en     km
en     km

សង្គម​ស៊ី​វិល​ព្រួយបារម្ភ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តែ​ គ​.​ជ​.​ប​ ថា​ច្រើន​

Share

ភ្នំពេញ​៖​ រយៈពេល​ ៤​ថ្ងៃ​ នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ សង្គម​ស៊ី​វិល​សម្ដែង​ក្ដី​ព្រួយបារម្ភ​ដោយ​អះអាង​ថា​ ចំនួន​អ្នក​ចុះ​ឈ្មោះ​មាន​តិច​តូច​នៅ​តាម​ការិយាល័យ​នីមួយៗ​ ក៏​ប៉ុន្ដែ​ គ​.​ជ​.​ប​ ថា​ ការ​មើលឃើញ​របស់​សង្គម​ស៊ី​វិល​ដូចនេះ​ គឺ​មិន​ពិត​ព្រោះ​សង្គម​ស៊ី​វិល​មិន​មាន​ការិយាល័យ​នៅ​ទូ​ទាំង​ប្រទេស​។​


​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​ ១៨​ឆ្នាំ​គិតដល់​ថ្ងៃ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​០៦​ ឆ្នាំ​២០១៨​ និង​អ្នក​ដែល​គ្រប់​អាយុ​ហើយ​តែ​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​ ត្រូវ​ចុះ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ឃុំ​ សង្កាត់​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​ចាប់ពី​ថ្ងៃ​ទី​០១​ កញ្ញា​តទៅ​។​

​លោក​ សំ​ គ​ន្ធា​មី​ នាយក​ប្រតិបត្ដិ​គណៈកម្មាធិការ​អ​ព្យា​ក្រឹត្យ​ និង​យុត្ដិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និក​ហ្វិ​ច​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​០៥​ កញ្ញា​នេះ​ថា​ ចំនួន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ការិយាល័យ​មួយ​ចំនួន​ធំ​ គឺ​នៅ​តិច​តូច​ ដែល​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​។​ លោក​ សំ​ គ​ន្ធា​មី​ ៖«​ជា​ទូទៅ​ចំនួន​អ្នក​ចុះ​ឈ្មោះ​នៅ​តិច​ណាស់​ នៅ​តាម​ការិយាល័យ​ខ្លះ​មាន​តែ​ ៥​ ទៅ​ ៦​នាក់​ ហើយ​ការិយាល័យ​ខ្លះ​មាន​តែ​ ២​ ទៅ​ ៣​នាក់​ ។​ យើង​មានការ​ព្រួយបារម្ភ​ប្រសិនបើ​ប្រជាពលរដ្ឋ​លោក​មិន​ចាប់អារម្មណ៍​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​។​

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការនិកហ្វិច

​នាយក​ប្រតិបត្ដិ​ និក​ហ្វិ​ច​ យល់​ថា​ ការ​ដែល​ ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​តិច​តូច​ដូច្នេះ​ អាច​បណ្ដាល​មក​ពី​បណ្ដា​ខេត្ដ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ ពលរដ្ឋ​មិន​បាន​ទទួល​ដំណឹង​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ និង​មួយវិញទៀត​ពលរដ្ឋ​ដំអក់​ដោយ​សំអាង​លើ​វេលា​នៃ​ការ​ចុះ​ឈ្មោះ​នៅ​រយៈពេល​យូ​។​ តែ​យ៉ាងណា​លោក​ សំ​ គ​ន្ធា​មី​ នៅ​តែ​បង្ហាញ​កង្វល់​ករណី​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​ចុះ​ឈ្មោះ​នេះ​ និង​នីតិវិធី​ដើម្បី​ចុះ​ឈ្មោះ​ច្បាស់លាស់​នៅឡើយ​។​

​តែ​រឿង​នេះ​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក​បណ្ឌិត​ ហង្ស​ ពុទ្ធា​ មាន​ប្រសាសន៍​ថា​ អ្វី​ដែល​អង្គការ​សង្គម​ស៊ី​វិល​មើលឃើញ​នា​ពេល​នេះ​ត្រឹមតែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ដោយសារ​ពួក​គាត់​មិន​មាន​ការិយាល័យ​តំណាង​នៅ​ទូ​ទាំង​ប្រទេស​នោះ​ទេ​។​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ បាន​អះអាង​ថា​ ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ ដែល​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ថ្ងៃ​ទី​០៤​ កញ្ញា​ ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​មាន​ចំណួន​ ២,៥៨៩៩​នាក់​នៅ​ទូ​ទាំង​ប្រទេស​។​ លោក​បណ្ឌិត​ ហង្ស​ ពុទ្ធា​ ៖«​ខ្ញុំ​គិត​ថា​ គាត់​មិន​ស៊ីជម្រៅ​ទេ​ដោយសារ​គាត់​ចុះ​តែ​ប៉ុន្មាន​ការិយាល័យ​អ​ញ្ចឹ​ង​ណា​ តែ​សម្រាប់​ គ​.​ជ​.​ប​ យើង​ធ្វើការ​នៅ​ទូ​ទាំង​ប្រទេស​ ឥឡូវ​ហ្នឹង​ ២​ម៉ី​ន​ ៦​ពាន់​នាក់​ បើ​យក​តួលេខ​ចែក​ជាមួយនឹង​បួន​ អ​ញ្ចឹ​ង​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​ ៦​ពាន់​នាក់​បាទ​»​។​

លោកបណ្ឌិត ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប

​តែ​បែប​នេះ​ក្ដី​ គ​.​ជ​.​ប​ ទទួលស្គាល់​ថា​ ខ្លួន​បាន​ផ្សព្វ​ផ្សាយដំណឹង​ដល់​ពលរដ្ឋ​ហាក់​យឺតយ៉ាវ​ប​ន្ដិ​ត​ ក៏​ប៉ុន្ដែ​មក​ដល់​ថ្ងៃនេះ​ អាជ្ញាធរ​ឃុំ​ សង្កាត់​ បាន​ជូនដំណឹង​ស្ដី​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន​ពេញលេញ​ហើយ​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប៉ាន់​ប្រមាណ​ថា​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​គិតដល់​បោះ​ឆ្នោត​សភាព​នីតិកាល​ទី​០៦​ នា​ខែកក្កដា​ ឆ្នាំ​២០១៨​ និង​អ្នក​ដែល​មិន​ទាន់​ចុះ​ឈ្មោះ​កាលពី​ឆ្នាំ​២០១៦​ មាន​ ១​លាន​ ៤​សែន​នាក់​។​
​ការ​ចុះ​បោះ​ឆ្នោត​បោះ​ឆ្នោត​ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ រហូត​ដល់​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​ គឺ​សម្រាប់​អ្នក​ដែល​ទើប​គ្រប់​អាយុ​ ១៨​ឆ្នាំ​ឡើង​ទៅ​ គិតដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ នា​ខែកក្កដា​ ឆ្នាំ​២០១៨​ និង​អ្នក​ដែល​គ្រប់​អាយុ​១៨​ ឆ្នាំ​កាលពី​ឆ្នាំ​កន្លង​ទៅ​ក៏​ប៉ុន្ដែ​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៦​។​ ឯកសារ​តម្រូវ​សម្រាប់​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួម​មាន​ អត្ដសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​ឯកសារ​បញ្ជាក់​អត្ដសញ្ញាណ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ​ ឃុំ​ របស់​ខ្លួន​៕​

Share

Image
Image
Image