loader

សម្ដេចហ៊ុនសែន ប្រកាសមិនចុះ ញ៉មនឹងការគំរាមកម្ពុជាដោយការដកប្រព័ន្ធអនុគ្រោះពន្ធEBA

ខណៈនេះ កម្ពុជា សល់ពេលមួយថ្ងៃទៀត នឹងត្រូវឆ្លើយតប ថាខ្លួនបន្តត្រូវការប្រព័ន្ធអនុគ្រោះពន្ធEBA ឬ ក៏មិនត្រូវការ។ នៅថ្ងៃពុធទី១២កុម្ភៈនេះ គណៈកម្មការសហភាពអឺរ៉ុបនឹងធ្វើសេចក្ដីសម្រេច​អំពីការដកប្រព័ន្ធអនុគ្រោះពន្ធEBA ដែលបានផ្ដល់អោយកម្ពុជា តាំងពីឆ្នាំ២០០២ ។ តាមរយៈនេះ ធ្វើសេដ្ឋកិច្ចកម្ពុជា មានសន្ទុះជាខ្លាំង។ អ្វីដែលនាំអោយសហភាពអឺរ៉ុប រៀបចំដកប្រព័ន្ធនេះវិញ គឺដោយសារ​កម្ពុជា ត្រូវបានចោទថាបានបំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងសិទិ្ធមនុស្សធ្ងន់ធ្ងរ។  តែយ៉ាងណា សម្រេចកម្ពុជា ជាពិសេស នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន បានប្រកាស​ដាច់ខាតមិន​ត្រូវរបស់មួយដែល ដាក់កម្ពុជា ក្រោមក្រោមនឹមត្រួតត្រានោះទេ។

កញ្ញា ឆោម ពៅនិកា រាយការណ៍៖

មុនមួយថ្ងៃនៃការសម្រេចរបស់គណៈកម្មការសហភាពអឺរ៉ុប ដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានប្រកាសខ្លាំងៗដោយមិនចុះញ៉ម ចំពោះការគំរាមរបស់សហភាពអឺរ៉ុប ចំពោះការកដកប្រព័ន្ធអនុគ្រោះពន្ធEBA នោះទេ។

សម្តេច ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាការដក ឬរក្សាប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ ហៅកាត់ថា EBA នេះពីកម្ពុជា សម្តេចនឹងមិនស្នើឲ្យអឺរ៉ុបរក្សាទុក ឬដកនោះទេ។ តែសម្តេចនៅតែរក្សាជំហរ មិនយកអធិបតេយ្យជាតិ និងឯករាជ្យ ទៅដោះដូរនឹងអ្នកណានោះឡើយ។

លក្នុងន័យនេះ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឲ្យនរណា មកឈ្លានពានអធិបតេយ្យជាតិបាននោះទេ។សម្តេច ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ៗថា អ្វីដែលកម្ពុជាត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព ហើយកម្ពុជាត្រូវតែអនុវត្តន៍ច្បាប់របស់ខ្លួន ខណៈដែលជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។

លើសពីនេះទៅទៀត សម្តេច ហ៊ុន សែន បានថ្លែងថា ការបិទរោងចក្រមួយចំនួននៅកម្ពុជានាពេលខាងមុខ មិនមែនដោយសាររឿង EBA នោះទេ គឺជាការរងឥទ្ធិពលពីកូរ៉ូណា ដែលធ្វើឲ្យរោងចក្រនោះ មិនអាចនាំមកនូវវត្ថុធាតុដើមពីចិន។ សម្តេចបានអំពាវនាវដល់កម្មករ កម្មការិនី សុំកុំមានភាពតក់ស្លុតចំពោះបញ្ហា ដែលអាចកើតមាននាពេលខាងមុខ ព្រោះរាជរដ្ឋាភិបាល ត្រៀមលក្ខណៈដោះស្រាយហើយ។

តើអ្នកវិភាគ និងអ្នកតាមដានសង្គម យល់ដូចម្ដេចដែរ ចំពោះ កម្ពុជា ប្រឈមនឹងការបាត់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធEBA ។

ខាងក្រោមនេះ  គឺជាទស្សនៈរបស់ លោកព្រាបកុល អ្នកតាមដានកិច្ចសង្គមកម្ពុជា និងជានាយករដ្ឋ​ប្រតិ​បត្តិ ​នៃអង្គការតម្លាភាពម្ពុជា ។

លោកព្រាបកុលបានសរសេររៀបរាប់ដែលមានខ្លឹមសារដូចនេះ ថា៖

គណ:កម្មការពាណិជ្ជកម្មសហគមន៍នឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី 12 កុម្ភ: ថាតើត្រូវរក្សាទុក ឬក៏ដក គោលនយោបាយអនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់កម្ពុជា។

សម្រាប់ខ្ញុំ ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយយ៉ាងយកចិត្តទុកដាក់ និងដែលធ្លាប់ត្រូវបានផ្តល់ឧ៌កាសឲ្យបានជួបជជែកផ្ទាល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយ និងដើម្បីការពារផលប្រយោជន៍ពលរដ្ឋកម្ពុជា ខ្ញុំមានមូលដ្ឋាន និងព័ត៌មានគ្រប់គ្រាន់ល្មម អាចវិភាគ ឬព្យាករណ៍ដឹងអំពីគោលជំហរ និងការសម្រេចិត្តរបស់សហគមន៍អឺរ៉ុប (EU)។ ដូច្នេះព័ត៌មាន ដែលយើងនឹងទទួលបាននៅថ្ងៃស្អែកនេះ ខ្ញុំនឹងគ្មានការភ្ញាក់ផ្អើលអ្វីឡើយ។

មុននឹងយើងវិភាគថាតើ EU នឹងសម្រេចចិត្តបែបណា យើងអាចត្រឡប់ក្រោយបន្តិច ដើម្បីមើលអំពីការទាមទារជាផ្លូវការ របស់សហគមន៍អឺរ៉ុបតាមរយ:សេចក្តីថ្លែងការណ៍នៃអ្នកនាំពាក្យរបស់ EU (ថ្ងៃទី​ 11 វិច្ឆិកា 2019) ដែលបានបង្ហាញអំពីការចង់បានរបស់ EU ដូចតទៅ៖

1) បើកឲ្យមានលំហនយោបាយទូលំទូលាយ

២) បង្កើតលក្ខខ័ណ្ឌសមប្រកប ដើម្បីឲ្យមានបក្សប្រឆាំង ដែលអាចជឿទុកចិត្តបាន និងដែលមានលក្ខណ:ប្រជាធិបតេយ្យ

៣) ចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយ:ការសន្ទនាដោយស្មោះត្រង់ជាមួយគ្រប់ភាគី (geniune and inclusive dialogue)។

៤) ជាពិសេស EU ក៏បានរំលេចយ៉ាងច្បាស់ថា EU រំពឹងថា លោក កឹម សុខា នឹងត្រូវបានដោះលែង និងទទួលបានសិទ្ធិធ្វើនយោបាយពេញលេញ ហើយសមាជិកបក្សប្រឆាំងទាំងអស់ ដែលត្រូវតុលាការហាមឃាត់មិនឲ្យធ្វើនយោបាយ មានសិទ្ធិធ្វើនយោបាយឡើងវិញ រីឯសកម្មជន និងអ្នកគាំទ្រ ដែលត្រូវបានឃុំឃាំង នឹងត្រូវបានដោះលែង។

ដោយពិនិត្យមើលចំណុចទាំងអស់ខាងលើនេះ រួចឆ្លុះបញ្ចាំងការវិវិត្តនៃស្ថានការណ៍នយោបាយចាប់ពី ខែវិច្ឆិកា ២០១៩ រហូតមកដល់ថ្ងៃ ១១ខែកុម្ភ: ២០២០ យើងអាចសន្និដ្ឋានបានថា ថ្វីត្បិតមានការវិវត្តវិជ្ជមានខ្លះ ប៉ុន្តែមិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងក្តីរំពឹង និងការទាមទាររបស់ EU នៅឡើយទេ។ ដូច្នេះ EU ដែលជាស្ថាប័នអន្តរជាតិតំណាងឲ្យប្រទេសចំនួន 27 នៅទ្វីបអឺរ៉ុប ពិតជាសម្រេចិត្តដើម្បីរក្សាគុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ស្ថាប័នខ្លួន បើទោះបីជាខ្លួនមិនចង់ធ្វើដូច្នេះក៏ដោយ។ មិនចង់ព្រោះថា ពលរដ្ឋខ្មែរជាច្រើនលាននាក់ជាអ្នកខាតបង់ផលប្រយោជន៍ និងរងផលប៉ះពាល់ពីការសម្រេចចិត្តនេះ។ ក៏ប៉ុន្តែ EU យល់ឃើញថា ខ្លួនក៏ត្រូវតែរក្សាគុណតម្លៃរបស់ស្ថាប័ន ដែលតំណាងឲ្យពលរដ្ឋសហគមន៍អឺរ៉ុបទាំង 27 ប្រទេសដែរ។ ហេតុនេះ ខ្ញុំ ព្យាករណ៍ថា EU ប្រហែលមិនអាចបន្តផ្តល់ EBA ឲ្យកម្ពុជាដូចសព្វថ្ងៃនេះតទៅទៀតទេ។

ទោះជាយ៉ាងនេះក្តី អ្នកតស៊ូមតិ ដើម្បីការពារផលប្រយោជន៍កម្ពុជា នៅមានសង្ឃឹមថា EU នឹងពិចារ​ណារផ្លូវកណ្តាលមួយ គឺ EU អាចរក្សាចំណែកខ្លះ ឬផ្នែកខ្លះ ទៅលើផលិតផល និងទំនិញ ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋខ្មែរ ឬអាចនិយាយបានថា អាចនឹងរក្សាភាគរយនៃកម្ចប់អនុគ្រោះពន្ធ ឬហៅម្យ៉ាងទៀតថា ដកខ្លះ ទុកខ្លះ (Partial Withdrawal)។ ខ្ញុំក៏សង្ឃឹមថា EU នឹងនៅតែផ្តល់ឱកាសឲ្យកម្ពុជាអាចទទួលបាន EBA មកវិញទាំងមូល ក្រោយពេល ដែលមានការវិត្តន៍វិជ្ជមានបន្ថែម ដែលឆ្លើយតបទៅនិងលក្ខខណ្ឌ ឬក្តីរំពឹងរបស់ EU ជុំវិញស្ថានការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបរិយាកាស និងលក្ខខណ័្ឌសមប្រកប សម្រាប់ធានាឲ្យមាន ការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវ នៅឆ្នាំ ២០២២ និង ២០២៣ ខាងមុខ។

ចំណុចមួយដែលសំខាន់ដែរនោះ គឺថាកម្ពុជាបានទទួលយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​​ អាសុី-អឺរ៉ុប ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ពោលគឺនៅសល់តែ ៩ ខែទៀតប៉ុណ្ណោះ។ ដូច្នេះការវិវត្តវិជ្ជមានគួរត្រូវបានពន្លឿន ដើម្បីឲ្យកម្ពុជាអាចទទួលស្វាគមន៍ថ្នាក់ដឹកនាំមកពីអឺរ៉ុបដោយមោទន:ភាព ឬដោយពេញមុខមាត់ ផង និងដើម្បីឲ្យភ្ញៀវដែលមានឋាន:ខ្ពស់ មកពីសហគមន៍អឺរ៉ុបមានការពេញចិត្តមកចូលរួមប្រជុំផងដែរ។

ទស្សនៈរបស់លោកព្រាបកុល ដោយបញ្ចប់ត្រឹមនេះថា ខ្ញុំសូមឲ្យបងប្អូនជនរួមជាតិខ្មែរ ត្រៀមចិត្ត និងត្រៀមកាយ កុំតក់ស្លុត ហើយបន្តដំណើរទៅមុខជានិច្ច។

បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះ គឺ កម្ពុជាត្រូវបង់ពន្ធចូលទីផ្សារអឺរ៉ុប ប្រមាណជា៧រយលានដុល្លារក្នុងមួយឆ្នាំៗ។ករណីនេះអាចប៉ះពាល់កម្មករ ជិត៨០ម៉ឺននាក់ ហើយភាគច្រើន ជាស្ត្រី៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ្នកនាំពាក្យរាជរដ្ឋាភិបាលច្រានចោលទស្សនៈថា ព្រះមហាក្សត្រ យាងទៅចិនមិនចង់ឡាយព្រះហស្ថលេខាលើច្បាប់គ្រាមានអាសន្ន

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានច្រានចោលទស្សនៈរប[...]

សម្ដេចហ៊ុនសែន៖ឆាប់ៗកម្ពុជានឹងមានច្បាប់ស្ដីពីការដាក់ប្រទេសក្នុងគ្រាអាសន្ន

នាយករដ្ឋមន្រ្ដីកម្ពុជាប្រកាសថាកម្ពុជាបានដើរដល[...]

សម្ដេចហ៊ុនសែនបញ្ជាឱ្យបិទកាស៊ីណូតែថាមិនធ្វើតាមការជំរុញរបស់លោកសមរង្ស៊ីទេ

នាយករដ្ឋមន្ត្រីប្រកាសបិទជាបណ្ដោះអាសន្ន នូវកាស[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត