loader

សម្តេច ហ៊ុន សែន៖ កម្ពុជាគ្មានអតិផរណាដូចប្រទេសវេណេហ្សូអេឡាឡើយ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានធ្វើការប្រៀបធៀបកម្លាំងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសវេណេហ្សូអេឡា ដែលសម្តេចថា រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងរក្សាអតិផរណានៃថ្លៃទំនិញមិនឱ្យឡើងកប់ពពកដូចនៅប្រទេស វេណេហ្សូអេឡាឡើយ។ ការថ្លែងនេះធ្វើឡើងនៅចំពោះមុខកម្មករកាត់ដេរប្រមាណមួយម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ សីហានេះ។

 

                                                                       សម្តេច ហ៊ុន សែន មានប្រសាសន៍ជាមួយកម្មករ។

 

ថ្លែងនៅចំពោះមុខកម្មករ កម្មាការិនីជាងមួយម៉ឺននាក់សម្តេច ហ៊ុន សែន ដែលនឹងដឹកនាំសមាជិករាជរដ្ឋាភិបាល និងសមាជិកសភាចូលកាន់តំណែងថ្មី បន្ទាប់ពីឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងគ្រាដែលមានការរិះគន់ពីសហគមន៍អន្តរជាតិនោះ បានបង្ហាញជំហររឹងមាំនៃសេដ្ឋកិច្ចជាតិក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។

សម្តេច ហ៊ុន សែន លើកឡើងថា​ រដ្ឋាភិបាលបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីរក្សាបាននូវកម្លាំងសេដ្ឋកិច្ចមួយរឹងមាំ ពិសេសគឺរក្សាបានតម្លៃទំនិញលើទីផ្សារមិនឱ្យឡើងខ្ពស់ ដែលជាផ្នែកមួយនៃការទប់ស្កាត់អតិផរណា។

សម្តេច ហ៊ុន សែន បន្តថា រដ្ឋាភិបាលកំពុងតែគិតគូរពីកម្រិតប្រាក់បៀវត្តន៍របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនានានៅឆ្នាំក្រោយ ពិសេសគឺប្រាក់ឈ្នួលកម្មករកាត់ដេរ ធ្វើយ៉ាងណាឱ្យសមាមាត្រនឹងតម្លៃទំនិញលើទីផ្សារ។ សម្តេចបានអះអាងថា អត្រាអតិផរណានៅកម្ពុជាបានរក្សានៅក្នុងកម្រិតមួយល្អជាងប្រទេសជិតខាង ហើយថាកម្ពុជាគឺមិនអាចមានហានិភ័យនៃអតិផរណាដូចនៅប្រទេស វេណេហ្សូអេឡា នោះដែរ។

ប្រទេស វេណេហ្សូអេឡា ក្រោមការដឹកនាំរបស់ប្រធានាធបតី នីកូឡាសម៉ាឌូរ៉ូ បានស្គាល់នូវវិបត្តិអតិផរណាយ៉ាងធ្ងន់ធ្ងរ គឺមាន់មួយក្បាលតម្លៃ ១៤លាន ៤សែនBolivar កាហ្វេមួយកែវតម្លៃ២លាន៤សែន Bolivar អង្ករ មួយគីឡូក្រាម តម្លៃ២លាន ៨សែន Bolivar នៅលើទីផ្សាររដ្ឋធានីការាកាស ។ តាមការចុះផ្សាយរបស់ សារព័ត៌មានIndependent Journal Review ក្រដាសអនាម័យមួយដុំក៏មានតម្លៃ ២លាន៦សែន Bolivarផងដែរ។

 

ដូចអ្នកសេដ្ឋកិច្ចបានព្រមានថា សេដ្ឋកិច្ចប្រទេសវេណេហ្សូអេឡា ក្រោមការដឹកនាំនៃបក្សសង្គមនិយម  កំពុងដើរឆ្ពោះទៅរកការដួលក្រឡាប់នៅចុងឆ្នាំ២០១៨នេះ ក៏ដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអាមេរិកនិងសហភាពអឺរ៉ុប បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២០ឧសភា មិនត្រូវបានទទួលស្គាល់ភាពស្របច្បាប់។

ស្របពេលអតិផរណាឡើងកប់ពពក រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានប្រកាសដំឡើងប្រាក់បៀវត្ស ៣ពាន់ភាគរយលើស្ថិរភាពបៀវត្សដែលមានស្រាប់ ប្រយោជន៍ដើម្បីរត់តាមទំនិញលើទីផ្សារ។ ទំព័រសារព័ត៌មានអន្តរជាតិជាច្រើន បានបង្ហាញរូបពលរដ្ឋទៅផ្សារ ដោយអ្នកមានទ្រព្យធុនបានដឹកក្រដាសប្រាក់ Bolivar ដាក់ពេញកូនឡាន ហើយហៅអ្នកលក់មកជួយលើកយកព្រោះប្រាក់ Bolivar ទាំងនោះមានចំនួនច្រើន។

ប្រទេសវេណេហ្សូអេឡា បច្ចុប្បន្នកំពុងរងការដាក់ទណ្ឌកម្មពីអាមេរិក និងសហភាពអឺរ៉ុប បានជួបវិបត្តិសេដ្ឋកិច្ច និងនយោបាយធ្ងន់ធ្ងរ នាំឱ្យមានជនភៀសខ្លួនជាងមួយលានប្រាំសែននាក់ ភ្លៀសខ្លួនទៅនៅប្រទេសជិតខាងដើម្បីរកងារងារធ្វើ។

កាលពីសប្ដាហ៍មុន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសុំអោយជួយស្ដារស្ថានភាពជនភៀសខ្លួនជាបន្ទាន់ដោយសារពួកគេរស់នៅដោយខ្វះស្បៀង ទឹកស្អាត និងថ្នាំពេទ្យ ។ ប្រទេសដែលផ្ដល់ជំនួយ សម្រាប់ជនភៀសខ្លួនមាន អាមេរិក សហភាពអឺរ៉ុប និងប្រទេសជិតខាង។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចកម្ពុជាគិតត្រឹមខែមិថុនាឆ្នាំ២០១៨ បានឱ្យដឹងថា កំណើន​សន្ទស្សន៍​ថ្លៃទំនិញ​ជាមធ្យម​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨នេះ មាន​អត្រា ២,៥% ទាប​ជាង​កំណើន​ជាមធ្យម​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ៣,៥%។

ដោយ​ផ្អែកលើ​កំណើន​ជាមធ្យម​ក្នុង​ឆមាស​ទី១ ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច​អាច​សន្និដ្ឋានថា ស្ថានភាព​អតិផរណា​ក្នុង​ឆ្នាំ ២០១៨ នៅតែ​រក្សាបាន​ស្ថិរភាព​ល្អ ពោលគឺ​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន។ ការរក្សាបាន​អត្រាកំណើន​ទាប​នេះ ដោយសារ​ការ​ថមថយ​កំណើន​សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​ម្ហូបអាហារ​នាដើមឆ្នាំ បើទោះបីជា​ថ្លៃ​ប្រេងឥន្ធនៈ​មាន​និន្នាការ​ងើបឡើង​វិញ​បន្តិច​ក៏ដោយ។

បើក្រសួង​ការធ្វើ​ចំណោល​ដល់​ខែធ្នូ ឆ្នាំ ២០១៨ អតិផរណា​ប្រចាំឆ្នាំ (year on year) អាច​នឹងមាន​អត្រា ២,៨% ឬ អតិផរណា​មធ្យម​ប្រចាំឆ្នាំ (year average) អាច​នឹងមាន​អត្រា ២,៧%។

អតិផរណា គឺជាការកើនឡើងនៃកំរិតថ្លៃរួម ហើយវាកើតឡើងនៅពេលដែលតម្លៃទំនិញជាច្រើនកើនឡើងព្រមៗគ្នា។ គេអាចវាស់អតិផរណាដោយពិនិត្យមើលទៅលើចំនួនជាច្រើននៃទ្រព្យ និង សេវា ហើយគណនាវាធៀបទៅលើការកើនឡើងនៃថ្លៃទំនិញក្នុងរយៈកាលណាមួយនោះ។

កម្ពុជាធ្លាប់ជួបវិបត្តិអតិផរណា កាលពីឆ្នាំ២០០៧​និង២០០៨ ដែលគ្រានោះអតិផរណាបានកើនឡើងដល់២៥.៧ ភាគរយ ហើយបានធ្លាក់ចុះមកវិញត្រឹម ២២.៣ ភាគរយនៅខែកក្កដាឆ្នាំ ២០០៨។ អតិផរណាគ្រានោះ កើតឡើងស្របពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចផងដែរ។ តែមានការរកឃើញថា វិបត្តិអតិផរណាកម្ពុជាកាលណ្ណោះ គឺកម្ពុជាបានពឹងផ្អែកលើការនាំចូលទំនិញប្រើប្រាស់ពីបរទេស ពិសេសប្រទេសជិខាងកម្ពុជាគឺវៀតណាម និងថៃ ព្រោះមុខទំនិញពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាច្រើន មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយសេដ្ឋកិច្ចរបស់ប្រទេសថៃ និងប្រទេសវៀតណាមតាមរយៈការធ្វើពាណិជ្ជកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ៕

ព័ត៌មានទាក់ទង

ធនាគារពិភពលោក​ព្យាករណ៍​ថា​កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​រក្សា​កំណើន​៧​ភាគរយ​ឆ្នាំ​២០១៨​នេះ​

ធនាគារ​ពិភពលោក​(World​ Bank)​ បាន​ពន្យា​ករ​ណ៍[...]

តម្លៃ​ប្រេងសាំង​លើ​ទីផ្សារ​ឡើងថ្លៃ​តិច​តូច​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ក្នុង​ខែតុលា​[...]

អាមេរិកបោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារបង្កើនបច្ចេកវិទ្យាលើការផលិតស្រូវអង្ករកម្ពុជា វាយលុកទីផ្សារអន្តរជាតិ

ក្រុងភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគខ្នាតធំឈានមុខគេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត