loader

សង្គមស៊ីវិល៖ ស្រ្តីកម្ពុជានៅជនបទមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ហ្វេសប៊ុក(មានសំឡេង)

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលបង្ហាញថា ប្រជាជនកម្ពុជាមានការកើនឡើងលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈដែលការប្រើប្រាស់របស់ស្រ្តីនៅជនបទបាននិងកំពុងជួបហានិភ័យខ្លាំងដល់សុវត្តិភាពផ្សេងៗ​។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍៖

DW Akademie សហការជាមួយនឹងសមាគមយុវជនខ្មែរ និងអង្គការស្ម័គ្រចិត្តដើម្បីសង្គមបានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃទី ៧ ខែធ្នូនេះ នៅ រាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «សំឡេងខ្ញុំ តម្លៃខ្ញុំ »ពាក់ព័ន្ធនឹងការបញ្ចេញសាររបស់ស្ត្រីតាមរយៈបណ្ដាញសង្គមផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះ បានរំលេចឱ្យឃើញនូវទិដ្ឋភាពមួយចំនួន ដែលជាការព្រួយបារម្ភចំពោះការប្រើប្រាស់បណ្ដាញសង្គម ជាពិសេសគឺហ្វេសបុកសម្រាប់អ្នកប្រើប្រាស់ជាស្ដ្រីក្នុងទីជនបទ។

ជាក់ស្ដែង នៅតាមទីជនបទ ការប្រើបា្រស់បណ្ដាញសង្គមហ្វេសបុកនេះ គឺអ្នកប្រើប្រាស់ជួលឱ្យជាងទូរស័ព្ទជាអ្នកបង្កើតគណនីឱ្យ ដែលករណីនេះជាបញ្ហាដែលគួរយកចិត្តទុកដាក់ និងត្រូវលុបបំបាត់ឱ្យបាន ព្រោះធ្លាប់មានបទពិសោធន៍នូវលទ្ធផលមិនល្អពាក់ព័ន្ធករណីនេះ។

លោក មីកាអ៊ែល ការហ៊ូសិន ប្រធាន DW Akademie ប្រចាំអាស៊ី អឺរ៉ុប បង្ហាញគំនិតយល់ឃើញមិនសូវខុសពីករណីនេះនោះទេ។ លោកថា បណ្ដាញសង្គមគឺជាឧបករណ៍សម្រាប់បញ្ចេញនូវសាររបស់មនុស្សទាំងអស់គ្នា ប៉ុន្តែ ការបញ្ចេញសារតាមរយៈមធ្យោបាយនេះ គឺមានលក្ខណៈប្រថុយប្រថានខ្លាំងណាស់។

យ៉ាងណា លោកជម្រុញឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយកចិត្តទុកដាក់ឱ្យខ្ពស់បំផុតលើដំណឹង និងព័ត៌មានមួយចំនួនដែលមាននៅលើបណ្ដាញសង្គមនេះ គឺលោកសម្ដៅលើ ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយជាដើម។

បញ្ហានេះ លោកស្រី សាប៊ីណា កាសាក្រានដេ អ្នកគ្រប់គ្រង របស់ DW Akademie  ប្រចាំប្រទេសកម្ពុជា បាន ថ្លែងថា DW Akademie  បាននឹងកំពុងបង្កើតវគ្គបណ្ដុះបណ្ដាលដល់អ្នករស់នៅតាមខេត្ត ជាពិសេសទីជនបទពាក់ព័ន្ធនឹងរបៀបប្រើប្រាស់បណ្ដាញសង្គមឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យ។

គ្រូបង្គោលរបស់ DW Akademie បញ្ជាក់ថា អ្នកប្រើប្រាស់ហ្វេសបុកត្រូវកំណត់នូវ​ឯកជនភាពឱ្យបានល្អត្រឹមត្រូវ។

តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទំនាក់ LIRNEasia បញ្ជាក់ថា អ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា ២៦% គិតចាប់ពីអាយុ ១៥-៥៦ឆ្នាំ កំពុងជួបប្រទះ និងប្រឈមមុខដោយការរំខានគ្រប់រូបភាព។

បើតាមរបាយការណ៍ក្រសួងប្រៃសណីយ៍ថ្មីៗនេះ បង្ហាញថា ប្រជាជនកម្ពុជាប្រហែល ៧៥% នៃចំនួនប្រជាជនសរុប សុទ្ធតែប្រើប្រាស់អ៊ីនធឺណែត ហើយមានការប៉ាន់ប្រមាណថា ចំនួននេះនឹងកើនឡើងដល់ ៩៥% នៅឆ្នាំ ២០២០ ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

គ្រូបង្រៀន ២រូបជំទាស់នឹងការសម្រេចរបស់មន្ទីរអប់រំខេត្តកំពង់ធំប្តូរការងារពួកគាត់ថាជារឿងនយោបាយ

ភ្នំពេញ៖ គ្រូបង្រៀនពីរនាក់នៅខេត្តកំពង់ធំ ដែលជ[...]

លោកGeorge Edgar ៖ អឺរ៉ុបត្រៀមផ្ដល់ជំនួយជាង១១៥លានអឺរ៉ូមកកម្ពុជា

ភ្នំពេញ៖ សហភាពអឺរ៉ុបកំពុងត្រៀមផ្តល់ជំនួយមកដល់[...]

មន្រ្តីបរិស្ថាន៖ មានវត្តមានសត្វខ្លាឃ្មុំនៅតំបន់ការពារធម្មជាតិក្នុងខេត្តបាត់ដំបង

លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត