loader

សហជីព​ជាង​ ១០០​ ស្នើ​សហភាព​អឺរ៉ុប​ បន្ដ​ការ​អនុគ្រោះ​ពន្ធ​ដល់​វិស័យ​វាយ​ន​ភណ្ឌ​កម្ពុជា​

​ភ្នំពេញ​ ៖​ ខណៈ​តំណាង​សហភាព​អឺរ៉ុប​ មក​កម្ពុជា​ ដើម្បី​វាយតម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​បើកចំហ​សេរីភាព​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៨​ តំណាង​សហជីព​ជាង​ ១០០​ មក​ពី​រោងចក្រ​ផ្សេងៗ​ បាន​សរសេរ​លិខិតស្នើ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ ពិចារណា​បន្ដ​ ការ​អនុគ្រោះ​ពន្ធ​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​ជា​បន្ដ​ទៀត​។​ ការ​ស្នើ​របស់​សហជីព​ទាំងនេះ​ ស្រប​ពេល​សហភាព​អឺរ៉ុប​ ពិចារណា​ការ​បិទ​ពន្ធ​អនុគ្រោះ​លើ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ ករណី​កម្ពុជា​មិន​ឆ្លើយ​តប​នឹង​សំណើសុំ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​សហភាព​អឺរ៉ុប​ គឺជា​ទីផ្សារ​នាំ​ផលិតផល​វាយ​ន​ភណ្ឌ​ដ៏​ធំ​ពី​កម្ពុជា​ ដោយ​មិន​គិត​ពន្ធ​ ដែល​ក្នុង​មួយ​ឆ្នាំៗ​ កម្ពុជា​បាន​ចំណេញ​ប្រាក់​ពី​ការ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប​ ជាង​ ៦៧៦​លាន​ដុល្លារ​ ។​ ព្រោះតែ​ទីផ្សារ​ សហភាព​អឺរ៉ុប​ជា​ខ្នង​បង្អែ​ង​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ ទើប​ធ្វើ​ឲ្យ​រោងចក្រ​ សហគ្រាស​ ជា​ច្រើន​បានក​កើតជា​បន្ដបន្ទាប់​ នឹង​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ ជិត​ ៩០​ម៉ឺន​នាក់​ ហើយ​ភាគច្រើន​ជា​ស្ដ្រី​។​

​កាលពីដើម​ឆ្នាំ​២០១៨​ សហភាព​អឺរ៉ុប​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ មក​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ ស្ដី​ពី​ការ​ពិចារណា​ ក្នុង​ការ​បញ្ឈប់​ការ​ផ្ដល់​ ការ​អនុគ្រោះ​ពន្ធ​ សម្រាប់​ផលិតផល​ផ្សេងៗ​ ដែល​នាំ​ពី​កម្ពុជា​ ពិសេស​ គឺ​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​ លិខិត​នោះ​ បាន​បញ្ជាក់​ថា​ បំណង​នៃ​ការ​បិទ​ការ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ ផ្អែក​ទៅ​លើ​ប្រភព​ទិន្នន័យ​ ស្ដី​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ និង​លំហ​សេរីភាព​ ម​ញ្ចេ​ញ​មតិ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​ ដែល​នេះ​ជា​ការ​វាយតម្លៃ​ របស់​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា​ស្មី​ត​ ដែល​បាន​រាយការណ៍​ ទៅ​កាន់​ឧត្ដម​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​។​ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ បាន​វាយតម្លៃ​ថា​ ដំណើរ​លទ្ធិប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លំហ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​បាន​រួម​តូច​ ហើយ​កាន់តែ​អាក្រក់​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​។​

​ទន្ទឹម​នឹង​លិខិត​នោះ​បាន​បញ្ជូន​មក​កម្ពុជា​ កាលពី​ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០១៨​ សហភាព​អឺរ៉ុប​បាន​បញ្ជូន​តំណាង​របស់​ខ្លួន​ មួយ​ចំនួន​មក​កម្ពុជា​ ដើម្បី​សិក្សា​លម្អិត​ពី​សេចក្ដីរាយការណ៍​នេះ​ ហើយ​ធ្វើ​របាយការណ៍​ទៅ​កាន់​សហភាព​អឺរ៉ុប​ ដើម្បី​ធ្វើ​សេចក្ដីសម្រេច​ ថា​តើ​ គួរ​បិទ​ ឬ​បន្ដ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​របស់​កម្ពុជា​។​

​នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៨​ គឺជា​ថ្ងៃ​ចុង​ក្រោយ​ដែល​តំណាង​សហភាព​អឺរ៉ុប​ បញ្ចប់​ដំណើរការ​សិក្សា​ នឹង​ត្រូវ​វិល​ត្រឡប់​ទៅ​វិញ​។​ ស្រប​ពេល​ដែល​ថ្ងៃនេះ​ ជា​ថ្ងៃ​ចុង​ក្រោយ​ សហជីព​តំណាង​កម្មករ​ប្រមាណ​ជាង​ ១០០​ បាន​សរសេរ​លិខិត​ ដោយ​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​ ផ្ញើ​ជូន​សភាព​អឺរ៉ុប​ ដោយ​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ បន្ដ​ការ​អនុគ្រោះ​ពន្ធ​ជា​បន្ដ​ទៀត​សម្រាប់​ផលិតផល​របស់​កម្ពុជា​ ពិសេស​គឺ​ផលិតផល​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​។​

​លិខិត​របស់​សហជីព​ បាន​សរសេរ​ ដោយ​អរគុណ​ចំពោះ​ការ​អនុគ្រោះ​ពន្ធ​ របស់​សហភាព​អឺរ៉ុប​ កន្លង​មក​សម្រាប់​កម្ពុជា​។​ ព្រោះតែ​ការ​អនុគ្រោះ​នេះ​ បាន​ផ្ដល់​ការងារ​ និង​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ ដល់​កម្មករ​ និយោជិត​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​។​ សហជីព​បន្ដ​ទៀត​ថា​ ខ្លួន​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ព័ត៌មាន​ដែល​សហភាព​អឺរ៉ុប​ កំពុង​ពិចារណា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ Everything​ But​ Arms​ ពី​កម្ពុជា​។​ លិខិត​ដដែល​នេះ​ បាន​បញ្ជាក់​ទៀត​ថា​ ប្រសិនបើ​សហភាព​អឺរ៉ុប​ ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ វា​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ យ៉ាង​ខ្លាំង​ ដល់​ជីវភាព​កម្មករ​ ជិត​ ៩០​ម៉ឺន​នាក់​ និង​ប្រជាជន​កម្ពុជា​ ដទៃ​ទៀត​ រាប់​លាន​នាក់​ ដែល​សុទ្ធ​សឹង​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ មិន​ពាក់ព័ន្ធ​និង​គណបក្ស​នយោបាយ​ណាមួយ​។​

​ក្រុម​សហជីព​ជាង​ ១០០​ ដែល​បាន​ផ្ញើ​លិខិត​ទៅ​សហភាព​អឺរ៉ុប​នេះ​ ទទូច​សុំ​ឲ្យ​សភាព​អឺរ៉ុប​ បន្ដ​ការ​អនុគ្រោះ​សម្រាប់​កម្ពុជា​ជា​បន្ដ​ទៀត​ ហើយ​កុំ​ចាត់វិធានការ​ណ៍​ណាមួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ កម្មករ​ កម្មការិនី​ និយោជិត​ ដោយ​យក​បញ្ហា​នយោបាយ​ជា​មូលហេតុ​ចម្បង​។​ ជាង​នេះ​ សហជីព​ សុំ​ឲ្យ​សហភាព​អឺរ៉ុប​ បែងចែក​ឲ្យ​ដាច់​ពី​គ្នា​ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ និង​នយោបាយ​ ឬ​អ្នកនយោបាយ​។​

​យ៉ាងណា​មិនមែន​មាន​តែ​សហជីព​ជាង​ ១០០​នេះ​ទេ​ ដែល​មាន​ក្ដី​ព្រួយបារម្ភ​ ពី​ស្ថានភាព​មិន​ច្បាស់លាស់​ ពី​បំណង​នៃ​ការ​ដក​ ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នា​ពេល​នេះ​។​

​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ គឺជា​មេដឹកនាំ​សហជីព​ ដែល​ធ្វើការ​ដើម្បី​កម្មករ​ កម្មការិនី​ ជាង​ច្រើន​ឆ្នាំ​មក​ហើយ​ បាន​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​ នឹង​ចង់​ឲ្យ​ អន្ដរជាតិ​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ មានការ​ចរចា​ និង​សម្របសម្រួល​គ្នា​ ក្នុង​កម្រិត​ណាមួយ​ ដែល​ល្អ​ប្រសើរ​ជាង​ការ​បិទ​ ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ផ​លិ​ផល​ពី​កម្ពុជា​ ពិសេស​គឺ​ផលិតផល​វាយ​ន​ភណ្ឌ​។​

​លោក​បន្ដ​ទៀត​ថា​ វិស័យ​វាយ​ន​ភណ្ឌ​ គឺជា​កម្លាំង​ដ៏​ធំ​មួយ​ ដែល​អាច​រក​ប្រាក់​ចំណូល​ជូន​ដល់​សេដ្ឋកិច្ចជាតិ​ និង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​។​ ប្រសិនបើ​វិស័យ​មួយ​នេះ​ ត្រូវ​បាន​ផ្អាក​ ឬ​ក៏​ត្រូវ​បិទ​ ឬ​ក៏​ត្រូវ​នាំ​ចូល​ទៅ​ទីផ្សារ​អន្ដរ​ដោយ​មាន​កម្រិត​ រួម​ផ្សំ​នឹង​ការ​យកពន្ធ​ទៀត​ កម្ពុជា​នឹង​ជួប​បញ្ហា​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ កម្មករ​ នឹង​ត្រូវ​បាត់បង់​ការងារ​ ហើយ​ជម្លោះ​រវាង​ ថៅកែ​ និយោជក់​ និង​កម្មករ​ និយោជិត​ ច្បាស់​ជា​កើត​មាន​។​ លោក​ អាត់​ ធន់​ ចង់​ឃើញ​ដំណោះស្រាយ​សម​ស្រប​មួយ​រវាង​អន្ដរជាតិ​ ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជា​ជាង​ការ​បិទ​ការ​អនុគ្រោះ​ពន្ធ​ លើ​វិស័យ​វាយ​ណ​ន​ភណ្ឌ​ពី​កម្ពុជា​ ៖«​ចំពោះ​ខាង​សហជីព​យើង​ ក៏​ដូច​ជា​ខាង​កម្មករ​ យើង​យល់​ថា​ ជម្លោះផ្ទៃក្នុង​ពាក់ព័ន្ធ​ទៅ​នឹង​ លទ្ធិប្រជាធិបតេយ្យ​ ការ​បោះ​ឆ្នោត​ ការ​ប្រកួតប្រជែង​ក្នុង​បក្ស​ទាំង​ពីរ​ហ្នឹង​ CPP​ និង​ CNRP​ រហូត​ដល់​បាត់​ការ​គាំទ្រ​ពី​សហ​គម​អន្ដរ​អឺរ៉ុប​រហូត​ដល់​ផ្ដាច់​អីហ្នឹង​ ខ្ញុំ​គិត​ថា​ បើ​អាច​ទៅ​រួច​រដ្ឋាភិបាល​ សហ​គម​អឺរ៉ុប​ សហរដ្ឋអាមេរិក​អីហ្នឹង​ គួរ​ជជែក​គ្នា​ក្នុង​ក្រប​ខណ្ឌ​ណាមួយ​ កុំ​ដាក់​បញ្ហា​ ការ​ផ្ដាច់​ការ​នាំ​ចេញ​ជា​បញ្ហា​ទី​១​ អី​អ​ញ្ចឹ​ង​ព្រោះ​វា​ប៉ះពាល់​ខ្លាំង​ដល់​កម្មករ​ និយោជិត​»​។​

​ទាក់ទិន​រឿង​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ខែមិថុនា​ ឆ្នាំ​២០១៨​ បាន​បញ្ជូន​មន្ដ្រី​របស់​ខ្លួន​មួយ​ក្រុម​ ដើម្បី​ទៅ​ជួប​ សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ ដើម្បី​ពន្យល់​ពី​ស្ថិរភាព​នៅ​កម្ពុជា​ និង​ធ្វើ​យ៉ាងណា​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ រក្សា​ស្ថានភាព​ ពាណិជ្ជកម្ម​ ជា​អាទិភាព​ជាមួយ​កម្ពុជា​នៅ​ដដែល​។​ មន្ដ្រី​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ ប្រ៊ុ​ច​សែ​ល​ កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​ថ្ងៃ​ទី​១១​ ខែកក្កដា​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ជុំវិញ​ដំណើរ​ ទៅ​ជួប​សហភាព​អឺរ៉ុប​នៅឡើយ​ទេ​។​ តែ​យ៉ាងណា​ មន្ដ្រី​នាំពាក្យ​គណបក្សកាន់អំណាច​ លោក​ សុខ​ ឥ​សាន្ដ​ បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ សហភាព​អឺរ៉ុប​ នឹង​ស្ដាប់​នូវ​អ្វី​ដែល​ជា​ការ​ពិត​របស់​កម្ពុជា​ ហើយនឹង​នៅ​តែ​បន្ដ​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​ជា​បន្ដ​ទៀត​។​

​កម្ពុជា​ បាន​ចំណេញ​ប្រាក់​ពន្ធ​ ពី​ការ​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ ជាង​ ៦៧៦​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​ ដែល​បែកធ្លាយ​ ជា​សាធារណៈ​ កាលពី​ ថ្មីៗ​នេះ​។​ កម្ពុជា​ បាន​ទទួល​គម្រោង​អនុគ្រោះ​ពន្ធ​ នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​ លើ​ផលិតផល​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (Everything​ But​ Arms)៕​

ព័ត៌មានទាក់ទង

អង្គការ អ៊ី អេស ស៊ី-បូដាកម្ពុជា បេ្តជ្ញាផ្តល់សេវាប្រព័ន្ធប្រព្រឹត្តិកម្មទឹកសម្អុយទូទាំងប្រទេស

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ព[...]

ក្រសួងបរិស្ថានបង្ក្រាបពលរដ្ឋទន្ទ្រានកាន់កាប់ដីនៅតំបន់ការពារធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបង្ក្រាបការទន្ទ្រាន[...]

ប្រធានគ.ជ.បសង្ឃឹមថា ការបោះឆ្នោតក្រោយៗទៀតកាន់តែប្រសើរ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត