en     km
en     km

វិភាគ៖ហេតុអ្វីបានជាករណីប្រទេសខ្លះរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនចាំបាច់តាមរយៈការអនុម័តរបស់UN?

Share

មានការកត់សម្គាល់ថាប្រទេសមួយចំនួនដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចាំបាច់ត្រូវឆ្លងកាត់ការអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែនៅរយៈពេលចុងក្រោយនេះ ប្រទេសខ្លះមិនចាំបាច់ការអនុម័តពីស្ថាប័នពិភពលោកដ៏មានអំណាចនេះទេ។

ករណីនេះនាំឱ្យមានការវិភាគពីហេតុផល មួយចំនួន ដែលសហគមន៍អន្តរជាតិត្រូវការរួមកម្លាំងគ្នា​ដាក់ទណ្ឌកម្មលើប្រទេសមួយដោយមិនរង់ចាំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។

លោកនួន បូរិន អធិប្បាយ ដូចតទៅ៖

កាលពីសម័យសង្គ្រាមត្រជាក់ឲ្យតែសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសណាមួយ គឺត្រូវតែឆ្លងកាត់សេចក្តីសម្រេចរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមាន សមាជិក ១៥ ប្រទេស ក្នុងនោះសមាជិកអចិន្ត្រៃយ៍ ៥ ប្រទេស។ សមាជិកអចិន្ត្រៃយ៍មានសហរដ្ឋអាមេរិក រុស្សី អង់គ្លេស ចិន និង បារាំង។ ឧបសគ្គដែលអាចកើតមាន ឲ្យតែសមាជិកណាមួយនៃប្រទេសទាំង ៥ នេះ វ៉េតូ (ជំទាស់) និង អនុប្បវាទ គឺមិនអាចមានដំណោះស្រាយ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសណាមួយនោះទេ។ ករណីនេះ បង្ហាញថាជាឧបសគ្គចំពោះការចាត់វិធានការ លើប្រទេស ដែលរំលោភសិទ្ធិមនុស្សឬឈ្លានពានប្រទេសណាមួយដ៍ធ្ងន់ធ្ងរ ។

ករណីប្រទេសកូរ៉េខាងជើង

ប្រទេសកុម្មុនីស្តផ្តាច់ការមួយនេះ រងការដាក់ទណ្ឌកម្មហ៊ុំព័ទ្ធសេដ្ឋកិច្ចពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយ អនុវត្តតាមច្បាប់អន្តរជាតិ។ ប្រទេសកូរ៉េខាងជើង បានឆ្លងកាត់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាង ១០ លើកមកហើយ គឺក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចឲ្យមានការដាក់ទណ្ឌកម្មដូចនេះ។ ប៉ុន្តែពេលខ្លះ កូរ៉េខាងជើងបានរួចផុតពីការដាក់ទណ្ឌកម្ម ដោយសារតែ ប្រទេសចិន និង រុស្សី វ៉េតូ ទោះបីជា ប្រទេស ១៣ ទៀត ចូលរួមអនុម័តក៏ដោយនោះ។

តែទណ្ឌកម្មដាក់លើទីក្រុងព្យុងយ៉ាងរយៈពេលចុយក្រោយនេះ ឃើញថា ទាំងចិននិងរុស្សី​បានគាំទ្រ សំណើរបស់អាមេរិកដែលនាំឲ្យ ប្រទេសកូរ៉េខាងជើងរងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរករណីដែលប្រទេសកុម្មុយនីស្ត​ បានសាយភាយអាវុធនុយក្លេអ៊ែរ។

ការចូលរួម របស់សមាជិកក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយគឺជាកម្លាំងចិត្តដ៏សំខាន់ បង្ហាញថាសហគមន៍អន្តរជាតិ ជាពិសេស ប្រទេសមហាអំណាចទាំង ៥ រួមគ្នា ប្រឆាំងកូរ៉េខាងជើង។ តែប្រទេសខ្លះ ក៏រួចខ្លួនករណី ការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខនេះដែរ ឲ្យតែ ប្រទេសមហាអំណាចណាមួយវ៉េតូ។

ករណីប្រទេសវេណហ្សូអេឡាឮ

A woman holds up a placard that reads “No more repression” during a women’s march to protest against President Nicolas Maduro’s government in Caracas, Venezuela, May 6, 2017.

ករណីប្រទេសវ៉េណេហ្សូអេឡា ដែលលោកស្រី នីគី ហាឡេយតំណាងអាមេរិកបាន កោះប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទទី១៣វិច្ឆិកាដោយទាមទារសម្រេចដាក់ទណ្ឌកម្មលើប្រទេស មួយនេះបែរជាមិនបានសម្រេច គឺដោយសារតែ រុស្សីនិងចិន ជំទាស់។

តំណាងក្រុងមូស្គូនៅអង្គការសហប្រជាជាតិបានលើកឡើងថា ស្ថានភាព នៅវ៉េណេហ្សូអ៊ែឡា មិនធ្ងន់ធ្ងរឬក៏គំរាមកំហែងដល់សន្តិសុខតំបន់នោះទេ ហើយករណីនេះ​ត្រូវតែដោះស្រាយ ផ្ទៃក្នុងរបស់ប្រទេសនេះ​។ ជំហររបស់ក្រុងម៉ូស្គូ នាំឲ្យក្រុងប៉េកាំង ចូលរួមជំទាស់ផងដែរ ដែលទីបំផុត មិនមានសេចក្តីសម្រេច  អ្វីជាផ្លូវការ ចាត់ការទៅលើ របបប្រធានាធិបតី នីកូឡាស់ ម៉ាដូរ៉ូនោះទេ។  តែសម្រាប់តំណាងក្រុងវ៉ាស៊ីងតោនវិញបាននិយាយថា សហរដ្ឋអាមេរិក មាន សិទ្ធិគ្រប់គ្រាន់ ចាត់ការមេដឹកនាំ វ៉េណេហ្សូអ៊ូឡា ដោយឯកតោភាគី។ ជំហររបស់អាមេរិក នាំឲ្យប្រទេសរុស្សី និងចិន បារម្ភណ៍ពី ស្ថានភាព នៃរបបដឹកនាំរបស់លោកម៉ាដូរ៉ូកាន់តែធ្ងន់ធ្ងរ។ ជាក់ស្តែង អាមេរិក បានដាក់ទណ្ឌកម្មលើប្រទេសនេះ រួចទៅហើយ គឺការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ លើមន្រ្តី ជិតស្និទ្ធ របស់ម៉ាដូរ៉ូ ប្រមាណជា ៥០ នាក់។ ការដាក់ទណ្ឌកម្មនេះនាំឲ្យលោកម៉ាដូរ៉ូថ្កោលទោសយ៉ាងខ្លាំង។ តាមរយៈករណីប្រទេសកូរ៉េខាងជើង និង វ៉ណេហ្សូអេឡា នាំឲ្យ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប មានលទ្ធភាពចាត់ការលើប្រទេសណាមួយដោយមិនឆ្លងកាត់ ការអនុម័ត ពីក្រុមប្រឹក្សាសន្តសុខ អង្គការសហប្រជាជាតិនោះទេ។

ការដាក់ទណ្ឌកម្មដោយមិនឆ្លងកាត់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ករណីនេះគេអាចធ្វើបាន គេធ្វើបានគ្រប់កាលៈ ទេសៈទាំងអស់ គឺឲ្យតែសហគមន៍អន្តរជាតិនោះ មានសំអាងគ្រប់គ្រាន់ដើម្បីប្រឆាំង ប្រទេសណាមួយដែលគេចោទថាបានរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតយ្យដ៏ធ្ងន់ធ្ងរ។ ហេតុផល ដែលគេអាចធ្វើបានគឺយោងទៅលើកិច្ចព្រមព្រៀងទ្វេភាគី ឬ កិច្ចព្រមព្រៀងតំបន់មួយនឹងប្រទេសមួយ ដែលកិច្ចព្រមព្រៀងទាំងនោះមានចែងក្នុងធម្មនុញ្ញ របស់ខ្លួន។ ឧទាហរណ៍ សហភាពអឺរ៉ុប ឬ សហរដ្ឋអាមេរិក ចង់ដាក់ទណ្ឌកម្មលើប្រទេសណាមួយ នៅក្រោមហេតុផលតែមួយគត់ គឺរំលោភសេចក្តីទុកចិត្ត ឬ ក៏ធ្វើឲ្យប៉ះពាល់លក្ខខ័ណ្ឌនយោបាយរបស់ខ្លួន ដែលភាគីមួយបានសន្យាហើយបែរជាមិនអនុវត្តទៅវិញ។ នេះហើយដែលធ្វើឲ្យសហគមន៏អន្តរជាតិ មួយចំនួនអាចយកផលប្រយោជន៍និងកិត្យានុភាពរបស់ខ្លួន ដើម្បីគាបសង្កត់ទៅលើប្រទេសណាមួយបានតាមតែអំណាចរបស់ខ្លួន។ ជាក់ស្តែង សហភាពអឺរ៉ុបនិងអាមេរិក ប្រទេសកាណាដា បានសម្រេចជាឯកតោភាគី ដាក់ទណ្ឌកម្មជំហ៊ានដំបូងលើប្រទេសវេណេហ្សូអ៊េឡារួចហើយ។ ​

តែយ៉ាងណាក៏ដោយ ការចង់យកកងទ័ពធ្វើអន្តរាគមន៍លើប្រទេសណាមួយ ត្រូវតែឆ្លងកាត់ការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្រោះ អន្តរាគមន៍នេះមានចែងក្នុងច្បាប់អន្តរជាតិ។

យ៉ាងនេះក្តី ករណីកងទ័ពណាតូចូលលុកលុយផ្ដួលរំលំមេដឹកនាំលីប៊ី ម៊ួម៉ាវ ហ្កាដាហ្វីកាលពីខែមីនាឆ្នាំ២០១១មិនចាំបាច់រង់ចាំការអនុម័តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ដោយសារតែ​ ស្ថានការណ៍សិទ្ធិមនុស្សប្រទេសនេះធ្ងន់ធ្ងរខ្លាំងណាស់ហើយណាមួយកងទ័ពហ្កាដាហ្វីបានរំលោភសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៩៧៣ដែលហាមហោះហើរលើតំបន់របស់ពួកឧទ្ទាម។

ករណីអាមេរិកលុកលុយប្រទេសអ៊ីរ៉ាក់នៅឆ្នាំ ២០០៣ ក៏មិនចាំបាច់ ទទួលបាន ការអនុម័តរួមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះដែរ បើទោះបីនៅពេលនោះ​ចិន និង រុស្សី វ៉េតូក៏ដោយ។ អាមេរិក លុកលុយប្រទេសណាមួយឲ្យតែសមាជិកសភានិងព្រឹទ្ធសភា គាំទ្រគឺគ្រប់គ្រាន់ហើយ។​

និយាយជារួមទៅ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេសណាមួយនៅពេលនេះ គឺអាចទៅរួចដោយមិនរង់ចាំការបើកភ្លើងខៀវពី ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឡើយ ដោយក្រោមហេតុផល ប្រទេសមួយត្រូវបានចោទករណីបំពានគោលនយោបាយឬ កិច្ចព្រមព្រៀងទ្វេភាគី ដែលខ្លួនបានសន្យាហើយបែរជាធ្វើផ្ទុយទៅវិញ។ ក្រោមហេតុផលនេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបតែងតែអនុវត្តវិធានការលើប្រទេសណាមួយទៅតាមអំណាចផ្ទៃក្នុងរបស់ខ្លួន។ បើដូច្នេះមែន ប្រទេសដែលងាយប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺមិនត្រូវប្រថុយនឹងហានិភ័យដូចនេះទេ ហើយ បើ់កើតមាន គឺជាការបាត់បង់ផលប្រយោជន៍ជាតិជាធំ៕

Share

Image
Image
Image