loader

សម្ដេច ហ៊ុន សែន ថា ការរំលាយបក្សមួយដើម្បីយកអាសនៈទៅចែកបក្សប្រាំទៀត(មានសំឡេង)

ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសឱ្យដឹងថា ការរំលាយបក្សមួយនៅក្នុងរដ្ឋសភា គឺ ដើម្បីយកអាសនៈទៅចែកអោយបក្សប្រាំទៀត ដែលសម្ដេចថា ជាទម្រង់នៃពហុបក្ស។ តាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន គណបក្សដែលរងការរំលាយគឺមានតែគណបក្សសង្រ្គោះជាតិ ព្រោះគណបក្សនេះកំពុងប្រឈមនឹងការប្ដឹងឡើងតុលាការកំពូល​ ដោយក្រសួងមហាផ្ទៃ។

សំឡេង៖

ប្រសាសន៍របស់នាយករដ្ឋមន្រ្ដីបានធ្វើឡើងនៅក្នុងវេទិកានៃការជួបសំណេះសំណាលជាមួយនឹងកម្មករនៅតាមបណ្ដោយផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី  ១១ តុលា ២០១៧នេះ ។

ការបោះឆ្នោតសភានីតិកាលទី៥  គណបក្សដែលបានជាប់ឆ្នោតមានអាសនៈនៅរដ្ឋសភា មានតែ ២គណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រី និង គណបក្សសង្រ្គោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ។ គណបក្សសង្រ្គោះជាតិ បានសន្លឹកឆ្នោតពីអ្នកបោះឆ្នោតជិត ៣លាននាក់ កាលពីឆ្នាំ ២០១៣។

លោក កង សាវ៉ាង មន្រ្ដីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្កការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល យល់ឃើញថា ការដកហូតអាសនៈគណបក្សសង្រ្គោះជាតិទៅឱ្យបក្សផ្សេងទៀត អាចធ្វើ​អោយប្រជាជនដែលជាអ្នកគាំទ្រគណបក្សនេះមានការមិនពេញចិត្ត។

សំឡេង៖

លោក កង សាវ៉ាង​៖«ធម្មតាកាលណាប្រជាពលរដ្ឋលោកចង់បាននូវគណបក្សដែលលោកពេញចិត្ត ហើយដែលលោកសង្ឃឹមថា ជាគណបក្សមួយដែលដឹកនាំ និងអភិវឌ្ឍន៍ពួកគេ    អោយទៅខាងមុខទៀត កាលណាគណបក្សរបស់គេត្រូវបានរំលាយ ឬគណបក្សរបស់គេត្រូវបានលុបចេញពីបញ្ជីធម្មតា គឺមិនមានការសប្បាយចិត្តទេទៅលើបញ្ហានឹង» ។

ជុំវិញរឿងនេះ តើមានហានិភ័យអ្វីចំពោះការបោះឆ្នោតឆ្នាំ ២០១៨ខាងមុខនេះដែរឬទេ បើបក្សប្រឆាំងធំនេះត្រូវបានរំលាយនោះ? ត្រង់ចំណុចនេះលោក កងសាវ៉ាង បន្តថា ដើម្បីកុំអោយសង្គមជួបហានិភ័យ គឺ បក្សនយោបាយគួរតែចរចាគ្នារកដំណោះស្រាយ។

សំឡេង៖

លោក កង សាវ៉ាង ៖« អំពាវនាវដល់រដ្ឋាភិបាលដែលជាបក្សកាន់អំណាចបច្ចុប្បន្ន គួរតែវិលត្រឡប់មករកតុចរចាគ្នាវិញ ដើម្បីដោះស្រាយដោយសន្ដិវិធីអំពីបញ្ហាដែលបានកើតឡើង ព្រោះបញ្ហាទាំងអស់នេះ មិនមែនជាបញ្ហារបស់បុគ្គលណាមួយ មិនមែនជាបញ្ហារបស់គណបក្សណាមួយទេ គឺជាបញ្ហាទូទៅរបស់ប្រជាពលរដ្ឋខ្មែរ ជាសេចក្ដីសុខ ជាការអភិវឌ្ឍន៍ប្រទេសទាំង មូលរបស់ប្រជាពលរដ្ឋ។ ចឹងគ្រប់គណបក្សនយោបាយគួរតែវិលត្រឡប់មកការចរចាគ្នា​ ប្រសើរជាការប៉ែងជើងគ្នាឯង»។

យ៉ាងណាក៏ដោយ វិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ដែលទៅដល់រដ្ឋសភាហើយនោះ គឺ ច្បាប់នេះបានចែងពីការរំលាយបក្សមួយ ហើយបែងចែកអាសនៈទៅអោយគណបក្សនយោបាយដែលទទួលបានសន្លឹកឆ្នោតបន្ដបន្ទាប់គ្នា។ តែបែបនេះក្ដី គណបក្សដែលអាចទទួលបានអាសនៈពីគណបក្សសង្រ្គោះជាតិ ទំនងប្រហែលជាគណបក្សហ្វ៊ិនស៊ិនប៉ិចដែលដឹកនាំដោយសម្ដេចក្រុមព្រះ និងគណបក្សបន្ដបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត