en     km
en     km

សមាជិកសភាអឺរ៉ុបចោទសួរប្រធានសភាអឺរ៉ុបពីការវិលត្រឡប់របស់លោក សម រង្ស៊ី

Share

ភ្នំពេញ៖សមាជិកសភាអឺរ៉ុបចំនួនប្រំាពីររូបបានចោទសួរទៅកាន់ប្រធានសភាអឺរ៉ុបអំពីភាពច្បាស់លាល់ការវិលត្រឡប់របស់លោក សម រង្ស៊ី មកចូលរួមក្នុងដំណើរការបោះឆ្នោតជាតិឆ្នំា ២០១៨។ មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចថា អន្តរជាតិកំពុងច្រៀតច្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ។
លោក សម រង្ស៊ី អតីតប្រធាន គណបក្សសង្រ្គោះជាតិ។

យ៉ាងហោចណាស់មានសមាជិកសភាអឺរ៉ុបចំនួនប្រំាពីររូបបានផ្ញើញត្តិទៅកាន់ប្រធានសភារបស់ខ្លួនដើម្បីចោទសួរអំពីស្ថានភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨នៅប្រទេសកម្ពុជា។

 

នៅក្នុងញត្តិដែលផ្ញើទៅកាន់ប្រធានសភាអឺរ៉ុបកាលពីថ្ងៃទី២០ខែមិថុនា ប៉ុន្តែទើបតែត្រូវបានបែកចេញនៅថ្ងៃនេះ សមាជិកសភាអឺរ៉ុបដែលដឹកនាំដោយលោក Umberto Gambini‏   បានចោទសំណួរចំនួនបី។ក្នុងនោះក្រុមសមាជិកសភាបានចោទសួរថាតើសហភាពអឺរ៉ុបអាចធានាបានទេថាខ្លួននឹងបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាដើម្បីសង្កេតការបោះឆ្នោតនៅឆ្នាំ២០១៨នោះ។

សំណួរមួយទៀត ក្រុមសមាជិកសភាទាំងប្រាំពីររូបចង់បានការបញ្ជាក់ពីសហភាពអឺរ៉ុបថាតើសហភាពអឺរ៉ុបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទោសនយោបាយសរុបជាង២០នាក់មកពីគណបក្សប្រឆាំងនិងសង្គមស៊ីវិលដែរឬទេ?
ជាងនេះទៅទៀតក្រុមអ្នកច្បាប់ទាំងនេះបានចោទសួរថាតើសហភាពអឺរ៉ុបទទួលបានការធានាពីរដ្ឋាភិបាលកម្ពុជាដែរឬទេដើម្បីឲ្យលោកសម រង្ស៊ី អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដោយសុវត្ថិភាពនិងអាចចូលរួមបោះឆ្នោតនៅឆ្នាំ២០១៨?

ក្រុមសមាជិកសភាទាំងនេះបានចោទសួរយ៉ាងដូច្នេះដោយផ្អែកលើមូលដ្ឋានដែលថាសហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយយ៉ាងសំខាន់សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ហើយសហភាពអ៉ឺរ៉ុបបានផ្តល់ជំនួយរហូតដល់១០លានអឺរ៉ូសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីពេលថ្មីៗនេះ។ហើយសហភាពអឺរ៉ុបមានកាតព្វកិច្ចបញ្ជូនអ្នកសង្កេតការរបស់ខ្លួនទៅឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានៅឆ្នាំ២០១៨។

លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការចោទសួររបស់សមាជិកសភាអឺរ៉ុបនេះថាជាការជ្រៀតជ្រែកកិច្ចផ្ទៃក្នុងកម្ពុជា។ លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលមិនឃាឃំាងលោក សម រង្ស៊ីទេ ប៉ុន្តែលោកត្រូវប្រឈមទៅនិងមុខច្បាប់។

លោកបណ្ឌិត ចាន់ វិបុល អ្នកសិក្សាអំពីអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ យល់ថា ការចោទសួររបស់សមាជិកសភាអឺរ៉ុបនេះ បង្ហាញអំពីការយកចិត្តទុកពីស្ថានភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក ចាន់ វិបុល មានជំនឿថា ការចោទសួរនេះ នឹងអាចដាក់សម្ពាធទៅរដ្ឋាភិបាលឲ្យពិចារណាបន្ធូរបន្ធយស្ថានភាពនយោបាយមុនការបោះឆ្នោត។

ក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

ដោយឡែកលោកលោក ចច អ៊ីហ្គា អគ្គរដ្ឋទូតសហគមអឺរ៉ុបប្រចាំកម្ពុជាមិនទាន់ឆ្លើយតបនឹងសំណួររបស់វិទ្យុស្ត្រីFM១០២ នៅឡើយរហូតមកទល់នឹងម៉ោងនៃការផ្សាយនេះ៕

Share

Image
Image
Image