en     km
en     km

សម្តេច ហ៊ុនសែន៖ការចាប់ខ្លួនម្នាក់នោះ(កឹមសុខា) មិនទាន់បញ្ចប់ព្រោះនៅមានអ្នកពាក់ព័ន្ធផ្សេងទៀត

Share

នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច​ ហ៊ុន សែន បានថ្លែងថាមិនអនុញ្ញាតឱ្យមានក្រុមឧទ្ទាមណាមួយមកបំផ្លាញជាតិខ្មែរបាននោះទេ ហើយក៏មិនអាចបញ្ចប់ត្រឹមតែការចាប់ខ្លួនមនុស្សតែម្នាក់នោះដែរ។ ។ សម្តេច ហ៊ុន សែន មិនបានថ្លែងចំៗចំពោះការចាប់ខ្លួនមនុស្សតែម្នាក់នោះទេ តែទំនងសំដៅទៅលើការចាប់ខ្លួនលោកកឹម សុខា។ ការថ្លែងនេះធ្វើទ្បើងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ សណ្ឋាគារ និងរមណីយដ្ឋានសុខា សៀមរាប នាព្រឹកថ្ងៃទី ២ តុលា ឆ្នំា២០១៧នេះដែលត្រូវបានមើលឃើញជាសាធារណៈលើហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រី។

រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន

បន្ទាប់ពីមានការចាប់ខ្លួនមេបក្សប្រឆំាងធំជាងគេនៅកម្ពុជាលោក កឹម សុខា រួចមក ស្ថានភាពនយោបាយនៅកម្ពុជាកាន់តែកើនទ្បើងផងដែររវាងស្ថានទូតមួយចំនួននៅកម្ពុជា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។

ការចាប់ខ្លួនលោកកឹម សុខា នេះត្រូវបានគេមើលឃើញថាជារឿងនយោបាយ តែរដ្ឋាភិបាលថាទង្វើរបស់លោកកឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឱ្យបាននោះទេ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ សណ្ឋាគារ និងរមណីយដ្ឋានសុខា សៀមរាប សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពរួចហើយ ការណ៍នេះកម្ពុជាមិនអនុញ្ញាតឱ្យមានក្រុមឧទ្ទាមណាមួយមកបំផ្លាញកម្ពុជាបានជាដាច់ខាត។

សម្តេច ហ៊ុន សែន ក៏បានភ្ជាប់រឿងនេះពាក់ព័ន្ធការចាប់ខ្លួនមនុស្សម្នាក់ដែលសម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីឈ្មោះបុគ្គលនោះទេ តែទំនងសំដៅទៅលើការចាប់ខ្លួនមេបក្សសង្គ្រោះជាតិលោកកឹម សុខា ពីអំពើក្បត់ជាតិ។ ស​ម្តេច ហ៊ុន សង្កត់ធ្ងន់ថារឿងនេះមិនបញ្ចប់ត្រឹមការចាប់ខ្លួនម្នាក់នេះនោះទេ។ «សូមផ្តំាឱ្យហើយមិនមែនបញ្ចប់ត្រឹមចាប់ខ្លួនមនុស្សម្នាក់នោះទេព្រោះនេះជាការរៀបចំ និងធ្វើសកម្មភាពជាប្រព័ន្ធតែម្តងដូច្នេះខ្ញុំនិយាយប៉ុណ្ណេះអ្នកដទៃអាចយល់បាន។ ហើយកំពុងប្រើភាពជម្លើយនៅតំបន់៣ខេត្តរួចហើយកំពង់ធំ ព្រះវិហារ និងម្សិលមិញនៅសៀមរាបតែម្តង ប៉ុន្តែសូមបញ្ជក់ជូនឱ្យហើយមិនបញ្ចប់ត្រឹមចាប់មនុស្សតែម្នាក់នោះទេរឿងវាមានជាសំណុំរបស់វាការរៀបចំសកម្មភាពជាប្រព័ន្ធ»។

សម្តេច ហ៊ុន សែន បានព្រមានទៀតថាគេមិនឱ្យក្រុមចលនាណាមួយ អុកឡុកទីក្រុងភ្នំពេញម្ដងទៀតឡើយ។ សម្តេច ហ៊ុន សែន ៖«មិនអាចឱ្យអ្នកឯងធ្វើឧទ្ទាមក្នុងទីក្រុងនោះទេ ខ្ញុំសូមព្រមាន នឹងសូមប្រាប់ ឧទ្ទាមក្នុងព្រៃវាជារឿងមួយ ឧទ្ទាមក្នុងទីក្រុងដោយធ្វើបដិវត្តព័ណ៌មិនអនុញ្ញាតដាច់ខាតហើយ អ្នកឯងបានធ្វើហើយក៏បានបរាជ័យតែក៏បានត្រៀមធ្វើបន្តទៀត ឥលូវយើងមិនអនុញ្ញាតឱ្យឧទ្ទាមទីក្រុងបន្តបំភ្លិចបំផ្លាញសន្តិសុខរបស់ជាតិនោះទេ»។

វិទ្យុស្រ្តីមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីរបស់គណបក្សសង្គ្រោះជាតិបាននៅទ្បើយនោះទេនៅថ្ងៃនេះដោយទូរស័ព្ទចូលតែពុំមានអ្នកទទួល។

ជុំវិញការលើកទ្បើងនេះអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ឃើញថាការលើកទ្បើងនេះគឺជាមិនមានអ្វីចម្លែកនោះទេ ហើយការព្រមាននេះគឺជាការព្រមានបង្រ្កាបជាប្រព័ន្ធដើម្បីឱ្យអ្នកពាក់ព័ន្ធផ្សេងៗទៀតមានការភ័យខ្លាច។ តែយ៉ាងណា លោកបណ្ឌិត មាស នី យល់ឃើញថាគណបក្សនយោបាយគួរតែពង្រឹងកិច្ចសហការគ្នាទ្បើងវិញដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ។ «ការគំរាមនេះសម្រាប់ខ្ញុំមិនមានអីចម្លែកនោះទេព្រោះការគំរាមមានបន្តបន្ទាប់ដើម្បីឱ្យអ្នកដទៃគ្រាន់តែភ័យរត់ទៅ ហើយខ្ញុំឮខាងគណបក្សប្រឆំាងកាលពីមុននំាគ្នារត់ប្រសេកប្រសាចចេញទៅក្រៅដល់ឥលូវវិលមកវិញយើងឃើញមានការព្រមានជាបន្តបន្ទាប់ទៀត»។

សូមជំរាបថាយ៉ាងហោចណាស់មានមេបក្សចំនួនពីរហើយ គឺគណបក្សយុវជនកម្ពុជា និងគណបក្សហ្វ៊ុន ស៊ិនប៉ិច ដែលបានដាក់ពាក្យប្តឹងទៅកាន់តុលាការកំពូលដើម្បីសុំឱ្យរំលាយគណបក្សសង្គ្រោះជាតិចោល។​ ការស្នើសុំនេះក្រោមហេតុផលថាមេដឹកនំាគណបក្សសង្គ្រោះជាតិបានប្រព្រឹត្តិអំពើក្បត់ជាតិដែលមានលក្ខណៈជាប្រព័ន្ធដែលមិនអាចលើកលែងឱ្យបាន ជាពិសេសដើម្បីដាស់តឿនស្មារតីដល់អ្នកនយោបាយគ្រប់ជំនាន់ត្រូវគិតផលប្រយោជន៍ជាតិជាធំ និងកុំឱ្យអ្នកនយោបាយជំនាន់ក្រោយយកគំរូតាមក្រុមគណបក្សសង្គ្រោះជាតិដែលជាហេតុធ្វើឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងនឹមត្រួតត្រារបស់បរទេសដូចសម័យកាលមុន៕

Share

Image
Image
Image