en     km
en     km

អង្គការសិទ្ធិមនុស្សស្នើសុំឲ្យបញ្ឈប់ការបណ្ដេញជនជាតិម៉ុងតាញ៉ាវៀតណាមចេញពីកម្ពុជា(មានសំឡេង)

Share

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កាលពីថ្ងៃទី១២ កញ្ញានេះ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបណ្ដេញជនជាតិម៉ុងតាញ៉ាទៅប្រទេសវៀតណាមវិញ ដោយថា នេះជាការបំពានកាតព្វកិច្ចជាតិនិងអន្តរជាតិ។ តែមន្ត្រីសិទ្ធិមនុស្សកម្ពុជាមិនយល់ឃើញដូចនេះទេ ។ កញ្ញា ឈុំ ចន្ទរចនា រាយការណ៍៖

 

ថ្មីៗនេះ ក្រសួងមហាផ្ទៃកម្ពុជាបានជំទាស់ការតាំងទីលំនៅឲ្យជនជាតិម៉ុងតាញ្ញ៉ាវៀតណាម ចំនួន ២៩រូបនៅកម្ពុជា ហើយបដិសេធការវាយតម្លៃរបស់ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដោយរារាំងមិនឲ្យបញ្ជូនជន ភៀសខ្លួនទាំងនោះ ទៅប្រទេសទី៣។នេះបើយោងតាមការលើកឡើងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)​។

ទាំង Human Rights WatchទាំងUNHCR   លើកឡើងថា ជនភៀសខ្លួនម៉ុងតាញ៉ាទាំងអស់នេះ អាចនឹងប្រឈមមុខនឹងការ ដាក់ទោសយ៉ាង ធ្ងន់ធ្ងរទាំងទោសនយោបាយ និងសាសនា ប្រសិនបើពួកគេត្រឡប់ទៅ ប្រទេសវិញ។

ជនជាតិម៉ុងតាញ៉ាវៀតណាមដែលត្រូវបានកម្ពុជាបញ្ជូនត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ ភាគច្រើនត្រូវបានឃុំខ្លួនទទួលទារុណ កម្ម និងខ្លះទៀតត្រូវបានបង្ខំឲ្យសារភាពទោសកំហុសពីសំណាក់សមត្ថកិច្ចវៀតណាម។ នេះបើយោងតាម ប្រភពព័ត៌មានរបស់អង្គការ Human Rights Watch។

នាយករងអង្គការសិទ្ធិមនុស្ស ប្រចាំអាស៊ី លោក Phil Robertson ថា កម្ពុជាមិនគួរបញ្ជូនជន ភៀសខ្លួនទាំងអស់ នោះទៅវិញទេ ដោយសារតែពួកគេអាចប្រឈមមុខនឹងការកាត់ទោស ធ្ងន់ធ្ងរ ហើយប្រសិនបើកម្ពុជានៅតែបង្ខំពួកគេទៅវៀតណាមវិញវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាមេដឹកនាំថ្នាក់តំបន់ក្នុងការការពារសិទ្ធិជនភៀសខ្លួន។

Human Rights Watchបានរម្លឹកថា កម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញា ឆ្នាំ ១៩៥១ ស្ដីពីជនភៀសខ្លួន និងពិធីសារឆ្នាំ ១៩ ៦៧ និងអនុសញ្ញាឆ្នាំ១៩៨៤ ប្រឆាំងនឹងការធ្វើទារុណកម្ម និងការប្រព្រឹត្តឃោរឃៅ អមនុស្សធម៌។ ក្រោមសន្ធិសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាមានតួនាទីបញ្ឈប់ការបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសដែលអាចធ្វើទារុណកម្មពួកគេ។

អនុក្រឹត្យលេខ 224/2009 ក៏ស្តីពីនីតិវិធីសម្រាប់ការទទួលស្គាល់ជាជនភៀសខ្លួនឬការផ្តល់សិទ្ធិជ្រកកោនដល់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយចែងថាជនភៀសខ្លួន “នឹងមិនត្រូវបានបណ្តេញចេញឬវិលត្រឡប់ទៅក្នុងដែនដីណាដែលជីវិតរបស់ខ្លួនសិទ្ធិសេរីភាពឬសិទ្ធិត្រូវបានគំរាមកំហែងដោយសារតែពូជសាសន៍សាសនាជាតិសញ្ជាតិរបស់ខ្លួនក្នុងក្រុមសង្គមឬមតិយោបល់នយោបាយណាមួយឡើយ ”។

ឆ្លើយតបនឹងការលើកឡើងនេះអ្នកនាំពាក្យនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អន ថាការចោទប្រកាន់នេះមិនមែនជារឿងត្រឹមត្រូវ ឡើយ។ 

លោក កត្តា​ អន ៖ “វាមិនមែនជារឿងត្រឹមត្រូវនោះទេ ពួកគាត់មិនបានមើលច្បាប់ ពួកគាត់មិនបាន ដឹងពីស្ថានការណ៍ទូទៅនៃឋានៈជនភៀសខ្លួនទាំងនោះ ចឹងហើយការវាយតម្លៃមកលើរដ្ឋា ភិបាលជារឿងដែលយើងមិនអាចទទួលយកបានទេ”។

លោកថា កម្ពុជាមិនបានបំពានច្បាប់អន្តោប្រវេស៍ឬសិទ្ធិមនុស្សអ្វីទេ  គឺជនជាតិម៉ុងតាញ៉ាទាំងអស់នោះបានឆ្លងចូលកម្ពុជាខុសច្បាប់និងបានរំលោភអធិបតេយ្យភាពកម្ពុជាដែលករណីនេះ រដ្ឋាភិបាលកម្ពុជាមានតួនាទីបញ្ជូនពួកគេត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីធានានូវអធិបតេយ្យភាពជាតិកម្ពុជា។

គួរបញ្ជាក់ផងដែរថា ម៉ុងតាញ៉ាជាជនជាតិភាគតិចវៀតណាមរស់នៅតំបន់ខ្ពង់រាបក្នុងខេត្តកៃឡៃដាក់ឡាក់ និងកុនធំ ប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់ខេត្តរតនគីរី និងមណ្ឌលគីរីដែលត្រូវឲ្យដឹងថារងការគាបសង្កត់ ការរើសអើសជាតិសាសន៍ និងការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល។

ចាប់តាំងពីឆ្នាំ ២០០១ មក ជនជាតិម៉ុងតាញ៉ាជាច្រើនពាន់នាក់បានរត់ពីប្រទេសខ្លួន មកសុំជ្រកកោននៅកម្ពុជា។តែយ៉ាងណាមិញ ជនជាតិម៉ុងតាញ៉ាជាច្រើននាក់ ត្រូវរដ្ឋាភិបាលកម្ពុជាបណ្ដេញទៅប្រទេសវៀតណាម។ 

កាលពីខែ សីហា ឆ្នាំ២០១៧នេះ កម្ពុជាទើបនឹងបញ្ជូនជនជាតិម៉ុងតាញ៉ាចំនួន ១៣នាក់ ទៅប្រទេសវៀតណាមវិញផងដែរ បន្ទាប់ពីពួកគេត្រូវបដិសេធការផ្ដល់ឋានៈជាជនភៀសខ្លួន និងការតាំងទីលំនៅនៅកម្ពុជា៕

Share

Image
Image
Image