loader

សម្ដេចហ៊ុនសែននិងលោកកឹមសុខាជួបគ្នាក្នុងស្ថានភាពក្រៀមក្រំ ខណៈលោកសមរង្ស៊ីពន្យល់ពីគុណតម្លៃរបស់មនុស្ស

អ្នកនយោបាយប្រឆាំងចំនួនពីររូបដែលមួយជាជនជាប់ចោទ និង មួយជាទណ្ឌិត ក្រោមបទចោទផ្នែកនយោបាយ មួយរូបបានមកជួបដោយផ្ទាល់នឹងលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន និងមួយរូបទៀតផ្ញើសារលិខិត។ប៉ុន្ដែជំនួបនិងការ ផ្ញើសារនេះធ្វើឡើងក្នុងស្ថានភាពដែលលោកនាយករដ្ឋមន្រ្ដីកំពុងក្រៀមក្រំព្រោះបានបាត់បង់មនុស្សជាទីស្រលាញ់រៀងរហូតទៅ។

នៅថ្ងៃទី០៥ខែឧសភា២០២០លោកកឹមសុខាបានធ្វើដំណើរពីគេហដ្ឋានរបស់លោកចូលទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន។នេះជាជំនួបលើកដំបូងហើយបន្ទាប់ពីរយៈពេល០៤ឆ្នាំដែលលោកកឹមសុខាមិនដែលបានជួបផ្ទាល់នឹងលោកហ៊ុនសែនក្រោយពីលោកនៅស្និទ្ធជិតលោកសមរង្ស៊ីនិងបន្ទាប់មកក្លាយជាចុងចោទក្នុងសំណុំរឿងប៉ុនប៉ងផ្ដួលរលំរដ្ឋាភិបាលដែលមានលោកហ៊ុនសែនជាដើមបណ្ដឹងរដ្ឋប្បវេណីតំណាងរដ្ឋាភិបាល។ក៏ប៉ុន្ដែជំនួបលើកដំបូងរបស់លោកកឹមសុខាអស់រយៈពេលរស់នៅក្នុងស្ថានភាពជូរចត់នៃព្យុះជីវិតនយោបាយនេះអាចកើតឡើងបានក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្ដីកំពុងតែកើតទុក្ខក្រៀមក្រំព្រោះម្ដាយក្មេករបស់លោកបានទទួលមរណភាព។ យ៉ាងណាទិដ្ឋភាពនៃការជួបគ្នារវាងអ្នកនយោបាយទាំងពីរក្នុងកាលៈទេសៈដ៏សោកសៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងណាស់ពីសាធារណជនដោយពួកគេភាគច្រើនបានសម្ដែងមតិផ្សាភ្ជាប់និងក្ដីសង្ឃឹមនិងក្ដីរំពឹងពីភាពអាចប្រែប្រួលនៃវប្បធម៌នយោបាយនៅកម្ពុជា។តែជាដំបូងយើងសូមពិពណ៌នាអំពីរូបភាពនៃដំណើរលោកកឹមសុខានិងប្រតិភូរបស់លោកទៅកាន់គេហដ្ឋានលោកនាយករដ្ឋមន្រ្ដីដើម្បីចូលរួមពិធីបុណ្យសពម្ដាយបង្កើតភរិយាលោកនាយករដ្ឋមន្រ្ដី។

លោកកឹមសុខាបានដឹកនាំប្រតិភូចំនួន៥រូបដែលក្នុងនោះមានលោកញ៉ែមបុញ្ញរិទ្ធដែលជាអ្នកនយោបាយរត់ភៀសខ្លួនទើបត្រឡប់មកពីប្រទេស​​បារាំងនិងក្រុមមេធាវីរបស់លោក។ក្នុងសម្លៀកបំពាក់សខ្មៅកាន់ទុក្ខទឹកមុខមាំទាំតែក្រៀមក្រំបិទបាំងដោយម៉ាសមុនចូលជួបសាច់ញាតិសពអមជាមួយកម្រងផ្កាជូនគ្រួសារសព លោកកឹមសុខានិងប្រតិភូបានទទួលរាក់ទាក់ជាខ្លាំងតាំងពីនៅខាងក្រៅបរិវេណផ្ទះរហូតដល់ខាងក្នុង។លោកកឹមសុខាបានលុតជង្គង់លើកដៃដប់គោរពនិងបួងសួងដល់វិញ្ញាណក្ខណ្ធរបស់ម្ដាយក្មេកលោកហ៊ុនសែនដែលទទួលអនិច្ចកម្មទៅកាលពីយប់ថ្ងៃទី០៣ចូលថ្ងៃទី០៤មេសា។បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធរួចនៅឯស្ដាំដៃរបស់លោកដែលមានលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន មានភរិយាលោកនាយករដ្ឋមន្រ្ដីនិង បងប្អូនម្ចាស់ដើមបុណ្យនេះនៅទទួលរាក់ទាក់ស្វាគមន៍ភ្ញៀវពិសេសត្បិតថាលោកកឹមសុខានៅតែមានឈ្មោះថាជាចុងចោទនៅក្រៅឃុំហើយកំពុងមានវត្តមានចំពោះមុខដើមចោទ។ក្រោយពីបានណែនាំពី គ្រួសារលោកនាយករដ្ឋមន្រ្ដីនិងចូលថវិកានៃពិធីបុណ្យសពនេះលោកកឹមសុខា ត្រូវបានអញ្ជើញឱ្យនៅសំណេះសំណាលបន្ដជាមួយលោកនាយករដ្ឋមន្រ្ដីពីរនាក់ខណៈដែលប្រតិភូរបស់លោកកឹមសុខាអង្គុយនៅឆ្ងាយបន្ដិចពីរូបលោក។អ្នកនយោបាយទាំងពីរត្រូវបានភ្នែកកាមេរាប្រមាញ់ចាប់ហើយថតបានរាល់កាយវិការជិតស្និទ្ធអង្គុយកៀកកិតនឹងគ្នា តែមុនដំបូងលោកកឹមសុខាមិនទាន់បានដោះម៉ាសមុខនៅឡើយទេនោះជារូបភាពដែលហាក់ដូចជាលោកបន្ទន់ខ្នងនិងមុខលើកម្រាមដៃបម្រុងផ្គំគោរពនិងស្ដាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្ដី។ មួយស្របក់តូចលោកកឹមសុខាក៏បានដោះម៉ាសកាន់ជាប់នឹងដៃហើយនិយាយតទល់មុខមាត់នឹងលោកហ៊ុនសែន។គ្រប់រូបភាពហាក់បង្ហាញថាលោកកឹមសុខាកំពុងរៀបរាប់អ្វីមួយហើយលោកនាយករដ្ឋមន្រ្ដីបានយកចិត្តទុកដាក់ស្ដាប់ជាខ្លាំង រូបភាពនោះលោកកឹមសុខាបង្ហាញទឹកមុខដែលប្រកបដោយទុក្ខព្រួយ។យូរៗបន្ដិចលោកកឹមសុខាបានងើបមុខឡើងសន្ទនាស្មើមុខនឹងលោកនាយករដ្ឋមន្រ្ដីហើយទុក្ខព្រួយមួយចំនួនក៏បានរសាត់ទៅវិញស្ដែងឡើងតាមទឹកមុខ។ក៏មានរូបថតមួយសន្លឹកដែលផ្ដិតបានពេលលោកកឹមសុខាកំពុងកាន់ប៊ិចកត់ត្រាភ្នែករំពៃមើលទូរស័ព្ទដៃដែលលោកនាយករដ្ឋមន្រ្ដីកំពុងកាន់ប៉ះនិងដូចជាមានវាចា។លុះយូរបន្ដិចព្រះអាទិត្យក៏ចាប់ផ្ដើមរលត់ទៅផែនដីចាប់ផ្ដើមងងឹត លោកនាយករដ្ឋមន្រ្ដីក៏បានជូនដំណើរលោកកឹមសុខាមកដល់ខាងមុខទ្វារគេហដ្ឋាន អ្នកទាំអពីរបានទម្លាក់ដៃនិងចាប់ដៃនោះនិយាយលាគ្នាក្នុងរូបភាពចែករំលែកភាពកក់ក្ដៅ។

បើតាមបណ្ដាញផ្សាយព័ត៌មានFreshnewsដែលបានផ្ដិតយករូបភាពទាំងអស់បានឱ្យដឹងថាជំនួបពិសេសរវាងអ្នកនយោបាយទាំងពីរទោះក្នុងទិដ្ឋភាពជីវភាពក្រៅឆាកនយោបាយ គឺមានរយៈពេលជិត៥០នាទី។

មុននឹងលោកកឹមសុខាដើរមកដល់ចំណុចថតបាននៃជំនួបក្នុងគេហដ្ឋានលោកនាយករដ្ឋមន្រ្ដី លោកកឹមសុខាធ្លាប់បានបង្ហាញកាយវិការមនុស្សធម៌ជាច្រើននឹងរដ្ឋាភិបាលដូចជាចូលរួមថវិកា២០០០ដុល្លារជួយគ្រួសារជនរងគ្រោះដែលដួលរលំអាគារនៅខេត្តកែប ជួយវិភាគទានប្រយុទ្ធនឹងកូវីដ១៩ ចំនួន៥០០០ដុល្លារក៏ដូចជានៅព្រឹកថ្ងៃទី០៥ឧសភាមុនលោកមកចូលរួមពិធីបុណ្យសពផ្ទាល់គឺលោកបានផ្ញើសាររំលែកទុក្ខលោកនាយករដ្ឋមន្រ្ដីនិងក្រុមគ្រួសារលើបណ្ដាញសង្គមហ្វេសប៊ុក។

ទិដ្ឋភាពនោះត្រូវបានមជ្ឈដ្ឋានជាច្រើនចាត់ទុកថាលោកកឹមសុខាកំពុងបង្ហាញសមានចិត្តដ៏ជ្រាលជ្រៅ នៃកាលៈទេសៈលំបាកសោកសៅក៏ដូចជាក្នុងការគោរពដល់វិញ្ញាណក្ខន្ធម្តាយក្មេកជាទីគោរព ស្រឡាញ់របស់លោកនាយករដ្ឋមន្រ្ដីដែលបានធ្វើឱ្យសម្តេចតេជោទទួលស្វាគមន៍ ដោយការគោរពគ្នាទៅវិញក្នុងនាមជាឥស្សរជននយោបាយប្រកបដោយគុណធម៌នៅកម្ពុជា។កាយវិការអ្នក នយោបាយទាំងពីររូបនេះប្រកបដោយការគោរពនិងជិតស្និទ្ធហើយ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅស្រុកដែលមាននិងគ្មាននិន្នាការនយោបាយ បញ្ចេញទស្សនៈយោបល់ចម្រុះ និងជាពិសេសនោះគឺថាតើជំនួបដ៏ចម្លែកនេះអាចពន្លត់ហិង្សាអតីតកាលទាំងបុគ្គលនិងនយោបាយរបស់ពួកគេបានដែរឬទេ?

រួមជាមួយគ្នានេះផងដែរ លោកសមរង្ស៊ី អ្នកនយោបាយនិរទេសខ្លួនក៏បានផ្ញើសារពីទីក្រុងប៉ារីស៍មកកាន់ លោកនាយករដ្ឋមន្រ្ដីផងដែរដោយដាក់ចំណងជើងថាជាសាររំលែកទុក្ខ។លិខិតនោះចែកជា0៥កថាខណ្ឌធំតូច។កថាខណ្ឌដំបូងគឺអត្ថន័យនៃការចូលរួមរំលែកទុក្ខលោកនាយករដ្ឋមន្រ្ដីដែលបាត់បង់ម្ដាយក្មេកកាលពីថ្ងៃទី០៤ខែឧសភាឆ្នាំ២០២០។ចូលដល់កថាខណ្ឌទីពីរលោកសមរង្ស៊ីនិយាយពីស្មោះត្រង់នៃជំហរនយោបាយ និងផ្សាភ្ជាប់ជាមួយនឹងមនោសញ្ចេតនារបស់មនុស្សមានចំពោះមនុស្សហើយជាពិសេសជ្រាលជ្រៅបំផុតទៅកាន់មនុស្សដែលយើងស្រលាញ់ កតញ្ញូមាតាបិតាជាករណីកិច្ចពីធម្មជាតិនិងជាគុណធម៌។ត្រង់នោះលោកសមរង្ស៊ីសរសេរថា ទោះជាគោលជំហរនយោបាយរបស់យើងម្នាក់ៗ ខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្ដាលមកពីមរណភាពមនុស្សដែលយើងស្រលាញ់ អាចកើតមានដូចគ្នាគ្រប់ពេលវេលា។មកដល់កថាខណ្ឌទី៣ លោកសមរង្ស៊ីបានលើករៀបរាប់ព្រឹត្តិការណ៍កន្លងមកដែររឿងបែបនេះធ្លាប់បានកើតឡើងលើរូបលោកគឺម្ដាយក្មេករបស់លោកក៏បានទទួលមរណភាពហើយលោកនាយករដ្ឋមន្រ្ដីបានហៅទូរស័ព្ទសម្ដែងទុក្ខក្រៀមក្រំជូនចំពោះភរិយាលោកសមរង្ស៊ីនិងឱ្យកូនប្រុសរបស់សម្ដេចមកចូលរួមក្នុងពិធីបុណ្យសព។

លោកសមរង្ស៊ីបានសរសេររៀបរាប់ក្នុងកថាខណ្ឌទីបួនថាជីវិតនយោបាយក្នុងព្យុះភ្លៀងរបស់លោកមិនអនុញ្ញាតឱ្យលោកអាចចូលរួមក្នុងពិធីបុណ្យសពម្ដាយក្មេករបស់លោក ហើយលោកក៏បានចាត់ទុកម្ដាយក្មេកលោកដូចម្ដាយបង្កើតដែរ។

លោកសមរង្ស៊ីក៏ជម្រាបថាក្នុងព្រឹត្តិការណ៍នោះលោកមិនភ្លេចពីកាយវិការដ៏ប្រពៃរបស់សម្ដេចនិងក្រុមគ្រួសារបានធ្វើចំពោះលោកនិងក្រុមគ្រួសារលោកទេ។

និងកថាខណ្ឌចុងក្រោយបង្អស់លោកថាសូមឱ្យសម្ដេចទទួលយកការរាប់អានដោយស្មោះត្រង់ពីលោក។

សូមបញ្ជាក់ថាលោកសមរង្ស៊ីងលោកនាយករដ្ឋមន្រ្ដីហ៊ុនសែនធ្លាប់មានមនោសញ្ចេតនាជិតស្និទ្ធក្នុងអន្ដរកាលមួយនៃភាពជាដៃគូសន្ទនាដែលពេលនោះហៅថាវប្បធម៌សន្ទនា។សម្ដេចហ៊ុនសែននិងលោកសមរង្ស៊ីដែលបង្ហាញភាពស្និទ្ធស្នាលក្នុងនាមជាអ្នកនយោបាយខ្មែរតែមួយបានក្លាយទៅជាទស្សនីយភាពនយោបាយគួរឱ្យចាប់អារម្មណ៍និងសង្ស័យច្រើនពីក្រុមស្លាបនយោបាយផ្សេងៗគ្នា។ក្រុមខ្លះគិតថាលោកសមរង្ស៊ីធ្វើខ្លួនឱ្យស្និទ្ធនឹងលោកនាយករដ្ឋមន្រ្ដីហ៊ុនសែនដើម្បីបង្កើតភាពជាដៃគូអចិន្រ្ដៃយ៍នឹងគ្នាដើម្បីឆ្ពោះទៅរកការផ្លាស់ប្ដូរអំនាចមួយដោយសន្ដិវិធីតែមជ្ឈដ្ឋានខ្លះថាលោកសមរង្ស៊ីធ្លាក់ក្នុងល្បិចលោកនាយករដ្ឋមន្រ្ដីហ៊ុនសែន។ប៉ុន្ដែទីបំផុតសម្ដេចហ៊ុនសែនបានផាត់លោកសមរង្ស៊ីឱ្យចាកចេញពីប្រទេសក្រោមការបញ្ចេញដីកាចាប់ខ្លួនលោកសមរង្ស៊ីក្នុងសំណុំរឿងចាស់។យ៉ាងណាលោកសមរង្ស៊ីបានប្រកាសតែងតែប្រកាសថានឹងរកមធ្យោបាយដោយសន្ដិវិធីដើម្បីវិលចូលប្រទេសកម្ពុជាវិញទោះជាលោកខកខាននៅថ្ងៃទី០៩វិច្ឆិកាឆ្នាំ២០១៩ក៏ដោយ៕

ដោយ៖ពៅនិកា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សមាគមចំនួន ៣ របស់ក្រុមថៅកែ រោងចក្រសុំអោយសហភាពអឺរ៉ុប កុំដកប្រព័ន្ធអនុគ្រោះពន្ធEBA

សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រនៅកម្ពុជា ស្[...]

កម្ពុជា បន្តចេញលិខិតលើកទី២ តវ៉ារឿងវៀតណាមបោះតង់លើតំបន់ព្រំដែនកម្ពុជា

 ក្រសួងការបរទេស កម្ពុជា បានសម្រេចកោះហៅលោ[...]

សម្ដេចហ៊ុនសែនប្រាប់លោកBrad Adamsឱ្យចេញសេចក្ដីថ្លែង ការណ៍អំពីស្ថានភាពកុបកម្មនៅអាមេរិក

សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានថ្លែងដោយចំអកចំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត