en     km
en     km

សម្ដេច ហ៊ុន សែន៖ ខ្ញុំមិនជឿថាមានប្រែតឡើងមកស៊ីបាយបិណ្ឌនោះទេ

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានថ្លែងថា លោកមិនជឿលើរឿងប្រែតនោះទេ ព្រោះលោកមិនដែលទៅបោះបាយបិណ្ឌ។

ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៧ នេះ។​

នៅក្នុងពិធីនេះសម្ដេច ហ៊ុន សែន ក៏បានលើកឡើងដែរថា អ្នកវិទ្យាសាស្រ្ដក៏ប្រហែលជាមិនជឿទៅលើរឿងចុះនរក និងរឿងបោះបាយបិណ្ឌនោះដែរ។

សម្ដេច ហ៊ុន សែន  ៖«ឥលូវនេះ ជាថ្ងៃកាន់បិណ្ឌទី៦ហើយសល់តែប៉ុន្មានថ្ងៃទេ​ភ្ជុំហើយ  ប៉ុន្ដែខាងក្រុមគ្រូពេទ្យមិនសូវជឿទេ អារឿងបញ្ហាចុះនរក ហើយប្រែតឡើងមកស៊ីបាយអីណឹង បើនិយាយខាងវិទ្យាសាស្រ្ដគឺមិនសូវជឿទេ ប៉ុន្ដែទំនៀមទម្លាប់អាណ្ណឹង វាចឹង។ខ្ញុំក៏មិនជឿថាមានប្រែតឡើងមកស៊ីបាយដែរ ខ្ញុំអត់ជឿដែរ ចឹងបានជាខ្ញុំអត់ដែរទៅបោះបាយបិណ្ឌ បាយសម្រាប់ប្រែត ព្រោះខ្ញុំអត់ជឿ»។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដូចនេះ  ស្របពេលដែលពលរដ្ឋខ្មែរមួយចំនួន និយម បោះបាយបិណ្ឌ ។បាយបិណ្ឌគេបោះនៅ រដូវកាន់បិណ្ឌ រយៈពេល ១៥ថ្ងៃ ហើយ គេដើរក្រឡឹងជុំវិហារ  ហើយបោះនៅជុំវិញវិហារនោះ។

ជាការកត់សម្គាល់ដែរ បើទោះបីជា សម្ដេច ហ៊ុន សែន មិនជឿ លើរឿងប្រែត ថាប្រែតឡើងមកស៊ីបាយបិណ្ឌក៏ពិតមែន ប៉ុន្ដែយ៉ាងណាគេក៏សង្កេតឃើញ សម្ដេច តែងតែយកចង្ហាន់និងទេយ្យទានទៅប្រគេនព្រះសង្ឃជារឿយៗផងដែរ៕

 

 

Share

Image
Image
Image