loader

វត្ដមាន​សត្វ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ ត្រូវ​បាន​រក​ឃើញ​នៅ​ឧទ្យាន​ជាតិ​ វី​រៈ​ជ័យ​ ខេត្ដរតនគិរី​

​ភ្នំពេញ​ ៖​ រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន​ បាន​ឲ្យ​ដឹង​ថា​ សត្វព្រៃ​ដ៏​កម្រ​ជា​ច្រើន​ប្រភេទ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ស្ថិត​ក្នុង​ខេត្ដរតនគិរី​។​ មន្ដ្រី​អង្គការ​អភិរក្ស​សត្វព្រៃ​ មើលឃើញ​ថា​ ការ​រក​ឃើញ​នេះ​ គឺជា​សញ្ញា​វិជ្ជមាន​ នៃ​ការ​ករ​កើតឡើង​វិញ​នូវ​វត្ដមាន​សត្វ​ដ៏​កម្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លើ​បណ្ដាញ​សង្គម​របស់​ក្រសួងបរិស្ថាន​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៥​ ខែតុលា​ បាន​បញ្ជាក់​ថា​ សត្វ​ខ្លា​ឃុំ​ សត្វ​ស្វា​ត្រ​វ៉ា​ត់​ មាន់ព្រៃ​ សំពោច​ភ្នំ​ ឈ្លូស​ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​សុទ្ធសឹងតែ​ជា​សត្វ​ដ៏​កម្រ​ កំពុង​ពឹង​អាស្រ័យ​ នៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ ស្ថិត​ក្នុង​ខេត្ដរតនគិរី​។​ ទាក់ទិន​រឿង​នេះ​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជាម​ន្ដ្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ មាន​ប្រសាសន៍​ថា​ ការ​រក​ឃើញ​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​ទាំងនេះ​ គឺ​បន្ទាប់​ពី​មន្ដ្រី​អនុរក្ស​ នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ បាន​ម៉ាស៊ីន​ថត​ដោយ​ស្វ័យប្រវត្ដិ​ នៅ​ក្នុង​ឧទ្យាន​នេះ​ ចាប់ពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ដល់​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៨​។​

​រដ្ឋលេខាធិការ​ ក្រសួងបរិស្ថាន​ បន្ដ​ថា​ ឧទ្យាន​វី​រៈ​ជ័យ​ គឺជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ ជីវៈចម្រុះ​គ្រប់​ប្រភេទ​ ដែល​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​រដ្ឋាភិបាល​។​ នា​ពេល​កន្លង​មក​ម៉ាស៊ីន​ថត​ស្វ័យប្រវត្ដិ​ក៏​ធ្លាប់​ចាប់​រូប​ផា​ព​សត្វព្រៃ​ដ៏​កម្រ​ផ្សេងៗ​បាន​ផង​ដែរ​ ដែល​មាន​ដូច​ជា​សត្វ​ដំរី​ ខ្លាឃ្មុំ​ ខ្លា​ពពក​ និង​សត្វ​ខ្ទីង​ជាដើម​។​ លោក​បន្ថែម​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួងបរិស្ថាន​បាន​យកចិត្ដទុកដាក់​លើ​កិច្ចការ​ ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​នេះ​ ដោយ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ផ្សេងៗ​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រោយ​ពី​មានការ​កំណែទម្រង់​ស៊ីជម្រៅ​លើ​តួនាទី​ និង​ការ​ទទួលខុសត្រូវ​ របស់​ក្រសួងបរិស្ថាន​ និង​ក្រសួងកសិកម្ម​ ដែល​មានការ​ផ្ទេរ​នូវ​តំបន់​អភិរក្ស​មួយ​ចំនួន​ ពី​ក្រសួងកសិកម្ម​ ឲ្យ​ទៅ​ក្រសួងបរិស្ថាន​ គ្រប់គ្រង​ និង​អភិរក្ស​។​ លោក​ នេត្រ​ ភក្ដ្រា​ បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​ តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រប​របស់​ក្រសួងបរិស្ថាន​ មាន​ទំហំ​ជាង​ ៧,៥​លាន​ហិ​កតា​ និង​មាន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​ ១២៦០​ បាន​និង​កំ​បុ​ង​ដើរ​ល្បាត​ ការពារ​ធនធានធម្មជាតិ​ និង​អភិរក្ស​ជីវៈចម្រុះ​ សម្បត្ដិ​ធម្មជាតិ​ និង​វប្បធម៌​ ក្នុង​តំបន់ការពារធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​។​

​ទន្ទឹម​ជាមួយ​គ្នា​នេះ​ លោក​ នេត្រ​ ភក្ដ្រា​ ក៏​សង្កត់ធ្ងន់​ផង​ដែរ​ថា​ រាល់​សកម្មភាព​ការពារ​ ថែរក្សា​ និង​អភិរក្ស​ សត្វព្រៃ​ដ៏​កម្រ​គ្រប់​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ចាំបាច់​ណាស់​ ដែល​ត្រូវការ​ ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ នឹង​ប្រជាពលរដ្ឋ​គ្រប់​រូប​។​ ដូច្នេះ​លោក​សំណូមពរ​ ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​៕

ព័ត៌មានទាក់ទង

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ព[...]

ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀបចំឡើងជាលើកទី៣នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ដើម្បីបរិស្ថាននឹងរៀប[...]

កាណាដាលើកទឹកចិត្តឱ្យវិនិយោគិនរបស់ខ្លួនបណ្ដាក់ទុននៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា ថា [...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត