ភ្នំពេញ៖សាលារាជធានៅភ្នំពេញបានទុករយៈពេល២សប្តាហ៍ឱ្យម្ចាស់យានយន្ដនិងទោចក្រយាន យន្ដ ដែលបានភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃបំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខាន ត្រូវដោះចេញឬផ្លាស់ប្ដូរមកជាទ្រង់ទ្រាយដើមវិញ តាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ បើមិនដូច្នេះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
សេចក្តីប្រកាសព័ត៌មានរបស់របស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ កញ្ញា បានឱ្យដឹង ថារថយន្ត និងម៉ូតូ ដែលភ្ជាប់ស៊ីរ៉ែន ស៊ីផ្លេ និងបំពង់ស៊ីម៉ាំង ឬកែច្នៃ បំពង់ស៊ីម៉ាំង បង្កជាសម្លេងរំខានត្រូវធ្វើការផ្លាស់ប្តូរមកទ្រង់ទ្រាយដើមជាបន្ទាន់ ដើម្បីរក្សាបាននូវការធ្វើចរាចរណ៍ ប្រកបដោយសុវត្តិភាព មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
សាលារាជធានីភ្នំពេញក៏បានព្រមានផងដែរ ចំពោះទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ដល់យានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់។
សាលារាជធានីភ្នំពេញបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងកែច្នៃ និងបំពាក់ឧបករណ៍ទាំងនេះ និងម្ចាស់យានយន្ត ព្រមទាំងទោចចក្រយានយន្ត ដែលបានកែច្នៃទាំងនោះ បន្ទាប់ពីបើផុតរយៈពេលកំណត់នេះ៕