en     km
en     km

សាលារាជធានីភ្នំពេញ៖ បើទឹកនៅតែមិនស្រក សាលារាជធានីភ្នំពេញ នឹង បូមទឹកចេញ

Share

ក្រុងភ្នំពេញ៖ កាលពីយប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ភ្លៀងមួយមេយ៉ាងធំបានធ្លាក់យ៉ាងខ្លាំង ដែលធ្វើឲ្យតំបន់មួយចំណួនក្នុងរាជធានីភ្នំពេញលិចយ៉ាងខ្លាំង។ យ៉ាងណាមិញ សាលារាជធានីភ្នំពេញ​ថា នឹងដោះស្រាយជូនប្រជាពលរដ្ឋដោយធ្វើការបូមទឹកចេញ។ ទន្ទឹមនឹងនេះអ្នកនាំពាក្យក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងនឹងនៅតែបន្ដធ្លាក់រហូតដល់សប្ដាហ៍ទី០៣ នៃខែវិច្ឆិកា។

ភ្លៀងមួយមេយ៉ាងធំកាលពីថ្ងៃទី ១១ ឈានចូល ថ្ងៃទី ១២ បានធ្លាក់យ៉ាងខ្លាំងធ្វើឲ្យក្នុងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ លិចយ៉ាងតំណំ។ អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្ដី បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុស្រ្តីថា ក្រុមការងាររបស់សាលារាជធានីភ្នំពេញពុំអាចប្រាប់ឬបញ្ជាក់ទីតាំងបានច្បាស់លាស់នោះទេ តែលោកថា ក្រុមការងារកំពុងចុះទៅជួយប្រជាពលរដ្ឋ។ លោកបានពន្យល់បន្ថែមថា ប្រសិនបើករណីទឹកនៅតែមិនស្រកនោះ សាលារាជធានីភ្នំពេញនឹងធ្វើការបូមទឹក យកដីល្បាប់ យកសម្រាមចេញ ឬក៏អាចគាស់លូ ធ្វើឲ្យទឹកមានចរន្តហូរឡើងវិញដើម្បីរំដោះទឹកជួនពលរដ្ឋ។

ខណៈដែលទឹកភ្លៀងមិនទាន់ស្រកនេះដែរ លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និង​ឧតុនិយម មានប្រសាសន៏ថា ភ្លៀងនឹងនៅតែបន្ដធ្លាក់នៅរាជធានី និងខេត្ដមួយចំនួន រហូតដល់សប្ដាហ៍ទីបី នៃខែវិច្ឆិកា។
លោក​ពន្យល់ថា ភ្លៀងនេះ ជាភ្លៀងចុងក្រោយដែលបិទបញ្ចប់រដូវវស្សាឈានចូលរដូវរំហើយ ដែលមានឥទ្ធិពលពីខ្យល់មូសុងនិរតី។

លោកបានបន្ថែមទៀតថា ព្យុះទី ២៤​ នៅសមុទ្រចិនភាគត្បូង ដែលវាក៏អាចជាឥទ្ធិពលមួយធ្វើឲ្យកម្ពុជាទទួលរងរបាយទឹកភ្លៀង ពីប្រទេសវៀតណាមផងដែរ។ ឥទ្ធិពលចំហាយព្យុះពីប្រទេសវៀតណាមនេះ នឹងធ្វើឲ្យតំបន់ទំនាបនៅភាគខាងត្បូង និង ភាគខាងកើតនៃប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើនមានដូចជា រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ កណ្ដាល កំពត ព្រៃវែង ស្វាយរៀង និងខេត្ដត្បូងឃ្មុំ ក៏ប៉ុន្ដែវាពុំក្លាយជាជំនន់ទឹកភ្លៀងនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ មានព្យុះមួយ ដែលមានឈ្មោះថា ព្យុះដំរី បានបោកបក់នៅលើសមុទ្រចិនភាគខាងត្បូង ហើយវាបានជះឥទ្ធិពលមកកាន់ភាគខាងលិចនៃសមុទ្រ ហើយបង្កជាភ្លៀងមកលើប្រទេសដែលជាប់តំបន់នោះមានដូចជា ប្រទេសកម្ពុជា ថៃ ឡាវ នឹង វៀតណាមផងដែរ៕

 

Share

Image
Image
Image