loader

ស្ថានទូតអាមេរិក៖ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨​ គឺកំហុសឆ្គង នាំឱ្យប៉ះពាល់ដល់ចិរភាព​នៃ​ការ​អភិវឌ្ឍ

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា ការបោះឆ្នោតសភានីតិកាលទី៦ នៅកម្ពុជាកាលពីឆ្នាំ ២០១៨ មិនតំណាងឱ្យឆន្ទៈពលរដ្ឋ មានកំហុសឆ្គងជាខ្លាំង ជាហេតុធ្វើឱ្យបាត់បង់នូវការលើកកម្ពស់កំណើនសេដ្ឋកិច្ច ។ ដោយឡែក លោកសម រង្ស៊ីបញ្ជាក់ម្ដងទៀតថា ការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ ។ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា ការបោះឆ្នោតកន្លងទៅជាការបោះឆ្នោតតាមឆន្ទៈប្រជាពលរដ្ឋ និងត្រឹមត្រូវទៅតាមច្បាប់ ។  

លោក សោម លាភ រាយការណ៍អំពីព័ត៌មាននេះ៖

កាលពីថ្ងៃទី២៩កក្កដា ២០១៨ គឺជាព្រឹត្តិការណ៍នៃការបោះឆ្នោតសភានីតិកាលទី ៦ នៅកម្ពុជា។

គិតមកពេលនេះ គឺមាន រយៈពេល ១ឆ្នាំគត់។

ដោយនឹកឃើញព្រឹត្តិការណ៍នេះ  សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ប្រទេសមហាអំណាចនេះប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ដោយហៅព្រឹត្តិការណ៍នោះថា ការបោះឆ្នោតមួយ ធ្វើឱ្យមានកំហុសឆ្គងជាខ្លាំង ។

ជាក់ស្ដែង ស្ថានទូតអាមេរិកបានសរសេរអត្តបទក្នុងន័យដើមថា «ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាងឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ» ។

ស្ថានទូតនេះសរសេរបន្ថែមទៀតថា ការបោះឆ្នោតនេះ បានផាត់ចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ​ដោយចាត់ទុកថានេះជាការរឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ មក ។

ក្នុងន័យនេះ សហរដ្ឋអាមេរិក បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ។ ការចាត់វិធានការជាក់ស្ដែងនោះ រួមទាំងធ្វើការទម្លាក់បទចោទប្រកាន់ទាំងឡាយដែលប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ អាមេរិកក៏ទាមទារឱ្យកម្ពុជា បញ្ចប់ការអនុវត្តនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួនបន្តទៅទៀត ។

នៅក្នុងអត្តបទរបស់សហរដ្ឋមេរិក មិនត្រឹមតែស្នើដល់រាជរដ្ឋាភិបាលតែប៉ុណ្ណោះនោះទេ ប្រទេសមហាអំណាចនេះ ក៏អំពាវនាវឱ្យមានការបើកទូលាយឱ្យប្រជាពលរដ្ឋកម្ពុជា អាចប្រើសិទ្ធិរបស់គេក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួមនៅក្នុងដំណើរការកិច្ចការសាធារណៈ ។

ដោយឡែក នៅលើទំព័រហ្វេសបុករបស់លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិវិញ លោកក៏មិននៅស្ងៀមឡើយនៅក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំនៃការបោះឆ្នោតនៅកម្ពុជានោះទេ ។ លោកបានថ្លែងទៅកាន់ប្រជាពលរដ្ឋកម្ពុជាថា ការបោះឆ្នោតកន្លងទៅជាការបោះឆ្នោតខុសច្បាប់ ជាហេតុធ្វើឱ្យរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលខុសច្បាប់ ។

ពាក់ព័ន្ធនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក បែបណាក្ដីពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថាកម្ពុជាមិនធ្វើតាមការទទួចទាំងនោះនោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាជារាជរដ្ឋាភិបាលស្របច្បាប់ បានពីការបោះឆ្នោតស្របច្បាប់ ជារដ្ឋមានអធិបតេយ្យ និងឯករាជ្យពេញលេញ ។ 

លោកផៃស៊ីផានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រតិកម្ម នឹងស្ថានទូតអាមេរិក ដោយចាត់ទុកថា អាមេរិកកំពុងកកូកកាយរឿងកម្ពុជា។​លោកថាកម្ពជាក៏ជារដ្ឋអធិបតេយ្យមួយ ដែរ។

បើរំលឹកអំពីព្រឹត្តិការណ៍មុននៃការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨  មានគណបក្សចំនួនដល់ទៅ ២០ គណបក្ស ដែលបានចូលរួមប្រកួតប្រជែងដណ្ដើមអាសន្នៈក្នុងរដ្ឋសភា ។

ជាងនេះទៅទៀត សកម្មភាពនៃការឃោសនាបោះឆ្នោត មិនមានគណបក្សណាមួយ បើកយុទ្ធនាការទ្រង់ទ្រាយធំនោះទេ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលហាក់ដូចជាមានសកម្មភាពអធឹកអធម ដែលផ្ទុយពីការបោះឆ្នោតសភានីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលមានគណបក្សសង្គ្រោះជាតិបើកយុទ្ធនាការយ៉ាងកុះករ ។

គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតនោះ  ជាពិសេសគឺគណបក្សប្រជាជនកម្ពុជា គឺអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្អោត ខណៈមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យពលរដ្ឋកុំចូលរួមបោះឆ្នោត ពោលគឺដេកផ្ទះឈ្នះឯង ។

បើតាមមតិសាធារណៈ រួមទាំងអ្នកវិភាគមួយចំនួន អ្នកតាមដានសង្គម មន្ត្រីអតីតគណបក្សប្រឆាំង បានលើកឡើងជាការផ្ទុយស្រឡះទៅនឹងការលើកឡើងរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងបក្សចំនួន ១៩ ទៀតដែលចូលរួមបោះឆ្នោតនោះ ។

ព្រឹត្តិការណ៍មុនការបោះឆ្នោតសភានោះទៀតសោត តុលាការកំពូលកម្ពុជា បានរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ មានការគាំទ្រពីសម្លេងប្រជាពលរដ្ឋជាង ៣ លាននាក់ ។  

អ្នកក្រៅពីមន្ត្រីគណបក្សប្រជាជនកម្ពុជាមួយចំនួន មិនឱ្យតម្លៃទៅលើលទ្ធផលនៃការបោះឆ្នោត​ ព្រមទាំងវត្តមាននៃគណបក្សនយោបាយទាំង១៩ នោះទេ ដោយពួកគេចាត់ទុកថា ជាគណបក្សរណប ហើយគេដឹងច្បាស់ហើយថា លទ្ធផលនៃការបោះឆ្នោតនោះនឹងទៅជាយ៉ាងណានោះ ។

ហាក់ដូចជាការលើកឡើងរបស់មជ្ឈដ្ឋានតាមដានសង្គមពិតមែន អំពីលទ្ធផលនៃការបោះឆ្នោតនេះ ។ ពោលគឺគណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត បានប្រកាសថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយបក្សតែប៉ុណ្ណោះ ដែលមានអាសន្នៈក្នុងរដ្ឋសភា ខណៈប្រទេសកម្ពុជាជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស ។ ការណ៍ដែលមានតែគណបក្សប្រជាជនកម្ពុជា មានសម្លេងក្នុងរដ្ឋសភាតែមួយបក្ស មិនសូវជាធ្វើឱ្យមជ្ឈដ្ឋានទូទៅភ្ញាក់ផ្អើលខ្លាំងនោះទេ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ​គឺ គ.ជ.ប បានប្រកាសថា តួលេខអ្នកចូលរួមបោះឆ្នោតមានរហូតដល់ទៅ ៨៣,២% ឯណោះ ។

មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាតែងតែអះអាងថា ការណ៍នេះស្ដែងឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា បានអនុវត្តន៍សិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសអ្នកដឹកនាំបានយ៉ាងត្រឹមត្រូវ ។ ពិសេសជាងនេះទៅទៀតនោះ គឺនាយករដ្ឋមន្ត្រីកម្ពុជាក៏បានបង្ហាញដោយប្រៀបធៀបថា តួលេខនេះជាជាតួលេខខ្ពស់ជាងគេបំផុត ដែលសូម្បីតែសហរដ្ឋអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យខ្លាំង មានអ្នកចូលរួមបោះឆ្នោតតែជាង ៥០ % តែប៉ុណ្ណោះ  ។

ក្រោយការបោះឆ្នោតនេះ ក្រឡេកទៅមើលសហគមន៍អន្តរជាតិមួយចំនួនវិញ មានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសមួយចំនួនទៀត មិនទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតនេះនោះទេ ។

ក្រោយការបោះឆ្នោតនេះទៀតសោត ក្រៅពីមន្ត្រីគណបក្សប្រជាជនកម្ពុជាថាជាជោគជ័យជាប្រវត្តិសាស្ត្រសម្រាប់គណបក្សនេះ  ក៏គេអាចនិយបាយបានថា ជាប្រវត្តិសាស្ត្រដែលកម្ពុជារងការថ្កោលទោស និងគម្រាមដាក់ទណ្ឌកម្មដល់កម្ពុជាផងដែរ ។

ជាក់ស្ដែង សហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បាននិងកំពុងទទួចទាមទារឱ្យកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ជាថ្នូរទៅនឹងការទទួលបានការអនុគ្រោះពន្ធបន្តទៀត មានEBA និង GSP ។

ដើមទុនដែលសហភាពអឺរ៉ុបដាក់ជាលក្ខខ័ណ្ឌទាមទារជាមួយកម្ពុជានេះ ត្រូវបានកម្ពុជាតាមរយៈមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា​ទាត់ចោល ដោយសំអាងថាលក្ខខ័ណ្ឌនេះមិនអាចដូរជាមួយនឹងលក្ខខ័ណ្ឌអធិបតេយ្យភាព និង ឯករាជ្យភាពរបស់កម្ពុជាជាដាច់ខាត ។

តែយ៉ាងណាសម្ដេចហ៊ុន សែន សង្ឃឹមថា អាមេរិក មិនធ្វើសកម្មភាពណាដែលជាហេតុធ្វើឱ្យផ្ដាច់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនោះទេ ខណៈដែលសហរដ្ឋអាមេរិកកំពុងដំណើរការច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ២០១៩ ដែលបើកលទ្ធភាពឱ្យមានការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិលើមន្ត្រីកម្ពុជា ។

អ្នកវិភាគថា កម្ពុជាគួរតែពិចារណាលើសំណើរទទួចរបស់អន្តរជាតិ ដើម្បីជាប្រយោជន៍ដល់ជាតិកម្ពុជា ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

មន្ត្រីកម្ពុជា៖រាជរដ្ឋាភិបាលប្ដេជ្ញាការពារទឹកដី និងសញ្ជាតិ ខណៈផ្ទុះរឿងលោក សម រង្ស៊ីករណីម៉ុងតាញ៉ា

ភ្នំពេញ៖ មន្ត្រីរដ្ឋសភាកម្ពុជាបញ្ជាក់ថា កម្ពុ[...]

ទស្សនៈ៖វិនិយោគទុន និង ប្រាក់បំណុលចិនពាន់លានដុល្លារ អាចនាំឱ្យកម្ពុជារងឥទ្ធិពលនយោបាយចិន

ក្រុងភ្នំពេញ៖ នៅក្នុងប្រវតិ្តសាស្រ្តសម័យថ្មីន[...]

ប្រធានាធិបតីត្រាំត្រៀមបញ្ចប់របបវេណេហ្សូអេឡា នៃប្រធានាធិបតី ម៉ាឌូរ៉ូហើយ

ព្រឹត្តិការណ៍អន្តរជាតិ៖ប្រធានាធិបតីត្រាំត្រៀម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត