en     km
en     km

ស្ដ្រី​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​

Share

​ភ្នំពេញ​ ៖​ ស្ដ្រី​បាន​ក្លាយជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រក​ចំណូល​ដើម្បី​ទ្រទ្រង់​ជី​វិភាព​គ្រួសារ​។​ ស្ដ្រី​ក្រៅពី​គ្រប់គ្រង​ការងារ​ក្នុងផ្ទះ​ ពួក​គេ​បាន​ចេញ​មុខ​ធ្វើ​ការងារ​ជា​ច្រើន​ប្រភេទ​ដើម្បី​ស្វែងរក​ចំណូល​ ដែល​មាន​ជា​អាទិ៍​ ការ​លក់ដូរ​ នៅ​តាម​ទីផ្សារ​ ធ្វើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ និង​វិស័យ​សំណង់​។​ តែ​ក្រុម​សហជីព​ យល់​ថា​ ស្ត្រី​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ ដែល​រាជរដ្ឋាភិបាល​គួរ​បន្ដ​ធ្វើ​ដើម្បី​ពួក​គេ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

ប្រភពរូបភាពពី កាសែតភ្នំពេញប៉ុស្ដិ៍

 

​នា​ពេល​បច្ចុប្បន្ន​នេះ​ ស្ដ្រី​ខ្មែរ​បាន​ក្លាយ​ចំណែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ជួយ​ រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​ ការងារ​ផ្ទះសម្បែង​ដ៏​ច្រើន​សន្ធឹក​ដែល​ស្ដ្រី​ត្រូវ​រ៉ាប់រង​ ហើយ​ក៏​ត្រូវធ្វើ​ការងារ​បន្ថែម​ទៀត​ដើម្បី​រក​ប្រាក់​ជួយ​ទប់ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​។​

​ស្ត្រី​ខ្មែរ​នា​សម័យ​សេដ្ឋកិច្ច​ជឿនលឿន​នេះ​ គេ​សង្កេត​ឃើញ​មាន​ភាព​លេចធ្លោ​ខ្លាំង​ស្ទើរ​គ្រប់​វិស័យ​ ហើយ​សូ​ម្បី​ ការងារ​ប្រើ​កម្លាំង​ក៏​ស្ត្រី​ចូលរួម​ដែរ​។​

​អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ មើលឃើញ​ថា​ ស្ដ្រី​បាន​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការ​រក​ចំណូល​ និង​ចាត់ចែង​ថវិកា​ សម្រាប់​ការ​ចំណាយ​ក្នុង​ក្រុម​គ្រួសារ​។​ ជា​ទូទៅ​ស្ដ្រី​គឺ​មានការ​ទុក​ប្រាក់​កាក់​បាន​ល្អ​ជាង​បុរស​ ដោយសារ​តែ​ស្ដ្រី​គិតគូរ​ ដល់​ប្រាក់​ចំណូល​មុន​ពេល​ចំណាយ​ជា​និច្ច​។​ អ្នកស្រី​ យ៉ាង​ សុ​ភ័​ណ្ឌ​ ៖«​បើ​យើង​មើលទៅ​ប្រៀ​ង​ធៀប​នឹង​ចរិត​មាយា​ទ​ ទាក់ទង​នឹង​ការ​ទុកដាក់​អី​ផ្សេងៗ​ខ្ញុំ​មើលឃើញ​ថា​ គាត់​មាន​ភាព​យកចិត្ដ​ទុក​ ឬ​ក៏​ចេះ​រៀបចំ​ទុកដាក់​ជាង​បុរស​ ពីព្រោះ​ជា​ទូទៅ​ស្ដ្រី​គាត់​មិនមែន​ជា​មនុស្ស​ដែល​ខ្ជះខ្ជាយ​ដោយ​ការ​យក​លុយ​ចំណាយ​ផ្ដេសផ្ដាស់​អី​ទេ​ គាត់​ច្រើន​តែ​គិត​ក្នុង​គ្រួសារ​ច្រើន​ជាង​»​។​

​លើស​ពី​នេះ​ អ្នកស្រី​យល់​ថា​ នៅ​មាន​កត្ដា​ជា​ច្រើន​ដែល​ស្ដ្រី​កំពុង​ជួប​ផ​លំបាក​ក្នុង​ការ​បំពេញការងារ​ ដែល​រាជរដ្ឋាភិបាល​គួរ​ធ្វើការ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ និង​រក​ដំណោះស្រាយ​ ប្រសិនបើ​ចង់បាន​ការ​គាំទ្រ​ពី​ពួក​គាត់​។​ អ្នកស្រី​ មើលឃើញ​ថា​ កន្លង​មក​ថ្វីបើ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​ចុះ​ជួប​កម្មករ​ កម្មការិនី​ ជា​ច្រើន​លើក​ក៏​ពិតមែន​ ប៉ុន្ដែ​ដំណោះស្រាយ​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​មិន​មាននៅ​ឡើយ​។​

​ជុំវិញ​រឿង​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​យល់​ស្រប​ថា​ ស្ដ្រី​នៅ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​វិស័យ​កាត់ដេរ​ ដែល​ពួក​គេ​រង​គ្រោះ​ទាំង​ការ​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ច្រើន​ម៉ោង​ និង​ការ​កេងប្រវ័ញ្ច​ប្រាក់​អត្ថប្រយោជន៍​របស់​ពួក​គេ​ពី​សំណាក់​ថៅកែ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ហៅ​កាត់​ថា​ CLC​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​បាន​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​រក​ចំណូល​សម្រាប់​គ្រួសារ​រហូត​ដល់​ ៨០​ភាគរយ​នៃ​ចំណូល​សរុប​។​ ក៏​ប៉ុន្ដែ​ស្ដ្រី​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ក្នុង​ការងារ​របស់​ពួក​គេ​ពិសេស​គឺ​ក្នុង​វិស័យ​កាត់ដេរ​។​ ស្ដ្រី​ដែល​មាន​ប្រមាណ​ ៩០​ភាគរយ​ក្នុង​ចំណោម​កម្មករ​សរុប​ ៨០​ម៉ឺន​នាក់​ ភាគច្រើន​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ថែម​ម៉ោង​ច្រើន​ ហើយ​ថៅកែ​ និយោជក​ បាន​កេ​ញ​ប្រវ័ញ្ច​ប្រាក់​អត្ថប្រយោជន៍​របស់​ពួក​គេ​។​

​លោក​ អាត់​ ធន់​ យល់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ស្ដ្រី​កំពុង​ប្រឈម​ក្នុង​វិស័យ​កាត់ដេរ​សព្វថ្ងៃ​នេះ​ រាជរដ្ឋាភិបាល​គួរ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដោយ​ស្មើភាព​ និង​ធ្វើការ​គ្រប់គ្រង​មន្ដ្រី​របស់​ខ្លួន​ កុំ​ឲ្យ​ឃុបឃិត​ជាមួយ​ថៅកែ​ និយោជក​ ហើយ​ជា​ពិសេស​ គឺ​ត្រូវ​ពង្រឹង​ច្បាប់​ការងារ​ដើម្បី​ឲ្យ​មានការ​កេ​ញ​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ស្ដ្រី​បន្ដ​ទៀត​។​ លោក​ អាត់​ ធន់​ ៖«​ខ្ញុំ​គិត​ថា​ ឲ្យ​តែ​រដ្ឋាភិបាល​តាមដាន​ការ​អនុវត្ដ​ច្បាប់​ ហើយ​ជំរុញ​ឲ្យ​គេ​លើកតម្កើង​សិទ្ធិ​ស្ដ្រី​ឲ្យ​បាន​ខ្លាំង​ប​ន្ដិ​ទៅ​ខ្ញុំ​គិត​ថា​ គឺជា​រឿង​មួយ​ល្អ​ហើយ​»​។​

​ស្ដ្រី​យ៉ាងច្រើន​លើសលប់​បាន​ចាក​ចេញពី​ភូមិ​ស្រុក​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ផ្គត់ផ្គង់​ការ​ចំណាយ​របស់​គ្រួសារ​។​ ស្ដ្រី​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​កាត់ដេរ​ មាន​ចំនួន​រហូត​ដល់​ជិត​ ៧០​ម៉ឺ​នាក់​ ខណៈ​មាន​កម្មករ​ក្នុង​វិស័យ​នេះ​សរុប​ប្រមាណ​ជាង​ ៨០​ម៉ឺន​នាក់​។​

​ក្រៅពី​វិស័យ​កាត់ដេរ​ ស្ដ្រី​មួយ​ភាគ​ធំ​ក៏​បាន​ចូល​ទៅ​ប្រឡូក​ក្នុង​វិស័យ​សំណង​ផង​ដែរ​ ។​ យោង​តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​ សម្រាប់​សាមគ្គីភាព​ការងារ​អន្ដរជាតិ​បាន​រក​ឃើញ​ថា​ ស្ដ្រី​បាន​ចូល​បម្រើ​ការងារ​ផ្នែក​សំណង​មាន​ចំនួន​ប្រមាណ​ជាង​ ៦៦០០០​នាក់​ ក្នុង​ចំណោម​កម្មករ​សរុប​ ប្រមាណ​ ២០​ម៉ឺន​នាក់​។​ ផ្អែក​តាម​ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​ថា​ ស្ដ្រី​គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ចូលរួម​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ ការ​ចំណាយ​របស់​ក្រុម​គ្រួសារ​ទាំងមូល​៕​

Share

Image
Image
Image