loader

វិភាគ​ ៖​ មូលហេតុ​អ្វី​បានជា​ផលិតផល​ កសិកម្ម​ កម្ពុជា​ធ្លាក់​ថ្លៃ​ជា​ពិសេស​គឺ​ស្រូវ​?

​ភ្នំពេញ៖ ថ្មីៗ​នេះ​ មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថា​ តម្លៃ​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា​ បាន​ធ្លាក់​ចុះ​ពី​តម្លៃ​ ៩៩​ម៉ឺន​រៀល​ក្នុង​មួយ​តោន​ មក​នៅ​ត្រឹម​ ៧៧​ម៉ឺន​រៀល​ ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា​មក​។​

ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។
ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។

អ្នកនយោបាយ​ ប្រជាពលរដ្ឋ​ មន្ដ្រី​សង្គម​ស៊ី​វិល​ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​។​ ទាក់ទង​និង​ការ​ព្រួយបារម្ភ​នេះ​ដែរ​ មន្ដ្រី​ជំនាញ​កសិកម្ម​ និង​អ្នកវិភាគ​បាន​លើក​ឡើង​ ពី​មូលហេតុ​ និង​វិធានការ​ ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​ជួយ​អោយ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​ ចំពោះ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​ ​តើ​មាន​កត្តា​អ្វីខ្លះ​បណ្ដាល​ឱ្យ​ តម្លៃ​ផលិតផល​ កសិកម្ម​ នៅ​កម្ពុជា​ធ្លាក់​ចុះ​ជា​ពិសេស​ គឺ​ស្រូវ​?​  ​ព័ត៌មាន​លម្អិត​ រាយការណ៍​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​៖

 

​បន្ទាប់​ពី​មាន​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ថា​ តម្លៃ​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា​ បាន​ធ្លាក់​ចុះ​ពី​តម្លៃ​៩៩​ម៉ឺន​រៀល​ក្នុង​មួយ​តោន​ មក​នៅ​ត្រឹម​ ៧៧​ម៉ឺន​រៀល​ ចាប់តាំងពី​ពាក់កណ្ដាល​ខែសីហា​មក​ ។​

​ទាក់ទង​នឹង​បញ្ហា​ប្រឈម​ទាំង​អស់នេះ​ ធ្វើ​អោយ​មាន​សំនួរ​ ពី​អ្នកនយោបាយ​ ប្រជាពលរដ្ឋ​ ជា​ច្រើន​ចោទសួរ​ថា​ ហេតុ​អ្វី​បានជា​ផលិតផល​កសិកម្ម​ នៅ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះថោក​បែប​នេះ​?

​ត្រង់​សំនួរ​នេះ​ លោក​ សម​ វិទូ​ នាយក​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​CEDAC​ បាន​លើក​ឡើង​ថា​ មាន​កត្តា​សំខាន់​ពីរ​ ដែល​នាំ​អោយ​កម្ពុជា​ ជួប​វិបត្តិ​បែប​នេះ​។​

​លោក​ សម​ វិទូ​ ៖«​បាទ៎​ មាន​កត្តា​ពីរ​ដែល​ធ្វើ​អោយ​ស្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ធ្លាក់​ថ្លៃ​ ។​ កត្ដា​ទី​មួយ​.​ គេ​ថា​ ស្រូវ​ និង​ជា​ធម្មតា​មាន​ប្រទេស​ជិតខាង​យើង​ ជា​អ្នក​ប្រមូល​ទិញ​។​ ហើយ​កត្ដា​ទី​ពីរ​.​ ការ​នាំ​ចូល​អង្ករ​មក​ពី​ប្រទេស​វៀតណាម​ច្រើន​ពេក​ ដល់​ពេល​ចឹ​ង​ឈ្មួញ​ក្នុងស្រុក​ របស់​យើង​ក៏​គាត់​អត់​អាច​ទិញ​ក្នុង​តម្លៃ​ខ្ពស់​បាន​»​។​

​ទាក់ទង​នឹង​រឿង​នេះ​ដែរ​ អុ្ន​ក​ស្រាវជ្រាវ​ ពី​បញ្ហា​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ យល់​ឃើញ​ថា​ ផលិតផល​កសិកម្ម​ នៅ​ប្រទេស​កម្ពុជា​ មានការ​ធ្លាក់​ចុះថោក​បែប​នេះ​ គឺ​ទី​មួយ​.​ដោយសារ​ទិដ្ឋភាព​នៃ​ការ​ភ្ជាប់​រវាង​ផលិតផល​របស់​កម្ពុជា​ទៅ​នឹង​ទីផ្សារ​អន្ដរជាតិ​ នៅ​មានគុណ​វិបត្តិ​។​ ទី​ពីរ​គឺ​សមត្ថភាព​ក្នុង​ការ​ប្រណាំងប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ ដែល​គេ​ជា​ប្រទេស​ផលិត​ស្រូវ​ដូច​គ្នា​ នៅ​លើ​ទីផ្សារ​អន្ដរជាតិ​សព្វថ្ងៃ​នៅ​គឺ​កម្ពុជា​មាន​កម្រិត​។​ ទី​បី​ទាក់ទង​នឹង​ឈ្មួញកណ្ដាល​ដែល​ប្រើ​អំណាច​ផ្ដាច់មុខ​ ធ្វើការ​មិន​អោយ​ឈ្មួញ​ដទៃ​មាន​លទ្ធភាព​ប្រកួតប្រជែង​បាន​។​

​លោក​ មាស​ នី​៖​ «​បាទ៎​ នៅ​ក្នុង​ហ្នឹង​យើង​មើល​ពី​ទិដ្ឋភាព​ពីរ​ ទី​មួយ​.​គឺ​ ទិដ្ឋភាព​នៃ​ការ​ភ្ជាប់​រវាង​ផលិតផល​យើង​ទៅ​ជាមួយនឹង​ទីផ្សារ​អន្ដរជាតិ​ ហើយ​សមត្ថភាព​ក្នុង​ការ​ប្រណាំងប្រជែង​ ជាមួយ​ប្រទេស​ជិតខាង​ដែល​គេ​ជា​ប្រទេស​ផលិត​ស្រូវ​ដូច​យើង​ដែរ​។​ ហើយ​ចំពោះ​ទីផ្សារ​អន្ដរជាតិ​វិញ​ ថា​តើ​ សព្វថ្ងៃ​ហ្នឹង​អន្ដរជាតិ​នៅ​តែ​ផ្ដល់​ការ​យោគយល់​ ជា​សម្បទាន​ សម្រាប់​ជួយ​ទិញ​ផលិតផល​ពី​ស្រុក​យើង​ ដោយសារ​ស្រុក​យើង​ជា​ប្រទេស​ក្រី​ក​។​ ប៉ុន្ដែ​ឥលូវ​នេះ​ខ្ញុំ​ឃើញ​ថា​ ក្រោយ​ពី​ប្រទេស​ភូមា​ មាន​អំណោយ​នយោបាយ​ល្អ​ជាងគេ​ក៏​ចាប់ផ្ដើម​ដកឃ្លា​ ពី​ស្រុក​យើង​ គេ​ទៅ​ទិញ​ប្រទេស​ភូមា​។​ ទី​ពីរ​.​ខ្ញុំ​គិត​ថា​នៅ​ខាងក្នុង​ប្រទេស​យើង​ក៏​មាន​បញ្ហា​ដែរ​ទាក់ទង​នឹង​ឈ្មួញ​មាន​អំណាច​…»​។​

​គួរ​កត់សម្គាល់​ដែរ​ មិនមែន​មាន​តែ​បញ្ហា​ស្រូវ​ដែល​ពលរដ្ឋ​ខ្មែរ​ រិះគន់​នោះ​ទេ​ គឺ​ ផលិតផល​ កសិកម្ម​ខ្មែរ​មួយ​ចំនួន​ ដូច​ជា​ ផ្លែ​ល្ពៅ​ ដំឡូង​មី​ ផង​នោះ​ ក៏​មានការ​ធ្លាក់​ថ្លៃ​ផង​ដែរ​។​

​ថ្មីៗ​នេះ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​រិះគន់​ពី​មូលហេតុ​ដែល​នាំ​អោយ​កម្ពុជា​ គ្មាន​ទីផ្សារ​សម្រាប់​ផលិតផល​របស់​កសិករ​។​ លោក​ថា​ សូ​ម្បី​តែ​គល់​ស្លឹកគ្រៃ​ ក៏​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដែរ​  តើ​នៅ​ដឹកនាំ​ប្រទេស​ដល់​ពេល​ណា​ទៀត​។​

​ក្រៅពី​ការ​លើក​ឡើង​ដូចនេះ​ លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​ទាញហេតុផល​ថា​ ផលិតផល​កសិកម្ម​ កម្ពុជា​ពុំ​មាន​ទីផ្សារ​ត្រឹមត្រូវ​ បាន​កើត​ឡើងជា​រៀង​រាល់​ឆ្នាំ​ ថា​តើ​វា​ជា​កំហុស​របស់​អ្នក​ណា​។​

​មិន​ប៉ុន្មាន​ថ្ងៃ​ពី​ការ​រិះគន់​នេះ​ សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ និង​បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ឱ្យ​រៀបចំ​ការ​ប្រជុំ​ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ជា​បន្ទាន់​ ។​

​តាម​ហ្វេ​ស​ប៊ុ​ក​ សម្ដេច​ ហ៊ុន​ សែន​ គឺ​រាជរដ្ឋាភិបាល​បាន​បង្ហាញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ដាក់​ចេញ​ជួយ​អន្តរាគមន៍​ លើ​តម្លៃ​ស្រូវ​របស់​កសិករ​ជា​ ជំហាន​ដំបូង​ ដោយ​ក្នុង​នោះ​រដ្ឋាភិបាល​ បាន​បញ្ចេញ​ថវិកា​ចំនួន​២៧​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ជួយ​ដល់​ការ​ជំរុញ​ស្ថេ​រ​ភាព​ តម្លៃ​ស្រូវ​ និង​ការ​ប្រមូល​ទិញ​ស្រូវ​ក្នុងស្រុក​។​

​ស្រប​ពេល​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​ថវិកា​ដូចនេះ​ ដើម្បី​ជួយ​ជំរុញ​ទៅ​ដល់​ស្ថេ​រ​ភាព​ តម្លៃ​ស្រូវ​ របស់​កសិករ​ខ្មែរ​ដែល​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​នេះ​ កសិករ​ បាន​ រអ៊ូរទាំ​ និង​សម្ដែង​ក្ដី​ព្រួយបារម្ភ​ ព្រោះ​តម្លៃ​ផលិតផល​កសិកម្ម​បាន​ធ្លាក់​ចុះ​​ ពិសេស​គឺ​ផលិតផល​ស្រូវ​។​ ការ​ធ្លាក់​តម្លៃ​នេះ​បណ្ដាល​ឱ្យ​ពួក​គេ​ មាន​វិបត្តិ​ដោយសារ​ជំពាក់​បំណុល​ធនាគារ​។​

​ជាក់ស្ដែង​ថ្មីៗ​នេះ​ ព័ត៌មាន​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​ថា​ ប្រជា​កសិករ​នៅ​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ជិត​២​ពាន់​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​ដឹកស្រូវ​ មក​ចាក់ចោល​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ បន្ទាប់​ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួក​គេ​។​

​តើ​មាន​វិធានការ​ទប់ស្កាត់​បែប​ណា​ ទើប​ផលិតផល​ស្រូវ​ និង​ផលិតផល​ កសិកម្ម​ ផ្សេង​ទៀត​វិល​មក​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​?

​ជា​ថ្មី​លោក​ សម​ វិទូ​ នាយក​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ នៃ​អង្គការ​ CEDAC​ លើក​ឡើង​ថា​ វិធានការ​គឺ​មាន​ ទី​មួយ​.​រដ្ឋាភិបាល​ត្រូវ​ដាក់​ កញ្ចប់​ថវិកា​អោយ​បាន​មុន​រដូវ​កសិករ​ច្រូតកាត់​។​

​លោក​ សម​ វិទូ​ បញ្ជាក់​លើ​ចំនុច​នេះ​បន្ថែម​ថា​ ៖«​ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ គឺ​ រដូវ​ ច្រូតកាត់​មក​ដល់​ គឺ​ កសិករ​គាត់​ត្រូវ​តែ​លក់​ហើយ​។​ ទី​មួយ​.​ស្រូវ​ដើមរដូវ​ ទី​ពីរ​ ស្រូវ​ចុងរដូវ​.​ ទី​បី​ គឺ​ស្រូវប្រាំង​។​ ដូចនេះ​ ក​ញ្ចា​ប់​ថវិការ​ ត្រូវ​តែ​ធ្វើ​អោយ​បាន​មុន​ ដើម្បី​ជជែក​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ​…»​

​លោក​ សម​ វិទូ​ ក៏​បាន​លើក​ឡើង​ទៀត​ថា​ រដ្ឋាភិបាល​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ពិសេស​ សមាគម​ កសិកម្ម​ គួរតែ​ប្រមូល​ផលិតផល​កសិកម្ម​ ពី​ កសិករ​ និង​បង្កើត​សហគមន៍​ ផលិត​ស្រូវ​ដើម្បី​ជួយ​ដល់​កសិករ​លើ​ផ្នែក​បច្ចេកទេស​ផលិត​ស្រូវ​។​

​លោក​ សម​ វិទូ​ ថា​៖​ «​ហើយ​បើសិន​សហគមន៍​កសិកម្ម​ នឹង​អត់​មាន​តួនាទី​អ្វី​ ក្នុង​ការ​ប្រមូល​នៃ​ផលិតផល​ពី​កសិករ​ទេ​ ធ្វើ​អោយ​ពួក​គាត់​ពិបាក​ណាស់​ …»​។​

​ជុំវិញ​រឿង​នេះ​ដែរ​  លោក​បណ្ឌិត​ មាស​ នី​ យល់​ឃើញ​ ថា​វិធានការ​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​វិបត្តិ​ការ​ធ្លាក់​តម្លៃ​កសិផល​ នៅ​កម្ពុជា​នេះ​  ការ​បញ្ចេញ​ថវិកា​របស់​រដ្ឋាភិបាល​ យក​លុយ​ទៅ​ទិញ​ស្រូវ​តែ​ម្យ៉ាង​ គឺ​ មិន​គ្រប់គ្រាន់​នោះ​ទេ​។​  រឿង​នេះ​រដ្ឋាភិបាល​ត្រូវ​តែ​មាន​វិធានការ​ អ្វី​ផ្សេង​ទៀត​ ដើម្បី​ជួយ​បង្កើន​កម្លាំង​សេដ្ឋកិច្ច​ជា​ពិសេស​រឿង​ស្រូវ​ចុះថោក​នេះ​  អោយ​មានការ​ប្រណាំងប្រជែង​ជាមួយ​និង​ប្រទេស​ជិតខាង​។​ ទី​ពីរ​ រដ្ឋាភិបាល​កុំ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​ ដែល​ស្មើនឹង​សូន្យ​។​

​លោក​ មាស​ នី​៖«​ ចឹ​ង​ការ​ដោះស្រាយ​ គ្រាន់តែ​រឿង​ការ​យក​លុយ​ទៅ​ទិញ​ស្រូវ​មិន​គ្រប់គ្រាន់​ទេ​ ត្រូវ​តែ​មាន​វិធានការ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច​រឿង​ស្រូវ​ចុះថោក​នេះ​  អោយ​មានការ​ប្រណាំងប្រជែង​ជាមួយ​និង​ប្រទេស​ជិតខាង​ ហើយ​សូមកុំ​អោយ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​សារ៉ូ​…»​។​

​តែ​យ៉ាងណា​ក៏​ដោយ​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ បញ្ញា​ជាតិ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៩​កញ្ញា​ បាន​បញ្ជាក់​ថា​ មិន​មែនតែ​ប្រទេស​កម្ពុជា​ ដែលជួបវិបត្តិបែបនេះ​ ប្រទេស​ផ្សេងទៀតនៅទូទាំ​ងអាស៊ី​អា​គ្នេ​យ៌ក៏ជួបវិបត្តិបែបនេះដូចគ្នា៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ទស្សនៈ៖តើកម្ពុជាមានមុខមាត់បែបណា២០ឆ្នាំទៀត?

ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩

ឆ្ពោះទៅអនាគតដ៏រុងរឿងតែងមានជាចក្ខុវិស័យរបស់ប្រ[...]

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត