loader

សង្គមស៊ីវិល និងសហជីព៖ បើEUបិទពន្ធអនុគ្រោះគឺកម្មការិនីច្រើនលើសលុបនឹងរងផលប៉ះពាល់

ភ្នំពេញ៖ បន្ទាប់ពីសភាអឺរ៉ុបបានចេញសេចក្ដីថ្លែងការណ៍ប្រាប់ទៅ​រដ្ឋាភិបាលកម្ពុជាអោយកែ​លម្អ​​នូវស្ថាន​ការណ៍​អាក្រក់ៗ​កន្លង​មក​ឲ្យទៅ​រកភាព​ដើម​ឡើងវិញ ហើយព្រមានបិទការអនុគ្រោះពន្ធនៅកម្ពុជា។ ការណ៍នេះ បានធ្វើអោយអង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនព្រួយបារម្ភដល់ជីវភាពរបស់កម្មករ ជាពិសេសកម្មការិនីនៅក្នុងវិស័យកាត់ដេរដែលជាក្រុមងាយរងផល់បះពាល់ជាងគេ។ ពួកគាត់ថា កម្មការីនិ ទៅដល់ ៩០ភាគរយកំពុងទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីវិស័យនេះ។

កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

photo: Taken from EU’s Website

 

កាលពីថ្ងៃទី ១១កក្កដា គណៈប្រតិភូសភាអឺរ៉ុប​មួយក្រុមបានមកកាន់កម្ពុជា រយៈពេល ៦ថ្ងៃ ដោយបានជួបមន្ត្រីកម្ពុជាច្រើនស្ថាប័ន និងមន្ត្រីសង្គមស៊ីវិល ។

ក្រោយពីសិក្សាស្រាវជ្រាវ យក្រុមនេះ បានចេញសេចក្ដីជូនដំណឹងថា ការដកគំរោងអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាក្នុងកម្មវិធី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA គឺជាជម្រើសចុងក្រោយ​របស់សហភាពអឺរ៉ុប បើ ភាគីកម្ពុជា មិនបានផ្ដល់ដំណោះស្រាយ ធ្វើអោយ ប្រជាធិបតេយ្យរស់ឡើង ដោយការបោះឆ្នោត ត្រូវតែមានវត្តមានបក្សប្រឆាំង។  ការជូនដំណឹងនេះ ធ្វើឡើងមុន សភាអឺរ៉ុប សម្រេចម្ដងទៀត អំពីវិធានការចុងក្រោយ។

កម្ពុជាជាប្រទេសទទួលបានការអនុគ្រោះពន្ធក្នុងគំរោង EBA ដែលមាន ៦៧៦លានដុល្លារក្នុងមួយឆ្នាំៗ សម្រាប់ទីផ្សារអឺរ៉ុបគិតត្រឹមឆ្នាំ ២០១៧។

ទាក់ទិនរឿងនេះ ក្រុមសង្គមស៊ីវិល និងសហជីពមួយចំនួនកំពុងព្រួយបារម្ភពីការសម្រេចចិត្តរបស់សភាអឺរ៉ុបមកលើកម្ពុជា និងការសម្រេចចិត្តរបស់់រដ្ឋាភិបាលតបទៅនិងសភាអឺរ៉ុប។ ជាមួយគ្នានេះ គេនឹងរង់ចាំមើលបើសភាអឺរ៉ុបពិតជាបិទការអនុគ្រោះពន្ធលើការនាំទំនិញចូលពិតមែន តើនឹងប៉ះពាល់អ្វីខ្លះដល់កម្ពុជា ពិសេសកម្មការិនីធ្វើការនៅក្នុងវិស័យកាត់ដេរដែលមានជាង ៧០ម៉ឺននាក់។

លោក​ ព្រាប កុល ​នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជាបានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដីដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះថា បើសភា អឺរ៉ុបសម្រេចលុបចោលការអនុគ្រោះពន្ធមកលើកម្ពុជាមែននោះ សេដ្ឋកិច្ចកម្ពុជានឹងទទួលរងប៉ះពាល់ ហើយអ្នកដែលរងគ្រោះធ្ងន់ជាងគេ គឺស្រ្ដីដែលធ្វើការតាមរោងចក្រ។

លោក​ ព្រាប កុល៖«វិស័យកាត់ដេរគឺជាកន្លែងសម្រាប់ស្រ្ដីគាត់ធ្វើការច្រើន ទីមួយ។ ទីពីរ នៅពេលដែលបាត់បង់ឱកាសការងារហ្នឹង ស្រ្ដីនឹងរកឱកាសការងារផ្សេងទៀត វាមានអាចមានការលំបាកសម្រាប់ស្រ្ដី ។ដូច្នេះខ្ញុំគិតថា ស្រ្ដីអាចរងគ្រោះច្រើនជាងគេពីបញ្ហានឹង។នេះយើងមិនទាន់គិតពីផល ប៉ះពាល់ផ្សេងៗទៀតដូចជាគាត់ត្រូវទំនុកបម្រុងដល់ក្រុមគ្រួសារ ឱពុកម្ដាយគាត់ចាស់ៗ ហើយគាត់ត្រូវបង់ប្រាក់ទៅមីក្រូហិរញ្ញាវត្ថុដែលជាកម្ចី»។

តាម លោក ព្រាប កុល ក្នុងចំណោមកម្មករ ៨០ម៉ឺននាក់ មាន ៩០ភាគរយ ជាស្រ្ដី ។

លើកឡើងស្រដៀងគ្នានេះដែរ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាយល់ឃើញថា ការផ្ដាច់អនុគ្រោះពន្ធ គឺពិតជាធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពស្រ្ដី។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖« ខ្ញុំគិតថា  ទាំងកម្មករ ទាំងពលរដ្ឋគាត់មានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះការផ្ដាច់អនុគ្រោះពន្ធ កម្មកររកចំណូលគាត់មិនមែនចិញ្ចឹមតែខ្លួនគាត់ម្នាក់ឯងទេ គាត់ចិញ្ចឹមអ្នកនៅក្នុងបន្ទុកគ្រួសាររបស់គាត់ទៀត…»។

ជុំវិញរឿងនេះដែរ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរក៏មានការព្រួយបារម្ភដូចគ្នាទាក់ទងនឹងការផ្ដាល់អនុគ្រោះពន្ធ សភាអឺរ៉ុប។ តែបែបនេះក្ដី លោកនៅតែជឿជាក់ថា សភាអឺរ៉ុបនឹងមិនសម្រេចដកការអនុគ្រោះពន្ធពីកម្ពុជានោះទេ។

លោក ខេន លូ៖«ស្រុកខ្មែរយើងមានការអភិវឌ្ឍន៍ច្រើន ហើយទាក់ទងនិងសិទ្ធិកម្មករ និងសិទ្ធិមនុស្សផ្សេងៗ ចឹងខាងយើង(សមាគមរោងចក្រកាត់ដេរ ) ជឿជាក់ថា សហភាពអឺរ៉ុប គេអត់ដកទេ  …»។

កាលពី​ថ្ងៃទី​១៤​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ សភាអឺរ៉ុបបាន​បោះឆ្នោតទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរទុក​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ ​ដែល​មាន​ឈ្មោះ​ថា​ Everything but Arms ​មាន​ន័យ​ថា ​«អនុគ្រោះ​ពន្ធលើ​ទំនិញ​ទាំងអស់​លើក​លែង​តែ​អាវុធ»​ ហៅ​កាត់​ថា​ EBA ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៅ​កម្ពុជា។​

ជំហាន​របស់​សហភាព​អឺរ៉ុប​បែប​នេះ​ អាច​បង្កផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​បាន​លក់​ទំនិញ​នាំចេញ​ប្រហែល​ពាក់​កណ្តាល​ទៅ​សហគមន៍​អឺរ៉ុប​ ​ហើយ​ភាគច្រើន​ជា​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​ ជាផ្នែកមួយ​នៃ​ឧស្សហកម្ម​ដែល​បាន​ផ្តល់​ការ​ងារ​ដល់​ពលរដ្ឋជាង៨០ម៉ឺននាក់​នៅ​ប្រទេស​កម្ពុជា។

សហភាពអឺរ៉ុបមាន ២៧ប្រទេស។ សហភាពអឺរ៉ុបជាទីផ្សារធំទី១ សម្រាប់ទំនិញសំលៀកបំពាក់ និងស្បែកជើងពីកម្ពុជា ដែលទំហំពាណិជ្ជកម្មបានកើនជាង ៨៣ពាន់លានដុល្លារ។

នៅរយៈពេលចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងលើ ស្រ្តីក្នុងវិស័យកាត់ដេរ។ ក្នុងគោលនយោបាយថ្មីនេះ កម្មការិនី ដែលទៅពិនិត្យសុខភាព ឬពិនិត្យផ្ទៃពោះ មិនត្រូវចំណាយប្រាក់ទេ អោយតែទៅពិនិត្យនៅពេទ្យរដ្ឋ ។ បន្ថែមលើ់សនេះ រាជរដ្ឋាភិបាលក៏បាន បង្កើតគំរោងផ្ដល់សេវាសម្រាលកូនទៀតផងសម្រាប់គ្រប់កម្មការិនី ដោយផ្ដល់ប្រាក់ ៤០ម៉ឺនរៀល សម្រាប់កូនម្នាក់ ហើយបើពីរនាក់បាន ៨០ម៉ឹនរៀល។

ការដាក់ចុះគោលនយោបាយនេះ ក៏ជាការឆ្លើយបតបនឹងសេចក្ដីត្រូវការរបស់កម្មការិនីដែលកំពុងធ្វើអោយវិស័យកាត់ដេរ មានសន្ទុះជាខ្លាំងក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

សម្ដេចនាយរដ្ឋមន្ត្រី​មានប្រសាសន៍ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ជួយកម្មករកម្មការិនីខ្លាំងណាស់ តែបើមានការដាក់ទណ្ឌកម្មលើវិស័យនេះ ដោយសហរដ្ឋអាមេរិកក្ដី សហភាពអឺរ៉ុបក្ដី គឺជាកំហុសមួយរបស់អ្នកនយោបាយនៃសហគមន៍អន្តរជាតិនេះ  ដែលដើរតាមការញុះញុងរបស់បក្សប្រឆាំងកម្ពុជា។ សម្ដេច ហ៊ុន សែន ក៏បានទទូចអោយកម្មករកម្មការិនីយោគយល់ដល់បក្សប្រជាជនកម្ពុជាផង បើរឿងនេះ កើតមាន។ តែសម្ដេចព្រមានថា ទីផ្សាររបស់កម្ពុជាមិនមានតែសហភាពអឺរ៉ុបនោះទេ៕   

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ការស្រាវជ្រាវបង្ហាញថាសារព័ត៌មាននៅតែផ្សព្វផ្សាយបំពានលើជនរងគ្រោះជាស្រ្តី

ភ្នំពេញ៖ ការស្រាវជ្រាវរបស់អង្គការមួយបង្ហាញថា [...]

កញ្ញាត្រាំងយ៉ាំជនជាតិដើមភាគតិចព្រៅក្លាយជាអ្នកសម្របសម្រួលបញ្ហានានាក្នុងសហគមន៍

ជីវៈព័ត៌មាន៖ ដោយសារភាពតស៊ូ និងជំនៈពាក្យស៊ីបាយ[...]

នាយិកា​ក្រុមហ៊ុន​ សូ​ឡារ​ ហ្គ្រី​ន​ អេ​នើ​ជី​ ៖​ ស្ដ្រី​គួរ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ខណៈ​សង្គម​កាន់តែ​បើកទូក​លាយ​

ស្ដ្រី​គួរតែ​ចាប់​ឱកាស​បង្ហាញ​សមត្ថភាព​ ភាព​ជ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត