loader

សម្ដេច ហ៊ុន សែនថា មិនចង់បាត់បង់EBAទេ

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ថ្លែងថា កម្ពុជាមិនចង់បាត់បង់EBAនោះទេ តែលក្ខខ័ណ្ឌអឺរ៉ុបមិនអាចធ្វើឱ្យកម្ពុជាទទួលយកបាន ។ យ៉ាងណាលោក សម រង្ស៊ី ក៏បែបនេះដែរ លោកថាពលរដ្ឋកម្ពុជាត្រូវការការអនុគ្រោះពន្ធពីអឺរ៉ុបជាចាំបាច់ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កម្ពុជាមិនចង់បាត់បង់ការអនុគ្រោះពន្ធនាំចូលទំនិញទាំងអស់លើកលែងអាវុធ ឬEBA ពីសហភាពអឺរ៉ុបនោះទេ តែលក្ខខ័ណ្ឌនៃពន្ធនេះគឺកម្ពុជាមិនអាចទទួលយកបាន ។

មើលវីដេអូ៖

សម្ដេចថា បើទោះបីជាអឺរ៉ុបយកពន្ធពីកម្ពុជា ក៏កម្ពុជានឹងនាំចូលទំនិញទៅផ្សារនេះដដែលគ្រាន់តែទទួលបានផលចំនេញតិចជាងមុន ដោយសារឱ្យពន្ធ ហើយកម្ពុជាមានសេចក្ដីថ្លែងថ្នូរជាងមុន ។

សម្ដេចរំលឹកថា រឿងយកពន្ធអង្ករពីកម្ពុជាដោយសហភាពអឺរ៉ុប មិនមែនជារឿង EBA នោះទេ ហើយកម្ពុជានៅតែនាំអង្ករចូលប្រទេសជាសមាជិកនៃសហភាពនេះរហូតដល់ទៅ ២៣ ប្រទេស ខណៈសមាជិកនៃប្រទេសនេះមាន ២៨ ប្រទេស ។

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ សរសេរលើទំព័រហ្វេសបុករបស់ខ្លួនកន្លងទៅថា ប្រជាពលរដ្ឋខ្មែរត្រូវតែបន្តធ្វើសកម្មភាពគ្រប់បែបយ៉ាង ដោយសន្តិវិធី ដើម្បីប្រាប់ទៅសហគមន៍អន្តរជាតិថា ពួកគាត់មិនព្រមទទួលទណ្ឌកម្ម ពីអន្តរជាតិ ដោយសារនាយករដ្ឋមន្ត្រីកម្ពុជានោះទេ ។ លោកថាប្រជាពលដ្ឋ ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ ប្រមាណ ៨ សែននាក់ ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន” នៅថ្ងៃទី ២១ វិច្ឆិកានេះថា រឿងកិច្ចព្រមព្រៀងសេរីនេះ មិនមែនដោយសារកម្ពុជាប្រឈមនឹងការបាត់បង់ EBA នោះទេ ។

គួររំលឹកថា សហភាពអឺរ៉ុប បានបញ្ជូនរបាយការណ៍របស់ខ្លួន ស្ដីពីការអង្កេតការអនុវត្តន៍ប្រជាធិបតេយ្យ ការអនុវត្តសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ។ យ៉ាងណា កម្ពុជាមានរយៈពេល មួយខែដើម្បីឱ្យយោបល់ទៅលើរបាយការណ៍នោះ ។

នៅអំឡុងខែកុម្ភៈឆ្នាំ ២០២០ សហភាពអឺរ៉ុបនឹងបញ្ជាក់ថា EBA អាចបាត់បង់ ឬមានបន្តនៅកម្ពុជា ។

អ្នកវិភាគ អ្នកធ្វើការខាងវិស័យការងារ និងកម្មករ រួមទាំងអ្នកជំនួញជាច្រើនបង្ហាញការព្រួយបារម្ភចំពោះការបាត់បង់ EBA នេះ ដែលអ្នកដែលរងគ្រោះបំផុត គឺកម្មករ និងក្រុមគ្រួសាររបស់ពួកគាត់ ៕

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត