ​រ៉ូ​ហ្សិត​៖«​មាន​តែ​ខ្ញុំ​ទេ​ដែល​ត្រូវ​បាន​គេ​រើសអើង​ មក​ដល់​ម៉ោង​នេះ​ខ្ញុំ​មិន​ដែល​ឃើញ​មន្ដ្រី​ដែល​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មក​អង្គុយ​តុ​ធ្វើការ​ជាមួយ​គ្នា​ បម្រើ​ប្រជាពលរដ្ឋ​ផង​ហ្នឹង​ ខ្ញុំ​បាន​សម្រួល​ដាក់​តុ​ដាក់​ទាំង​ឈ្មោះ​ទៀត​ក៏​ប៉ុន្ដែ​ខ្ញុំ​មិន​ដែល​ឃើញ​គាត់​មក​ធ្វើការ​រួម​គ្នា​ផង​»​។​ ទោះជា​យ៉ាងនេះ​ក្ដី​មេឃុំ​ស្ដ្រី​វ័យក្មេង​រូប​នេះ​ មិន​បោះបង់​ចោលការ​ធ្វើ​ការងារ​ប្រកបដោយ​ឆន្ទៈ​ដើម្បី​បម្រើ​ពលរដ្ឋ​ក្នុង​សង្កាត់​អូរ​ចារ​បស់​ខ្លួន​ឡើយ​។​

​ទាក់ទិន​រឿង​នេះ​សម្រាប់​ចៅសង្កាត់​ជើង​ចាស់​ដែល​បាន​កាន់ការ​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​សង្កាត់​បឹង​កេងកង​ទី​១​ ឈាន​ ដល់​អាណ​តិ្ដ​ទី​៤​ គឺ​លោកស្រី​ ប្រាក់​ ម៉ា​លី​ យល់​ឃើញ​ថា​ ពិតជា​មាន​គឺ​មិន​អត់​ឡើយ​ករណី​ក្រុមប្រឹក្សា​បុរស​ មានការ​រើសអើង​លើ​ស្ដ្រី​ដែល​ទើប​ទទួល​តំណែង​ថ្មី​ ឬ​មក​ពី​បក្ស​ខុស​គ្នា​។​ ក៏​ប៉ុន្ដែ​លោកស្រី​ ម៉ា​លី​ គិត​ថា​ ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​គេ​គឺ​ចាំបាច់​បំផុត​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ ស្វែងរក​ចំណុច​ដែល​មិន​ចុះសម្រុង​គ្នា​ឲ្យ​ឃើញ​ ប្រសិនបើ​ទាំង​ចៅសង្កាត់​ និង​សមាជិក​ទាំងអស់​ពិតជា​មាន​ឆន្ទៈ​បម្រើ​ពលរដ្ឋ​ពិតមែន​។​ លោកស្រី​ ប្រាក់​ ម៉ា​លី​ ៖«​ចៅសង្កាត់​យើង​ត្រូវ​តែ​ហៅ​មក​ប្រជុំ​ដើម្បី​បែងចែក​ការងារ​ ឲ្យ​គេ​ធ្វើ​គ្រប់​គ្នា​ ហើយ​បែងចែក​ការងារ​ឲ្យ​គេ​ច្បាស់លាស់​ហើយ​ គេ​ធ្វើ​មិន​បាន​ មិន​ធ្វើ​ រក​មូលហេតុ​ ហើយ​បើ​គាត់​នៅ​តែ​មិន​ធ្វើ​យើង​រក​អ្នក​ដែល​គេ​ធ្វើ​បាន​ដាក់​ជំនួស​គាត់​ដើម​ម្បី​ឲ្យ​ភ្ញាក់រលឹក​»​។​

​លោកស្រី​ចង់​ឲ្យ​មេឃុំ​ ចៅសង្កាត់​ ទូ​ទាំង​ប្រទេស​គិតគូរ​ឡើង​វិញ​ពី​ការ​បម្រើ​ពលរដ្ឋ​ ជា​ជាង​ការ​កាច់​កុង​គ្នា​ដើម្បី​តែ​ផលប្រយោ​ជន៍​​បុគ្គល​។​ តាម​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ កាលពី​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា​ ចំនួន​ស្ត្រី​ ជាប់​មេឃុំ​កាល​មាន​ ៣៣​នាក់​ ក្នុង​ចំណោម​មេឃុំ​ទូ​ទាំង​ប្រទេស​ ១៦៤៦៕​

អត្ថបទ​ដោយ​លោក​ លៀ​ ស៊ី​ណា​

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

កញ្ញា​ សាន​ ស្រី​មុំ​ សិស្ស​និទ្ទេស​ “A”​ ខេត្ដកំពង់ធំ​ បាន​ពិន្ទុ​គណិត​វិទ្យា​ខ្ពស់​ជា​គេ​ទូ​ទាំង​ប្រទេស​ ១២៥/១២៥

កញ្ញា សាន ស្រី​មុំ​ ​អះអាង​ថា​ ការប្រឡងបាននិទ[...]

ស្ដ្រី​អ្នកជំនាញ​កសិកម្ម​ចំណាយពេល​ ៩​ឆ្នាំ​ក្នុង​ការ​ជំរុញ​កសិ​ករ​បញ្ឈប់​ការ​ប្រើ​ជីគីមី​

អ្នកស្រី​ លី​ ប៉ោ​ជូ ​អ្នក​ជំនាញការ​ប្រើប្រាស[...]

នាយក​វិទ្យាល័យ​ ៖​ សិស្ស​ស្រី​ខិតខំ​សិក្សា​ជាង​សិស្ស​ប្រុស​ទើប​សាលា​របស់​លោក​និទ្ទេស​ “A”​ សិស្ស​ស្រី​ជាប់​ច្រើន​ជាង​ប្រុស​

​ភ្នំពេញ​៖​ នាយក​វិទ្យាល័យ​ចំនួន​ ៣​ បង្ហាញ​ក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត