loader

អង្គការសហប្រជាជាតិ​ទទូច​ឲ្យ​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​

ភ្នំពេញ​៖​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ (​អ​.​ស​.​ប​) ​បាន​ចេញ​សេចក្តីថ្លែងការណ៍​នៅ​ក្នុង​ខួប​ ២០​ឆ្នាំ​ ដោយ​ទទូច​រដ្ឋាភិបាល​លើ​ពិភពលោក​ជា​សមាជិក​នៃ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​ សេចក្ដីថ្លែងការណ៍​នេះ​ ធ្វើ​ស្រប​ពេល​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ប្រឈម​មុខ​នឹង​ដីកា​តុលាការ​។​ តែ​បែប​នេះ​ក្ដី​មន្ត្រី​រដ្ឋាភិបាល​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​។​

     លោក អំ សំអាត មន្រី្តស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ រងរបួសប៉ោងក្រោមភ្នែកខាងស្តាប់ដោយសារកម្លំាងខណ្ឌដូនពេញវាយ។

​សេចក្តីថ្លែងការណ៍​រួម​ដោយ​ក្រុម​ប្រធាន​ អនុប្រធាន​និង​សមាជិក​ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ និង​អ្នករាយការណ៍​ពិសេស​របស់​ស្ថាប័ន​នេះ​ ក្នុង​ ខួប​លើក​ទី​២០​ស្តី​ពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​លើ​ភព​លោក​។​ សេចក្ដីថ្លែងការណ៍​នេះ​ បាន​និយាយ​យោង​ដល់​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ជួយ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​ អភិវឌ្ឍន៍​ ការ​រក្សា​សន្តិភាព​ និង​សន្តិសុខ​ឲ្យ​ស្រប​ទៅ​តាម​ស្មារតី​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​តាម​រយៈ​សេចក្តីថ្លែងការណ៍​រួម​នេះ​អង្គការសហប្រជាជាតិ​ ទទូច​ឲ្យ​រដ្ឋ​ជា​ភាគី​នៃ​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ត្រូវ​លើកទឹកចិត្ត​កិច្ចការ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ផ្តល់​លទ្ធភាព​បំពេញការងារ​ដល់​ពួក​គេ​ដោយ​គ្មាន​ការ​បំភិតបំភ័យ​ និង​ការ​រំលោភ​បំពាន​។​

ការចេញ​សេចក្ដីថ្លែងការណ៍​នេះ ស្របពេល​ សកម្មជន​ដីធ្លី​ សកម្មជន​ការពារ​បរិស្ថាន​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​នាក់​កំពុង​ប្រឈម​ជាប់​ពន្ធនាគារ​ដោយសារ​សកម្មភាព​ការពារ​ដីធ្លី​និង​បរិស្ថាន​របស់​ខ្លួន​។​

​លោក​ អំ​ សំអាត់​ មន្ត្រី​ស៊ើបអង្កេត​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សមាគម​លី​កាដូ​ដែល​ធ្លាប់​ត្រូវ​បាន​កម្លាំង​ខណ្ឌដូនពេញ​វាយ​ឲ្យ​រង​របួស​ក្បាល​ក្នុងអំឡុងពេល​ចេញ​ទៅ​ឃ្លាំមើល​ការ​ធ្វើ​បាតុកម្ម​របស់​ សហគមន៍​ដីធ្លី​ ហើយ​លោក​ក៏​រង​ការ​ប្តឹង​ករណី​នេះ​ សង្កេត​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បំភិតបំភ័យ​ កំរាម​កំហែង​ និង​ជាប់​ពន្ធនាគារ​។​ លោក​ថា​ សេចក្ដីថ្លែងការណ៍​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ គឺជា​ការ​ឆ្លើយ​តប​នឹង​ស្ថានភាព​ជាក់ស្ដែង​នៃ​ប្រទេស​មួយ​ចំនួន​ដែល​អ្នក​ការពារ​សិ​ទិ្ធ​មនុស្ស​កំពុង​ ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​។​

​លោក​ អំ​ សំអាត៖​ «​យើង​ឃើញ​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ មានការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ហើយ​រង​នឹង​ការ​គំរាមកំហែង​ផ្សែងៗ​ទៀត​ ដែល​ផ្ទុយ​ពី​បទដ្ឋាន​អន្តរជាតិ​ជា​ពិសេសរ​ដ្ឋា​ជា​ភាគី​ដែល​បាន​ផ្តល់​សច្ចា ប័ន​ ឬ​ក៏​ផ្តល់​ហត្ថលេខី​ទៅ​លើ​កតិកាសញ្ញា​ ឬ​កិច្ចព្រមព្រៀង​ត្រូវ​តែ​អនុវត្តន៍​ ហើយ​ជំរុញ​ និង​លើកទឹកចិត្ត​ផ្តល់​កិច្ច​ការពារ​ទៅ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នោះ​បាទ​។​»

​ករណី​ អ្នកស្រី​ ទេព​ វ​ន្នី​ កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​កម្ម​ភាព​តវ៉ា​បញ្ហា​ជម្លោះដីធ្លី​តែ​អ្នកស្រី​រង​ការ​ចោទ​ពី​បទ​អំពើ​ហិង្សា​ដោយ​ចេតនា​ ត្រូវ​បាន​ អង្គការសិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ​ ចាត់​ទុក​អ្នកស្រី​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក​ ថា​ជា​អ្នក​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ដែរ​។​

​ជាមួយ​គ្នា​នេះ​ អ្នកស្រី​ ចក់​ សុភាព​ ប្រធាន​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ត្រូវ​បាន​តុលាការ​កោះហៅ​មក​សាកសួរ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំរឿង​អតីត​ប្រធាន​គណបក្សប្រឆាំង​ លោក​ កឹ​ម​ សុខា​ ហើយ​ លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រា​ល​ ក៏​ស្ថិត​ក្នុង​សំណុំរឿង​នេះ​ដែរ​។​

​ជុំវិញ​ការ​ទទូច​ឲ្យ​ការពារ​អ្នក​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ លោក​ ជិន​ ម៉ា​លី​ន​ អនុរដ្ឋលេខាធិកា​ក្រសួងយុត្តិធម៌​ ហើយ​ជា​សមាជិក​នៃ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​អ្នកនាំពាក្យ​សួង​យុត្តិធម៌​ ពន្យល់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនអាក្រក់​ពេក​ទេ​ ពោល​គឺ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ​ជាងគេ​ ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​។​

​លោក​ ជិន​ម៉ា​លី​ន​ មើលឃើញ​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​នឹង​កំពុង​បំពេញការងារ​ដោយ​សេរី​ តែ​លោក​ទទួលស្គាល់​ថា​ អ្នក​ការ ពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​នឹង​ផ្លូវ​តុលាការ​ដោយសារ​អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ​ដើរ​ហួស​ពី​តួនាទី​របស់​ខ្លួន​។​

​លោក​ ជិន​ម៉ា​លី​ន​៖​ «​យើង​ឃើញ​ថា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​គាត់​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​ឆ្ងាយ​ណាស់​។​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ឬ​អង្គការសិទ្ធិមនុស្ស​មួយ​ចំនួន​ធ្វើ​កម្ម​ភាព​ដោយ​សេរី​ មិន​មានការ​គៀបសង្កត់​ទេ​ លើកលែងតែ​មួយ​ចំនួន​តូច​ដែល​គាត់​ធ្វើ​សកម្មភាព​របស់​គាត់​លើស​ពី​អ្នក​ការពារ​ពី​ក្រម​ខណ្ឌ​នៃ​ការងារ​សិទ្ធិ​មនុស្ស​ ហើយ​ឲ្យ​តែ​ធ្វើ​សកម្មភាព​លើស​ពី​ក្រម​ខណ្ឌ​នៃ​ការងារ​សិទ្ធិ​មនុស្ស​វា​ចូល​ទៅ​ដល់​ការ​បំពាន​ច្បាប់​ វា​នាំ​ឲ្យ​មានការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​អ​ញ្ចឹ​ង​ហើយ​។​»

​តែ​ជាមួយ​គ្នា​នេះ​ សេចក្តីថ្លែងការណ៍​របស់​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​ បញ្ជាក់​ថា​ អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​មាន​ទួ​នាទី​វាយតម្លៃ​ និង​រាយការណ៍​អំពី​រដ្ឋ​និ​មួយៗ​បាន​បំពេញ​ ឬ​មិន​បំពេញ​កាត​កិច្ច​សន្ធិសញ្ញា​បាន​កម្រិត​ណា​ ហើយ​អង្គការ​សង្គម​ស៊ី​វិល​បាន​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ឃ្លាំមើល​ និង​វាយតម្លៃ​ការ​ អំពី​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ​។​

​អ្នករាយការណ៍​ពិសេស​សិទ្ធិ​មនុស្ស​គូសបញ្ជាក់​ថា​ ស្ថាប័ន​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ ទទួល​បាន​អត្ថប្រយោជន៍​ពី​ព័ត៌មាន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ផ្តល់​ឲ្យ​ និង​តាម​ឃ្លាំមើល​ការ​អនុវត្ត​សន្ធិសញ្ញា​ជា​ប្រយោជន៍​ ដើម្បី​ប្រកាស​អាសន្ន​ជា​មុន​ ហើយ​ក្រើនរំលឹក​ដល់​សហគមន៍​អន្តរជាតិ​នៃ​ការ​គំរាមកំហែង​ជាក់ស្តែង​អាច​កើត​មាន​ដល់​សន្តិភាព​ សេរីភាព​ និង​សន្តិសុខ​។​

​ក្រុម​អ្នក​ចេញ​សេចក្ដីថ្លែងការណ៍​បាន​ទទូច​ថា​ ប្រទេស​ជា​សមាជិក​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ត្រូវ​បញ្ជាក់​ជា​ថ្មី​ពី​សារៈសំខាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាច​ធ្វើ​សកម្មភាព​ដោយ​សេរី​ គ្មាន​ការ​ជ្រៀតជ្រែក​ការ​បំភិតបំភ័យ​ ការ​រំលោភ​បំពាន​ ការ​គំរាមកំហែង​ ការ​សង​ សឹង​ និង​រឹតត្បិត​ហួសហេតុ​ ហើយ​រដ្ឋ​ដែល​ទទួលស្គាល់​សន្ធិសញ្ញា​ត្រូវ​បង្ក​បរិយាកាស​អំណោយ​ ផល​ សុវត្ថិភាព​ ក្នុង​ការ​លើក​ស្ទួយ​សកម្ម ភាព​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​៕

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត