loader

សង្គម​ស៊ី​វិល​ និង​ អ្នកវិភាគ​ ៖​ ពិបាក​វាយតម្លៃ​ចំនួន​ស្ត្រី​ចេញ​ទៅ​បោះ​ឆ្នោត​ ទោះជា​ការ​បោះ​ឆ្នោត​ឃុំ​ ស្ដ្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​ក៏​ដោយ​

​ភ្នំពេញ​ ៖​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើការ​ងារ​លើ​កិច្ចការ​បោះ​ឆ្នោត​ និង​អ្នកវិភាគ​ស្ថានភាព​សង្គម​ សុទ្ធតែ​បង្ហាញ​ការ​លំបាក​ ក្នុង​ការ​ប៉ាន់​ប្រមាណ​ពី​ចំនួន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ ឬ​ក៏​ចំនួន​ស្ដ្រី​ បើ​ទោះជា​កាលពី​បោះ​ឆ្នោត​ ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​ មាន​ចំនួន​ពលរដ្ឋ​ផុលផុស​ចេញ​ទៅ​បោះ​ឆ្នោត​ ហើយ​ស្ដ្រី​មាន​ចំនួន​ច្រើន​ក៏​ដោយ​។

​សូម​ស្ដាប់​លោក​ លៀ​ ស៊ី​ណា​ ៖

 

​ការ​បោះ​ឆ្នោត​ដ៏​ធំ​មួយ​ របស់​កម្ពុជា​ នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨​។​ នេះ​គឺជា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​។​ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ​ មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ចំនួន​ ២០​ ដែល​ជា​ចំនួន​ច្រើន​ដាច់​ឆ្ងាយ​ពី​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​ ដែល​មាន​ត្រឹមតែ​ ៨​ គណបក្ស​ចូលរួម​។​

​ទិដ្ឋភាព​ទូទៅ​កាលណា​មាន​គណបក្ស​ចំនួន​ច្រើន​ ឈរឈ្មោះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​ជ្រើសរើស​ សម្រាប់​ការ​ដឹកនាំ​ប្រទេស​គឺ​ល្អ​។​ ក៏​ប៉ុន្ដែ​សម្រាប់​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​វិញ​ បែរជា​ពិបាក​ក្នុង​ការ​ព្យាករណ៍​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ បើ​ទោះជា​ពួក​គាត់​បានដឹង​ថា​ កាលពី​ការ​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧​ មាន​ពលរដ្ឋ​ជិត​ ៨​ លាន​នាក់​ ដែល​ភាគច្រើន​ជា​ស្ដ្រី​ មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ មេឃុំ​ និង​ចៅសង្កាត់​ គឺ​ច្រើន​ជាង​បុរស​។​

​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នកវិភាគ​ ផ្ដល់​ហេតុផល​ថា​ ការ​ដែល​ពួក​គាត់​មិន​អាច​ព្យា​ការណ៍​ ឬ​ប៉ាន់ស្មាន​ពី​ចំនួន​ស្ដ្រី​ និង​បុរស​ ដែល​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នេះ​ គឺ​ដោយសារ​តែ​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​ ខុស​គ្នា​កាលពី​បោះ​ឆ្នោត​ឆ្នាំ​២០១៧​។​

​លោកស្រី​ សឺ​ន​ កេ​ត​សិរី​លក្ខណ៍​ មន្ដ្រី​សម្របសម្រួល​កម្មវិធី​អប់រំ​ និង​យេ​ន​ឌ័​រ​ នៃ​អង្គការ​ខុមហ្វ្រែល​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ យោង​តាម​របាយការណ៍​អង្កេត​របស់​អង្គការ​អ្នកស្រី​ បាន​បង្ហាញ​ថា​ ស្ដ្រី​មាន​ចំនួន​ច្រើន​ជាង​បុរស​ ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៧​។​ លោកស្រី​បន្ដ​ថា​ តាម​ការិយាល័យ​នីមួយៗ​ គឺ​មាន​ចំនួន​ស្ដ្រី​ចន្លោះ​ពី​ ៥០​ភាគរយ​ ទៅ​ ៨០​ភាគរយ​ ៖«​ចំនួន​នៃ​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ហ្នឹង​ គឺ​ស្ដ្រី​ ច្រើន​ជាង​បុរស​ ហ្នឹង​ជា​ការ​វាយតម្លៃ​របស់​ ខុមហ្វ្រែល​ តាម​រយៈ​ការ​សង្កេតការណ៍​របស់​យើង​ ហើយ​នៅ​ក្នុង​ការិយាល័យ​មួយៗ​ ដែល​យើង​រក​ឃើញ​។​ ប៉ុន្ដែ​មិនមែន​ នៅ​ទូ​ទាំង​ប្រទេស​ទេ​ គឺ​ក្នុង​តំបន់​តាម​ខេត្ដ​ដែល​យើង​ធ្វើ​កិច្ចការ​ហ្នឹង​»​។​

​ដោយឡែក​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ នីតិកាល​ទី​០៦​ ឆ្នាំ​២០១៨​នេះ​ លោកស្រី​ សិរី​លក្ខណ៍​ មិន​អាច​ធ្វើការ​ព្យាករណ៍​បាន​ឡើយ​ ពី​ចំនួន​ស្ដ្រី​ ដែល​អាច​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ ពីព្រោះ​តែ​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ ហាក់​ពិបាក​នៅ​ក្នុង​ការ​ពន្យល់​។​ តែ​យ៉ាង​លោកស្រី​ គិត​ថា​ ទំនង​ស្ដ្រី​ក៏​នៅ​តែ​មាន​ចំនួន​ច្រើន​ចេញ​ទៅ​បោះ​ឆ្នោត​ច្រើន​ជាង​បុរស​ដដែល​ បើ​ផ្អែក​ទៅ​តាម​ចំនួន​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ គ​.​ជ​.​ប​ ៖«​ចំនួន​ស្ដ្រី​មាន​ ៥៣.៥៣%​ ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​អ​ញ្ចឹ​ង​ ពេល​ដែល​ចំនួន​ចេញ​ទៅ​បោះ​ឆ្នោត​ហ្នឹង​យើង​អាច​ធ្វើការ​សន្និដ្ឋាន​តាម​រយៈ​យើង​សង្កេតការណ៍​កន្លង​មក​ ថា​ ស្ដ្រី​ច្រើន​ជាង​ ហើយ​ខ្ញុំ​នៅ​តែ​រំពឹង​ថា​ លើក​នេះ​ក៏​អាច​ស្ដ្រី​ប្រហាក់ប្រហែល​នឹង​បុរស​ដែរ​ ចំពោះ​អ្នក​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត​»​។​

​ដូច​គ្នា​ដែរ​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​ សី​លី​ការ​ មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​គឺ​លោកស្រី​ក៏​មើលឃើញ​ថា​ ស្ដ្រី​ បាន​ចេញ​ទៅ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៧​ គឺ​មាន​ចំនួន​ច្រើន​ជាង​បុរស​ពិតមែន​។​ លោកស្រី​ យល់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​ស្ដ្រី​ ចេញ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ជាង​បុរស​ ពីព្រោះ​តែ​ស្ដ្រី​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ពី​សិទ្ធិ​របស់​ខ្លួន​ និង​សារៈសំខាន់​នៅ​សម្រាប់​ការ​បោះ​ឆ្នោត​ ៖«​ខ្ញុំ​មើលទៅ​ស្ដ្រី​ ឥឡូវ​ហ្នឹង​គាត់​ចេះ​ដឹង​កាន់តែ​ច្រើន​ គាត់​ដឹង​ពីសារ​សំខាន់​នៃ​ការ​ទៅ​បោះ​ឆ្នោត​ ហើយ​គាត់​មាន​ពេល​អាច​ទៅ​បោះ​ឆ្នោត​បាន​»​។​

​លោកស្រី​បន្ដ​ថា​ សម្រាប់​បុរស​ទំនង​មក​ពី​ជាប់រវល់​និង​កិច្ច​ការងារ​រក​ចំណូល​សម្រាប់​គ្រួសារ​ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មួយ​ចំនួន​ ខក​ខានមិនបាន​ចេញ​ទៅ​បោះ​ឆ្នោត​។​ ដោយឡែក​សម្រាប់​ព្រឹ​ត្ដ​ការណ៍​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​០៦​ ឆ្នាំ​២០១៨​នេះ​ លោកស្រី​ ធីតា​ មិន​ទាន់​អាច​វាយតម្លៃ​អ្វី​បាន​នោះ​ទេ​ ទាក់ទិន​និង​ចំនួន​ស្ដ្រី​ និង​បុរស​ ដែល​អាច​នឹង​ចេញ​ទៅ​បោះ​ឆ្នោត​ ៖«​នៅ​ក្នុង​ពេល​ឥឡូវនេះ​ វា​ដូច​ពិបាក​ស្ថានការណ៍​ មិនដឹង​ជា​ អ្នក​ណា​ទៅ​ច្រើន​ អ្នក​ណា​ទៅ​តិច​អី​ យើង​អត់​ទាន់​ដឹង​ យើង​ចាំ​មើល​សិន​»​។​

​ទាក់ទិន​ការ​បោះ​ឆ្នោត​នេះ​ សម្រាប់​លោក​បណ្ឌិត​ មាស​ នី​ អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ ក៏​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​វាយតម្លៃ​ពី​ចំនួន​ស្ដ្រី​ និង​បុរស​ ក្នុង​ការ​ចេញ​ទៅ​បោះ​ឆ្នោត​ ដើម្បី​ជ្រើស​តំណាងរាស្ដ្រ​ នា​ពេល​ខាង​មុខ​ដែរ​។​ យ៉ាងណា​លោក​មើលឃើញ​ថា​ ស្ថានការណ៍​ទំនង​មិន​អាច​ល្អ​ប្រសើរ​ ដូច​កាលពី​បោះ​ឆ្នោត​ឆ្នាំ​២០១៧​នោះ​ទេ​ ដោយ​លោក​មាន​ប្រសាសន៍​ប្រៀបធៀប​ដូចនេះ​ថា​ ៖«​រឿង​សំខាន់​ដែល​ខ្មែរ​ទាំងអស់​គ្នា​យល់​ ហើយ​យើង​ក៏​បានឃើញ​នៅ​តាម​សាធារណៈ​ ហើយ​គិត​ថា​ នៅ​ពេល​ដែល​ការ​ប្រកួត​ហ្នឹង​ គូភាគី​កាន់តែ​ល្អ​មនុស្ស​កាន់តែ​ចង់​មើល​ ហើយ​ពេល​នោះ​យើង​ឃើញ​ថា​ (​ឆ្នាំ​២០១៧)​ ទាំង​គណបក្សកាន់អំណាច​ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ ពលរដ្ឋ​ហាក់ដូចជា​សប្បាយ​ក្នុង​ការ​ចូលរួម​ ដើម្បី​គាំទ្រ​ទៅ​លើ​គណបក្ស​ដែល​ខ្លួន​គេ​ស្រឡាញ់​ បើ​ប្រៀបធៀប​ទៅ​និង​យុទ្ធនាការ​នា​ពេល​បច្ចុប្បន្ន​គឺ​មាន​ភាព​ខុស​គ្នា​ឆ្ងាយ​»​។​

​សូម​ជម្រាប​ថា​ បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨​ បញ្ជាក់​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​ជិត​ ៨​លាន​ ៤​សែន​នាក់​ (៨,៣៨០,២១៧​នាក់​)​ បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ផ្លូវការ​របស់​ គ​.​ជ​.​ប​។​

​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នីតិកាល​ទី​ ០៦​ ឆ្នាំ​២០១៨​នេះ​ មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ចំនួន​ ២០​ ហើយ​ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ដ​ទៅ​ចាប់ពី​ម៉ោង​ ៧​ ព្រឹក​ ដល់​ម៉ោង​ ៣​រសៀល​ នៅ​ថ្ងៃអាទិត្យ​ ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៨៕

ព័ត៌មានទាក់ទង

ប្រវត្តិសាស្ត្រ៖ស្ដេចខ្មែរអង្គម៉ីត្រូវបានអាណ្ណាមចាប់ធ្វើជាចំណាប់ខ្មាំងតែព្រះអង្គជាសេ្ដចហ៊ានបោះបង់ការគ្រងរាជ្យ

នៅឆ្នាំបន្ទាប់ពេលដែលព្រះរាជាអង្គច័ន្ទសុគតទៅ  [...]

​កីឡាការិនី​ស្នូកឃ័រ​ ស្រួ​ង​ ភា​វី​ ត្រៀម​ប្រកួត​ផ្ដាច់ព្រ័ត្រ​បន្ទាប់​ពី​ប្រកួត​ឈ្នះ​ជប៉ុន​និង​អា​ល្លឺ​ម៉​ង់​

ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៊ី​យ៉ា​ ឬ​ស្[...]

ដើមទុន ១ពាន់ដុល្លារ បានធ្វើឱ្យស្ត្រីម្នាក់នៅខេត្តកំពតក្លាយជាថៅកែលក់សំភារៈបង្គន់!

ជីវៈព័ត៌មាន ៖ មានមនុស្សប៉ុន្មាននាក់ ដែលគិតថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត