loader

សង្គម​ស៊ី​វិល​ ថា​ ការ​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ​ករណី​រំលោភ​នឹង​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​រង​គ្រោះ​ពីរ​ដង​

​ភ្នំពេញ​ ៖​ សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ លើ​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ លើក​ឡើង​ថា​ ការ​ចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ​ករណី​រំលោភ​សេពសន្ថវៈ​ នឹង​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​ រង​គ្រោះ​ពី​ដង​ មួយ​គឺ​រង​គ្រោះ​ពី​ការ​ចាប់រំលោភ​ មួយទៀត​នឹង​ក្លាយជា​ជន​រង​គ្រោះ​ព្រោះ​ច្បាប់​មិន​បាន​ផ្ដល់​យុត្ដិធម៌​។​ ករណី​នេះ​ សង្គម​ស៊ី​វិល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ដោយ​មិន​ត្រូវ​ឲ្យ​ជនល្មើស​ លួងលោម​ ឬ​ក៏​គាបសង្កត់​ជន​រង​គ្រោះ​ ឬ​ក្រុម​គ្រួសារ​ ឲ្យ​ទទួល​សំណង​ដើម្បី​បញ្ចប់​ការ​ប្ដឹងផ្ដល់​នោះ​ទេ​។​

 

ប្រភពរូបភាព ពីអង្គការ លីកាដូ

 

​ករណី​រំលោភ​សេពសន្ថវៈ​បាន​កើតឡើង​មិន​ថមថយ​នោះ​ទេ​គិត​មក​ដល់​ចុងឆ្នាំ​២០១៧​នេះ​។​ ករណី​រំលោភ​សេពសន្ថវៈ​ គ្មាន​សភាព​ធូរស្រាល​ ហើយ​បង្ហាញ​រូបភាព​កាន់តែ​សាហាវ​ពី​មួយ​ករណី​ទៅ​មួយ​ករណី​។​ មាន​កត្ដា​មួយ​ចំនួន​ដូច​ជា​ ការ​សម្របសម្រួល​រវាង​ជនល្មើស​ និង​ជន​រង​គ្រោះ​ ក្រៅ​ប្រព័ន្ធ​តុលាការ​ ឬ​ក៏​ការ​គំរាម​ពី​ជនល្មើស​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទទួល​សំណង​ហើយ​បញ្ឈប់​ការ​ប្ដឹង​ ដែល​សង្គម​ស៊ី​វិល​យល់​ថា​ នេះ​ជា​ច​លករ​ធ្វើ​ឲ្យ​ជនល្មើស​ចេះ​តែ​ហ៊ាន​ប្រព្រឹត្ដ​ ទ​ង្វើ​បង្ខំ​រំលោភ​លើស​ស្ដ្រី​មិន​មានការ​ថយ​ចុះ​។​

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ មន្ដ្រីជាន់ខ្ពស់​ទទួល​បន្ទុក​ចាត់ចែង​ការ​រិ​យា​ល័យ​ស្ដ្រី​និង​កុមារ​ របស់​អង្គការ​ សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១១​ វិច្ឆិកា​នេះ​ថា​ កញ្ញា​មាន​ក្ដី​ព្រួយបារម្ភ​ពី​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ នឹង​មិន​មានការ​ថយ​ចុះ​ឡើយ​ បើ​ជនល្មើស​នៅ​តែ​អាច​រួចខ្លួន​ពី​ការ​ផ្ដន្ទាទោស​ករណី​រំលោភ​ ដោយ​ការ​សម្រុះសម្រួល​ជាមួយ​ជន​រង​គ្រោះ​ឲ្យ​ទទួល​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ​។​ ករណី​សម្របសម្រួល​រវាង​ជនល្មើស​ និង​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ​ ត្រូវ​បាន​មន្ដ្រី​របស់​អង្គការ​ លី​កាដូ​ បញ្ជាក់​ថា​ ជា​ទ​ង្វើ​ដែល​ខុស​នីតិវិធី​ច្បាប់​ ព្រោះ​ជន​រង​គ្រោះ​មាន​សិទ្ធិ​ប្ដឹង​ជនល្មើស​ ឲ្យ​ទទួលទោស​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ដ​។​ តែ​យ៉ាងណា​ មាន​ករណី​រំលោភ​សេពសន្ថវៈ​ជា​ច្រើន​ត្រូវ​បាន​បញ្ចប់​ ត្រឹមតែ​ការ​សង​សំណង​ជំងឺ​ចិត្ដ​ទៅ​ជន​រង​គ្រោះ​ ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ធ្វើ​ឲ្យ​ស្ដ្រី​រង​គ្រោះ​ ក្លាយជា​ជន​រង​គ្រោះ​ពីរ​ដង​ គឺ​រង​គ្រោះ​ដោយ​ការ​ចាប់រំលោភ​ និង​រង​គ្រោះ​ដោយ​ការ​អនុវត្ដ​ច្បាប់​មិន​បាន​ផ្ដល់​ភាព​យុត្ដិធម៌​ឲ្យ​គាត់​។​ កញ្ញា​ ណាប់​ សុ​ម៉ា​លី​ ៖«​ករណី​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ហ្នឹង​គឺជា​ ការ​អនុវត្ដ​ខុសច្បាប់​ ខុស​នីតិវិធី​ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​គាត់​ទទួល​បាន​តែ​សំណង​ទេ​ ប៉ុន្ដែ​នៅ​ក្នុង​ច្បាប់​ ជន​រង​គ្រោះ​គាត់​មាន​សិទ្ធិ​ទាមទារ​សំណង​ជំងឺ​ចិត្ដ​ផង​ និង​សុំ​ឲ្យ​ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ផង​»​។​

​លើស​ពី​នេះ​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ យល់​ថា​ បើ​គ្មាន​វិធានការ​តឹង​រឹង​ ហើយ​ចេះ​តែ​បណ្ដោយ​ឲ្យ​មានការ​សម្រុះសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ញឹកញាប់​នោះ​ វា​នឹង​ធ្វើ​ឲ្យ​ជនល្មើស​មិន​ខ្លាចរអា​ ហើយ​អាច​ជា​គំរូ​អាក្រក់​ដល់​អ្នក​ដទៃ​ ឲ្យ​មើលឃើញ​ ពី​ការ​រួចខ្លួន​ដោយ​ខុស​នីតិវិធី​ច្បាប់​ដូចនេះ​។​

​កញ្ញា​ ណាប់​ សុ​ម៉ា​លី​ សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ បញ្ឈប់​សកម្មភាព​អនុញ្ញាត​ឲ្យ​មានការ​សម្រុះសម្រួល​គ្នា​រវាង​ជនល្មើស​ និង​ជន​រង​គ្រោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​បន្ដ​ទៀត​ ដើម្បី​ជា​ការ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​នឹង​ទប់ស្កាត់​អំពើរ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​បន្ដ​ទៀត​។​ កញ្ញា​ ណាប់​ សុ​ម៉ា​លី​ ៖«​នាង​ខ្ញុំ​សូម​សំណូមពរ​ថា​ បើ​ទោះជា​ជន​រង​គ្រោះ​ហ្នឹង​គាត់​ព្រម​ទទួល​សំណងរ​ប្បវេណី​ មុន​ដំណាក់កាល​តុលាការ​ក៏​ដោយ​ សុំ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ពីព្រោះ​នៅ​ពេល​ជន​រង​គ្រោះ​គាត់​ទទួល​សំណងរ​ប្បវេណី​ មិនមែន​មាន​ន័យ​ថា​ សំណុំរឿង​ព្រហ្មទណ្ឌ​ត្រូវ​បាន​បញ្ចប់​ទេ​ ដោយសារ​ព្រះរាជអាជ្ញា​គាត់​គឺជា​ដើមបណ្ដឹង​ព្រហ្មទណ្ឌ​ អ​ញ្ចឹ​ង​សមត្ថកិច្ច​ត្រូវ​តែ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ ហើយ​ព្រះរាជអាជ្ញា​គាត់​ គឺ​ដើរតួ​ជាដើម​បណ្ដឹង​ព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ជនល្មើស​ទៅ​តាម​ផ្លូវច្បាប់​»​។​

​យោង​តាម​លោក​មេធាវី​ សំ​ សុ​គង់​ បាន​ឲ្យ​ដឹង​ថា​ ក្រមព្រហ្មទណ្ឌ​នៅ​ក្នុង​បទល្មើស​រំលោភ​សេពសន្ថវៈ​ មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ជំពូក​ទី​០៣​ ចាប់ពី​មាត្រា​ ២៣៩​ រហូត​ដល់​មាត្រា​ ២៤៥​ នៅ​ក្នុង​បទល្មើស​រំលោភ​សេពសន្ថវៈ​។​ នៅ​ក្នុង​មាត្រា​ ២៣៩​ នៃ​ក្រមព្រហ្មទណ្ឌ​បាន​បញ្ញត្ដ​ថា​ គ្រប់​អំពើ​បញ្ចូល​អង្គ​ជាតិ​ តាម​បែប​ណា​ក៏​ដោយ​ ឬ​អំពើ​បញ្ចូល​ឧបករណ៍​ណាមួយ​ទៅ​ក្នុង​អង្គ​ជាតិ​ដែល​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ដទៃ​ បើ​ទោះជា​មាន​ភេទ​ដូច​គ្នា​ឬ​មិន​ដូច​គ្នា​ក៏​ដោយ​ ដោយ​ការ​ប្រើ​ហិង្សា​ ដោយ​ការ​បង្ខិតបង្ខំ​ ឬ​ការ​គំរាមកំហែង​ ឬ​ដោយ​ការ​ឆក់​ឱកាស​ គឺជា​បទល្មើស​រំលោភ​សេពសន្ថវៈ​។​ យោង​តាម​មាត្រា​ ២៣៩​ បាន​បញ្ញត្ដ​ទោស​ជន​ប្រព្រឹត្ដ​ការ​ចាប់រំលោភ​សេពសន្ថវៈ​នេះ​ ពី​ ៥​ឆ្នាំ​ ទៅ​ដល់​ ១០​ឆ្នាំ​ ករណី​ដែល​មិន​មាន​ស្ថាន​ទម្ងន់ទោស​ ដើម្បី​ទុក​ឲ្យ​តុលាការ​ធ្វើការ​ថ្លឹងថ្លែង​ទោស​ ។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​មាន​ដូច​ជា​ ស្ដ្រី​រង​គ្រោះ​មាន​អាយុ​ក្រោម​ ១៥​ឆ្នាំ​ ជា​ស្ដ្រី​មាន​ជំងឺ​រ៉ាំ​រៃ​ ឬ​ក៏​ជា​ស្ដ្រី​មាន​ផ្ទៃពោះ​ ជនល្មើស​នឹង​ត្រូវ​ផ្ដន្ទា​ស​ទោស​ពី​ ៧​ឆ្នាំទៅ​ដល់​ ១៥​ឆ្នាំ​៕​

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

ចៅសង្កាត់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​រា​រាំង​និង​ដក​យក​ត្រា​បន្ទាប់​ពី​បក្ស​នេះ​ត្រូវ​បាន​រំលាយ​

ចៅសង្កាត់​អូ​ចារ​និង​ចៅសង្កាត់​ទួល​តា​ឯកនៃ​គណ[...]

​អង្គការ​ការពារ​អ្នកកាសែត​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អតីត​អ្នកកាសែត​វិទ្យុ​អាស៊ី​សេរី​

ភ្នំពេញ៖​គណៈកម្មាធិការ​ការពារ​អ្នក​សារព័ត៌មាន[...]

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត