loader

សហគមន៍​អន្តរជាតិ​ប្រកាស​មិន​ទទួលស្គាល់​ សភាធម្មនុញ្ញ​ ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា​

ការ៉ាហ្គាស់៖ ស្ថានការណ៍នយោបាយ នៅប្រទេសវេណេហ្សូអេឡា កាន់តែគ្រោះថ្នាក់បំផុត។ អំពើហិង្សា កើតមានទូទាំងប្រទេស ដោយបណ្ដាលឱ្យមនុស្សស្លាប់ ១៥នាក់។ ករណីនេះដោយសារតែអ្នកគាំទ្រ គណបក្សប្រឆាំង ធ្វើកុបកម្ម រំខានការបោះឆ្នោតសភាធម្មនុញ្ញ ដែលបុរសខ្លាំង នីកូឡាស ម៉ាដូរ៉ូ ដាក់ផែនការនេះដើម្បីគេចមិនឱ្យបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៨ ព្រោះដឹងថាខ្លួនអាចចាញ់ឆ្នោត។ ករណីហិង្សនេះ នាំឲ្យសហគមន៍អន្តរជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។

កញ្ញា ហេង ហ្សូលី ជូនសេចក្ដីប្រែសម្រួល៖

លោក នីកូឡាស់ ម៉ាដូរ៉ូ និងភរិយា
លោក នីកូឡាស់ ម៉ាដូរ៉ូ និងភរិយា

សហគមន៍អន្តរជាតិ ចាប់ផ្តើមថ្កោលទោសប្រធានាធិបតី នៃប្រទេសវេណេហ្សូអេឡា និងប្រកាសមិនទទួលស្គាល់សភាធម្មនុញ្ញ ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៣០ កក្កដា ខណៈអំពើហិង្សាកើតឡើងទូទាំងប្រទេស បង្កឲ្យមនុស្សស្លាប់ ១៥នាក់។

សហគមន៍អន្តរជាតិទាំងនោះរួមមានសហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប បារាំង អង់គ្លេស អាល្លឺម៉ង់ អាហ្សង់ទីន ប៉េរ៉ូ កូឡុំប៊ី មិចស៊ិច បានប្រកាសថា ការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ ដែលបង្កឲ្យមានចលាចលនិងមនុស្សស្លាប់ជាច្រើននាក់។

សហគមន៍អន្តរជាតិទាំងនេះ បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបានហៅការបោះឆ្នោតសភាធម្មនុញ្ញធ្វើឡើងតាមការបញ្ជារបស់ប្រធានាធិបតី នីកូឡាស់ ម៉ាដូរ៉ូ ថា ជាដំណើរឆ្ពោះទៅរកអំណាចផ្តាច់ការដែលមិនអាចទទួលស្គាល់បានឡើយ។

សហភាពអ៊ឺរ៉ុបទាមទារឲ្យស្តារស្ថានការណ៍វិលមករកភាពប្រក្រតីវិញ ខណៈសហរដ្ឋអាមេរិកបានព្រមានថា វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសផលិតប្រេងដ៏ធំនេះ នឹងត្រូវចាប់ផ្តើមឆាប់ៗនេះហើយ។

ផលិតផលប្រេងរបស់ប្រទេសវេណេហ្សូអេឡា ដែលត្រូវបាននាំទៅកាន់ទីផ្សារពិភពលោក គឺសហរដ្ឋអាមេរិកជាទីផ្សារធំជាងគេ។ លោក ដូណាល់ត្រាំ កាលពីសប្តាហ៍មុនបានសម្រេចឲ្យដាក់ទណ្ឌកម្មជំហានដំបូងលើមន្ត្រីជាន់ខ្ពស់វេណេហ្សូអេឡា ១៣រូប ក្នុងនោះមានលោក ម៉ាដូរ៉ូ ផងដែរ។ ទណ្ឌកម្មនេះឈានដល់ការរឹបអូសទ្រព្យសម្បត្តិពួកគេ នៅក្រៅប្រទេសជាពិសេសនៅសហរដ្ឋអាមេរិក។ ប្រទេសវេណេហ្សូអេឡា បានធ្លាក់ក្នុងវិបត្តិនយោបាយចាប់តាំងពីខែមេសាមកនោះបានបណ្តាលឲ្យមនុស្សស្លាប់ ១១៥នាក់។

ពលរដ្ឋវេណេហ្សូអេឡា កុបកម្មប្រឆាំងការបោះឆ្នោតសភាធម្មនុញ្ញ
ពលរដ្ឋវេណេហ្សូអេឡា កុបកម្មប្រឆាំងការបោះឆ្នោតសភាធម្មនុញ្ញ

ប៉ុន្តែការបោះឆ្នោតសភាធម្មនុញ្ញកាលពីថ្ងៃអាទិត្យ ដែលគណបក្សប្រឆាំងធ្វើពហិការនោះបានបង្កឲ្យមានហិង្សាផ្ទុះឡើងទូទាំងប្រទេស ដោយសម្លាប់មនុស្ស ១៥នាក់ក្នុងនោះមានប្រធានយុវជនរបស់គណបក្សប្រឆាំងម្នាក់ផងដែរ។ ស្របពេលស្ថានការណ៍កំពុងឡើងកម្តៅយ៉ាងខ្លាំងប្រធានគណបក្សប្រឆាំងត្រូវបានអាជ្ញាធរឃុំខ្លួននៅក្នុងផ្ទះ។ អនុប្រធានាធិបតីអាមេរិក បានទូរស័ព្ទទៅកាន់មេដឹកនាំបក្សប្រឆាំងវេណេហ្សូអេឡា ហើយបានសន្យាថា សហរដ្ឋអាមេរិកនឹងកៀរគរសហគមន៍អន្តរជាតិដើម្បីដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា។

ស្របពេលនេះដែរ ពួកយោធាបានប្រកាសថា គេមិនចូលពាក់ព័ន្ធនឹងជម្លោះនយោបាយនេះទេ។ តែយ៉ាងនេះក្តី សមត្ថកិច្ចដែលប៉ះទង្គិចជាមួយកុបករគាំទ្រគណបក្សប្រឆាំង គឺមានតែកម្លាំងប៉ូលីសមកពីក្រសួងមហាផ្ទៃប៉ុណ្ណោះ។

កុបកម្មពលរដ្ឋវេណេហ្សូអេឡា ដែលទទួលការរារាំងពី សមត្ថកិច្ចគាំទ្រលោក ម៉ាដូរ៉ូ
កុបកម្មពលរដ្ឋវេណេហ្សូអេឡា ដែលទទួលការរារាំងពី សមត្ថកិច្ចគាំទ្រលោក ម៉ាដូរ៉ូ

គោលដៅនៃការបោះឆ្នោតសភាធម្មនុញ្ញនេះ ត្រូវបានមើលឃើញថា ដើម្បីរំលាយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំងហើយសរសេររដ្ឋធម្មនុញ្ញថ្មីឡើងវិញ ដែលត្រូវបានគណបក្សប្រឆាំងរិះគន់ថា ជាការពង្រីកនិងពង្រឹងអំណាចថែមទៀតរបស់ប្រធានាធិបតី ម៉ាដូរ៉ូ ដែលគេចវេសមិនព្រមបោះឆ្នោតនៅឆ្នាំក្រោយ។

អ្នកវិភាគ និង អ្នកសង្កេតការណ៍ព្រមានថា ប្រទេសនេះនឹងធ្លាក់ចូលរបបផ្តាច់ការ ឬរបបកម្មុយនិស្តមួយយ៉ាងពិតប្រាកដព្រោះលោក ម៉ាដូរ៉ូ ជាមេគណបក្សសង្គមនិយមរួចទៅហើយ៕ ប្រភព AP និង Reuters

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

មនុស្ស ១៥នាក់ស្លាប់ ខណៈមនុស្ស ២០នាក់បាត់ខ្លួនដោយព្យុះនៅ ដូមីនិក

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៥​នាក់​បាន​ស្លាប[...]

ម៉ិ​ក​ស៊ិ​ក​ ៖​ ក្រុម​ជួយ​សង្គ្រោះ​កំពុង​កកាយ​រក​សិស្ស​ដែល​នៅ​រស់​ ក្រោយ​សាលារៀន​បាក់​រលំ​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ព្យាយាម​គាស់កកា[...]

មនុស្ស​​ ១៤៩​នាក់​ស្លាប់​ដោយ​គ្រោះរ​ញ្ជូ​យ​ដី​នៅ​ ម៉ិ​ក​ស៊ិ​ក​

យ៉ាង​ហោច​មនុស្ស​ជិត​ ១៤៩​នាក់​ បាន​ស្លាប់​ខណៈ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត