en     km
en     km

ស្ដ្រី​ គ​-​ថ្លង់​ នៅ​ជនបទ​ងាយ​ប្រឈម​​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​ គ​-​ថ្លង់​ ភាគច្រើន​នៅ​ជនបទ​ងាយ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ខណៈ​ស្ដ្រី​ទាំងនោះ​មិន​អាច​ស្វែងរក​ជំនួយ​ពី​គ្រួសារ​ ឬ​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួក​គេ​។​ ករណី​នេះ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​គាំពារ​ដល់​ជន​ពិការ​ គ​-​ថ្លង់​ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ជន​ពិការ​ដោយ​កុំ​មានការ​រើសអើង​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

ប្រភពរូបភាពពី អង្គការ លីកាដូ


ប្រទេស​កម្ពុជា​មាន​ជន​ពិការ​ប្រមាណ​ជាង​ ៥២​ម៉ឺន​នាក់​ ស្នើ​និង​ ៤​ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​។​ ក្នុង​នោះ​អត្រា​មនុស្ស​ គ​-​ថ្លង់​ មាន​ចំនួន​ជាង​ ៤​ម៉ឺន​នាក់​ ដែល​ស្មើនឹង​ ១៤.៤២​ភាគរយ​ នៃ​ចំនួន​ជន​ពិការ​សរុប​។​ នេះ​បើ​យោង​តាម​ការ​ធ្វើ​អង្កេត​សេដ្ឋកិច្ច​ និង​សង្គម​ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​កាលពី​ឆ្នាំ​២០១៤​។​

​តាម​ស្ថិតិ​រក​ឃើញ​នេះ​ គឺ​មាន​ជន​ពិការ​នៅ​កម្ពុជា​ប្រមាណ​តែ​ ១៧៥០​នាក់​ដែល​ចេះ​ប្រើប្រាស់​ភាសា​រសញ្ញា​ ដែល​ជា​ភាសា​ចម្បង​តែ​មួយ​គត់​សម្រាប់​មនុស្ស​ គ​-​ថ្លង់​ ទាក់ទង​គ្នា​ ស្វែងរក​ព័ត៌មាន​ និង​រក​ជំនួយ​ខណៈ​ពួក​គេ​មាន​បញ្ហា​។​

​ព្រោះតែ​ជន​ពិការ​នៅ​កម្ពុជា​មាន​ចំនួន​តិច​តូច​ដែល​ចេះ​ប្រើ​ភាសា​សញ្ញា​ដើម្បី​ទាក់​ទាង​គ្នា​ដូចនេះ​ ទើប​ធ្វើ​ឲ្យ​ជន​ពិការ​ គ​-​ថ្លង់​ ដែល​ជា​ស្ដ្រី​ភា​ គ​ច្រើន​នៅ​ជនបទ​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ហើយ​ត្រូវ​ជនល្មើស​បំបិទ​ព័ត៌មាន​។​

កញ្ញា ហ៊ាង ស្រីទូច ស្រ្ដី គ-ថ្លង់ ដែលបានផ្ដល់បទសម្ភាន៍ តាមរយៈអ្នកបកប្រែភាសាសញ្ញា

​កញ្ញា​ ហ៊ា​ង​ ស្រី​ទូច​ អាយុ​ ៣៤​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ដកំពង់ចាម​។​ ច​ប្ចុប្បន្ន​នាង​ជា​បុគ្គលិក​នៅ​អង្គការ​កម្មវិធី​អភិ​វរ​ឌ្ឍ​ន៍​មនុស្ស​ថ្លង់​ ហៅ​កាត់​ថា​ ម៉ា​រី​ណុ​ល​។​ ស្ដ្រី​ គ​-​ថ្លង់​ រូប​នេះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​រយៈ​អ្នកបកប្រែ​ភាសា​សញ្ញា​ថា​ នាង​បាន​ចុះ​ទៅ​ដល់​ខេត្ដបាត់ដំបង​ និង​ខេត្ដកំពង់ចាម​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​មនុស្ស​ គ​-​ថ្លង់​ ជា​ពិសេស​គឺ​ស្ដ្រី​ ។​ ក្រោយ​ពេល​ដែល​កញ្ញា​ បាន​ទៅ​ដល់​ខេត្ដ​ទាំង​ពីរ​នោះ​ នាង​ដឹង​រឿង​ជា​ច្រើន​ ស្ដី​ពី​ស្ដ្រី​ គ​-​ថ្លង់​ ដែល​ត្រូវ​បាន​ជនខិលខូច​ចាប់រំលោភ​ ហើយ​បំបិទ​ព័ត៌មាន​។​ កញ្ញា​ ហ៊ា​ង​ ស្រី​ទូច​ ៖«​ស្ដ្រី​ថ្លង់​ នៅ​តាម​បណ្ដា​ខេត្ដ​ហ្នឹង​គឺ​ជួបនឹង​ការ​រំលោភ​ផ្លូវភេទ​ហ្នឹង​ច្រើន​ ដោយសារ​គាត់​អត់​មានការ​អប់រំ​ ហើយ​ពួក​គាត់​អត់​ដឹង​ឮ​ ព័ត៌មាន​អី​ដើម្បី​ការពារ​ខ្លួន​ ដូច្នេះ​ពួក​គាត់​ជួប​បញ្ហា​ច្រើន​នៅ​ពេល​ពួក​គាត់​ទៅ​ស្រែ​ ទៅ​កន្លែង​ស្ងាត់​ គឺ​មាន​ជនខិលខូច​ ពិសេស​បុរសៗ​ ធ្វើបាប​ហើយ​បំបិទ​ព័ត៌មាន​ដោយសារ​ពួក​គាត់​ហ្នឹង​អត់​ចេះ​និយាយ​»​។​

​តាម​ការ​យល់​ឃើញ​របស់​កញ្ញា​ ហ៊ា​ង​ ស្រី​ទូច​ ការ​រើស​អើ​ស​លើ​ស្ដ្រី​ គ​-​ថ្លង់​ គឺជា​មូលហេតុ​មួយ​ ដែល​បើកឱកាស​ឲ្យ​ជនខិលខូច​ហ៊ាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ដ្រី​ គ​-​ថ្លង់​ ។​ ត្រង់​ចំណុច​នេះ​កញ្ញា​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ឱ្យ​ជួយ​ផ្ដល់​ការ​យកចិត្ដ​ទុក​ឲ្យ​បាន​ខ្លាំង​ដល់​ជន​ពិការ​ គ​-​ថ្លង់​ ជា​ពិសេស​ស្ដ្រី​។​ លើស​ពី​នេះ​នាង​ចង់​ឲ្យ​រាជ​​រដ្ឋាភិបាល​បង្កើន​ការ​បង្រៀន​ភាសា​សញ្ញា​តាម​មូលដ្ឋាន​ និង​បង្កើន​ការ​បកប្រែ​ភាសា​សញ្ញា​ ឲ្យ​បាន​កាន់តែ​ច្រើន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ដើម្បី​ជា​ការ​ផ្ដល់​ព័ត៌មាន​ដល់​មនុស្ស​ គ​-​ថ្លង់​ ជុំវិញ​កិច្ចការ​នានា​ក្នុង​សង្គម​។​ កញ្ញា​ ហ៊ា​ង​ ស្រី​ទូច​ ៖«​សម្រាប់​ការ​ស្នើ​សុំ​របស់ខ្ញុំ​ទៅ​កាន់​រដ្ឋាភិបាល​យើង​គឺ​ខ្ញុំ​ចង់​សុំ​បន្ថែម​ការ​បកប្រែ​ភាសា​សញ្ញា​ឲ្យ​កាន់តែ​ច្រើន​នៅ​តាម​បណ្ដា​ទូរទស្សន៍​ផ្សេងៗ​ ក៏​ដូច​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​ ពីព្រោះ​វា​មាន​សារៈសំខាន់​សម្រាប់​ពួក​ខ្ញុំ​ជា​មនុស្ស​ថ្លង់​ ក្នុង​ការ​មើល​ព័ត៌មាន​ពី​អ្នកបកប្រែ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​មួយ​ជ្រុង​ ហើយ​បន្ថែម​ការ​បង្រៀន​ បាន​ន័យ​ថា​ យកចិត្ដទុកដាក់​លើ​ប្រព័ន្ធ​អប់រំ​មនុស្ស​ថ្លង់​ឲ្យ​បាន​កាន់តែ​ខ្លាំង​»​។​

កញ្ញា ស្រី ស៊ីថា ជនពិការជើងទាំងសងខាង

​ជុំវិញ​រឿង​នេះ​ក​ញ្ញ​ ស្រី​ ស៊ី​ថា​ វ័យ​ ២៨​ឆ្នាំ​ ជា​ជន​ពិការ​ជើង​ទាំង​សងខាង​ នាង​បង្ហាញ​ទស្សន​របស់​នាង​ថា​ ក្រៅ​តែ​ពី​ស្ដ្រី​ គ​-​ថ្លង់​ មិន​បាន​សិក្សា​ មិន​បានដឹង​ពី​ព័ត៌មាន​សង្គម​ និង​វិធី​ការពារ​ខ្លួន​ហើយ​នោះ​គឺ​ស្រា​និង​គ្រឿងញៀន​ក៏​ជា​មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ជនល្មើស​ហ៊ាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ដ្រី​ គ​-​ថ្លង់​ ។​ ករណី​នេះ​នាង​គិត​ថា​ បាន​កើតឡើង​នៅ​តាម​បណ្ដា​ខេត្ដ​ច្រើន​ជាង​ទីក្រុង​ ដោយសារ​ផ្ទះ​នៅ​ទី​ជនបទ​គឺ​ដាច់​ឆ្ងាយ​ពី​គ្នា​។​ កញ្ញា​ ស្រី​ ស៊ី​ថា​ ៖«​តាម​ខេត្ដ​ច្រើន​ជាង​តាម​ទីក្រុង​ភ្នំពេញ​ តាម​ខេត្ដ​ភាគច្រើន​ផ្ទះ​ដាច់​ស្រយាល​ ហើយ​មានព្រៃ​មានអី​មាន​អ​ញ្ចឹ​ង​ ហើយ​សម្បូរ​អ្នក​ដែល​គាត់​ញៀន​និង​ស្រា​ និង​គ្រឿងញៀន​អី​អ​ញ្ចឹ​ង​ ដល់​អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​ពួក​គាត់​មានឱកាស​ច្រើន​ដើម្បី​ធ្វើការ​ចាប់បង្ខំ​»​។​

​កញ្ញា​ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ឱ្យធ្វើ​ស្ថិតិ​ស្ដ្រីជន​ពិការ​ និង​ផ្ដល់​ការ​គាំពារ​ដល់​ពួក​គាត់​ដើម្បី​គេច​ផុត​ពី​ការ​រំលោភ​បំពាន​ផ្សេងៗ​។​

អ្នកគ្រូ នាង ផល្លា នាយិកាអង្គការគ្រួសារថ្មី

​ទាន់​ទិន​ករណី​នេះ​នាយិកា​សាលា​កុមារ​ពិការ​ភ្នែក​ និង​កុមារ​ គ​ ថ្លង់​ ហៅ​កាត់​ថា​ អង្គការ​គ្រួសារ​ថ្មី​ ទទួលស្គាល់​ថា​ ការ​ចាប់រំលោភ​ស្ដ្រី​ គ​ ថ្លង់​ នៅ​តាម​បណ្ដា​ខេត្ដ​ពិតជា​មាន​ បើ​ទោះបីជា​នាយិកា​រូប​នេះ​មិន​ធ្លាប់​ទទួល​ព័ត៌មាន​ដោយ​ផ្ទាល់​ក្ដី​។​
​អ្នកគ្រូ​ នាង​ ផល្លា​ នាយិកា​អង្គការ​គ្រួសារ​ថ្មី​ បាន​អំពាវនាវ​ដល់​ជ្ញា​ធរ​មូលដ្ឋាន​ ជួយ​ដល់​ជន​ពិការ​ដែល​ជួប​បញ្ហា​ពិសេស​ស្ដ្រី​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​។​ លើស​ពី​នេះ​អ្នកគ្រូ​ក៏​សំណូមពរ​ដល់​ជន​ពិការ​ខ្លួនឯង​ផ្ទាល់​ គឺ​ក្នុង​ករណី​ជួប​ប្រទះ​ការ​រំលោភ​បំពាន​ណាមួយ​ត្រូវ​តែ​រូស​រាន់​ផ្ដល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ​ ឬ​ក៏​ទៅ​ស្វែងរក​អន្ដរាគមន៍​ពី​អាជ្ញាធរ​ដោយ​កុំ​ខ្លាច​អ្វី​ទាំងអស់​។​ អ្នកគ្រូ​ នាង​ ផល្លា​ ៖«​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់​តែ​ម្ដង​ ពេល​ដែល​មាន​ជន​ពិការ​រត់​ទៅ​រក​ឲ្យ​ជួយ​សូម​ជួយ​ដល់​ពួក​គាត់​ផង​ ព្រោះ​ពួក​គេ​ក៏​ជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ដែរ​»​។​

​ថ្លែង​ក្នុង​ទិវា​មនុស្ស​ គ​-​ថ្លង់​ ពិភពលោក​កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៧​ រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ លោក​ វង​ សូត​ ទទួលស្គាល់​ថា​ ជន​ពិការ​ ពិតជា​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​ទៀត​ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​។​ លោក​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់​គ្រប់​ក្រសួង​ ស្ថាប័ន​ ទាំង​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ និង​ដៃគូ​អភិវឌ្ឍន៍​ ធ្វើ​យ៉ាងណា​បង្ក​លក្ខខណ្ឌ​សម​ស្រប​ដើម្បី​ជួយ​ដល់​ជន​ពិការ​។​ លោក​ វង​ សូត​ ៖«​ស្នើ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ វិស័យ​ឯកជន​ សង្គម​ស៊ី​វិល​ និង​ដៃគូ​អភិវឌ្ឍន៍​ រួម​គ្នា​ឲ្យ​មាន​លក្ខខណ្ឌ​សម​ស្រប​សម្រាប់​ជន​ពិការ​ លុប​បំបាត់​អាកប្បកិរិយា​រើសអើង​ មើលងាយ​ជន​ពិការ​ តែ​ត្រូវ​ចាត់​ទុក​ជន​ពិការ​ជា​កោសិកា​ដ៏​មាន​សក្ដានុពល​ភាព​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​»​។​

លោក វង សូត រដ្ឋមន្រ្ដីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា

​តាម​របាយការណ៍​ដែល​ដាក់​បង្ហាញ​ក្នុង​ទិវា​មនុស្ស​ គ​-​ថ្លង់​ កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ ឆ្នាំ​២០១៧​។​ ឆ្នាំ​សិក្សា​ ២០១៦-២០១៧​ របស់​ក្រសួង​អប់រំ​ និង​អង្គការ​គ្រួសារ​ថ្មី​ ការ​បណ្ដុះបណ្ដាល​មនុស្ស​ថ្លង់​ កុមារ​ គ​-​ថ្លង់​ បាន​ចំនួន​ ៤៩០​នាក់​ ដោយ​ពួក​គេ​កំពុង​សិក្សា​នៅ​ថ្នាក់​សមាហរណកម្ម​ និង​កម្រិត​បឋម​សិក្សា​។​ ក្នុង​នោះ​សិស្ស​ គ​-​ថ្លង់​ ចំនួន​ ៩៣​នាក់​ កំពុង​សិក្សា​នៅ​កម្រិត​ អនុ​វិទ្យាល័យ​ និង​យុវជន​ គ​-​ថ្លង់​ ចំនួន​ ៤៧​នាក់​ កំពុង​សិក្សា​នៅ​កម្រិត​វិទ្យាល័យ​។​ បន្ថែម​លើ​នេះ​ និស្សិត​ គ​-​ថ្លង់​ ចំនួន​ ៣៧​នាក់​ កំពុង​សិក្សា​ក្នុង​ថ្នាក់​មហាវិទ្យាល័យ​ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ កម្រិត​ថ្នាក់​បរិញ្ញាបត្រ​ ចំនួន​ ០៤​រូប​៕​

Share

Image
Image
Image