loader

ស្ត្រីជនបទចង់បានភូមិឋានគ្មានការបន្ទោរបង់ពាសវាលពាសកាល

កំពង់ចាម ៖ ពលរដ្ឋ⁣ស្ត្រីរស់នៅភូមិទួលកំពត ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានលើកឡើងថា⁣ ពួកគេចង់ឱ្យភូមិឋានដែលខ្លួនកំពុងរស់នៅ គ្មានការបន្ទោរបង់ពាស់វាលពាសកាល⁣ ខណៈមានការបារម្ភខ្លាំងចំពោះសុខភាពរបស់សមាជិកគ្រួសារ ពិសេសសុខភាពស្រ្តីនិងកុមារ។ ទន្ទឹមនឹងការចង់បាននេះ ពលរដ្ឋទាំងនោះយល់ថា⁣ លទ្ធភាព⁣⁣សាង⁣⁣សង់⁣បង្គន់អនាម័យមានតិចតួចបំផុត ចំពោះក្រុមគ្រួសារស្ទើរទាំងអស់ក្នុងភូមិ ។

ធ្វើដំណើរតាមទូកផង និងម៉ូតូផងចម្ងាយផ្លូវប្រមាណជាង២៥ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ឆ្ពោះទៅស្រុកកោះសូទិន រួចបានបន្តដំណើរទៅភូមិមួយទៀត​​ដែលមានឈ្មោះថា ភូមិទួលកំពត។ ភូមិនេះមានចម្ងាយជាង៥ គីឡូម៉ែត្រទៀតពីទីប្រជុំជនជីហែរ ស្រុកកោះសូទិន។ ពេលចូលដល់ក្នុងភូមិភ្លាម ផ្លូវធ្វើដំណើរមានសភាពជាដានច្រកតូចៗ ខ្វាត់ខ្វែងកាត់​គម្ពោធព្រៃតូចធំ ដោយផ្ទះខ្លះមានដាំដើមចេកជាច្រើន​ខ័ណ្ឌចែកជារបប។ ខណៈកំពុងបន្តដំណើរ យូរៗម្តងខ្យល់បក់ជះក្លិនលាមក ចេញពីគម្ពោធព្រៃជិតផ្លូវឆ្លងកាត់ពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងភូមិពុំសូវអ៊ូរអរនេះ។ 

ប្រជាពលរដ្ឋនៅក្នុងភូមិទួលកំពត ភាគច្រើនជាអ្នកប្រកបរបរធ្វើចម្ការ មានចំនួនប្រមាណជាង១០០ គ្រួសារកំពុងរស់នៅផ្ទះជិតៗគ្នា​ ក៏ប៉ុន្តែបើក្រឡេកមើលទៅផ្ទះមានបង្គន់អនាម័យវិញ មានប្រាំបួនគ្រួសារប៉ុណ្ណោះ ដែលមានលទ្ធភាពសាង⁣ សង់​​បង្គន់អនាម័យប្រើប្រាស់​។​​

ស្តាប់សំឡេង⁣បទយកការណ៍⁣ ៖ 

ផ្ទះមានបង្គន់អនាម័យមុនគេក្នុងភូមិ

អ្នកស្រី ភន លាងហ៊ុន អាយុ⁣ ៥០⁣ឆ្នាំ បានបង្ហាញអារម្មណ៍រីករាយ​នៅពេលដែលគ្រួសារអ្នកស្រី​មានបង្គន់អនាម័យប្រើប្រាស់​ក្នុងរយៈពេលជាងប្រាំឆ្នាំកន្លងទៅ។ អ្នកស្រីបានយល់ថា​មានបង្គន់នៅផ្ទះ ងាយស្រួលប្រើប្រាស់​និងបង្ហាញពីភាពថ្លៃថ្នូររបស់គ្រួសារ ។ គ្រាន់ថាមានបង្គន់វាស្រួល សំខាន់អាពេលយប់នេះតែម្តង​វាជួយបិទបាំង ងាយស្រួលពេលមុជទឹកមុជអីចឹង​​ វាមិនដូចយើងនៅកណ្តាលវាលមានពាងមានអីល្ហល្ហេវអីញ្ចឹងអីណា​…!​

បង្គន់អនាម័យរបស់គ្រួសារស្ត្រីមានសមាជិកដប់នាក់ក្នុងបន្ទុកនេះ សាងសង់អស់ទឹកប្រាស់ជាងពីរលានរៀល​ ឬប្រហែលប្រាំរយដុល្លា​រអាម៉េរិក ។

អ្នកស្រីបានឱ្យដឹងទៀតថា ទម្រាំបានបង្គន់មួយប្រើប្រាស់ គ្រួសារអ្នកស្រីត្រូវសន្សំប្រាក់យ៉ាងលំបាក ដែលបានពីរបរធ្វើចម្ការ បានប្រាក់បន្តិចបន្តួច។ ស្ត្រីរូបនេះបានព្រលយពាក្យថា៖ បើនិយាយជីវភាពខ្ញុំមិនមានទេ ប៉ុន្តែខ្ញុំប្រឹងថាធ្វើបង្គន់មួយឱ្យបាន ព្រោះវាគ្មានអស់អីប៉ុន្មានទេ លុយប៉ុណ្ណឹងយើងអាចរកបាន ចុះបើមានជំងឺអស់លុយច្រើនម៉េចយើងមិនខ្លាចអស់​​ អីញ្ចឹងបានខ្ញុំដាច់ចិត្តធ្វើបង្គន់មុនគេ

មានចម្ងាយប្រមាណជាងប្រាំពីររយម៉ែត្រពីផ្ទះអ្នកស្រី លាងហ៊ុន ផ្ទះមួយទៀតមានបង្គន់អនាម័យនៅក្រោយផ្ទះគឺផ្ទះរបស់ម៉ាលិ។ បង្គន់អនាម័យមានលាបពណ៌លលើជញ្ជាំងបាយអ ជាបង្គន់ចាក់ទឹកធម្មតា សង់នៅលើដីរាបស្មើក្បែរផ្ទះ យុវតី​ ឆៃលី ម៉ាលិ វ័យ​១៧​ឆ្នាំ កំពុងឈរក្បែរបង្កាន់ដៃជណ្តើរផ្ទះរបស់ខ្លួន បាននិយាយអមដោយស្នាមញញឹមថា​ នាងមិនដែលភ័យព្រួយពីសុវត្ថិ ភាពនៅពេលបន្ទរបង់ឡើយ ដោយសារផ្ទះមានបង្គន់​ និងស្រួសប្រើប្រាស់។ ​“ខ្ញុំខ្លួនស្រីអីញ្ជឹងមានអារម្មណ៍ថា​​ខ្មាស់អៀន ពេលមានវា(បង្គន់)ទៅសប្បាយចិត្ត​ អត់សូវខ្មាស់អៀនអីទេ អត់មានដូចនៅផ្ទះខាងនុះអីពិបាកណាស់ ដូចយ៉ាប់…​”​ ។

បង្គន់អនាម័យក្នុងផ្ទះល្អ ប៉ុន្តែគ្រួសារខ្វះលទ្ធភាព

ស្របពេលដែលអ្នកមានបង្គន់អនាម័យប្រើប្រាស់យល់ថា បង្គន់អនាម័យមានប្រយោជន៍ចំពោះគ្រួសារនោះ យុវតី ប៉ោ ស្រីពៅ អាយុ១៨​ ឆ្នាំ អ្នកឃុំពាមប្រធ្នោះ ក៏យល់ឃើញយ៉ាងដូច្នេះថា៖ “មនុស្សច្រើនពិបាកពិបាកពេលបត់ជើងបត់ដៃអី​ គេមើលមកឃើញអីញ្ជឹង !​បើមានបង្គន់យើងស្រួល​ យើងកក់ក្តៅគ្មានអ្នកណាមកមើលយើង ចូលទៅបិទទ្វាជិតបាត់ហើយ វាមានអនាម័យល្អ មានភាពសប្បាយរីករាយ”⁣។

ទឹកមុខស្រីពៅ ប្រែស្រពោនមួយរំពេចនៅពេលសួរថា​ ហេតុអ្វីគ្រួសារស្រីពៅគ្មានបង្គន់អនាម័យប្រើប្រាស់? សិស្សថ្នាក់ទី ១២​នៃវិទ្យាល័យជីហែរូបនេះ បាននិយាយទាំងទឹកមុខមានសភាស្លេកស្លាំង ដោយសម្លឹងទៅកាន់កង់ចាស់មួយរបស់ខ្លួន បញ្ឈរក្រោមដើមស្វាយ ដែលនាងតែងជិះទៅរៀនរាល់ថ្ងៃ ហើយងាកមើលទៅប្អូនតូចៗរបស់គេទាំងពីរកំពុងរត់លេងខាងមុខផ្ទះ រួចនិយាយថា​ បង្គន់អនាម័យសំខាន់ ប៉ុន្តែគ្រួសារនាងគ្មានលទ្ធភាពសង់បង្គន់ឡើយ​៖​ “សាមសិបម៉ឺន ម៉ែគាត់ធ្វើចម្ការមួយឆ្នាំបានតែពីរដងហ្នឹង លុយឱ្យខ្ញុំទៅរៀនផង បង់គូគ្រូផង លុយស៊ីចាយ ទិញម្ហូបទិញ ហើយខ្ញុំឈឺផង មានលុយមកពីណាធ្វើបង្គន់”

មិនមែនមានតែគ្រួសារស្រីពៅ មួយទេដែលគ្មានបង្គន់ ជាង១០០​ គ្រួសារទៀតក្នុងភូមិនេះក៏គ្មានបង្គន់អនាម័យប្រើប្រាស់ដែរ ហើយពួកគេលើហេតុផលស្រដៀងគ្នាថា​គ្មានលទ្ធភាពសាងសង់បង្គនឡើង។

បញ្ហាប្រឈមរបស់អ្នកភូមិ⁣ ពេលគ្មានបង្គន់អនាម័យប្រើប្រាស់

ដោយសារមើលឃើញពីបញ្ហាប្រឈមជាច្រើនរបស់អ្នកភូមិនៅពេលគ្មានបង្គន់អនាម័យប្រើប្រាស់ កុមារក្នុងភូមិរាគរុស ក្អួត ចង្អោរញឹកញាប់ ហើយខែទឹកឡើងម្តងៗ ប្រជាពលរដ្ឋបន្ទោបង់បណ្តែតចោលតាមទឹកស្ទើរគ្រប់ផ្ទះ អ្នកស្រី ហេង ស៊ាង​ហៃ ជាជំនួយការឃុំពាមប្រធ្នោះ និងជាភ្នាក់ងាផ្សព្វផ្សាយពីការសាងសង់បង្គន់របស់អង្គការ WaterSHED ឬគម្រោងទីផ្សារអនាម័យក្នុងឃុំ បាននិយាយថា​​ អ្នកស្រីចង់ឃើញប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានបង្គន់អនាម័យគ្រប់ផ្ទះ ហើយបោះបង់ចោលទម្លាប់បន្ទោរបង់ពាសវាលពាសកាល។

“ពេលខ្ញុំប្រជុំម្តងៗ ខ្ញុំលើករឿងបង្គន់ហ្នឹង សុំឱ្យបង្គន់ហ្នឹងមានគ្រប់ផ្ទះតែម្តង ព្រោះដើម្បីឱ្យមានអនាម័យ! ខ្លាចមេរោគអីញ្ចឹង ធ្វើឱ្យកង្វក់ពេលភ្លៀង មេរោគឆ្លងពីមួយទៅមួយវាប៉ះពាល់ដល់សុខភាពយើង ពិសេសក្មេងតូចៗ”

បង្គន់អនាម័យដែលអង្គការ WaterSHED កំពុងផ្សព្វផ្សាយលក់ជួយសម្រួលដល់ប្រជាពលរដ្ឋឃុំនេះ មានតម្លៃ​ត្រឹមតែ ៣៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងនោះមានចានបង្គន់ លូស្តុក និងទុយោបង្ហូរ ដែលសមល្មមក្នុងការប្រើប្រាស់។ ដោយឡែកបង្គន់អនាម័យដែលសង់ផុតពីទឹកនៅរដូវវស្សា ដែលប្រជាពលរដ្ឋចង់បានត្រូវចំណាយថវិកាសាងសង់ច្រើនជាងនេះ តែអ្នកស្រីពុំដឹងពីតម្លៃ​ពិត​ប្រាកដនោះទេ​ គ្រាន់តែដឹងថាអ្នកភូមិទួលកំពត គ្មានលទ្ធភាពធ្វើបង្គន់ផុតពីទឹកឡើយ។ នេះបើតាមការឱ្យដឹងពីអ្នកស្រី ស៊ាងហៃ អ្នកផ្សព្វផ្សាយពីបង្គន់អនាម័យរបស់អង្គការ WaterSHED។

ជំនួយការឃុំពាមប្រធ្នោះរូបនេះ បានបញ្ជាក់ថា ៖ “ខ្ញុំចេះតែជម្រុញឱ្យបងប្អូនគ្រប់ខ្នង​ ឱ្យមានបង្គន់ប្រើប្រាស់ ព្យាយាមធ្វើម៉េចក៏ដោយលុយសាមសិបម៉ឺន ម្ភៃម៉ឺនយើងចាយអស់ តែបង្គន់ធ្វើហើយមិនអស់ទេ យើងទុកតទៅទៀត បានបទជើងរហូត”

ជុំវិញរឿងបញ្ហាបង្គន់អនាម័យនេះ លោក មាស សូរ មេភូមិ​ទួលកំពត​ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន បាននិយាយទាំងអារម្មណ៍ហាក់ខ្មាស់អៀន ខណៈផ្ទះលោកនិងផ្ទះប្រជាពលរដ្ឋភាគច្រើនក្នុងភូមិក្បែរៗនោះ គ្មានបង្គន់អនាម័យប្រើប្រាស់ដូចគ្នា ។​​ លោកថា ប្រជាពលរដ្ឋគ្រប់គ្រួសារក្នុងភូមិ​ចង់មានបង្គន់អនាម័យប្រើក្នុងផ្ទះ ប៉ុន្តែអ្នកភូមិគ្មានលទ្ធភាពសាងសង់បង្គន់ឡើយ គ្មានបង្គន់អ្នកភូមិជួបបញ្ហាច្រើន​។

“អាយើងអត់មានបង្គន់នេះ កាលណាបន្ទោស់បង់ បើមនុស្សចាស់វាមិនអីទេព្រោះពេលយើងបត់ជើងយើងបានកប់ តែក្មេង ! ជួនណាយើងមិនបានគិតពីវា វារត់លេងពាសវាល អីញ្ជឹងវានាំមានមេរោគដល់យើង វាមានសត្វរុយអីញ្ជឹងប៉ះពាល់ម្ហូប នាំឱ្យរាគរួសបណ្តាលឱ្យយើងលំបាកក្នុងការព្យាបាល និងចំណាយលុយកាក់ច្រើនលើរឿងហ្នឹង” ។ 

លោកមេភូមិរូបនេះបានបញ្ជាក់ថា ខ្វះលទ្ធភាពថវិកាសាងសង់បង្គន់ជារឿងមួយ មិនសូវចោទចំពោះប្រជាពលរដ្ឋក្នុងភូមិប៉ុន្មាននោះទេ ដោយសារប្រជាពលរដ្ឋអាចរកប្រាក់បានដើម្បីសង់បង្គន់។ ប៉ុន្តែរឿងបច្ចេកទេសសាងសង់បង្គន់ឱ្យមានគុណភាព ធ្វើបង្គន់ខ្ពស់ផុតពីទឹកនៅរដូវវស្សា ហើយត្រូវចំណាយថវិកាអស់តិច ទើបជាអ្វីដែលរូបលោក និងអ្នកភូមិចង់បានពិតប្រាកដ។ 

លោក មាស សូរ មេភូមិទួលកំពត ៖ “បើត្រឹមតែមួយរយ ពីរយដុល្លារធ្វើបង្គន់មិនបានទេ ព្រោះទឹកលិច! ដល់ខែវស្សាយើងអាចទឹកដល់ត្រឹមចង្កេះ ត្រឹមទ្រូងទៅវាខូច អីញ្ចឹងទៅធ្វើទាល់តែល្អ ! ដល់ល្អវាថ្លៃ ទាល់តែល្បាក់មួយពាន់ឡើងណា… បើទឹកលិចមក រួចវាខូចដដែល​ បោះចោលដដែល !”

ការសាងសង់បង្គន់អនាម័យសាមញ្ញនៅភូមិលិចទឹក⁣

ទាក់ទងនឹងរឿងភូមិទួលកំពត ឃុំពាមប្រធ្នោះ ប្រជាពលរដ្ឋចង់បានបង្គន់​ តែគ្មានលទ្ធភាពសាងសង់នេះ លោកថី ច័ន្ទោ មន្ត្រីទទួលបន្ទុកការងារអប់រំផ្នែកអនាម័យក្នុងសហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា​ ឃុំពាមប្រធ្នោះ ភូមិភាគច្រើនជាតំបន់លិចទឹកនៅរដូវវស្សា ប្រជាពលរដ្ឋមានការលំបាក់ក្នុងកសាងសង់បង្គន់។ 

យោងតាមការសិក្សាស្រាវជ្រាវមួយ បង្ហាញដោយក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ការបន្ទោរបង់ពាសវាលពាសកាល ក្រៅពីប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ លាមករាយប៉ាយទាំងនោះបានបង្ករជំងឺឆ្លងជាច្រើនដូចជា ជំងឺរាគរុស ជំងឺដង្កូវព្រូន សើស្បែក ជំងឺផ្លូវដង្ហើម និងជំងឺក្រិនជាដើម។ ស្របគ្នានេះកម្ពុជាខាតបង់ទឹកប្រាក់សរុបប្រមាណ ៤៤៨លានដុល្លារក្នុងមួយឆ្នាំ​ដោយសារការបន្ទោរបង់ពាលវាលពាសកាល​​​របស់ប្រជាពលរដ្ឋ និងការរស់នៅគ្មានអនាម័យ។

រូបភាព និង⁣⁣ អត្ថបទដោយ⁣ ម៉ៅ សំណាង (Mao Samnang)

ព័ត៌មានទាក់ទង

កញ្ញា ទូច សុជាតិតា ផ្តើមការងារបុគ្គលិកអង្គការក្លាយជាសហគ្រិនគ្រប់គ្រងក្រុមហ៊ុនចំនួនបី

ភ្នំពេញ៖ ផ្តើមការងារពីបុគ្គលិកអង្គការ កញ្ញា ទ[...]

ឡាយ⁣ ឌីនណា “ខ្ញុំចាប់ផ្តើមការងារដំបូងពីសកម្មភាពស្ម័គ្រចិត្តជួយសង្គម⁣”

កញ្ញា ឡាយ ឌីនណា ជាយុវតីម្នាក់ក្នុងចំណោមយុវជនច[...]

សហជីពស្រ្តី ៣១នាក់ ទទួលបានពានរង្វាន់«ស្រ្តីឆ្នើមក្នុងចលនាសហជីពមូលដ្ឋាន»ឆ្នាំ២០១៧នេះ

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតប្រជែងនិងវគ្គជម្រុះ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត