loader

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ម្ចាស់ផ្ទះ​ផ្ដល់​ប្រាក់​ឈ្នួល​ ឲ្យ​បាន​ខ្ពស់​ដល់​ស្ដ្រី​បម្រើ​ការ​តាម​ផ្ទះ​

​ភ្នំពេញ​ ៖​ ក្នុង​ឱកាស​ នៃ​ពិធី​ជួប​សំណេះសំណាល់​ជាមួយ​កម្មករ​ កម្មការិនី​ និយោជិត​ នៅ​ខេត្ដកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ នេះ​ សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​ក្រុម​ម្ចាស់ផ្ទះ​ ដែល​មាន​អ្នកបម្រើ​តាម​ផ្ទះ​ ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​ សម្រាប់​ពួក​គេ​។​ តប​នឹង​សេចក្ដី​អំពាវនាវ​នេះ​ ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ បង្ហាញ​ក្ដី​ត្រេកអរ​ នឹង​រំពឹង​ថា​ ស្ថានភាព​ស្ដ្រី​បម្រើ​ការងារ​តាម​ផ្ទះ​ នឹង​កាន់តែ​ល្អ​ជាង​មុន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

 

សម្ដេច ហ៊ុន សែន ពក់អាវស

 

​ថ្លែង​នៅ​ចំពោះ​កម្មករ​ កម្មការិនី​ និយោជិត​ ប្រមាណ​ជាង​ ២​ម៉ឺន​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​២៣​ ខែឧសភា​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍​ថា​ កម្មករ​ម​ប្រើ​ការងារ​តាម​ផ្ទះ​ គឺ​ពិតជា​ហត់​ខ្លាំង​ណាស់​ ក្នុង​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​ ស្ត្រី​ទាំងនោះ​គ្មាន​ថ្ងៃ​បុណ្យ​ គ្មាន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំខែ​ ដូច​កម្មករ​បម្រើ​តាម​វិស័យ​ផ្សេងៗ​នោះ​ទេ​។​

​ត្រង់​ចំណុច​នេះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ដែល​មាន​លទ្ធភាព​ ទទួលយក​អ្នកបម្រើ​តាម​ផ្ទះ​ ទៅ​ធ្វើការ​ត្រូវ​គិតគូរ​ និង​យកចិត្ដ​ទុក​ឲ្យ​បាន​ច្រើន​ចំពោះ​អ្នកបម្រើ​តាម​ផ្ទះ​ ពិសេស​គួរតែ​ផ្ដល់​ការ​ឈប់​សម្រាក​ឲ្យ​ពួក​គេ​ នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​ ៖«​ត្រូវ​យល់​ដឹង​ថា​ កម្មករ​ ដែល​ធ្វើការ​បម្រើ​តាម​ផ្ទះ​នេះ​ ហត់នឿយ​ជាង​កម្មករ​ ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​ សហគ្រាស់​ទៅ​ទៀត​ គ្មាន​ថ្ងៃ​សៅរ៍​ គ្មាន​ថ្ងៃអាទិត្យ​ គ្មាន​ថ្ងៃ​បុណ្យ​ ហើយ​ធ្វើការ​តែងតែ​លើស​ម៉ោង​ជា​និច្ច​។​ យើង​ទទួលទាន​ហើយគ្នា​ទទួលទាន​តាម​ក្រោយ​ ហើយ​លាងចាន​ទៀត​ នេះ​គឺជា​រឿង​ដែល​ត្រូវ​និយាយ​»​។​

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ បញ្ជាក់​ថា​ មូលហេតុ​ដែល​លោក​លើកយក​ចំណុច​នេះ​មក​ គឺ​ដោយសារ​តែ​ម្ចាស់ផ្ទះ​ទាំងអស់​ មិនមែន​សុទ្ធតែ​ចិត្ដបាន​ ចំពោះ​ស្ដ្រី​បម្រើ​តាម​ផ្ទះ​នោះ​ទេ​។​ យ៉ាងណា​សម្ដេច​រំពឹង​ថា​ ម្ចាស់ផ្ទះ​ដែល​មាន​អ្នកបម្រើ​តាម​ផ្ទះ​ទាំងអស់​ នឹង​ផ្ដល់​ការ​មើលថែ​ ក៏​ដូច​ជា​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ខ្ពស់​ ដើម្បី​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​យក​ប្រាក់​នោះ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

​ឆ្លើយ​តប​ទៅ​និង​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ នេះ​ អ្នកស្រី​ យឹ​ម​ សុធី​ ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​ពិតជា​សប្បាយចិត្ដ​ និង​មាន​អារម្មណ៍​កក់ក្ដៅ​ ដែល​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា​ លោក​មានការ​យកចិត្ដទុកដាក់​ និង​គិតគូរ​ពី​សុខទុក្ខ​ របស់​ក្រុម​ស្ដ្រី​ ដែល​ម​ប្រើ​ការងារ​ផ្ទះ​ដូច្នេះ​៖«​និយាយ​ទៅ​បង​ សប្បាយចិត្ដ​ តាំងពី​ព្រឹក​មក​នៅ​ពេល​ដែល​បង​ទទួល​បាន​អ្នកកាសែត​សម្ភាសន៍​បង​ ពីរ​ បី​ មក​ បង​មាន​អារម្មណ៍​ថា​ រំ​ភើ​ព​ ហើយ​ក៏​អរគុណ​សម្ដេច​ ដែល​យកចិត្ដទុកដាក់​ចំពោះ​ពួក​បង​ ដែល​ជា​កម្មករ​ តាម​ផ្ទះ​ហ្នឹង​»​។​

​យ៉ាងណា​អ្នកស្រី​ យឹ​ម​ សុធី​ នៅ​តែ​ទទូច​សុំ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​មួយ​ចំនួន​ ដែល​តែងតែ​ប្រើ​ពាក្យ​ប្រមាថ​ និង​មាក់ងាយ​ស្រី​ បម្រើ​តាម​ផ្ទះ​ គួរតែ​ព្យាយាម​បញ្ឈប់​សកម្មភាព​បែប​នេះ​តទៅ​ទៀត​ ព្រោះ​ទ​ង្វើ​បែប​នេះ​ គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​ ហើយ​មិនតែប៉ុណ្ណោះ​ វា​បាន​ធ្វើ​ឲ្យ​ក្រុម​ស្រី្ដ​បម្រើ​តាម​ផ្ទះ​ មាន​អារម្មណ៍​ ថា​ មិន​ចង់​រស់នៅ​ទីនោះ​។​ លើស​ពី​នេះ​អ្នកស្រី​ សង្កត់ធ្ងន់​ថា​ ប្រសិនបើ​ក្រុ​ម្ចាស់ផ្ទះ​ស្រឡាញ់​រាប់​អ្នកបម្រើ​តាម​ផ្ទះ​ ដោយ​មាន​សីលធម៌​នោះ​ពួក​គាត់​ ក៏​នឹង​កាន់តែ​ខិត​ ខំ​បំពេញ​តួនាទី​របស់​ពួក​គេ​ផង​ដែរ​៕

ព័ត៌មានទាក់ទង

ជម្រុញគុណភាពសិក្សារបស់កុមារី នៅសហគមន៍

ជម្រុញគុណភាពសិក្សារបស់កុមារី នៅសហគមន៍

ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨

កុមារីសាន់ សុម៉ៃជាសិស្សថ្នាក់ទី៧ និងកុមារី   [...]

អង្គការ​ចំនួន​៣ ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​

អង្គការ​ចំនួន​ ៣​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រ[...]

​តុលាការ​សាកសួ​អ្នក​ពាក់ព័ន្ធ​ស៊ីឈ្នួល​ពពោះ​ជំនួស​

ភ្នំពេញ​៖​ អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត