loader

វិបត្តិរាជវង្ស​ធ្វើឱ្យបន្ទាយលង្វែកបែកបាក់ ប្រទេសជាតិចុះខ្សោយ

ក្នុងរាជ្យ​ព្រះបាទចន្ទរាជា ​ប្រទេសកម្ពុជាមាន​ភាពរីកចម្រើន​ មិនចាញ់សម័យអង្គរ​ប៉ុន្មាន​ឡើយ។ ប៉ុន្តែក្រោយពី​ព្រះអង្គសោយទិវង្គត ព្រះសត្ថាទី១ដែលជាបុត្រច្បងបានឡើយស្នង​រាជ្យ ប្រទេសកម្ពុជាបានចុះខ្សោយ។ ក្នុងរជ្ជកាលព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាបានបាត់បង់ឥទ្ធិពល និងសិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅក្នុងតំបន់។ បន្ទាយលង្វែក ជាបន្ទាយ​ឬស្សីដ៏រឹងមាំ​ដែលព្រះអង្គចន្ទរាជា បានកសាងឡើងដើម្បីជាខែលការពារនគរក៏ត្រូវបានបំផ្លាញ ហើយទឹកដីខ្មែរ​បានបាត់បង់បន្តិចម្តងៗ។

ជាបន្តសូមអញ្ជើញស្តាប់​ ការអត្ថាធិប្បាយរបស់កញ្ញា ឆេង ណាតា​ ដូចតទៅ៖

​​

ក្រោយពីព្រះអង្គចន្ទរាជាសោយទិវង្គតទៅ ព្រះរាជបុត្រ​ច្បងរបស់ព្រះអង្គ​ ព្រះនាម​សត្ថា បានឡើយស្នងរាជ្យ។ ស្តេចអង្គនេះ ត្រូវបាន​ប្រសិទ្ធិនាមថា ព្រះបាទ​សម្តេចព្រះបរមរាជាធិរាជរាមាធិបតី តែអ្នកប្រវត្តិសាស្រ្តនិយម​ហៅថា ព្រះសត្ថាទី១ ឬព្រះបរម​រាជាទី៥។ ចំណែកព្រះអង្គ​ ស្រីសុរិយោព​​ណ៌ ដែល​ជាបុ​ត្រម្នាក់ទៀត របស់ព្រះចន្ទរាជា ត្រូវបានតែងតាំងជា ​មហាឧបរាជ។

នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ហើយដាក់ប្រទេសសៀមជាចំណុះ ដែលពេលនោះស្តេចសៀមបានឱ្យបុត្ររបស់ខ្លួនឈ្មោះ​ នរេសូទៅបម្រើស្ដេច​ភូមា នៅក្រុងហង្សាវត្តី។ អំឡុងពេលនោះស្ដេចសៀមបានផ្ញើរាជសា​​រសុំជំនួយពីស្ដេចខ្មែរព្រះ​សត្ថាទី១។ ព្រះសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ មានឯកសារប្រវត្តិសាស្រ្តលើកឡើងថា ជ័យជំនះមិនបានធ្វើឱ្យកងទ័ពសៀមអបអរសាទរនោះទេ​ ផ្ទុយទៅវិញធ្វើឱ្យព្រះរាជបុត្រនរេសូអាប់មុខ​ទៅវិញ។

ព្រះនរេសូ​ ដែលមិនសូវសប្បាយចិត្តជ័យជំនះនេះ ដោយសារ​​តែធ្វើឱ្យខ្លួនអាប់មុខ ​​តែងមានគំនុំចង់យកប្រទេសខ្មែរ ជាចំណុះឱ្យនគរសៀមឱ្យបាន ដែលទង្វើនេះគឺខុសទៅនឹងកិច្ចព្រមព្រៀងឆ្នាំ១៥៧៦។

​ចាប់ពីគ.ស១៥៨៦  ប្រទេសសៀមបានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបានបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ រហូតដល់ស្រុកបរិបូរណ៍ រហូតដល់ឡោមព័ទ្ធបន្ទាយលង្វែក។ បន្ទាប់មកព្រះស្រីសុរិយោពណ៌បានដកទ័ពមកបន្ទាយលង្វែកវិញ។
ក្នុងសង្រ្គាមលើកនោះ សៀមមានទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានកងទ័ពចំនួន១០ម៉ឺននាក់ ដំរី ៨០០ និងសេះ១៨៥០ក្បាល។ បើទោះបីជាសៀមមានទ័ពច្រើន និងពូកែក៏ដោយ​ ប៉ុន្តែពុំអាចវាយបែកបន្ទាយលង្វែកបានឡើយ។​​

សៀមបាន​ព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែ‌ តែត្រូវដកទ័ព​ទៅវិញ ដោយសារខ្វះស្បៀងនិងកើតជំងឺឆ្លងដែលធ្វើឱ្យកងទ័ពសៀម​ស្លាប់អស់ជាច្រើននាក់។ ដោយដឹងចំណុចខ្សោយរបស់សៀម កងទ័ពខ្មែរ​បានចេញពីបន្ទាយ​ វាយលុកកងទ័ពសៀមយ៉ាងខ្លាំង។

បែបនេះក្តីមុននឹងដកទ័ព សៀមបានប្រើឧបាយកលបាញ់ប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបង​ការពារបន្ទាយលង្វ‌ែ‌ក។ ក្រោយមកព្រះចៅសៀមបានចាត់ចារបុរសពីរនាក់ ចូលមកធ្វើ​​វិទ្ធង្សនាបង្កើត​ឱ្យមានចលាចលក្នុង ផ្ទៃក្នុងរបស់ខ្មែរ។​

​ចំណែកព្រះសត្ថាទី១ ​ ​ទ្រង់សព្វព្រះរាជហឬទ័យដាក់រាជ្យ​ ថ្វាយទៅ​ព្រះរាជបុត្រច្បង​ ព្រះនាម​ជ័យជេដ្ឋា​ ដែលមានព្រះជន្មទើ​បតែ១១ ព្រះវស្សា​ឱ្យឡើងសោយរាជ្យ​ និងតែងតាំងព្រះរាជបុត្រទី២ ចៅពញាតន់​ដែលមាន​​ព្រះជន្ម៦ព្រះវស្សា ​ជាមហាឧបរាជ។ រីឯព្រះស្រីសុរិយោពណ៌ ត្រូវបានតែងតាំងជា​ឧបយោរាជ។

ដោយព្រះរាជបុត្រសុទ្ធតែនៅក្មេងៗពេកកិច្ចការ​គ្រប់គ្រងរដ្ឋ ត្រូវស្ថិតក្នុងកណ្តាប់ដៃព្រះសិត្ថាទី១។ មានការលើកឡើង​ថា បើព្រះសិត្ថានៅតែកាន់កាប់កិច្ចការនគរ ហេតុអ្វីបានជាព្រះអង្គដាក់រាជ្យ? ត្រង់ចម្ងល់នេះ អ្នកប្រវត្តិសាស្រ្តមួយចំនួនយល់ថា ដោយ​ព្រះអង្គ​បារម្ភរាជបល្ល័ង្កនឹងធ្លាក់ទៅលើ ព្រះស្រីសុរិយោពណ៌ដែលជាព្រះអនុជ នៅពេលព្រះអង្គសោយទិវង្គត់ ព្រោះព្រះអនុជអង្គនេះ ​ជាស្តេចដែលមានសមត្ថភាព ប្រជារាស្រ្តគោរពស្រលាញ់រាប់អានច្រើន។

តាមឯកសារប្រវត្តិសាស្រ្ត អំពើរបស់​ព្រះសត្ថា ខាងលើនេះ បានបណ្តាលឱ្យ​​មានការអាក់អន់ស្រពន់ចិត្តជាច្រើនពីសំណាក់​រាជវង្ស នាម៉ឺន​សព្វមុខមន្រ្តី និងអាណាប្រជានុរាស្រ្ត។ អំពើចោរលួច ចោរប្លន់ ​ក៏កើតមានច្រើននៅក្នុងប្រទេសផងដែរ។

ងាកមកល្បិចសៀមដែលបានបាញ់ប្រាក់ដួងនៅក្នុងរបងគុម្ពឬស្សីវិញ កាលបើប្រជារាស្រ្ត​ខ្មែរដឹងថា នៅក្នុងរបងគុម្ពឬស្សីមាន​ប្រាក់សុទ្ធ ក៏កើតចិត្តត្រេកអរ​ពន់ពេក ដោយនាំគ្នាកាប់ឆ្ការព្រៃឬស្សីដើម្បីយកប្រាក់នោះ រហូតទាល់តែរបងឬស្សីដ៏រឹងមាំនោះធ្លុះធ្លាយ ទោះបីមានការគម្រាមពី​ព្រះរាជាក៏ដោយ ។

​ដោយមើលឃើញរបងឬស្សីធ្លុះធ្លាយអស់ នៅគ.ស ១៥៩៣ សៀមបានលើកទ័ពចូលវាយបន្ទាយម្តងទៀត។ព្រះនរេសូប្រទេសសៀមបានបញ្ជាឱ្យលើកទ័ពចូលវាយជា៣ផ្លូវ។ លើកនេះបន្ទាយលង្វែកដ៏រឹងមាំ មិនមានសំណាងដូចនេះទៀតឡើយ។ ទ័ព​​​ចេញទៅទប់ទល់នៅខាងគនរវត្តក៏ទប់ពុំជាប់ ខាង​ជើងទឹក ក៏ចាញ់សៀមទៀត។ សៀមវាយកាន់តែខ្លាំងឡើងៗ មកឡោមព័ទ្ធបន្ទាយលង្វែក។

លុះទ័ពសៀមមកជិតដល់​ ព្រះសត្ថាទី១ បាននាំបុត្រ ជ័យ​ជេដ្ឋា និងពញតន់ភៀសខ្លួន​ទៅគង់នៅស្រីសន្ធរ​ ក្រោយមកភៀសទៅស្ទឹងត្រែង ហើយទី​បំផុតភៀសទៅគង់នៅវៀងចន្ទ រាជធានីរបស់ឡាវ។​

ចំណែក​ឯព្រះស្រីសុរិយោពណ៌ បានគង់នៅ​បន្ទាយលង្វែក ដើម្បីប្រយុទ្ធតតាំងនឹងខ្មាំង។ តែបើទោះ​​ជាព្រះអង្គ ខំប្រយុទ្ធយ៉ាងស្វិតស្វាញយ៉ាងណាក៏ដោយ ​បន្ទាយលង្វែក​នៅតែធ្លាក់នៅក្នុងកណ្តាប់ដៃខ្មាំងដដែល ដោយ​សារតែពួកសៀមបានឡោមព័ទ្ធអស់រយៈពេលបីខែ និងយកចំបើងដុតរបងឬស្សីដែលនៅសេសសល់បន្តិចបន្តួច។

ក្រោយបន្ទាយលង្វែកវាយបែក សៀមបានចាប់ព្រះស្រីសុរិយោពណ៌ និងបុត្រពីរព្រះអង្គទៀត គឺព្រះជ័យចេស្តា និងព្រះ​ឧទ័យនាំយកទៅប្រទេសសៀម។ មិនតែប៉ុណ្ណោះ​សៀមបាននាំយកក្បួនខ្នាត អ្នកប្រាជ្ញបណ្ឌិតកវី រូបបដិមា ព្រះគោព្រះកែវ និងឈ្លើយខ្មែរជាច្រើន​ទៀត។​

នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់ រហូតធ្វើ​ឱ្យបន្ទាយលង្វែកដែលជាបន្ទាយការពារនគរដ៏រឹងមាំត្រូវសៀមវាយបែកនៅឆ្នាំ១៥៩៤​។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់៕​​ស្រង់ពី សៀវភៅប្រវត្តិសាស្ត្រ ត្រឹងងា

Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានទាក់ទង

រំលឹកបណ្ដាំព្រះករុណាព្រះបាទនរោត្តម សីហនុឱ្យអ្នកនយោបាយចេះសាមគី្គគ្នា

នៅថ្ងៃ១៥ តុលា ឆ្នាំ ២០១៧នេះ ជា ខួប៥ឆ្នាំ នៃកា[...]

ព្រះបាទនរោត្តមសីហនុ ជាមហាក្សត្រសេ្នហាសិល្បៈតន្ត្រី

ព្រះបាទនរោត្តមសីហនុ គឺជាមហាក្សត្រមួយអង្គ នៅអា[...]

ក្រុម​ផលិតភាព​យន្ដ​ខ្នាត​ខ្លី​ ស្ដី​ពី​ កន្លែង​ដោះស្រាយ​វិវាទ​ការងារ​ សង្ឃឹមថា​ កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​ នឹង​ផ្លាស់​ប្ដូរ​ផ្នត់គំនិត​ ដោះស្រាយ​វិវាទ​តាម​វិធី​ចាស់​

ក្រុម​ផលិត​ខ្សែភាពយន្ដ​អប់រំ​ខ្នាត​ខ្លី​ ស្ដី[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត