loader

សារលិខិតភរិយាគង់រៃយ៉ា៖ប្ដីសម្លាញ់របស់អូន ! បងគឺជាបុគ្គលស្មោះត្រង់នឹងប្រទេសជាតិ! បងរឹងមាំណាស់ !

លិខិតភរិយារបស់ យុវជនគង់រ៉ៃយ៉ា បានរៀបរាប់ដោយ ចាប់ផ្ដើម ឃ្លាដំបូងគឺ ប្ដីសម្លាញ់ អូនមិនតក់​ស្លុត​ឡើយ។​

គង់រ៉ៃយ៉ានៅពេលនេះបានបែកពីគ្រួសារ និងប្រពន្ធកូន ជាលើកទី២។ លោក កំពុងស្ថិតនៅពន្ធនា​គារព្រៃស ទីដែលលោកធ្លាប់រស់នៅទីនោះ មួយឆ្នាំកន្លះ ។ បទចោទ លើកទីពីរនៅពេលនេះ គឺព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ បានចោទលោក ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីលោកបោះពុម្ពអាវយឺតលក់ដោយភ្ជាប់​រូបលោក កែម ឡី និងសារមួយឃ្លាដែល រៀបរាប់ថា« «បើអ្នកមិនធ្វើអ្វីសោះ គង់តែនឹងរងគ្រោះដែរ  គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»
បុរសកូនមួយរូបនេះ ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស ឲ្យមាន​សេរីភាព​វិញ​ កាលពី​ថ្ងៃទី​២២​ខែ​កុម្ភៈឆ្នាំ២០១៧​​ បន្ទាប់ពី​បាន​អនុវត្ត​ទោស​ចប់​សព្វ​គ្រប់​ចំនួន​១​ឆ្នាំ​៦​ខែ ។​លោកជាប់ទោសពេលនោះ គឺ​ដោយសារ សារ របស់លោក​និយាយពី«ថ្ងៃ​ណា​មួយ​នៅពេល​ខាងមុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌​»។

បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​គង់ រ៉ៃ​យ៉ា​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បទពិសោធន៍​ដ៏​ជូ​ចត់ នៅក្នុង​ការរស់នៅ​ក្នុង​ពន្ធនាគារ រយៈពេល​១​ឆ្នាំកន្លះ​មកនេះ ប្រៀប​ដូចជា​ជួយ​សំលៀង​ឆន្ទៈ​របស់​លោក កាន់តែ​មុត​ស្រួច​។ យុវជន​រូបនេះ​បាន​ប្តេជ្ញាថា នៅតែ​បន្ត​ធ្វើ​ការងារ​ជួយ​សង្គម ដែល​ធ្លាប់​ធ្វើ​មុន​ពេល​ជាប់ពន្ធនាគារ​។

សមត្ថកិច្ចបានបញ្ជូនគង់រ៉ៃយ៉ា ទៅព្រែសវិញ កាលពី រសៀលថ្ងៃ ទី១១កក្កដា ។ រូបថតមួយសន្លឹក ដែល ត្រូវបានបង្ហោះ ក្នុងបណ្ដាញសង្គមយ៉ាងព្រោងព្រាត បានបង្ហាញពី យុវជនគង់រ៉ៃយ៉ា ថើប​កូន​ដោយ ដៃទាំងជាប់ខ្នោះ ។  មើលទៅ គង់រ៉ៃយ៉ា មិន តក់ស្លុតឡើយ បើទោះជា បានស្គាល់រសជាតិ រស់​ក្នុងរនាំងដែកក៏ដោយ ។ ប៉ុន្តែ ការលើកទឹកចិត្តយុវជន ក្លាហានរូបនេះ អាចមកពី ស្មារតី របស់​ភរិយា​លោកមួយចំណែកដែរ។

លិខិត ដែលអានទៅ មានន័យជាតិនិយមស៊ីជម្រៅ និងប្រកបដោយ មនោសច្ចេតនា ស្នេហាទៀតនោះ ត្រូវបានបង្ហោះជាសាធារណៈគឺមាន ន័យទាំងស្រុងដូចនេះ ៖«ប្ដីសម្លាញ់អូនមិនតក់ស្លុតឡើយចំពោះបញ្ហាទាំងអស់ដែលកើតឡើងលើគ្រួសារយើង។អូនមានតែមោទនភាពចំពោះរូបបងខ្លាំងណាស់។បងល្អណាស់ ជាបុគ្គលស្មោះត្រង់និងប្រទេសជាតិ។បងរឹងមាំណាស់ទោះមានបញ្ហាអ្វីក៏ដោយស្នាមញញឹមបងមិនដែលទន់ជ្រាយទេ ។​ស្មារតីបងមិនដែលតក់ស្លុតប្រែប្រួល អូនសំណាងណាស់ដែលជ្រើសរើសបងជាប្ដីរបស់អូន អូនមិនស្ដាយក្រោយអ្វីទាំងអស់ បងជាប្ដីល្អ ជាឪពុកល្អណាស់ សម្រាប់កូនយើង ។
អូនរឹងមាំគ្រប់គ្រាន់ហើយបងកុំបារម្ភអី អូនមិនតក់ស្លុតឡើយចំពោះបញ្ហាទាំងអស់ អូនគ្រាន់តែអាណិតប្ដី ដែលមិនខុសសោះបែរជាមានកំហុស អាណិតកូនដែលមិនបានប្រលែងជាមួយឪពុក កូនយើងនៅតូចណាស់ប្ដី អូនអាណិតកូន សូមជូនពរអោយប្ដីកុំមានគ្រោះថ្នាក់អ្វីអោយសោះ អូននិងកូននៅរងចាំបងរហូត ប្ដីសម្លាញ់ ទិដ្ឋភាពថ្ងៃទី៩ កក្កដា ២០១៩ ដែលគេចាប់គ្រួសារយើងយ៉ាងម៉េចវាមិនអាចបំភ្លេចបានពីការចងចាំក្នុងខួរក្បាលអូនឡើយ អូនឈឺចាប់ណាស់ ដែលគេមកបំបែកគ្រួសារយើង បំបែកប្ដីជាទីស្រលាញ់របស់អូនអោយឆ្ងាយពីអូននិងកូន អូនចាំមិនភ្លេចលុះថ្ងៃស្លាប់ អូនឈឺចាប់ណាស់ !!!! »។

ការកាត់ទោស ដំបូងប្រឆាំង គង់ រ៉ៃ​យ៉ា​កាលពីឆ្នាំ២០១៦ គឺជាពេលវេលា ដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមរឹតត្បិត ជាខ្លាំង លើ ការបង្ហោះសារនយោបាយ លើប​ណ្ដាញសង្គម ។

គង់ រ៉ៃ​យ៉ា​ ជាយុវជនវ័យក្មេង  បាន​ក្លាយ​ជា​យុវជន​កម្ពុជាដំបូង​គេ ដែល​រងគ្រោះ​ដោយសារ តែ​ការ​បង្ហោះ​សារ​នៅលើ​គណនី​ហ្វេ​សប៊ុក​។ គង់ រ៉ៃ​យ៉ា ដែល​មាន​រហស្សនាម​នៅក្នុង​ហ្វេ​សប៊ុក «Soriya Koko» បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក​របស់​ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖ «​តើ មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណា​មួយ​នៅពេល​ខាងមុខ​នេះ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌​ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»។

គង់រ៉ៃយ៉ា ត្រូវ ចាប់ខ្លួន នៅថ្ងៃទី៩កក្កដា គឺមុនមួយថ្ងៃ ដែលពលរដ្ឋខ្មែរ អ្នកស្រឡាញ់កែមឡី ធ្វើ​ពិធី​រំលឹក ខួប៣ឆ្នាំ នៃការបាញ់សម្លាប់ អ្នកវិភាគរូបនេះ។  ដល់ថ្ងៃទី១០កក្កដា អាជ្ញាធរ បានឃាត់ខ្លួន អ្នក ធ្វើពីធី នេះ ចំនួន ៧នាក់ ។ តែដោះលែងវិញ ៥នាក់។ យុ​វ​ជន​ម្នាក់ទៀត ដែលត្រូវ​ឃុំខ្លួន​ដែរនោះ គឺ យុវជន សួង​ នាគព័ន្ធ។ នាគព័ន្ធ ត្រូវបានចោទពាក់ព័ន្ធនឹងការដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធ លោក បណ្ឌិតកែមឡី នៅស្តាម៉ាត ស្ថានីយ៍កាលតិច ស្តុបបូកគោ ដែលជាការប្រឆាំងនឹងបំរាមរបស់​សមត្ថ​កិច្ច៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ចៅអធិការវត្តបារាយណ៍បន្តដឹកនាំព្រះសង្ឃសាងសង់ផ្លូវលំ

ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩

កំពង់ធំ៖ ព្រះចៅ អធិការវត្តបារាយណ៍កាលពីថ្ងៃទី [...]

មន្រ្តីទេសចរណ៍៖ ក្រុមហ៊ុនទេសចរណ៍រកស៊ីបែបZero Package Tour​ចំនួន៤ធ្លាប់រងការផាកពិន័យ

ភ្នំពេញ៖ យ៉ាងហោចណាស់មានក្រុមហ៊ុនរកស៊ីលក់កញ្ចប[...]

ឧត្តមសេនីយ៍ភូមាច្រើនរូប រងការដាក់ទណ្ឌកម្មពីសំណាក់អាមេរិក ករណីសហគមន៍រ៉ូហ៊ីងយ៉ា

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី១៦កក្កដា  [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត