en     km
en     km

អង្គការអន្តរជាតិធំៗរួមនឹងសហប្រធានសន្នីសីទក្រុងប៉ារីសបារម្ភខ្លាចកម្ពុជាធ្លាក់ក្នុងរបបផ្ដាច់ការ

Share

ភ្នំពេញ៖ ឃើ់ញថា រយៈប៉ុន្មានថ្ងៃមកនេះ ប្រតិកម្ម ជាច្រើន ទាំងខាងរដ្ឋភិបាល អន្តរជាតិមានដូចជាអាមេរិក អង់គ្លេស អូស្ត្រាលី សហភាពអឺរ៉ុប និងអង្គការអន្តរជាតិ រួមអង្គការសហប្រជាជាតិបាន ទាមទារដោះលែងលោក កឹម សុខា និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ តែសម្រាប់ថ្ងៃនេះ យ៉ាងតិចមានអង្គការអន្តរជាតិធំៗ ២ទៀត  រួមទាំងប្រទេសបារាំង សហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងក្រុងប៉ារីសសម្រាប់កម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភ ពីការនាំប្រទេសធ្លាក់ក្នុងការគ្រប់គ្រងបែបផ្ដាច់ការដោយទាមទារស្ដារលទិ្ធប្រជាធិបតេយ្យឡើងវិញ។តែអ្នកនាំពាក្យបក្សកាន់អំណាចហៅប្រតិកម្មរបស់អន្តរជាតិទាំងនេះ ថា ការលើកឡើងរបស់សហគមន៍អន្ដរជាតិគ្មានមូលដ្ឋាន។

កញ្ញា ឈុំ ច័ន្ទរចនា រាយការណ៍ជូនពីព័ត៌មាននេះ!

 

ក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិ  ខណៈស្ថាប័នពត៌មានមួយចំនួនត្រូវបានបិទការផ្សាយ អង្គការអន្តរជាតិមួយចំនួនរួមនឹង ប្រទេសបារាំងបាន បង្ហាញក្ដីបារម្ភថា កម្ពុជាអាចនឹងធ្លាក់ក្នុងរបបផ្ដាច់ការដោយទាមទារ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។

លោក កឹម សុខា ព្រមទាំងអង្គរក្សរបស់លោកជាច្រើននាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អធ្រាត្រឈានចូលថ្ងៃ   ​       ​អាទិត្យទី០៣ កញ្ញានេះ ពីបទក្បត់ជាតិ។

ថ្មីៗនេះ កាសែតអន្តរជាតិ Cambodia Daily ក៏បានប្រកាសឈប់ដំណើរការកាលពីថ្ងៃ ទី០៤ កញ្ញា ដោយសារជំពាក់ពន្ធរដ្ធ ៦.៣លានដុល្លារ ខណៈ ស្ថាប័នពត៌មានជាច្រើន ត្រូវបានបិទមិនឲ្យផ្សាយតាមវិទ្យុ។

ស្របពេលដែលលោក កឹម សុខាត្រូវបានចោទជាផ្លូវការពីបទ “សន្ទិដ្ឋិភាពជាមួយបរទេស” កាលពីថ្ងៃ ទី០៥ កញ្ញា ក្នុងថ្ងៃដដែលនោះ អង្គការអន្តរជាតិ Global Witness ចេញសេចក្ដីថ្លែងការណ៍ មួយដែលបង្ហាញពីក្ដីកង្វល់របស់ខ្លួនចំពោះរឿងនេះ។

Global Witness បានសរសេររៀបរាប់អំពីការបិទ Cambodia Daily ការឃាត់ខ្លួនប្រធាន គណៈបក្សប្រឆាំង ការបិទការផ្សាយពត៌មានតាមវិទ្យុ និងការចាប់ខ្លួនអ្នកលេងបណ្ដាញ សង្គមដែលរិះគន់រដ្ឋាភិបាល ក្រោមចំនងជើងថា “កម្ពុជាឈានចូលរបបផ្ដាច់ការ” ។

Global Witness ថា៖ទង្វើទាំងនេះនឹងជំរុញឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការបញ្ចេញមតិ”។

ជាមួយគ្នានោះដែរ​ អង្គការ Amnesty International ក៏បានចេញពត៌មានមួយទាក់ទិន មុនពេលដែលកាសែតCambodia Daily បានបិទ។

នាយកអង្គការ Amnesty International ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិច លោក James Gomes និយាយថា៖ “នេះគឺជាថ្ងៃដែលគួរឱ្យព្រួយបារម្ភសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា។ អាជ្ញាធរបានបិទសំឡេងឯករាជ្យមួយនេះ ក្នុងចំណោមប្រព័ន្ធផ្សព្វ ផ្សាយដទៃទៀតយ៉ាងឆាប់រហ័ស ដោយគ្មានការអនុគ្រោះ”។

លោកបន្តទៀតថា៖ “ការចាប់ខ្លួនលោកកឹម សុខា បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាល កម្ពុជាកំពុងប្រើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌដើម្បីធ្វើជាឧបករណ៍ក្នុងការគាបសង្កត់ និងកំពុងតែចង់កំចាត់គណបក្សប្រឆាំងចេញពីការបោះឆ្នោតឆ្នាំក្រោយ ។”

លោក James Gomes ទាមទារឲ្យមានការដោះលែងលោកកឹម សុខាភ្លាមដោយគ្មាន លក្ខខណ្ឌ ខណៈអំពាវនាវឲ្យសហគមន៍អន្តរជាតិចូលមកជួយដោះស្រាយ។

ថ្មីៗនេះ ស្ថាប័នពត៌មានស្វីស Arbetet ក៏បានចោទជាសំនួរ សួរទៅកាន់រដ្ឋាភិបាលកម្ពុជា ពីកាតព្វកិច្ចរបស់ខ្លួនក្នុងសន្ធិសញ្ញាជាសាកល ទាក់ទិននិងការគោរពសិទ្ធិមនុស្ស និងសេរី ភាពក្នុងការបញ្ចេញមតិ។

កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១៦ ដែលបានចុះសន្ធិសញ្ញាជាសាកល នេះ។ យ៉ាងណាមិញ កម្ពុជាត្រូវបានអ្នកជំនាញអន្តរជាតិជាច្រើនរូបថា បានបំពាន លក្ខខណ្ឌដែលមានចែងក្នុងសន្ធិសញ្ញានេះ និងកំពុងឈានទៅរបបផ្ដាច់ការ។

ការបិទស្ថាប័នពត៌មាន និងការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងនេះ បានបង្កើតជាកង្វល់ដល់ សហភាពអ៊ឺរ៉ុប និងអង្គការសិទ្ធិមនុស្សជាច្រើនទៀត ចំពោះការអនុវត្តដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។ស្របពេលនេះដែរ បារាំងបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា។

រដ្ឋាភិបាលបារាំងអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបន្តដើរលើផ្លូវប្រជាធិបតេយ្យឡើងវិញ ក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៨នេះ។

បារាំង រួមសហការជាមួយសហភាពអ៊ឺរ៉ុប និងជួយកម្ពុជា ក្នុងការសម្រេចឲ្យបាននូវគោលដៅនៃការរៀបចាំការបោះឆ្នោត រហូតដល់ទីបញ្ចប់។នេះ បើតាមគេហទំព័រ France Diplomatie ។

សម្រាប់អ្នកសង្កេតការណ៍កិច្ចការសង្គមនិងប្រជាធិបតេយ្យ ហាក់មិនបានយល់ស្របទាំងស្រុងថា កម្ពុជា កំពុងដើរទៅរក ការគ្រប់គ្រងបែបផ្ដាច់ការនោះទេ។

លោក ឯម សុណ្ណារ៉ា សាស្ត្រាវិទ្យាសាស្ត្រនយោបាយគិតថា ស្ថានភាពនេះ អាចវិលល្អវិញ បានតែលោកព្រមានថា បើ សហគមន៍អន្តរជាតិលែងនិយាយជាមួយកម្ពុជាបាន គឺ គេអាចចាត់វិធានការណាមួយ ជាក់ស្ដែងលើករណីដូចជា សហប្រតិបត្តិការពាណិជ្ជកម្មជាដើម ។

លោក ឯម សុណ្ណារ៉ា៖ជាទូទៅ តាមគោលការណ៍អន្តរជាតិ បណ្ដាប្រទេសផ្សេងៗគេមិនមានយន្តការធម៌ក្ដៅ ចាប់កម្ពុជាឲ្យគោរពទេ តែវាអាចការផ្ដាច់ជំនួយយោធា ជំនួយរដ្ឋាភិបាល ដកឬបិទមិន ឲ្យនាំចូល ទៅទីផ្សារគេ ដូចនៅសហភាពអ៊ឺរ៉ុប ឬអាមេរិក វាជាយន្តការដែលអាចមាន នៅពេលខាង មុខ ប្រសិន រដ្ឋាភិបាលកម្ពុជានៅតែប្រកាសថាខ្លួនឯងធ្វើត្រូវ ហើយ សហគមន៍អន្តរជាតិថា មិនត្រឹមត្រូ”។

រដ្ឋាភិបាលកម្ពុជា និងបក្សកាន់អំណាចតែងតែ ចាត់ទុកកម្ពុជា ខ្លួន ឯងថាកំពុងដើរលើផ្លូវត្រូវ គឺ មិនថា ឡើយករណីលោកកឹមសុខា សូម្បីករណី លោកសមរង្ស៊ី ឬ ករណីឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស ក្ដី គឺសុទ្ធតែជាការពង្រឹងនីតិរដ្ឋ។

លោក សុខ ឥសាន្ត អ្នកនាំពាក្យបក្សកាន់អំណាចមានប្រសាសន៍ ច្រាន់ចោលការចោទថា កម្ពុជា កំពុងដើរទៅរកការគ្រប់គ្រងបែបផ្ដាច់ការ។ លោកចាត់ទុកប្រតិកម្មរបស់ អន្តរជាតិ ទាំងនេះ ថាគ្មានមូលដ្ឋាន ត្រឹមត្រូវ ខណៈលោក អះអាងថា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង សន្តិភាព ត្រឹមត្រូវហើយ ។

តែយ៉ាងណា ក៏ដោយក្នុងចំណោមអ្នកប្រតិកម្មគឺប្រទេសបារាំងជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស២៣ តុលា១៩៩១ ដែលធ្វើឱ្យកម្ពុជា ពន្លត់សង្រ្គាមស៊ីវិល ហើយនាំឱ្យមានការអនុវត្ត សេរីពហុបក្ស និងការអភិវឌ្ឍសម្រាប់កម្ពុជា មកដល់ពេលនេះ៕ (អត្ថបទ៖ កញ្ញា ឈុំ ចាន់រចនា)

Share

Image
Image
Image