en     km
en     km

សង្គមស៊ីវិលស្នើឲ្យដោះលែងអតីតសកម្មជនការពារបរិស្ថានអង្គការមាតាធម្មជាតិ

Share

ភ្នំពេញ៖ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន២២ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៤ ខែ​វិច្ឆិកានេះដោយស្នើឲ្យអាជ្ញាធរដោះលែងអតីតសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិ​ដែល​ត្រូវបាន​ចាប់និងឃុំខ្លួនជាប់ទាក់ទងនឹងការផ្តិតយករូបភាព​កប៉ាល់បូបខ្សាច់សមុទ្រ​នៅក្នុង​ខេត្ត​កោះ​កុង។

សេចក្តីថ្លែងការណ៍នេះបញ្ជាក់ថាអតីតសកម្មជនការពារបរិស្ថាននៃអង្គការមាតាធម្មជាតិលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុងអស់ រយៈពេលជាង ២ខែ​ក្រោមបទចោទករណី

ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមមាត្រា៤៩៥​និងបទចោទការប៉ះ​ពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលតាមមាត្រា៣០២នៃក្រមព្រហ្មទណ្ឌ។

អតីតសកម្មជនការពារបរិស្ថានទំាងពីរត្រូវបានអាជ្ញាធរឃាត់ខ្លួននៅពេលពួកគេផ្តិចយករូបភាពកប៉ាល់បូបខ្សាច់ចំនួនពីរគ្រឿងនៃក្រុមហ៊ុន អ៊ិលវ៉ាយភីគ្រុបរបស់លោកឧញ្ញ៉ាលី យ៉ុងផាត់និង ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច។

«លោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុនឌី ត្រូវបាន ចាប់ខ្លួន នៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ខណៈកំពុង ថតកប៉ាល់ធំៗចំនួន ពីរគ្រឿង ដែល បាន បោះយុថ្កា នៅ ឆ្នេរសមុទ្រ នៅស្រុកព្រែកខ្សាច់ ខេត្តកោះកុង ដែល ពួកគាត់សង្ស័យថាកំពុងដឹកខ្សាច់នាំចេញខុសច្បាប់។»

ក្រុមអង្គការសង្គមស៊ីលទំាងនេះសម្តែងការព្រួយបារម្ភយ៉ាងខ្លំាងចំពោះការចាប់ខ្លួនតាមអំពើចិត្តនិងឃុំខ្លួនជាបណ្តោះអាសន្នដែលប្រហែលជាការប៉ុនប៉ងបំបិទសិទ្ធិស្របច្បាប់នៃសកម្មភាពការពារសិទ្ធិមនុស្សផ្នែកបរិស្ថានដែលរហូតមកទល់ពេលនេះតុលាការពុំទាន់កំណត់កាលបរិច្ឆេកជំនុំជម្រះច្បាស់លាស់នោះទេ។

សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលបានរិះគន់ចំពោះការឃុំខ្លួនជន ជាប់ក្នុង បន្ទប់ពន្ធនាគាររួមគ្នាតូចចង្អៀតនិងកង្វះអនាម័យ។

សេចក្តីថ្លែងការណ៍៖«អ្នកជាប់ឃុំជាច្រើនកកកុញក្នុងស្ថានភាព អនាម័យមិនល្អនិងកង្វះខាតការផ្តត់ផ្គង់គ្រឿងបរិភោគនិងសេវាមូលដ្ឋានដូចជាទឹក អាហារនិង កាថែទាំសុខភាព។លោក ហ៊ុន វណ្ណៈនិងលោក ឌឹម គុនឌី បានឱ្យដឹងថាពួកគាត់ត្រូវបាន ឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងដ៏តូចចង្អៀតទំហំតែ៤ម៉ែត្រការ៉េជាមួយជនជាប់ឃុំរួមបន្ទប់ចំនួន២០ នាក់ផ្សេងទៀត។»

អាជ្ញាធរចាប់និងឃុំខ្លួនអ្នកទំាងពីរធ្វើឡើងនៅពីរថ្ងៃបន្ទាប់ពីអតីតអង្គការមាតាធម្មជាតិបានផ្សព្វ ផ្សាយវីដេអូឃ្លីបមួយលាតត្រដាងអំពីការនំាចេញខ្សាច់ស៊ីលីកានិងថ្មខៀវពីប្រទេសកម្ពុជាទៅកោះតៃវ៉ានក្នុងទំហំទឹកប្រាក់៣១លានដុល្លារអាមេរិកដែលផ្ទុយទៅនឹង តួរលេខនំាចេញខ្សាច់ស៊ីលការបស់គយនិង​ពន្ធដារកម្ពុជាជាង២៧ម៉ឺនដុល្លារអាមេរិក។

ក្រុមអង្គការសង្គមស៊ីវិលទំាងនោះអំពាវនាវឲ្យអាជ្ញាធរគោរពកាតព្វកិច្ចរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញនិងសិទ្ធិមនុស្សអន្តរជាតិដោយទាមទារឲ្យទម្លាក់ការចោទចំពោះអតីតសកម្មជនការពារបរិស្ថាននិងផ្តល់សំណង សមរម្យដល់អ្នកទំាងពីរ។

លោក អ៊ិន គង់ជិត មន្រ្តីឃ្លំាមើលការពារសិទ្ធិអង្គការលីកាដូប្រចំាខេត្តកោះ​កុងឲ្យដឹងថាអតីតបុគ្គលិក​អង្គការ​មាតាធម្មជាតិទំាងពីររូបមិនបានប្រព្រឹត្តដូចការចោទ​ប្រកាន់ទេ។លោកយល់ថាការចាប់​និងឃុំខ្លួន​អ្នកទំាងពីរដើម្បីបង្អាក់សកម្មភាពនិងបំបាក់ស្មារតីយុវជនក្នុងការឃ្លំាមើលបរិស្ថាន។

លោក អ៊ុន សុវណ្ណធានី អ្នកនំាពាក្យសាលាដំបូងខេត្តកោះកុងនិងជាព្រះរាជអាជ្ញារងបដិសេធមិន​ធ្វើ​អត្ថា​​ធិប្បាយដោយបញ្ជាក់ថាកំពុងជាប់រវល់។

អង្គការមាតាធម្មជាតិត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០១៧ ពោលគឺពីរថ្ងៃបន្ទាប់តុលាការសម្រេចឃុំនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នំាដដែល៕

Share

Image
Image
Image