loader

សម្ដេច ហ៊ុន សែន ថា គ្មានការបោះឆ្នោតលើកទី២ក្នុងអាណត្តិនេះទេតែអ្នកវិភាគថាអាចនឹងមាន

ភ្នំពេញ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អតីតគណបក្សសង្គ្រោះជាតិ​ មិនអាចរស់ឡើងវិញបានទេ ហើយក៏មិនមានការបោះឆ្នោតលើកទី២វិញដែរ នៅក្នុងអាណត្តិនេះ។ ដោយឡែកអ្នកវិភាគវិញយល់ថា ការបោះឆ្នោតលើកទីពីរអាចនឹងកើតមានឡើងដោយសារស្ថានការណ៍តម្រូវឱ្យមាន។

លោក សោម លាភ រាយការណ៍៖

 

ថ្លែងនៅក្នុងពីធីអបអរសាទរទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី៥ ខែតុលានេះ សម្ដេចហ៊ុនសែន បានបង្ហាញប្រតិកម្មទៅនឹងអតីតគណបក្សប្រឆាំងដែលធ្វើបាតុកម្មនៅអាមេរិក។ ក្នុងនោះនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញនូវអារម្មណ៍ខឹងយ៉ាងខ្លាំងទៅលើបាតុករ ដែលបានលើកឡើងថា សម្ដេចត្រូវបានសហគមន៍អន្តរជាតិគៀបសង្កត់។

មិនមែនត្រឹមតែរឿងនេះទេ សម្ដេចហ៊ុនសែន ក៏ចំអកឡកឡឺយចំពោះមន្ត្រីអតីតគណបក្សប្រឆាំង ដែលកំពុងតែរង់ចាំការរស់ឡើងវិញរបស់គណបក្សរបស់ខ្លួន។ យ៉ាងណា សម្ដេច ថា មន្ត្រីទាំងនោះចាំតាមចិត្តចុះ ចាំឱ្យខ្មោចរស់ឡើងវិញ។

សម្ដេចហ៊ុនសែន ថ្លែង ថាកម្ពុជាជារដ្ឋមួយឯករាជ្យ។ការណ៍នេះធ្វើឱ្យកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់ បានមកពីការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ហើយក៏មិនមានការបោះឆ្នោតលើកទី២ ក្នុងអាណត្តិទី៦នេះដែរ។ សម្ដេចថា មានតែការរង់ចាំការបោះឆ្នោតលើកក្រោយទៀតតែប៉ុណ្ណោះ។

មិនថាឡើយតែសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន គឺមន្ត្រីរបស់គណបក្សប្រជាជនក៏ តែងតែអអះអាងថា រដ្ឋាភិបាលកម្ពុជានីតិកាលទី៦នេះ ជារដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរាស្រ្ត បានចេញទៅបោះឆ្នោតរហូតដល់ទៅជាង ៨៣%។

បើទោះបីជាមានសហគមន៍អន្តរជាតិ ដែលជាប្រទេសប្រជាធិបតេយ្យធំៗ និងជាប្រទេសសេរីជឿនលឿន បានទទួចឱ្យរាជរដ្ឋាភិបាលកម្ពុជា ស្ដារលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតឡើងវិញ ដោយតម្រូវឱ្យគណបក្សសង្រ្គោះជាតិបានចូលរួមយ៉ាងណាក៏ដោយ ក៏មេដឹកនាំកម្ពុជាមិនអើពើដែរ។

យ៉ាងនេះក្ដី សហភាពអឺរ៉ុបដែលមានប្រទេសជិត៣០ប្រទេសជាសមាជិក សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត បានបង្ហាញជំហរមិនទទួលស្គាល់សភាថ្មី នោះទេ។ ប្រទេសទាំងនេះថែមទាំងជឿជាក់ថា ការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតក្លែងក្លាយ។

យ៉ាងណា ប្រទេសទាំងនេះ ថានឹងឈានទៅដល់ការដាក់ទណ្ឌកម្មផ្សេងៗបើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមិនធ្វើតាម។

មកទល់នឹងពេលនេះ ប្រទេសកម្ពុជាត្រូវបានរៀបចំក្បាលម៉ាស៊ីនដឹងនាំ នៅក្នុងស្ថាប័ននីតិបញ្ញតិ្ត និងនីតិប្រតិបត្តិរួចរាល់ហើយ។

បើទោះបីជាមានការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតក៏ដោយ នឹងមានការទាមទារឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញតាមវីធីណាក្ដី ក៏កម្ពុជាមិនធ្វើតាមដែរ។ សមាជិករាជរដ្ឋាភិបាលកម្ពុជា  តែងតែអះអាងថា កម្ពុជាមានច្បាប់ និងនយោបាយផ្ទាល់ខ្លួន សម្រាប់អនុវត្ត ដោយមិនត្រូវការការណែនាំពីប្រទេសដទៃនោះទេ។

សម្ដេចហ៊ុនសែន បន្ថែមទៀតថា កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាប្រទេសតូចមួយដែលមានឥទ្ធិពលខ្លាំងមិនចាញ់ប្រទេសដទៃ។

ជាងនេះ សម្ដេចអំពាវនាវឱ្យក្រុមប្រឆាំងមកពីអតីតគណបក្សប្រឆាំងគួររៀនស្វែងយល់អំពីវេទិកាពិភពលោកឱ្យបានច្រើនជាងនេះ។

តែបែបនេះក្ដី លោក បណ្ឌិតមាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានមានប្រសាសន៍ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី ៥ តុលានេះថា ការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជាបែបនេះ មិនមែនជាឧបសគ្គអ្វីឡើយ។ លោកថាស្ថានភាពនយោបាយកម្ពុជា អាចនឹងប្រែប្រួលទៅតាមកាលៈទេសៈក្នុងតំបន់ មិនមែនផ្អែកលើតែកាលៈទេសៈក្នុងប្រទេសកម្ពុជានោះទេ។

លោក បណ្ឌិតមាសនីបន្ថែមទៀតថា កត្តាមួយដែលធ្វើឱ្យកម្ពុជាមានការផ្លាស់ប្ដូរ គឺកត្តារដ្ឋធម្មនុញនៃកម្ពុជា​ កត្តាកម្ពុជាជាប្រទេសអព្យាក្រិត្យ នឹងកត្តានយោបាយក្នុងតំបន់ និងពិភពលោក។

គួររំលឹកថា កម្ពុជាក្នុងអាណត្តិទី៦នេះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានសម្លេងក្នុងរដ្ឋសភា ក្នុងការដឹកនាំប្រទេស៕

អត្ថបទ៖លោក​ សោម លាភ

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត