loader

សហជីព​ ៖​ ដើម្បី​ទប់ស្កាត់​ការ​ដួល​សន្លប់​ ក្រសួង​ការងារ​ គួរ​បង្កើន​សកម្មភាព​ត្រួតពិនិត្យ​តាម​រោងចក្រ​

​ភ្នំពេញ​ ៖​ សហជីព​តំណាង​កម្មករ​ ស្នើ​ក្រសួង​ការងារ​ បង្កើន​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ តាម​រោងចក្រ​ អំពី​ប្រព័ន្ធ​បច្ចេកទេស​ បរិស្ថាន​នៅ​កន្លែងធ្វើការ​ និង​បរិយាកាស​ការងារ​ ក្នុង​រោងចក្រ​នីមួយៗ​។​ ទាក់ទិន​ចំណុច​នេះ​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​នៃ​ក្រសួង​ការ​បញ្ជាក់​ថា​ ក្រសួង​បាន​ចុះ​អនុវត្ដ​ការ​ត្រួតពិនិត្យ​តាម​រោងចក្រ​ជា​រឿយៗ​ ។​ ក៏​ប៉ុន្ដែ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ មិនមែន​សុទ្ធតែ​បង្ក​ពី​ស្ថានភាព​ក្នុង​រោងចក្រ​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​បញ្ហា​នៃ​ការ​ដួល​សន្លប់​ កម្មករ​ កម្មការិនី​ នៅ​តាម​រោងចក្រ​កាត់ដេរ​ និង​ស្បែកជើង​ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ គឺ​ករណី​នេះ​បាន​បន្ដ​កើត​ឡើងជា​ដដែលៗ​ ម្ដង​ហើយ​ម្ដងទៀត​ បើ​ទោះជា​រដ្ឋមន្ដ្រីក្រសួង​កា​ងារ​ខិតខំ​ បង្កើត​យន្ដការ​ ឬ​សេចក្ដីណែនាំ​ ប្រាប់​ទៅ​ម្ចាស់​រោងចក្រ​ សហគ្រាស​ ដើម្បី​ទប់ស្កាត់​ ករណី​ នេះ​ក៏​ដោយ​។​

​តាម​ការ​យល់​ឃើញ​របស់​ប្រធាន​សហជីព​មួយ​រូប​ ដែល​ធ្វើ​ការងារ​ ដើម្បី​កម្មករ​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​ យល់​ឃើញ​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ នៅ​តែ​កើត​មាន​ ពីព្រោះ​តែ​មិន​មានការ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ នៅ​តាម​រោងចក្រ​នីមួយៗ​ ទាក់ទិន​ និង​បច្ចេកទេស​ បរិស្ថាន​នៅ​កន្លែងធ្វើការ​ និង​បរិយាកាស​ការងារ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ មាន​ប្រសាសន៍​ថា​ ទាំង​ករណី​ដួល​សន្លប់​របស់​កម្មករ​ និង​គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ គឺ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ ពោល​វា​គឺជា​រឿង​ដែល​កើតឡើង​ដដែលៗ​។​ លោក​មើលឃើញ​ថា​ ដើម្បី​លុប​បំបាត់​ និង​ទប់ស្កាត់​ករណី​នេះ​ គឺ​សំខាន់​បំផុត​ការ​អនុវត្ដ​ច្បាប់​របស់​មន្ដ្រី​ជំនាញ​ ទៅ​លើ​រោងចក្រ​ សហគ្រាស​ នានា​ នៅ​តែ​មិន​បាន​អនុវត្ដ​បាន​ល្អ​ប្រសើរ​ ទៅ​តាម​សេចក្ដីណែនាំ​ ឬ​សេចក្ដី​ប្រកាស​ ស្ដី​ពី​សុវត្ថិភាព​ការងារ​ ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​លោក​បន្ដ​ទៀត​ថា​ ក្រៅ​តែ​ពី​ការ​ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​បច្ចេកទេស​ តាម​រោងចក្រ​ហើយ​ គឺ​ក្រសួង​ការងារ​ ក៏​គួរ​ចុះ​ទៅ​ពិនិត្យ​សុខភាព​របស់​កម្មករ​ កម្មការិនី​ និង​ក្លិន​ថ្នាំ​ជ្រលក់​ក្រណាត់​ក្នុង​រោងចក្រ​ផង​ដែរ​ ៖«​វា​ជា​រឿង​មួយ​ចាំបាច់​ណាស់​ ដែល​យើង​ត្រូវ​តាមដាន​ អំពី​សុខភាព​កម្មករ​ បូក​ផ្សំ​ទៅ​នឹង​ប្រព័ន្ធ​បរិស្ថាន​ បរិយាកាស​ នៅ​ក្នុង​រោងចក្រ​ រួម​ទាំង​ការ​ពិនិត្យ​ទៅ​លើ​ក្លិន​ក្រណាត់​អី​ផ្សេងៗ​ផង​ដែរ​។​ ទាំង​ហ្នឹងហើយ​ដែល​យើង​អាច​រួមចំណែក​កាត់​បន្ថយ​ការ​ដួល​សន្លប់​នេះ​បាន​ច្រើន​»​។​

​យ៉ាងណា​ លោក​ ប៉ាវ​ ស៊ី​ណា​ ក៏​ទទួលស្គាល់​ផង​ដែរ​ ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ​ និង​មន្ដ្រី​ពាក់ព័ន្ធ​ ក្នុង​ការ​ជួយ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ភ្លាមៗ​ខណៈ​ពួក​គេ​មាន​បញ្ហា​សុខភាព​។​ ក៏​ប៉ុន្ដែ​លោក​ កត់សម្គាល់​ឃើញ​ថា​ មន្ដ្រី​ក្រសួង​ការងារ​ ភាគច្រើន​តែងតែ​ទៅ​ដោះស្រាយ​ក្នុង​ពេល​មាន​បញ្ហា​ប៉ុណ្ណោះ​។​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ចង់​ឃើញ​ក្រសួង​ការងារ​ មាន​ផែន​ការណ៍​ជាក់លាក់​ ចុះ​ត្រួតពិនិត្យ​តាម​រោងចក្រ​ ពី​ប្រព័ន្ធ​បច្ចេកទេស​ផ្សេងៗ​ និង​ អនុវត្ដ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ ចំពោះ​រោងចក្រ​ណា​ ដែល​មិន​បាន​គោរព​ តាម​លក្ខខណ្ឌ​សុវត្ថិភាព​របស់​ក្រសួង​ការងារ​។​

​ជា​ការ​ឆ្លើយ​បត​នឹង​កង្វល់​របស់​សហជីព​តំណាង​កម្មករ​ដូចនេះ​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ នៃ​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ថា​ ក្រសួង​ការងារ​ បាន​បង្កើត​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ ហើយ​ក្រុមការងារ​នេះ​បាន​ចុះ​អនុវត្ដ​ការងារ​ជា​រឿយៗ​ ដើម្បី​អប់រំ​ និង​បង្ហាត់​កម្មករ​ កម្មការិនី​ ពី​ការ​ការពារ​ខ្លួន​ ឲ្យ​គេច​ផុត​ពី​ការ​ដួល​សន្លប់​ និង​ការ​ជួយ​សង្គ្រោះ​ អ្នក​ដួល​សន្លប់​ផ្សេងៗ​។​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ សង្កត់ធ្ងន់​ថា​ ក្រសួង​ការងារ​ បាន​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ដោយ​តាំងចិត្ដ​ថា​ នឹង​លុប​បំបាត់​ឲ្យ​បាន​ករណី​ដួល​សន្លប់​នេះ​ ៖«​បាទ​វា​ទៅ​មុខ​ហើយ​ ល្អ​ ខ្ញុំ​ជឿ​ថា​ វា​ល្អ​ វា​មិន​មានអី​ថា​ មិនល្អ​នោះ​ទេ​ មាន​ន័យ​ថា​ រដ្ឋាភិបាល​ បាន​គិតគូរ​ខ្លាំង​ណាស់​ ប៉ុន្ដែ​អ្វី​ដែល​យើង​ចង់​ គឺ​អ្វី​ដែល​វា​មិន​មានការ​ដួល​សន្លប់​»​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​រំ​ឮ​កថា​ កម្មករ​ កម្មការិនី​ ប្រសិនបើ​មាន​អាការ​ មិន​ស្រួលខ្លួន​ ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ កុំ​បណ្ដោយ​ឲ្យ​ជំងឺ​រាលដាល​រហូត​ដល់​សន្លប់​។​ លើស​ពី​នេះ​ លោក​ក៏​ស្នើ​ឲ្យ​ក្រុម​ថៅកែ​ និយោជក​ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ស្ថានភាព​ បរិយាកាស​ ក្នុង​អាគារ​រោងចក្រ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីណែនាំ​ និង​សេចក្ដី​ប្រកាស​របស់​របស់​ក្រសួង​ការងារ​ ស្ដី​ពី​ការ​ទប់ស្កាត់​ករណី​ដួល​សន្លប់​។​

​សូម​ជម្រាប​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ប្រាប់​ទៅ​កាន់​ម្ចាស់​ និង​នាយក​សហគ្រាស់​ គ្រឹះស្ថាន​ នូវ​គោលការណ៍​ចំនួន​ ១១​ចំណុច​ ដែល​ក្រសួង​ការងារ​ បញ្ជា​ ឲ្យ​ក្រុម​និយោជក​ អនុវត្ដ​តាម​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ ការ​កើត​មាន​ករណី​ដួល​សន្លប់​ជា​ យថាហេតុ​ ដែល​បណ្ដាល​មក​ពី​បរិយាកាស​ទាំង​ក្នុង​ និង​ក្រៅ​អាគារ​ផលិតកម្ម​ ។​ ក្នុង​សេចក្ដីជូនដំណឹង​នោះ​ ក្រសួង​ការងារ​ក៏​បាន​ព្រមាន​ទុកជា​មុន​ផង​ដែរ​ ចំពោះ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ ដែល​ប្រព្រឹត្ដ​ល្មើស​ ផ្ទុយ​នឹង​សេចក្ដីជូនដំណឹង​នេះ​ គឺ​ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន​៕

ព័ត៌មានទាក់ទង

ពលរដ្ឋ​ក្នុងស្រុក​ស្អាង​ ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

ប្រជាពលរដ្ឋ​ម្នាក់​ រស់នៅ​ក្នុងស្រុក​ស្អាង​ ខ[...]

សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សស្វាគមន៍ការដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី

ភ្នំពេញ៖ សមាគមសភាអាស៊ានសម្រាប់សិទ្ធិមនុស្សដែល[...]

បេក្ខជន​ប្រឡង​បាក់​ឌុ​ប​អវត្តមាន​ជាង​១៨០០​នាក់​និង​បញ្ហា​សុខភាព​២៨​ករណី​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ថា​ បេក[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត